ពលរដ្ឋជិត ២០០នាក់​ប្រមូលផ្ដុំ​លើក​ទឹកចិត្ត​អ្នក​ភូមិ ៥នាក់ ចូល​បំភ្លឺសាលាដំបូង​ខេត្តសៀមរាប ក្រោយ​ពី​ពួក​គាត់​ការពារ​ផ្ទះ​មិន​ឱ្យ​អាជ្ញាធរ​រុះរើ

0:00 / 0:00

ប្រជាពលរដ្ឋ​ជិត ២០០នាក់ នៅ​ឃុំរុន​តាឯក ស្រុកបន្ទាយ​ស្រី និង​ឃុំរលួស ស្រុកប្រាសាទ​បាគង បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្តសៀមរាប ដើម្បីគាំទ្រនិងលើកទឹកចិត្តអ្នកភូមិ ៥នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ពួក​គាត់​ការពារ​ដីធ្លី និង​ផ្ទះ​របស់​ខ្លួន​ពី​ការ​រុះរើ​របស់​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកភូមិ ៥នាក់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី២៩ ខែកក្កដា តាម​ពាក្យ​បណ្ដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចោទ​ប្រកាន់​ពលរដ្ឋ​ថា បាន​ប្រឆាំង នឹង​ការ​អនុវត្ត​ការងារ​សាធារណៈ បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ គំរាមកំហែង ជេរប្រមាថ ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ និង​ប៉ុនប៉ង​ឃាតកម្ម។

ពលរដ្ឋ​រស់នៅ​ឃុំរលួស ស្រុកប្រាសាទ​បាគង សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ធ្វើ​ខុស​ដូច​អាជ្ញាធរ​ជាតិ​អប្សរា​ចោទ​ប្រកាន់​មែន​នោះ គឺ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ភូមិ​យូរ​ណាស់​មក​ហើយ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ស្មាន​តែ​ដី​ថ្មី​ហ្នឹង ស្មាន​តែ​ពួក​អាជ្ញាធរ​ជាតិ​អប្សរា​ហ្នឹង​ឱ្យ​នៅ។ យើង​នៅ​តាំង​ពី​ដូនតា នៅ​តាំង​ពី​មិន​ទាន់​មាន​អប្សរា​រស់នៅ​ត​កូន​ត​ចៅ។ តើ​មាន​តែ​ជួយ​គ្នា​ហ្នឹង​ហើយ មាន​តែ​ជួយ​គ្នា​ហ្នឹង​ហើយ ជួយ​ការពារ​ដី​ផ្ទះ​យើង​ហ្នឹង​ហើយ ពីព្រោះ​ជា​សិទ្ធិ​របស់​យើង។ គេ​មាន​សិទ្ធិ យើង​ក៏​មាន​សិទ្ធិ ដី​យើង​ជា​ដី​កម្មសិទ្ធិ​តាំង​ពី​ដូនតា​មក អ៊ីចឹង យើង​រស់នៅ​ដី​កម្មសិទ្ធិ​ខ្លួន​ឯង គេ​មក​រុះរើ យើង​ឈរ​ឱ្យ​គេ​រុះរើ​ធ្វើ​ម៉េច​កើត ព្រោះ​យើង​ត្រូវ​ការ​ជ្រកកោន​ដែរ»។

លោក​ថា ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ចង់​បំបាក់​ស្មារតី និង​គំរាម​កំហែង​មិន​ឱ្យ​ពួក​គាត់​ចេញ​តវ៉ា ដើម្បី​ការពារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ឯង ប៉ុន្តែ ការ​ប្ដឹងផ្ដល់​នេះ មិន​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​យល់​ដឹង​ច្រើន ជាពិសេស ការ​ទាមទារ​សិទ្ធិ​រស់នៅ។

លោក​ថា វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឈឺ​ចាប់ និង​ចេះ​ក្រោក​ឈរ ដើម្បី​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖«មិន​ចាំបាច់​ផ្ដល់​សំណង​អី​ឱ្យ​ប្រជាពលរដ្ឋ​ទេ ឱ្យ​តែ​ធ្វើការ​ឱ្យ​ច្បាស់ ឬ​ក៏​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ឯង រស់នៅ​មាន​សិទ្ធិ​សេរីភាព​ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ប្រជាពលរដ្ឋ​អត់​ឃ្លាន​គ្មាន​ស៊ី គាត់​មាន​លុយ​ប៉ុណ្ណា គាត់​ធ្វើ​ប៉ុណ្ណឹង​ទៅ ។ គាត់​គ្មាន​ទៅ​បើក​អូតែល​ធំៗ ដូច​នៅ​ផ្លូវ ៦០ នៅ​ក្បែរ​អង្គរ​វត្តមាន​អូតែល​ប៉ុណ្ណា​ណី អា​ហ្នឹង​អត់​ជិត​ទេ។ អាជ្ញាធរ​ជាតិ​អប្សរា​នេះ បើ​អា​គ្នា​នៅ​ជាយ​ឆ្ងាយ​ហើយ នៅតែ​ជាប់​ទៀត ។ ប្រជាជន​សព្វថ្ងៃ គាត់​ឈឺ​ចាប់​រឿង​អ៊ីចឹង​ឯង។ ដី​អ្នក​ធំ អូតែល​អ្នកធំ គេ​វៀង​អស់​រលីង​ក្បែរ​ប្រាសាទ​អង្គរវត្ត គេ​ធ្វើ​បាន បុក​គ្រឹះ​ទៀត»។

អ្នក​សម្របសម្រួល​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្តបន្ទាយមានជ័យ និង​សៀមរាប លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ថា អាជ្ញាធរ​ជាតិ​អប្សរា​គួរ​បញ្ឈប់​ការ​ប្ដឹងផ្ដល់​ប្រជាពលរដ្ឋ​ទៀត ហើយ​ងាក​មក​បើក​វេទិកា​សាធារណៈ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។

លោក អ៊ិន គង់ជិត៖ «ដំណោះស្រាយ ដែល​ល្អ អាជ្ញាធរ​ជាតិ​អប្សរា គួរ​ផ្អាក​រុះរើ​សំណង់​ផ្ទះ​របស់​ពួក​គាត់ ដែល​គាត់​គ្រាន់​សង់​មួយ​រស់ ហើយ​មួយ​ជ្រកកោន​បិទបាំង​ធម្មជាតិ កុំ​ឱ្យ​គ្រោះថ្នាក់ ធម្មជាតិ​បង្ក​គ្រោះថ្នាក់​មក​លើ​គាត់។ អ៊ីចឹង សូម​ឱ្យ​យោគយល់​ទៅ​ដល់​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចាស់​ផង»។

វិទ្យុអាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល។

ពាក់ព័ន្ធរឿងរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី២៦ ខែកក្កដា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ និង​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ចេញ​ពី​លំនៅឋាន។

នៅ​ឯ​សម័យ​ប្រជុំ​លើក​ទី៤៦ របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) អង្គការ​យូណេស្កូ (UNESCO) អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​ផ្លាស់​ទីលំនៅ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោយ​ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់​ទីលំនៅ​ចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​ដាច់​ស្រយាល។ រីឯ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិមនុស្ស។

ក្រោយ​ពី​សាកសួរ​រួច អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង ៥នាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​សង្ឃឹម​ថា តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ប្រជាពលរដ្ឋ ពីព្រោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ជា​ការ​ការពារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដែល​ធ្លាប់​រស់នៅ​តាំង​ពី​ដូនតា និង​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។