ប្រជាពលរដ្ឋចំនួន ៣ភូមិនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បារម្ភថា ដីបឹងធម្មជាតិជិត ៥០ហិកតារ ដែលពលរដ្ឋអាស្រ័យផលជាយូរមកហើយ នឹងធ្លាក់ដល់ដៃក្រុមហ៊ុនឯកជននៅពេលអនាគត ខណៈដីបឹងមួយនេះ អាជ្ញាធរពាក់ព័ន្ធហាក់មិនអើពើអភិរក្ស ហើយបណ្ដែតបណ្ដោយឱ្យមានសកម្មភាពបូមខ្សាច់ និងការកាប់ទន្ទ្រានយកដីបឹងចេះតែបន្តកើតមានជាហូរហែ។
បឹងពោធិ៍ ជាបឹងធម្មជាតិដ៏សំខាន់ របស់ប្រជាកសិករនៅក្នុងឃុំតាជេស ដែលពលរដ្ឋអាស្រ័យផល យកទឹកធ្វើស្រូវប្រាំង នេសាទត្រី និងប្រមូលផលផ្សេងៗ ដូចជាបេះព្រលឹត និងច្រូតស្មៅ ដើម្បីចិញ្ចឹមគោក្របីជាដើម។ បឹងនេះមានទំហំជិត ៥០ (៤៧.២២)ហិកតារ ហើយផ្ដល់ប្រយោជន៍ដល់ពលរដ្ឋជិត ៣០០គ្រួសារនៅភូមិចំនួន៣ គឺភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋឱ្យដឹងថា រយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ បឹងពោធិ៍ កាន់តែរាក់ ហើយខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងស្ទើរតែរាល់ឆ្នាំ។ ចំណែកខែវស្សាពុំសូវសម្បូរត្រីដូចមុននោះទេ។ ពលរដ្ឋបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស្ដារបឹងនេះ ជាច្រើនលើក ប៉ុន្តែអាជ្ញាធរពុំអើពើនោះឡើយ ហើយបែរជាហាមឃាត់ពលរដ្ឋ កុំឱ្យអភិរក្សបឹងនោះទៅវិញ។
តំណាងពលរដ្ឋម្នាក់ លោក ផេង រុំ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ប្រាប់វិទ្យុអាស៊ីសេរីថា បឹងពោធិ៍ គឺជាកន្លែងស្តុកទឹក និងជាប្រព័ន្ធធារាសាស្ត្រដ៏ធំរបស់ពលរដ្ឋ។ លោកបន្តថា ជារៀងរាល់ឆ្នាំនៅរដូវប្រាំង ពលរដ្ឋបានប្រើប្រាស់ទឹក ដើម្បីស្រោចដំណាំ និងធ្វើស្រូវប្រាំង ក្នុងទំហំដីជាង ២០០ហិកតារ។
លោកបន្តថា ពលរដ្ឋធ្លាប់ទទូចដល់អាជ្ញាធរឱ្យស្ដារបឹងនេះ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០២២ ម្ដងជាពីរដងហើយ តែអាជ្ញាធរពុំអើពើដោះស្រាយ បែរជាឱ្យគ្រឿងចក្រកាយដី និងបូមរ៉ែខ្សាច់លក់តាមអំពើចិត្ត កាលពីរដូវប្រាំង។ លោកអះអាងថា ការបូមខ្សាច់នេះ អាជ្ញាធរពុំបានជូនដំណឹងដល់ពលរដ្ឋឱ្យដឹងជាមុននោះទេ។ លោកមើលឃើញថា ករណីនេះ ទំនងជាអាជ្ញាធរចង់លួចលក់ដីបឹងឱ្យទៅក្រុមហ៊ុនឯកជន ហើយព្យាយាមលាក់បាំងព័ត៌មាន។
លោកថា អាជ្ញាធរឱ្យក្រុមហ៊ុនកាយដីបឹង ធ្វើឱ្យប៉ះពាល់ដល់ដែនជម្រកពូជត្រី ចំណែកប្រព័ន្ធទប់ស្កាត់ទឹកក៏ពុំមាន។ លោកអះអាងថា អាជ្ញាធរធ្វើដូច្នេះ ដើម្បីជាលេសថា ពលរដ្ឋលែងត្រូវការអាស្រ័យផលពីបឹងនេះទៀត ហើយពេលនោះ អាជ្ញាធរ នឹងងាយស្រួលលក់ដីបឹងនេះ ទៅឱ្យក្រុមអ្នកមានលុយ អ្នកមានអំណាចដោយស្របច្បាប់។
លោក ផេង រុំ ថ្លែង បន្តថា រយៈកាលកន្លងទៅ អាជ្ញាធរនៅស្រុកកំពង់ត្រឡាច ពុំដែលសប្បាយចិត្តជាមួយនឹងប្រជាពលរដ្ឋ ដែលតែងតែចូលរួមយ៉ាងសកម្មភាពក្នុងការអភិរក្សបឹងនេះទេ។ លោករំលឹកថា កាលពីដើមឆ្នាំ២០២២ អាជ្ញាធរបានដុតរោង ដែលពលរដ្ឋសាងសង់ ដើម្បីដេកយាមការពារបឹង និងបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់។
ចំណែកប្រធានសហគមន៍ឡពាង ដែលតែងតែចូលរួមអភិរក្សបឹងធម្មជាតិមួយនេះយ៉ាងសកម្ម លោកស្រី អ៊ុំ សុភី លើកឡើងថា អាជ្ញាធរឃុំបានរឹតត្បិតលោកស្រី និងប្រជាសហគមន៍ ពុំឱ្យចូលរួមអភិរក្សបឹងនេះ ដោយអាជ្ញាធរអះអាងថា ក្រុមលោកស្រី គឺជាក្រុមប្រឆាំង។
លោកស្រីបន្តថា អស់រយៈពេល ៥ឆ្នាំនេះ ស្ថានភាពដីបឹងបន្តបាត់បង់ ដោយសារតែមានពលរដ្ឋមួយចំនួន ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន ហើយមានការសង់ផ្ទះលើចំណែកដីបឹងដោយខុសច្បាប់ទៀតផង។ លោកស្រីថា ទោះបីបញ្ហានេះ អាជ្ញាធរបានដឹងឮហើយក៏ដោយ ប៉ុន្តែ ពួកគេពុំទប់ស្កាត់ឱ្យបានត្រឹមត្រូវនោះឡើយ ដែលករណីនេះ ទំនងជាមានការឃុបឃិតគ្នា របស់អាជ្ញាធរមូលដ្ឋាន តាមរយៈការសូកប៉ាន់លុយកាក់ជាដើម។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងមេឃុំតាជេស លោកស្រី ស្វាយ ស៊ីម និងអភិបាលរងខេត្តកំពង់ឆ្នាំង លោក សាន់ យូ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែតុលា ដោយសារហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
រីឯជំទប់ទី១ ឃុំតាជេស ស្រុកកំពង់ត្រឡាច លោក សុខ ចាន់ស៊ី បានបដិសេធមិនឆ្លើយជុំវិញបញ្ហានេះទេ ដោយលោកអះអាងថា លោកពុំសូវដឹងពីករណីទាំងនោះ។ លោកបន្តថា កន្លងទៅអាជ្ញាធរពិតជាបានធ្វើកុងត្រាជាមួយក្រុមហ៊ុនឯកជន ដើម្បីស្ដារបឹង តែជាក់ស្ដែងក្រុមហ៊ុនបែរជាបូមយករ៉ែខ្សាច់ទៅវិញ ហើយលោកពុំស្គាល់ឈ្មោះក្រុមហ៊ុននោះទេ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ អភិបាលរង់ខេត្ត លោក សាន់ យូ និង អនុប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត លោក ង៉ុន យ៉ុង បានចេញលិខិតសម្រេចមួយឱ្យ អាជ្ញាធរក្នុងមូលដ្ឋាន គឺមេឃុំតាជេស និងមេភូមិទាំង៣ ដែលជាប់បឹងពោធិ៍ ចាប់ផ្ដើមស្ដារបឹងនេះឡើយវិញ ឱ្យស្របតាមគោលការណ៍ និងនីតិវិធី ប៉ុន្តែ នៅក្នុងលិខិតបញ្ជាក់ថា មន្ទីរពុំមានថវិកាគាំទ្រចំពោះការស្ដារបឹងនេះឡើយ។
ជាក់ស្ដែង រហូតមកដល់ឆ្នាំ២០២៣នេះ ពលរដ្ឋថា ពុំឃើញមានសកម្មភាពស្ដារបឹងធម្មជាតិនេះឡើយ។ ប៉ុន្តែ កាលពីដើមឆ្នាំ២០២៣ ធ្លាប់ឃើញ សកម្មភាពបូមខ្សាច់ និងគ្រឿងចក្រកាយដីដឹកយកទៅលក់ ដើម្បីតែផលប្រយោជន៍អាជីវកម្មប៉ុណ្ណោះ។ ពលរដ្ឋថា ចំណែកឯការប្រជុំសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធកន្លងទៅ ក៏ពុំមានវត្តមានពលរដ្ឋចូលរួមនោះដែរ គឺមានតែអាជ្ញាធរសុទ្ធសាធ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត លើកឡើងថា ដីបឹង ស្ទឹង ឬទន្លេជាដើម គឺជាដីសាធារណៈរបស់រដ្ឋ។ ដូចនេះ លោកថា ពុំអាចបុគ្គលណាមួយ យកលក់ ឬរំលោភយកតាមតែអំពើចិត្តនោះទេ។ លោកបន្តថា អាជ្ញាធរគួរតែគិតដល់ជីវភាពពលរដ្ឋ និងដោះស្រាយត្រឹមត្រូវតាមច្បាប់។
ប្រជាពលរដ្ឋទាំង ៣ភូមិអះអាងថា ពួកគេពុំអាចអត់បឹងធម្មជាតិនេះបានទេ ព្រោះពួកគេតែងតែអាស្រ័យផលពីបឹងនេះ ទាំងរដូវវស្សា និងរដូវប្រាំង។ ពលរដ្ឋថា បើសិនជាអាជ្ញាធរពាក់ព័ន្ធ នៅតែលាក់បាំងព័ត៌មានជុំវិញការមិនស្ដារបឹង ហើយឱ្យក្រុមហ៊ុនឯកជន បន្តកាយដី និងបូមខ្សាច់ ដើម្បីតែផលប្រយោជន៍អាជីវកម្មទៀត ពួកគេនឹងដាក់ពាក្យបណ្ដឹងទៅក្រសួងពាក់ព័ន្ធ ហើយចេញតវ៉ាទ្រង់ទ្រាយធំនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។