ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានវិវាទដីធ្លីរវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្នើសុំអាជ្ញាធរខេត្តកណ្ដាលដោះស្រាយបញ្ចប់ទំនាស់នេះ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់ក្នុងការផ្ដល់សំណងសមរម្យជូនពលរដ្ឋ។ ចំណែកអាជ្ញាធរវិញ អះអាងថា រដ្ឋាភិបាលមិនមានគោលនយោបាយថ្មីចំពោះវិវាទនេះទេ ក្រៅពីជម្រើសដែលបានផ្ដល់ជូនពលរដ្ឋកន្លងមក គឺលក់ដីឲ្យក្រុមហ៊ុន១ម៉ែត្រការ៉េតម្លៃ៨ដុល្លារ ឬដោះដូរដីទៅតាំងផ្សេង។
សមាគម សហជីព និងអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដោយបង្ហាញក្ដីបារម្ភជុំវិញទំនាស់ដីធ្លីរវាងពលរដ្ឋម្ចាស់ដីនិងក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លើទំហំដីជិត៣ពាន់ហិកតារ ក្នុងខេត្តកណ្ដាល។
ក្នុងលិខិតនោះ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងអំពីការប៉ះទង្គិចដោយហិង្សាក្នុងទ្រង់ទ្រាយធំរវាងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ កាលពីពេលកន្លងមក ដោយមានការចាប់ខ្លួនពលរដ្ឋ៣០នាក់ ហើយមនុស្ស ៩នាក់ ក្នុងចំណោមនោះត្រូវតុលាការដាក់ឃុំក្នុងពន្ធនាគារ ក្រោយមកក៏មានការដោះលែងពលរដ្ឋទាំងនោះឲ្យក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សង្គមស៊ីវិល មិនជំទាស់នឹងការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនោះទេ ប៉ុន្តែស្នើឲ្យស្ថាប័នរដ្ឋនិងភាគីក្រុមហ៊ុនផ្ដល់សំណងជូនប្រជាពលរដ្ឋម្ចាស់ដីឲ្យបានសមរម្យទៅតាមតម្លៃទីផ្សារចៀសវាងនូវការព្រមព្រៀងណាមួយដែលមានការបង្ខិតបង្ខំ និងរក្សាឲ្យបាននូវការគោរពសិទ្ធិមនុស្សពីគ្រប់ភាគី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា អាជ្ញាធររដ្ឋនិងភាគីក្រុមហ៊ុនគួរដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយនេះជាមួយពលរដ្ឋដោយសន្តិវិធី តម្លាភាព យុត្តិធម៌ និងផ្ដល់សំណងតាមច្បាប់ដែលមានចែង៖ «យើងចង់ឃើញមានដំណោះស្រាយមួយសមស្រប បានន័យថា តម្លាភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលគាត់រងផលប៉ះពាល់ដោយសារការអភិវឌ្ឍព្រលានយន្តហោះពីព្រោះការអភិវឌ្ឍក្រុមហ៊ុនចង់បានផលប្រយោជន៍និងផលចំណេញ។ អ៊ីចឹង ! ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ហ្នឹង គួរតែទទួលបានដំណោះស្រាយនិងផលប្រយោជន៍សមរម្យ ស្របទៅតាមគោលការណ៍នៃការអភិវឌ្ឍហ្នឹង»។
មាត្រា២២ នៃច្បាប់អស្សាមិករណ៍ចែងថា ប្រាក់សំណងដែលត្រូវផ្ដល់ឲ្យម្ចាស់អចលនវត្ថុ ម្ចាស់កម្មសិទ្ធិ ត្រូវគិតតាមតម្លៃទីផ្សារ ឬថ្លៃជំនួសនៅកាលបរិច្ឆេទនៃការចេញសេចក្ដីប្រកាសស្ដីអំពីគម្រោងអស្សាមិករណ៍។
បន្ថែមលើសនេះ មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា កម្មសិទ្ធិឯកជនស្របច្បា់ប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ហើយដែលនឹងដកហូតសិទ្ធិពីជនណាមួយនោះ លុះត្រាតែប្រយោជន៍សាធារណៈត្រូវបានធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុកហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។
ទាកទងនឹងសំណងនេះ អាជ្ញាធរអះអាងថា រដ្ឋាភិបាលមិនមានគោលនយោបាយថ្មីដោះស្រាយវិវាទនេះទេ ក្រៅពីជម្រើសដូចដែលបានផ្ដល់ជូនពលរដ្ឋកន្លងមក គឺពលរដ្ឋអាចលក់ដីឲ្យក្រុមហ៊ុន ១ម៉ែត្រការ៉េតម្លៃ ៨ដុល្លារ ឬដោះដូរដីទៅទីតាំងផ្សេង។
អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែកញ្ញាថា ការកំណត់តម្លៃដី ១ម៉ែត្រការ៉េ ៨ដុល្លារនោះ គឺផ្អែកទៅតាមការវាយតម្លៃ មុនគម្រោងព្រលានយន្តថ្មីចាប់ផ្ដើមសាងសង់។ លោកទទួលស្គាល់ថា តម្លៃដីនេះ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនមិនព្រមទទួលយក ហើយបន្តការតវ៉ារហូតមកដល់ពេលបច្ចុប្បន្ន។ អភិបាលខេត្តរូបនេះ ស្នើឲ្យពលរដ្ឋចូលរួមអភិវឌ្ឍន៍គម្រោងនេះទាំងអស់គ្នា ដើម្បីបានជាប្រយោជន៍ទៅថ្ងៃអនាគត៖ «គោលការណ៍ដែលផ្ដល់ឲ្យហ្នឹង គឺមុនសាងសង់ព្រលាន ៨ដុល្លារ១ម៉ែត្រការ៉េ ប៉ុន្តែមិនទាន់ទទួលយកវាអូសបន្លាយពេល ហើយដីក៏វាប្រែប្រួលខ្លះ។ ហើយការដូរដី ១ហិកតារទល់នឹង១ហិកតារវិញ ដែលខុសទីតាំងដែលរដ្ឋកំពុងចាំបាច់ណាស់ការកសាងព្រលានដើម្បីអភិវឌ្ឍសក្ដានុពលទូទាំងប្រទេស។ ហើយក្នុងនោះ ក៏ដូចដី១ហិកតារជាងដែលវាឆ្ងាយពីគោលដៅស្រុករបស់គាត់ហ្នឹងដែរ។ ហើយឡើងអីយ៉ាងណានោះ ដូចជាមិនដែលមានគោលការណ៍ណាមួយថ្មីទេ»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ជាមួយនឹងប្រជាពលរដ្ឋសរុបជាង៣រយគ្រួសារ (៣៣០) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អូសបន្លាយជាង៣ឆ្នាំមកហើយ ដោយពលរដ្ឋមិនព្រមទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឲ្យចន្លោះពី ៣ដុល្លារ ទៅ ៨ដុល្លារ ក្នុងដី១ម៉ែត្រការ៉េ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជាហៅកាត់អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនៅទីនោះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន)លើផ្ទៃដីជិតបីពាន់ហិកតារ(២.៦០០)។
ទោះបីជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យមានការជួបចរចាគ្នាពីគ្រប់ភាគី ដោះស្រាយស្រាយវិវាទនេះដោយអហិង្សា និងឈរលើគោលការណ៍ច្បាប់ ដើម្បីធានាដល់សិទ្ធិម្ចាស់ដី និងសំណងសមរម្យដល់សហគមន៍ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។