មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីរិះគន់ តំណាងអយ្យការ និងតុលាការខេត្តនេះថា មិនយកចិត្តទុកដាក់ ចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជន និងអ្នកមានអំណាចដែលឈូសឆាយរំលោភយកដីព្រៃអភិរក្សខុសច្បាប់។ ការរិះគន់នេះធ្វើឡើង ក្រោយពីតុលាការសម្រេចដោះលែងមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីឈូសឆាយបំពានដីព្រៃសហគមន៍ទ្រង់ទ្រាយធំ កាលពីសប្ដាហ៍មុន។
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នង ឱ្យដឹងនៅថ្ងៃទី២ មេសាថា មន្ត្រីយោធាពាក់ស័ក្ដិ ៤កន្លះ ឈ្មោះ ទូច ហឿន ដែលជាមេខ្លោងយកគ្រឿងច្រកឈូសឆាយរំលោភយកព្រៃសហគមន៍ភូមិពូត្រែងទំហំ ៥៣ហិកតារ ត្រូវបានតុលាការខេត្តមណ្ឌលគិរី ចេញដីកាសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
តំណាងជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ថ្លែងថា លោក ទូច ហឿន មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងការរំលោភយកដីព្រៃសហគមន៍ និងដីព្រៃសាធារណៈរបស់រដ្ឋដោយខុសច្បាប់។ លោកថា សហគមន៍មានភស្តុតាង និងឯកសារច្បាស់លាស់ ដែលបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមេខ្លោងឈូសបំផ្លាញដីព្រៃសហគមន៍ភូមិពូត្រែងធ្វើជាកម្មសិទ្ធិបុគ្គល។ លោកចាត់ទុកទង្វើរបស់តុលាការថា បង្កើតឱ្យមានអយុត្តិធម៌សង្គម និង រួមចំណែកបំផ្លាញព្រៃឈើ៖ «លោក ទូច ហឿន ដែលគាត់ពាក់ស័ក្ដិបួនកន្លះហ្នឹង គាត់ហ្នឹងជាមនុស្សដែលមានរឿងអាស្រូវ ក្នុងខេត្តមណ្ឌលគិរីរាប់ភ្លេច។ ការដោះលែងហ្នឹងមិនរកយុត្តិធម៌ជូនជាតិវិញទេ គឺជាអ្នកដែលចូលរួមក្នុងការបំផ្លាញសម្បត្តិជាតិ »។
កាលពីថ្ងៃទី២៥ មីនា ជនជាតិដើមភាគតិចព្នងជាង ៤០នាក់ បានលើកគ្នាទៅឃាត់អេស្កាវើទ័រមួយគ្រឿងដែលកំពុងឈូសឆាយហ៊ុមព័ទ្ធដីព្រៃសហគមន៍ភូមិពូត្រែងទំហំ ៥៣ហិកតារ ធ្វើជាសម្បត្តិបុគ្គល។ អ្នកភូមិចោទថា មន្ត្រីយោធា ឈ្មោះ ទូច ហឿន បានបញ្ជាឱ្យគ្រឿងចក្រឈូសឆាយព្រៃសហគមន៍នេះ ហើយនៅថ្ងៃបន្ទាប់ មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមន្ត្រីយោធារូបនេះ និងបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការ ដោយចោទពីបទ ក្លែងឯកសារសាធារណៈ។
អាស៊ីសេរីមិនទាន់សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យតំណាងអយ្យការខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បាននៅឡើយទេ នៅថ្ងៃទី២ មេសា ព្រោះទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ រីឯលោក ទូច ហឿន ដែលរងការចោទប្រកាន់ពីក្រុមពលរដ្ឋនោះ ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះទេ ពួកគាត់អាចប្ដឹងទាស់ ទៅសាលាឧទ្ធរណ៍ ដើម្បីបន្តនីតិវិធី។ លោកមិនបកស្រាយ ចំពោះការរិះគន់របស់ពលរដ្ឋទេ ព្រោះលោកថា សេចក្ដីសម្រេចនេះជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ និងតំណាងអយ្យការ៖ «ដឹងថា ការងារដោះលែង និងឃុំខ្ញុំដឹង បើថារឿងស្អីហ្នឹងដោះលែង ឬមិនដោះលែងទាល់តែសួរចៅក្រម ព្រោះគាត់ចាត់ការ ដោយសារមូលហេតុ ខ្ញុំអត់បានដឹងទេ »។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ រិះគន់តុលាការថា អនុវត្តស្តង់ដារពីរ និងខ្វះភាពឯករាជ្យក្នុងការអនុវត្តច្បាប់ ចំពោះបុគ្គលមានលុយមានអំណាច។ លោកថាប្រការនេះ បង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោស ដែលជាមូលហេតុធ្វើឱ្យជនល្មើស មិនរាងចាល៖ «វាជាវប្បធម៌និទ្ទណ្ឌភាពធ្វើបានតែពលរដ្ឋជនខ្សោយ តែចំពោះអ្នកមានអំណាច មានលុយមានកាកច្រើនគឺថា កម្រឃើញតុលាការចាត់វិធានការលឿន ដើម្បីផ្តន្ទាទោសជាគំរូដល់អ្នកផ្សេងៗ ទៀតយកគំរូតាម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្ដេជ្ញា ត្រូវធ្វើយ៉ាងម៉េចឱ្យពលរដ្ឋមានជំនឿជឿជាក់ជនល្មើសប្រព្រឹត្តិបទល្មើសឧក្រិដ្ឋបទល្មើសព្រៃឈើ ត្រូវមានទោសស្មើគ្នា បើខុសដាក់ទាំងអស់គ្នាទៅ »។
នេះជាលើកទី២ ហើយដែលតុលាការខេត្តមណ្ឌលគិរីសម្រេចដោះលែងមន្ត្រីយោធា និងជាឈ្មួញលក់ដីលោក ទូច ហឿន។ កាលពីឆ្នាំ ២០២០ លោក ទូច ហឿន ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការម្ដងរួចទៅហើយ ដោយចោទពីបទផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់ដីធ្លីអ្នកដទៃ និងសមគំនិតផ្តល់ឯកសារមិនប្រក្រតី។ ប៉ុន្តែតុលាការសម្រេច ដោះលែងជនសង្ស័យរូបនេះឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមជនជាតិដើមភាគតិចកំពុងពិភាក្សាគ្នាអំពីការប្ដឹងទាស់ដីកាសម្រេចដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំនេះ ទៅសាលាឧទ្ធរណ៍ និងក្រសួងយុត្តិធម៌ នៅពេលឆាប់ៗ ខាងមុខ ដើម្បីឱ្យស្ថាប័នទាំងនេះជួយរកយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។