ក្រុមអង្គការសង្គមស៊ីវិល ៤ស្ថាប័ន និងសហគមន៍ដីធ្លីស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញចេញដោយបង្ខំលើពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច និងងាយរងគ្រោះ ដោយការរីករាលដាលជំងឺកូវីដ១៩។ ពួកគេថ្លែងបែបនេះក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៦ ក្រោមប្រធានបទការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន និងចិរភាព ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញវីដេអូ ហ្សួម (Zoom) នៅព្រឹកថ្ងៃទី២០ តុលា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការលីកាដូ អង្គការសមធម៌កម្ពុជា អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង និងអង្គការសមាគមធាងត្នោត រួមទាំងសហគមន៍ដីធ្លីរស់នៅក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត។ កិច្ចពិភាក្សានេះផ្ដោតសំខាន់ សំណូមពរឱ្យរដ្ឋាភិបាលធានានូវសុវត្ថិភាពលំនៅឋានរបស់ពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរគ្មានការរំលោភបំពាន និងបណ្ដេញចេញដោយបង្ខំ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងក្នុងវេទិកានោះថា ពលរដ្ឋកម្ពុជានៅតែទទួលរងការបណ្ដេញចេញដោយបង្ខំគ្មានការថមថយនោះឡើយ ហើយជម្លោះដីធ្លីនៅតែបន្តកើតមាន ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានា ក្រោមរូបភាពនៃការអភិវឌ្ឍ។ លោកបញ្ជាក់ថា ការអភិវឌ្ឍនោះពលរដ្ឋតែងតែទទួលរងការរំលោភបំពានពីអ្នកមានលុយនិងមានអំណាច ដែលជាដើមចមធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ា និងទាមទាររកយុត្តិធម៌ជាបន្តបន្ទាប់។ លោកអំពាវនាវឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដោយសន្តិវិធីផ្អែកតាមច្បាប់ ហើយត្រូវធានាថា មិនមានការបណ្ដេញចេញដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញប្រើហិង្សាលើពលរដ្ឋជាដើម៖ «ការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន និងចិរភាព មានន័យថាមិនបានពិគ្រោះយោបល់ ពីពលរដ្ឋ មិនបានចូលរួមពលរដ្ឋឱ្យបានត្រឹមត្រូវ គឺការអភិវឌ្ឍនឹងមានបញ្ហា។ បញ្ហាដីធ្លី ការបណ្ដេញ និងការវិវាទដីធ្លី ដែលកំពុងប្រឈមបច្ចុប្បន្នហ្នឹង»។
របាយការណ៍របស់អង្គការលីកាដូរកឃើញថា បញ្ហាដីធ្លីនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ មានពលរដ្ឋប្រមាណ ៥ពាន់គ្រួសារ បានរងផលប៉ះពាល់ ដោយការរំលោភបំពានដីធ្លី និងការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ លើសពីនេះ ក្នុងចំណោមជម្លោះដីធ្លីនេះមានពលរដ្ឋមួយចំនួន បានទទួលរងអំពើហិង្សា ដោយការបាញ់ឱ្យរបួស ការវាយដុំ និងការចាប់ខ្លួនក្នុងនោះមានពលរដ្ឋ ១០រូបហើយ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែតវ៉ាទាមទារដំណោះស្រាយដីធ្លី។
ប្រជាសហគមន៍ដីធ្លីរស់នៅខេត្តកំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី ថ្លែងក្នុងវេទិកានោះថា ក្រុមហ៊ុនឯកជនមួយបានឈូសឆាយផ្ទះរបស់លោកស្រី និងផ្ទះអ្នកភូមិផ្សេងទៀតអស់ ១៤ខ្នង កាលពីឆ្នាំ២០០៨ រហូតមកទល់ពេលនេះ ពួកលោកស្រីមិនទាន់ទទួលបានសំណង ឬដំណោះស្រាយសមរម្យនៅឡើយទេ។ លោកស្រីបញ្ជាក់ថា អាជ្ញាធរខេត្តបានផ្តល់ដំណឹងថា នឹងផ្តល់សំណងជូន ពួកលោកស្រី ១១ខ្នងផ្ទះ នូវទឹកប្រាក់ ៧ម៉ឺនដុល្លារអាមេរិក ប៉ុន្តែធាតុពិត ពលរដ្ឋមិនទាន់ទទួលបានលុយទាំងនោះនៅឡើយទេ។ លើសពីនេះទៀត ពួកលោកស្រី ៤នាក់ បានតវ៉ាទាមទារដីធ្លី និងផ្ទះសម្បែង ដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញអស់មិនត្រឹមតែគ្មានដំណោះស្រាយទេ បែរក្លាយជាជនរងគ្រោះជាប់បណ្ដឹងនៅតុលាការជាច្រើនករណីយ៉ាងអយុត្តិធម៌៖ «ឈូសឆាយផ្ទះពួកខ្ញុំចោល ១៤ ខ្នងផ្ទះ សូម្បី ១០០ លុយខ្មែរក៏មិនឱ្យពួកខ្ញុំដែរ ថ្ងៃឈូសឆាយផ្ទះ អត់មានជូនដំណឹង ឱ្យពួកខ្ញុំមុនទេ។ គេឈូស ឆាយផ្ទះពួកខ្ញុំគេប្រើគ្រឿងចក្រ និងរណាយន្ត។ ធ្វើរបៀប សាហាវយង់ខ្នង គឺប្លន់យើងតែម្ដង ហើយយើងម្ចាស់ផ្ទះ ឡើងផ្ទះអត់បានទេ។ ពេលឡើងផ្ទះ កម្មករគេមានសុទ្ធតែកាំបិត សូម្បីឯកសារមួយចំនួន រឿងដីធ្លី ក៏ត្រូវបាត់បង់ខ្លះដែរ»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២០ តុលា ដោយទូរស័ព្ទហៅចូលគ្មានអ្នកលើក។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុក ការសំណូមពររបស់ក្រុមអង្គការទាំងនេះ បង្កប់នូវឧបាយកលមួយទម្លាក់កំហុសមកលើរដ្ឋាភិបាល ដែលបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន។ លោកបញ្ជាក់ថា ពលរដ្ឋ និងក្រុមអង្គការទាំងនោះលើកឡើងតែមួយជ្រុងប៉ុណ្ណោះដោយមិនបានថ្លឹងហេតុផលត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះលោកថា ប្រសិនបើពលរដ្ឋមិនបានប្រព្រឹត្តកំហុសដោយសង់ផ្ទះលើដីសាធារណៈរបស់រដ្ឋ និងដីឯកជនប៉ះពាល់ដល់សិទ្ធិអ្នកដទៃទេ គឺគ្មានការបណ្ដេញចេញនោះទេ។ លោកទទួលស្គាល់ថា ប្រទេសមានការអភិវឌ្ឍចៀសមិនផុត ពីផលប៉ះពាល់លំនៅឋាន និងដីធ្លីរបស់ពលរដ្ឋរដ្ឋាភិបាលមានគោលនយោបាយដោះស្រាយដោយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់តាំងលំនៅឋាន និងបង្កបង្កើនផលចិញ្ចឹមជីវិតជូនពលរដ្ឋជាដើម៖ «រដ្ឋាភិបាលមិនដែលមានសកម្មភាពអី ទៅដេញបងប្អូនទេ។ អ្នកដែលថា អស់លោក សង្គមស៊ីវិលចេះតែថាទៅ អត់មានគិត ពីផលវិបាកដែលយើងថាហ្នឹង។ គេថា រដ្ឋាភិបាលដេញប្រជាជនពីលំនៅឋាន បើយើងនៅផ្ទះ ១៦លាននាក់ មានពីណាទៅដេញ ? ផ្ទះនៅតែផ្ទះតើ អត់មានទំនាស់អី វាអត់មានបញ្ហាទេ»។
ទោះជាយ៉ាងណាអង្គការធាងត្នោតរកឃើញថា ការបណ្ដេញចេញនៅតែបន្តកើតមានក្នុងរយៈពេល៣ខែចុងក្រោយនេះ។ សមាគមធាងត្នោតបានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវស្ដីពីការបណ្ដេញដោយរកឃើញថា ដំណើរការនៃការបណ្ដេញចេញភាគច្រើនមិនត្រូវបានអនុវត្តន៍ស្របតាមគោលការណ៍ណែនាំ និងបទដ្ឋានសិទ្ធិមនុស្សដែលបានចែងដោយអង្គការសហប្រជាជាតិនោះទេ។ ក្រៅពីនេះ មានករណីជាច្រើន អាជ្ញាធរពុំបានជូនដំណឹងឱ្យសមហេតុផលដល់សហគមន៍មុនពេលបណ្ដេញចេញនោះឡើយ ហើយ មានសហគមន៍ផ្សេងៗជាច្រើនទៀតត្រូវបានគេកំណត់គោលដៅដោយប្រើអំពើហិង្សា ឬការបំភិតបំភ័យ អំឡុងពេលបណ្ដេញចេញ។
របាយការណ៍បន្តថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រឈូសឆាយលំនៅឋានរបស់ពលរដ្ឋនៅសហគមន៍បឹងឈូកអេ (A) អស់ ១៣គ្រួសារ ដោយពុំបានពិគ្រោះយោបល់ ជាមួយពលរដ្ឋនោះទេ។ លើសពីនេះនៅដើមខែមិថុនា ឆ្នាំ២០២០ ពលរដ្ឋប្រមាណ ១០០គ្រួសារត្រូវបានបណ្ដេញចេញដោយបង្ខំពីទីជម្រករបស់ពួកគេនៅចំកណ្ដាលបឹងតាមោក ដោយមន្ត្រីនគរបាល និងអាជ្ញាធរខណ្ឌព្រែកព្នៅក្រុងភ្នំពេញ។
នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន បានថ្លែងក្នុងរបាយការណ៍ ដោយអំពាវនាវឱ្យបញ្ឈប់ការបណ្ដេញចេញគ្រប់រូបភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះពលរដ្ឋបានបាត់បង់ការងារ និងប្រាក់ចំណូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។