មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​សមត្ថកិច្ច​ខេត្ត​ឧត្ដរមានជ័យ​ថា ​អនុវត្ត​ច្បាប់​ស្តង់ដារ​ ២​ករណី​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដោយ​ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​ឧត្ដរមានជ័យ​ ប្រតិកម្ម​នឹង​សមត្ថកិច្ច​ខេត្ត​នេះ​ថា បាន​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​លើ​ទៅ​ពលរដ្ឋ​ក្រី​ក្រ និង​អ្នក​មាន​លុយ​មាន​អំណាច​ ដោយសារ​តែ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​នៅ​ក្រុង​សំរោង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១១ មិថុនា ដោយ​ចោទ​ប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។

ឪពុក​ជនសង្ស័យ​នៅ​ភូមិ​បុស្ស សង្កាត់​កូនក្រៀល ក្រុង​សំរោង លោក​ ហូយ ឈួយ ប្រាប់​អាស៊ី​សេរី​ នៅ​រសៀល​ថ្ងៃ​ទី១២ មិថុនា​ថា រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ​បាន​សហការ​ជា​មួយ​ប៉ូលិស​មូលដ្ឋាន​ចាប់​កូន​ស្រី​របស់​លោក ឈ្មោះ ឈួយ ឆៃយ៉ា អាយុ ២៥ឆ្នាំ កាល​ពី​រសៀល​ថ្ងៃ​ទី១១ មិថុនា។ លោក​បន្ត​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​កូន​របស់​លោក​​ទៅ​ឃុំ​នៅ​ស្នងការ​នគរបាល​ខេត្ត​មួយ​នេះ​អស់​មួយ​យប់​ដោយ​ចោទ​ប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់ ហើយ​មក​ទល់​រសៀល​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។ លោក​​អះអាង​ថា កូន​របស់​លោក​មិន​បាន​ទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយ​គ្រាន់​តែ​​ទៅ​ភ្ជួរ​ដី​ធ្វើ​ស្រែ​នៅ​លើ​ដី​ទំនាស់ ទំហំ ២ហិកតារ ដើម្បី​ដាំដុះ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ព្រោះ​ដី​នោះ​ជា​ដី​របស់​លោក​ធ្លាប់​កាន់កាប់​ជា​ច្រើន​ឆ្នាំ​ហើយ៖ «សូម​ឱ្យ​លោក​រក​មើល​ក្នុង​បញ្ជី​ឈ្មោះ​ទំនាស់​ដី​នោះ​តើ​មាន​ឈ្មោះ​កូន​ខ្ញុំ​មាន​ក្នុង​បញ្ជី​ទាមទារ​អត់ ហើយ​ដោះ​ស្រាយ​បាន​ហើយ​ឬ​នៅ ? គួរ​ស្វែង​រក​ដំណោះ​ជូន​កូន​ខ្ញុំ​ ព្រោះ​គាត់​ជា​ស្ត្រី​មេម៉ាយ ដោយ​សារ​តែ​បាត់បង់​ដីធ្លី​ទើប​ធ្វើ​អោយ​កូន​របស់​ខ្ញុំ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​។គាត់​ធ្វើ​បែប​នេះ​ហាក់​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​កូន​ខ្ញុំ​ធ្ងន់ៗ ចង់​ដាក់​បន្ទុក ហើយ​នោះ​ប្រហែល​គេ​មិន​មែន​ទុក​សម្រាប់​ឱ្យ​អាជ្ញាធរ​ទេ​ ព្រោះ​ដី​នោះ​បាន​មក​ពី​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ចេញ​ពី​ក្រុម​ហ៊ុន​ទេ »

លោក​បន្ត​ថា​ ដី​ភ្ជួរស្រែ​នោះ​ ដើម​ឡើយ​ជា​តំបន់​ដី​ទំនាស់​ដែល​មាន​ពលរដ្ឋ​ចំនួន ២១៤គ្រួសារ និង​មាន​ផ្ទៃ​សរុប​ជាង ១ពាន់​ហិកតារ (១.០៧៦) នៅ​សង្កាត់​កូនក្រៀល មាន​ទំនាស់​ជា​របស់​ជា​មួយ​ក្រុម​ហ៊ុន ស្ករ​អំពៅ​អង្គរ​ស៊ូហ្គើរ (Angkor Sugar) របស់​ថៃ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​ក្ស័យ​ទុន​ក៏​បាន​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ទៅ​វិញ កាល​ពី​ឆ្នាំ២០១៥។ លោក​បន្ត​ថា ដី​នេះ​ពួកគាត់​បាន​ប្ដឹង​ទៅ​តុលាការ​តាំង​តែ​ឆ្នាំ​២០០៩​មក​ គឺ​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួកគាត់​រួច​រាល់​នៅ​ឡើយ។ លោក​ថា​អាជ្ញាធរ​ទើប​តែ​ដោះស្រាយ​បាន ១២៤គ្រួសារ​ទេ ចំណែក​ពលរដ្ឋ​ជិត ១០០គ្រួសារ​ទៀត​មិន​ទាន់​មាន​ដំណោះ​ស្រាយ​បាន​នៅ​ឡើយ។ លោក​បន្ត​ថា ការ​អូស​បន្លាយ​ពេល​យូរ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ក្រីក្រ ព្រោះ​គ្មាន​ដី​ដាំដុះ​ ដូច្នេះ​បាន​ជា​កូន​របស់​លោក​ទៅ​ភ្ជួរ​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​ ព្រោះ​ជីវភាព​ខ្វះខាត​​ហើយ​គ្មាន​របរ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​លោក​អឺម សៅរិទ្ធ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​អំពី​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២​មិថុនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អភិបាល​ក្រុង​សំរោង លោក ​អ៊ុន សុភក្រ័​ ប្រាប់​អាស៊ី​សេរី​ថា​លោក​មិន​បាន​ដឹង​ជុំ​វិញ​បញ្ហា​នេះ​ទេ៖ «ខ្ញុំ​អត់​ដឹង​បង​ផង​ បាទ !​ ខ្ញុំ​អត់​ដឹង​រឿង​នេះ​ផង​នឹង »

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)ខេត្ត​ឧត្ដរមានជ័យ​លោក​ ស្រី​ ណារ៉េន​ ​លើក​ឡើង​ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តង់ដារ​២លើ​បញ្ហា​នេះ​ ព្រោះ​គ្រាន់​តែ​​ពលរដ្ឋ​ភ្ជួរ​ធ្វើ​ស្រែ​ដោយសារ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ជូន​ពួកគាត់​ គឺ មិន​ត្រូវ​ចាប់​ពលរដ្ឋ​យក​ទៅ​ឃុំ​ឃាំង​បែប​នេះ​ទេ​។លោក​បន្ត​ទៀត​ថា កន្លង​មក​អ្នក​មាន​លុយ​មាន​អំណាច​បាន​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ណា​ចាប់​ជនល្មើស​ទាំង​នោះ​ផ្ដន្ទាទោស​បាន​ម្នាក់​នៅ​ឡើយ​ទេ ដែល​ខុស​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​គឺ​អាជ្ញាធរ​តែង​ចាត់​វិធាន​ការ​បាន​ភ្លាមៗ​តែ​ម្ដង៖ «ធ្វើ​ម៉េច​ហៅ​គាត់​ទៅ​អប់រំ​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​គាត់​ទៅ​ភ្ជួរ​អីចឹង​ទៀត​ រង់ចាំ​ឱ្យ​រដ្ឋាភិបាល​គេ​ធ្វើ​សម្បទាន​សង្គមកិច្ច​សិន មិន​គួរ​ណា​យើង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​អីចឹង​ទេ​ ពលរដ្ឋ​ស្លូតត្រង់​គ្រាន់​ទៅ​អាស្រ័យ​ផល​ដើម្បី​ចិញ្ចឹម​ជីវិត​អត់​យក​ទៅ​មាន​បាន​ផង​ ហើយ​គាត់​ត្រូវ​បាន​គេ​អនុវត្ត​ច្បាប់​ភ្លាម​ដូច្នេះ​ ខ្ញុំ​មើល​ទៅ​វា​ទទួល​ភាព​អយុត្តិធម៌​សម្រាប់​គាត់ »

ឪពុក​ជន​ជាប់​ឃុំ លោក ហូយ ឈួយ ឲ្យ​ដឹង​ថា ប៉ូលិស​បាន​បញ្ជូន​កូន​របស់​លោក​ទៅ​ដាក់​ពន្ធនាគារ​​ខេត្ត​ឧត្ដរមានជ័យ​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​១២​មិថុនា បន្ទាប់​ពី​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល​។លោក​ ថា​ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​សង្កាត់​កូនក្រៀល​នឹង​ឡើង​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ឧត្ដរមានជ័យ​នៅ​ចុង​សប្ដាហ៍​នេះ​ ប្រសិន​បើ​តុលាការ​មិន​ដោះលែង​កូន​ស្រី​ឱ្យ​មាន​សេរី​ភាព​នោះ៕