មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភ ការព្រងើយកន្តើយរបស់សាលាក្រុងភ្នំពេញ ដែលមិនព្រមដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីនៅតំបន់បុរីកីឡាកណ្ដាលក្រុងភ្នំពេញនឹងធ្វើឲ្យវិបត្តិនេះរីករាលដាលកាន់តែធំទៅ នាពេលខាងមុខ។ ចំណែកពលរដ្ឋបុរីកីឡាអះអាងថា ខ្លួននឹងដាក់ញត្តិផ្ញើទៅលោក ហ៊ុន សែន ដើម្បីឲ្យជួយអន្តរាគមន៍ ដោយសារសាលាក្រុងភ្នំពេញមិនបានស្ដាប់ការទាមទាររបស់ពលរដ្ឋ ដែលចង់បានត្រឹមកន្លែងរស់នៅសមរម្យ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការផ្ដល់សំណងមិនសមរម្យដល់ពលរដ្ឋ មិនអាចធ្វើឲ្យវិបត្តិដីធ្លីនៅតំបន់បុរីកីឡាបញ្ចប់ដោយសន្តិវិធីទេ ហើយក៏មិនបានធ្វើឲ្យពលរដ្ឋស្ងប់ចិត្តនោះដែរ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា យល់ថា ការដោះស្រាយដល់ពលរដ្ឋឲ្យទទួលបានសំណងសមរម្យ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ដែលត្រូវផ្ដល់ឲ្យពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ករណីវិបត្តិដីធ្លីនៅបុរីកីឡានេះ អាជ្ញាធរបានដោះស្រាយជូនពលរដ្ឋភាគច្រើនហើយ ដូច្នេះអាជ្ញាធរគួរដោះស្រាយបញ្ចប់អ្វីដែលនៅសេសសល់៖ «»
ស្រដៀងគ្នានេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ដែលតាមដានដំណើររឿងនេះយល់ថា អាជ្ញាធរគួរដោះស្រាយបញ្ចប់បញ្ហានេះចៀសវាងកើតមានបញ្ហាធំទៅថ្ងៃមុខ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅភាគីសាលាក្រុងភ្នំពេញ និងពលរដ្ឋគួរមានការសម្បទានឲ្យគ្នាទៅវិញទៅមក ឬបន្ទន់ឥរិយាបថរៀងខ្លួន ដើម្បីរកចំណុចរួមមួយនៃការផ្ដល់សំណងនេះ៖ «»
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ជាច្រើនដងនៅថ្ងៃទី២៥ វិច្ឆិកា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
ពលរដ្ឋបុរីកីឡាលោកស្រី ភោគ សុភីន ប្រាប់ថា លោកស្រី និងពលរដ្ឋបុរីកីឡាផ្សេងទៀតព្យាយាមសុំជួបមន្ត្រីសាលាក្រុងភ្នំពេញ ដើម្បីជជែកពីការផ្តល់សំណងនៃការវាយកម្ទេចអាគារ ប៉ុន្តែមន្ត្រីសាលាក្រុងភ្នំពេញបានព្រងើយកន្តើយមិនឆ្លងឆ្លើយ និងមិនលើកលេខទូរស័ព្ទរបស់ពលរដ្ឋនោះទេ។ លោកស្រីបន្តថា បើអាជ្ញាធររាជធានីភ្នំពេញនៅតែធ្វើបែបនេះទៀត ក្រុមពលរដ្ឋនឹងដាក់ញត្តិទៅជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍៖ «»
លោកស្រី ភោគ សុភីន ប្រាប់ថា អ្វីដែលពលរដ្ឋទាំង១២គ្រួសារចង់បាន គឺការអភិវឌ្ឍនៅនឹងកន្លែងដែលជាការផ្ដល់បន្ទប់អាគារឲ្យពួកគាត់នៅតំបន់បុរីកីឡាដដែល ប៉ុន្តែសាលាក្រុងភ្នំពេញបែរជាឲ្យពួកគាត់ទៅនៅផ្ទះឯភូមិអណ្ដូង ខណ្ឌព្រែកព្នៅ ជាយក្រុងភ្នំពេញ ដែលជាតំបន់ដាច់ស្រយាល ឬទទួលទឹកប្រាក់ពីបីពាន់ (៣.០០០) ទៅ ៥ពាន់ (៥.០០០) ដុល្លារ ដែលមិនស័ក្ដិសម នឹងការបាត់បង់លំនៅឋានរបស់ពលរដ្ឋឡើយ។
កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញបានវាយកម្ទេចអាគារបុរីកីឡាចាស់ និងចាប់ខ្លួនពលរដ្ឋ ដែលមិនព្រមទទួលសំណងមួយចំនួនយកទៅឃុំខ្លួន។ ពលរដ្ឋបុរីកីឡា បានរងគ្រោះម្ដងរួចទៅហើយ កាលពីឆ្នាំ២០១២ ដោយអាជ្ញាធរក្រុងភ្នំពេញបានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារនៅសហគមន៍បុរីកីឡា ដែលមិនព្រមចាកចេញ ដើម្បីយកដីនោះឲ្យទៅក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។