ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ជិត ២០០គ្រួសារ​ ​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ

0:00 / 0:00

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ១៨១​គ្រួសារ​រស់នៅ​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​រុះរើ​ផ្ទះសម្បែង​ដើម្បី​ពង្រីក​អូរ​ប្រឡាយ​នោះ អះអាង​ថា ពួក​គេ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ហើយ។ ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ទៅ​អាជ្ញាធរ​ជួយ​ពន្លឿន ដោះស្រាយ​បញ្ហា​ប្រព័ន្ធ លូ ផ្លូវ ទឹក និង​ភ្លើង​ដល់​ពលរដ្ឋ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សម្រេច​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ទាំង ១៨១គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​មាន​ទំហំ ទទឹង​បួន​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ម្ភៃ​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ពលរដ្ឋ​ម្នាក់​ដែល​ទទួល​បាន​ដី លោក ព្រំ រី​ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៧ ខែកក្កដា​ថា លោក​នឹង​ពលរដ្ឋ​ផ្សេងទៀត​យល់ព្រម​ទទួលយក​ដី​នេះ​ត្បិត​គ្មាន​ជម្រើស​អ្វី​ផ្សេង​ពី​នេះ​ទេ ខណៈ​ផ្ទះសម្បែង​ពួក​លោក​ត្រូវ​អាជ្ញាធរ​វាយ​កម្ទេច​ចោល​អស់​ជាច្រើន​ខែ​មក​ហើយ។ លោក ព្រំ រី​ណា ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​ពលរដ្ឋ​ខ្លះ​ចាប់ផ្ដើម​សាងសង់​ផ្ទះ​លើ​ដី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ផ្ដល់​ឱ្យ​នោះ​បណ្ដើៗ។លោក ព្រំ រី​ណា ឱ្យ​ដឹង​ទៀត​ថា ទោះ​ពេលនេះ​ពួក​គេ​ទទួល​បាន​ដី​ពិតមែន ប៉ុន្តែ​តំបន់​នេះ​មិនទាន់​មាន​ប្រព័ន្ធ​លូ ផ្លូវ ទឹក និង​ភ្លើង​នោះ​ទេ។ លោក​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់៖ « ក្រុម​ខ្ញុំ​អី​ប្រាប់​គាត់​ ( អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ) សូម​ឱ្យ​ជួយ​ពន្លឿន​មក ព្រោះ​យើង​ជួល​ផ្ទះ​គេ​ហើយ​ពេល​នេះ​ស្ទើរ​អត់​លទ្ធភាព​ជួល​ផ្ទះ​ហើយ​ណាមួយ​យើង​រក​អត់​បាន​ទៀត »

កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា អភិបាលរងខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត បាន​នាំ​ប្រជាពលរដ្ឋ​ចំនួន ១៨១គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ទាំងស្រុង​ពី​ការ​ស្ដារ​អូរ ប្រឡាយ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ចុះទៅ​ពិនិត្យ​ទីតាំង​ដី​ឡូត៍​ដែល​អាជ្ញាធរ​ខេត្ត​បាន​ផ្ដល់​ឱ្យ​ពួក​គេ ស្ថិតនៅ​ភូមិ​ពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ពលរដ្ឋ​ចំនួន ១៨១គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ទាំង​ស្រុង​ពី​ការ​ស្ដារ​អូរ​ប្រឡាយ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ចែក​ជូន​ដី​ឡូត៍ ស្ថិត​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២០។
ពលរដ្ឋ​ចំនួន ១៨១គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ទាំង​ស្រុង​ពី​ការ​ស្ដារ​អូរ​ប្រឡាយ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ចែក​ជូន​ដី​ឡូត៍ ស្ថិត​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២០។ (រូប៖ រដ្ឋបាល​ខេត្ត​ព្រីហនុ)

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ផ្ដល់​ដី​នេះ​គឺ​អាជ្ញាធរ​ផ្ដល់​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​និង​មាន​ជីវភាព​ក្រីក្រ។ ចំពោះ​សំណើ​ពលរដ្ឋ​វិញ លោក ឃាង ភា​រម្យ ឱ្យ​ដឹង​ទៀត​ថា ក្រុមការងារ​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើការ​ងារ​នេះ។ លោក​សង្ឃឹមថា បញ្ហា​ប្រព័ន្ធ លូ ផ្លូវ ទឹក ភ្លើង​នឹង​ត្រូវ​បាន​ដោះស្រាយ​នៅ​ពេល​មុខ៖ « យើង​ដោះស្រាយ​តាម​គោលការណ៍​សម្បទាន​សង្គមកិច្ច​ទៅលើ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​អញ្ចឹង​ហើយ​ជា​ផល​ប៉ះពាល់​មួយ​នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ទីក្រុង​ព្រះសីហនុ​នា​ពេល​កន្លងមក »

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​បាត់បង់​ផ្ទះ​ព្រោះ​ការ​ពង្រីក​អូរ​ប្រឡាយ ភាគ​ច្រើន​ជួប​បញ្ហា​ក្នុង​ការ​សាងសង់​ផ្ទះ​ឡើង​វិញ។ អ្នកស្រី​សង្កេត​ឃើញ​ថា ពលរដ្ឋ​មិនទាន់​សាងសង់​ផ្ទះ​លើ​ដី​ដែល​ពួក​គេ​ទទួល​បាន​នៅ​ឡើយ​ទេ ខណៈ​ពលរដ្ឋ​ខ្លះ​ជួប​បញ្ហា​ជីវភាព។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ផ្ដល់​ថវិកា​ខ្លះ ឬ ឧបករណ៍​សម្ភារៈ រួម​មាន ដែក​គោល និង​ស័ង្កសី​ជា​ដើម៖ « អត់មាន​ប្រព័ន្ធ​ទឹក​ស្អា​ត់​អី​ឯណា​ទេ​គួរតែ​បុក​អណ្ដូង​ឱ្យ​ពលរដ្ឋ​មាន​ទឹក​ប្រើស​ប្រាស់​មាន​សាលារៀន​ដើម្បី​ឱ្យ​កូនចៅ​ពួក​គាត់​ពលរដ្ឋ ១៨១គ្រួសារ​យើង​និយាយ​ទៅ​អាច​បង្កើត​បាន​ជា​ភូមិ​មួយ »

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​រុះរើ​ផ្ទះ​ពលរដ្ឋ​កាលពី​ខែ​មករា​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ថា ការ​រស់នៅ​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជាហេតុ​ធ្វើ​ខេត្ត​នេះ​រង​ជំនន់​ទឹកភ្លៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។