ពលរដ្ឋ​ជិត​៥០​គ្រួសារ ស្នើ​សុំ​ដំណោះស្រាយ​​ក្រោយ​​អាជ្ញាធរ​​រុះរើ​​ផ្ទះ​ដោយ​​គ្មាន​​សំណង

ប្រជាពលរដ្ធចំនួន42ខ្នងផ្ទះត្រូវអជ្ញាធរខណ្ឌឬស្សីកែវបានចុះរុះរ៊ើផ្ទះពួកគាត់កាលពីថ្ងៃទី22 ខែកក្កដា ឆ្នាំ២០២១ ដោយមិនបានផ្តល់សំណងអ្វីឡើយ.។
ប្រជាពលរដ្ធចំនួន42ខ្នងផ្ទះត្រូវអជ្ញាធរខណ្ឌឬស្សីកែវបានចុះរុះរ៊ើផ្ទះពួកគាត់កាលពីថ្ងៃទី22 ខែកក្កដា ឆ្នាំ២០២១ ដោយមិនបានផ្តល់សំណងអ្វីឡើយ.។ (រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ)

0:00 / 0:00

ពលរដ្ឋ​ក្រី​ក្រ​ជិត​​៥០​គ្រួសារ​ នៅ​តាម​ត្រើយ​ខាង​លិច​ទន្លេ​សាប ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ស្នើ​សុំ​រដ្ឋាភិបាល​​គិតគូរ​​ផ្ដល់​​ទី​ជម្រក​​រស់​នៅ​​ថ្មី​ជូន​​ពួកគា​ត់ ក្រោយ​អាជ្ញាធរ​​ខណ្ឌ​ឫស្សីកែវ​ ប្រើ​​កម្លាំង​​ចុះ​ទៅ​​រុះ​រើ​លំនៅឋាន​​ពួកគាត់​ ដោយ​គ្មាន​​ផ្ដល់​សំណង​ត្រឹម​ត្រូវ។ មន្ត្រី​សង្គម​​ស៊ីវិល​​ផ្នែក​​សិទ្ធិ​មនុស្ស​ និង​​ដីធ្លី​ចាត់​ទុក​សកម្មភាព​របស់​​អាជ្ញាធរ​មូលដ្ឋា​ន​​នេះ ​ថា​​ជា​ការ​​រំលោភ​​សិទ្ធិ​រស់​នៅ​​ជា​មូលដ្ឋាន​​របស់​​ប្រជាពលរដ្ឋ និង​​ជា​អំពើ​​អ​មនុស្សធម៌​​ចំពោះ​ពលរដ្ឋ​ក្រីក្រ ក្នុង​​អំឡុង​​ពេល​​មាន​​ជំងឺ​​កូវីដ-​១៩។

ពលរដ្ឋ ដែល​បាត់​បង់​ទីជម្រក​នេះ ភាគ​ច្រើន​ គឺ​ជា​អ្នក​ប្រកប​របរ​ដើរ​រើស​អេត​ចាយ ធ្វើ​សំណង់​ ដោយ​រក​ប្រាក់​មួយ​ថ្ងៃ​ សម្រាប់​ចាយ​មួយ​ថ្ងៃ។ សព្វ​ថ្ងៃ​ពួកគាត់​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​ ដោយ​អ្នកខ្លះ​ត្រូវ​នៅ​ក្រោម​តង់​កៅស៊ូ អ្នក​ខ្លះ​ទៀត​ជួល​បន្ទប់​នៅអស់​រយៈពេល​ ១​ខែ ​មក​ហើយ។

ការ​បាត់​បង់​ផ្ទះ​សម្បែង​នេះ កើត​ឡើង​ក្រោយ​ពេល​កម្លាំង​ប្រជា​ការ​ពារ​ខណ្ឌ​ឫស្សីកែវ​​ចុះ​ទៅ​រុះរើ​ផ្ទះ​ពលរដ្ឋ​អស់ ​៤៤ ​ខ្នង ដោយ​គ្មាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ដឹង​ជាមុន​ឡើយ កាលពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា កន្លង​ទៅ។

ពលរដ្ឋ​ម្នាក់​ដែល​ប្រកប​របរ​ដើរ​រើស​អេតចាយ​ចិញ្ចឹម​កូន​៣​នាក់លោកស្រី ង៉ន ផាន់នី​ ថ្លែង​ថា ពលរដ្ឋ​រស់​នៅ​​ភូមិ​ផ្សារ​តូច អស់​រយៈពេល​ជាង ​២០ ​ឆ្នាំ​មក​ហើយ បែរ​ជា​នៅ​ពេល​នេះ អាជ្ញាធរ​ចុះ​បណ្ដេញ​ពួកគាត់​ចេញ​ពី​កន្លែង​នោះ ដោយ​សំអាង​ថា ​ពួកគាត់​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់។

លោក​ស្រី​បន្ត​ថា អាជ្ញាធរ​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ជិត​៥០​គ្រួសារ​ រស់​នៅ​ក្រុម​ប៊ី (B) ដោយ​មិន​ឃើញ​រុះរើ​ផ្ទះ​ជនជាតិ​វៀតណាម​​ណាមួយ​នៅ​ក្រុម​អេ (A) ដែល​ជាប់គ្នា​នោះ​ឡើយ។ លោក​ស្រី​បន្ថែម​ថា អាជ្ញាធរ​ហាក់​ដូចជា​គិត​គូរ​ពី​សុខ​ទុក្ខ​ជនជាតិ​ដទៃ ច្រើន​ជាង​ជន​ជាតិ​ខ្មែរ​គ្នាឯង​។ លោកស្រីឲ្យ​ដឹង​ថា ​អ្នក​ភូមិ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ និង​ក្មេង​ៗ កំពុង​ខ្វះ​ស្បៀងអាហារ​បរិភោគ និង​ឈឺ​ច្រើន​ ហើយ​គ្មាន​​មន្ទីរ​ពេទ្យ​ណា​ទទួល​ពួកគាត់​​ព្យាបាល​ទេ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​-១៩។

ស្ត្រី​វ័យ ​៣៥ ​ឆ្នាំ​រូប​នេះ ស្នើ​សុំ​រដ្ឋាភិបាល​ផ្ដល់​ទីតាំង​ថ្មី​ឲ្យ​ពួក​គាត់​ជា​ពលរដ្ឋ​ខ្មែរ រស់​នៅ​ឲ្យ​បាន​សមរម្យ ដូច​ទៅ​នឹង​ចំណាត់​ការ​រដ្ឋាភិបាល​ធ្លាប់​បាន​គិត​គូរ​ដល់​ពលរដ្ឋ​​វៀតណាម​ ដែល​បណ្ដេញ​ចេញ​ពី​ដង​ទន្លេ​ឲ្យ​ទៅ​តាំង​ទី​នៅ​លើ​គោក៖ «ពេល​ភ្លៀង​ឡើង​ពួក​ខ្ញុំ​អង្គុយ​ហាល​ភ្លៀង​។ ចង់​ឲ្យ​ពួកគាត់​ដោះស្រាយ​ឲ្យ​ទៅ​នៅ​កន្លែង​ណាមួយ​ ដែល​អាច​រស់​នៅ​បាន​សមរម្យ​ កុំ​ឲ្យ​ពួក​ខ្ញុំ​លំបាក​វេទនា​អ៊ីចឹង​ទៀត។ ពលរដ្ឋ​ខ្មែរ​មិន​មែន​ពលរដ្ឋ​វៀតណាម​ឯណា។ ហើយ​គាត់​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​អ៊ីចឹង ពួក​ខ្ញុំ​មិន​ទៅ​ពឹង​អី​ទេ ព្រោះ​គាត់​ជា​រាជរដ្ឋាភិបាល​មួយ​ទាំងមូល​អ៊ីចឹង​ ដល់​ពេល​រុះរើ​ពួក​ខ្ញុំ​អ៊ីចឹង​ ដូច​ពួក​ខ្ញុំ​អត់​ជាង​វៀតណាម​។ ពួក​វៀតណាម​នៅ​ទូក ក៏​គេ​នៅ​មាន​កន្លែង​ឲ្យ​នៅ​សមរម្យ​។ ពួក​ខ្ញុំ​ពលរដ្ឋ​មួយ​ទាំងមូល​​ គាត់​អត់​មាន​អើពើ​ជាមួយ​ពូក​ខ្ញុំ។ ធ្វើ​ដូច​ពួក​ខ្ញុំ​ជា​សត្វ​ធាតុ​អ៊ីចឹង

ចៅ​សង្កាត់​ទួល​សង្កែ​ទី​១ លោកស្រី រាជ ផាវឿន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២២ ខែសីហា ដោយ​ខ្លីថា ខាង​សាលា​ខណ្ឌ​ឫស្សីកែវ គឺ​ជា​អ្នក​អនុវត្ត​ការ​រុះ​រើ​នេះ រីឯ​ខាង​សាលា​សង្កាត់​គ្មាន​សិទ្ធិ​សម្រេច​រឿង​នេះ​ទេ។ លោកស្រី​ប្រាប់​ឲ្យ​សួរ​អភិបាល​រង​ខណ្ឌ​ឫស្សីកែវលោក ប្រាជ្ញ សីហា ដែល​កាន់​រឿង​នេះ ជំនួស​វិញ។

ចំណែក អភិបាល​រង​ខណ្ឌ​ឫស្សីកែវលោក ប្រាជ្ញ សីហា​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​តាម​ទូរស័ព្ទ ដោយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ឲ្យ​ទៅ​ជួប​លោក​ដោយ​ផ្ទាល់​នៅ​សាលា​ខណ្ឌ​ឫស្សីកែវ។

ទាក់ទង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស របស់​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ការ​បំផ្លិច​បំផ្លាញ​លំនៅ​ឋាន​​របស់​ប្រជា​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ ក្នុង​អំឡុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូវីដ​-១៩​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជា​អំពើ​អ​មនុស្សធម៌​ចំពោះ​ពលរដ្ឋ​ក្រីក្រ។

លោកយល់​ថា ​អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​ស្វែង​រក​ទីតាំង​ថ្មី ​ជូន​ពួកគាត់​សិន មុន​នឹង​ប្រើ​កម្លាំង​ទៅ​វាយ​កម្ទេច​ផ្ទះ​សម្បែង​ពួកគាត់ ត្បិត​ទីតាំង​ដែល​ពលរដ្ឋ​រស់​នៅ​នោះ​ ជា​ដី​សាធារណ​របស់​រដ្ឋ​ក៏​ដោយ៖ «គាត់​នៅ​ទទួល​ទាន​នៅ​ហ្នឹង​ពី​យូរ​ណាស់​មក​ហើយ ទើប​ថា​គាត់​រស់​នៅ​លើ​ដី​ខុស​ច្បាប់​អ៊ីចឹង ឃើញ​ថា ​អា​ហ្នឹង ជា​លេស​របស់​អាជ្ញាធរ​ក្នុង​ការ​បណ្ដេញ​គាត់​ចេញ ហើយ​ជា​ការ​រំលោភ​សិទ្ធិ​លំនៅឋាន ជា​ពិសេស​គឺ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី​ សិទ្ធិ​កុមារ​ហ្នឹង គឺ​ថា​រំលោភ​ធ្ងន់ធ្ងរ​ណាស់ ហើយ​វា​រំលោភ​​ច្បាប់​ទៅ​ទៀត។ ដេញ​ពួក​គាត់​ហើយ ឲ្យ​ទៅ​នៅ​ដី​ដែល​ពុំ​មែន​ជា​ដី​ពិត​ប្រាកដ​របស់​គាត់ ហើយ​បោះ​តង់​នៅ​ សួរ​ថា​តើ​ថ្ងៃ​ក្រោយ​ទៅ​ យើង​នឹង​ឲ្យ​ពួកគាត់​ទៅនៅ​​ទី​ណា។ អា​ហ្នឹង ! ​ ទៅ​ជា​គោលការណ៍​មួយ​ មិន​មែន​ជា​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​ វា​ទៅ​ជា​គោលការណ៍​បង្កើន​នូវ​ភាព​ក្រីក្រ​ទៅ​វិញ»។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​ទាំង​អស់​ បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​ពួកគាត់ រង​ទុក្ខ​មួយ​ជាន់​ហើយ មួយ​ជាន់​ទៀត​ ដោយ​ពិបាក​នឹង​ស្វែង​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ហើយ​ ត្រូវ​បាត់​ទី​ជម្រក អត់​ស្បៀង​អាហារ និង​អាច​ប្រឈម​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។