សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឈ្មួញ​ចាក់​ដី​លុប​ព្រៃ​កោងកាង​ក្នុង​ខេត្ត​កោះ​កុង​

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ ​និង​ប្រជា​សហគមន៍​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះ​កុង​​ស៊ើប​អង្កេត​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ​និង​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស​ ​រួម​ទាំង​អាជ្ញាធរ​ដែល​ឃុបឃិត​ ​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ដោយ​ខុសច្បាប់​។​ ​ការ​ទាមទារ​នេះ​ ​ក្រោយ​ពី​ព្រៃ​កោង​កាងទំហំ​ ​១​២​ហិកតារ​ ​ជាប់ដៃ​ព្រែក​ពាម​ក្រសោប​ ​នៃ​ឃុំ​ទួល​គគីរ​ ​ស្រុក​មណ្ឌល​សីមា​ ​ត្រូវ​ឈ្មួញ​ចាក់​ដី​លុប​អស់​មួយ​ផ្នែក​ធំ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ខេត្ត​កោះ​កុង​លោក ថោ​ង​ ​ច័ន្ទ​តារា​ ​ថ្លែង​នៅ​ថ្ងៃ​ទី​១​៩​ ​ខែមីនា​ថា​ ​លោក​សោកស្តាយ​ដែល​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​បណ្តែត​បណ្តោយ​ឱ្យ​ឈ្មួញ​បំផ្លាញ​ព្រៃ​កោងកាង​ដ៏​ធំសម្បើម​នេះ​ ​ព្រោះ​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន​ ​និង​មុខរបរ​នេសាទ​របស់​អ្នកស្រុក​។​ ​ម្យ៉ាង​វិញទៀត​ ​លោក​សោកស្តាយ​ដែល​អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​រួចហើយ​ ​ក៏ប៉ុន្តែ​មិន​ឃាត់ខ្លួន​ពួកគេ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ ​លោក​ពន្យល់​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​សមត្ថកិច្ច​​ដែល​ឃុបឃិតជាមួយ​ឈ្មួញ​បំពាន​ដី​សាធារណៈ​របស់​រដ្ឋ​ក៏​ត្រូវ​មានទោស​ដូចគ្នា​៖​ ​«​ជនល្មើស​ដឹង​ហើយ​ ​ស្គាល់​ហើយ​ខេត្ត​នេះ​ហាក់ដូចជា​ ​ប៉ុន្មាន​ករណី​ហើយ​ ​គាត់​អត់មាន​ចំណាត់​ការ​ផ្លូវច្បាប់​អី​ទេ​។​ ​គាត់​ទុក​ភារកិច្ច​ទៅ​ព្រះរាជអាជ្ញា​ ​តាមពិត​អាជ្ញាធរ​ខេត្ត​ ​គាត់​អាច​ប្តឹង​បញ្ជូន​ទៅ​តុលាការ​។​ ​តែ​គាត់​គ្រាន់តែ​យ​កករណី​របៀប​ដោះស្រាយ​ ​របៀប​រដ្ឋបាល​យកទៅ​​ធ្វើជា​មួយ​នេះ​ត្រឹម​កាយ​ដី​ ​តែ​គាត់​អត់មាន​ចំណាត់​ការ​ផ្លូវច្បាប់​ ​ទោះបី​រក​ឃើញ​ ​ឬ​មិន​ឃើញ​។​ ​បើ​ពលរដ្ឋ​តូចតាច​ ​អា​ហ្នឹង​ដឹង​តែ​ជាប់​ហើយ​ »​។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ ​ក្នុង​ខេត្ត​កោះ​កុង​ ​មាន​ព្រៃ​កោងកាង​ជាច្រើន​តំបន់​ទៀត​ ​ក៏​ទទួលរង​ការ​ចាក់​ដី​លុប​បែប​អនាធិបតេយ្យ​ដូចគ្នា​នេះ​ដែរ​។​ ​លោក​ថា​ ​ករណី​ទាំងនេះ​ ​ក​ម្រ​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ ​និង​អនុវត្ត​ច្បាប់​ណាស់​ ​ព្រោះ​អ្នក​ដែល​រំលោភ​ដី​ព្រៃ​កោងកាង​ ​សុទ្ធតែ​អ្នកមាន​លុយ​មានអំណាច​។​

មេឃុំ​ទួល​គគីរ​អ្នកស្រី​ ​គឹម​ ​សុខ​ខេ​ម​ ​បដិសេធ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ​ ​ដោយ​អ្នកស្រី​ថា​ ​កំពុង​ជាប់រវល់​៖​ ​«​ខ្ញុំ​ជាប់​ប្រជុំ​ហើយ​ »​។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ ​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះ​កុង​លោក​ ​សុខ​ សុទ្ធី ​ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ​ ​នៅ​ថ្ងៃ​ទី​១​៩​ ខែ​មីនា​ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។​

ក៏ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ (​F​RS​H​ ​NEWS​) ​ថា​ ​ឈ្មួញ​ដែល​ចាក់​ដី​លុប​ព្រៃ​កោងកាង​នោះ​ ​មានឈ្មោះ​ ​លាង​ ​ហ៊ី​ម​។​ ​លោក​ថា​ ​ឈ្មួញ​រូប​នេះ​អះអាង​ថា​ ​បាន​ទិញ​ដី​ពី​ប្រជាជន​ពលរដ្ឋ​ ​និង​មេឃុំ​ទំហំ​ ​១​២​ហិកតា​ ​ជា​ថ្នូរ​នឹង​កសាង​ផ្លូវ​និង​លូ​រំដោះ​ទឹកប្រៃ​។​ ​លោក​ ​សុខ​ សុទ្ធី ​អះអាង​ថា​ ​អាជ្ញាធរ​នឹង​ដកហូត​ដី​ព្រៃ​កោង​កាង​​ទាំងនោះ​ មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ ​ហើយ​បញ្ជា​ឱ្យ​ឈ្មួញ​​កាយ​ដី​ទាំងនោះ​ឱ្យ​អស់​ ​ដើម្បី​ដាំ​កូន​កោងកាង​ប៉ះប៉ូវ​វិញ​។​ ​លោក​បញ្ជាក់​ទៀត​ថា​ ​ក្រៅពី​វិធានការ​រដ្ឋបាល​ហើយ​ ​អាជ្ញាធរ​ក៏​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ដែរ​ ​ដើម្បី​ដាក់ទោស​ជនល្មើស​។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ខេត្ត​កោះ​កុង​លោក​ ​អ៊ុន​ ​សុវណ្ណ​ធានី​ ​ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​ ​ប៉ុន្តែ​លោក​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា​ ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ហើយ​។​ ​អាស៊ី​សេរី​ក៏​មិនទាន់​អាច​ទាក់ទង​បុគ្គល​ឈ្មោះ​ ​លាង​ ​ហ៊ី​ម​ ​ដែល​រង​ការ​ចោទ​ថា​ ​ជា​អ្នក​ចាក់​ដី​លុប​ព្រៃ​កោងកាង​នោះ​បាន​ដែរ​។​

ប្រជា​សហគមន៍​នេសាទ​ខេត្ត​កោះ​កុង​លោកស្រី​ ​ស៊ី​ន​ ​សារី​ ​ថ្លែង​ថា​ ​ព្រៃ​កោងកាង​ទាំងនោះ​ ​ជា​ប្រភព​ចំណូល​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ​ដែល​ជា​អ្នកនេសាទ​ហើយ​ការ​ទន្ទ្រាន​នេះ​ ​នឹង​បា​ង់​បង់​ទីកន្លែង​អាស្រ័យផល​របស់​ពួកគេ​។​ ​ជាង​នេះ​ទៅទៀត​ ​លោកស្រី​បារម្ភ​ថា​ ​ការ​បំផ្លាញ​ព្រៃ​កោងកាង​នេះ​ ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ ​និង​បាត់បង់​ជម្រក​សត្វស្លាប​៖​ ​«​​ប៉ះពាល់​ព្រោះ​ប្រជាពលរដ្ឋ​ដាក់​ក្តាម​ ​និង​បង្គា​រ​នៅ​ព្រៃ​កោងកាង​ហ្នឹង​ ​ដាក់លប​អី​ហ្នឹង​ ​បើ​គេ​លុប​អស់​អ៊ីចឹង​ដាក់​អត់​បានទេ​ ​ហើយ​ប្រជាជន​ក៏​គ្នា​រក​អី​អស់​សូវ​បាន​ ​ »​។

ប្រជា​សហគមន៍​នេសាទ​រូប​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​ពង្រឹង​យន្ត​ការ​ការពារ​ ​និង​អភិ​រក្ស​ព្រៃ​កោងកាង​ឱ្យ​គង់វង្ស​ ​ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង​របស់​ពលរដ្ឋ​ ​និង​សុវត្ថិភាព​បរិស្ថាន​ ​ព្រោះ​ពួកគេ​សង្កេតឃើញ​ថា​ ​អាជ្ញាធរ​ខេត្ត​កោះ​កុង​ហាក់​មិនបាន​យកចិត្តទុកដាក់​ ​ការពារ​ព្រៃ​កោងកាង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។