ពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ ចោទប្រកាន់ថា ឧកញ៉ាឈ្មួញដីម្នាក់ កំពុងធ្វើរបងព័ទ្ធយកដីពលរដ្ឋជាង ៨០ហិកតារ។ មន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលករណីនេះយល់ថា តុលាការអាចនឹងកំណត់ម្ចាស់កម្មសិទ្ធិដីពិតប្រាកដបាន។
ពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ លោក ហ៊ី រ៉ា ដែលមានជម្លោះដីធ្លីនឹងឧកញ៉ា តាន់ តាត់ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែធ្នូថា ឧកញ៉ានេះ បានប្រើកម្មករធ្វើរបងព័ទ្ធលើដីពលរដ្ឋ ក្នុងសហគមន៍ជាង ៥០គ្រួសារលើដីទំហំ ៨៤ហិកតារ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជិតពីរខែមកហើយ។ លោកបន្តថា ក្រុមពលរដ្ឋបានប្តឹងទៅអាជ្ញាធរស្រុក និងសាលាខេត្ត ប៉ុន្តែគ្មានមន្ត្រីរូបណាចុះមកអន្តរាគមន៍ ឬធ្វើការហាមឃាត់នោះទេ៖ «យើងបានពាក្យបណ្ដឹងទៅសាលាស្រុក និងសាលាខេត្តសុំឲ្យគេអន្តរាគមន៍ហាមឃាត់ការធ្វើរបង ចាំយើងរកដំណោះស្រាយច្បាស់លាស់ចាំឲ្យគេធ្វើ ប៉ុន្តែអត់ឃើញមានមន្ត្រីធ្វើការងារឲ្យប្រជាពលរដ្ឋទេ » ។
លោកបន្តថា ពលរដ្ឋមិនហ៊ានហាមឃាត់នោះទេ ព្រោះខ្លាចត្រូវឧកញ៉ារូបនេះប្តឹងទៅតុលាការ ព្រោះកន្លងមកតុលាការ បានចោទប្រកាន់ និងចាប់ពលរដ្ឋជាច្រើននាក់ដាក់ពន្ធនាគារម្តងរួចហើយ។
ក្រុមពលរដ្ឋសហគមន៍អូរខ្សាច់អះអាងថា ពួកគេបានចូលទៅរស់នៅលើដីនេះតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ដែលកាលនោះដីនេះ សមរភូមិប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋកម្ពុជា និងក្រុមខ្មែរក្រហម។ ពលរដ្ឋថា ទើបកាលពីឆ្នាំ២០០៧មានក្រុមឈ្មួញអ្នកមាន និងឧកញ៉ា តាន់ តាត់ ចេញមុខមកចោទប្រកាន់ថា ក្រុមពលរដ្ឋបានចូលទៅរស់នៅលើដីកម្មសិទ្ធិរបស់ពួកគេ ដោយសំអាងថា ពួកគេមានប្លង់កម្មសិទ្ធិ។ ពលរដ្ឋថា អាជ្ញាធរខេត្តកន្លងទៅមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋនោះទេ ដោយលើកឡើងថា ជាតំបន់គម្របព្រៃឈើ តែប៉ុន្តែ អាជ្ញាធរមូលដ្ឋាន បានចេញលិខិតទទួលស្គាល់ដីរបស់ពលរដ្ឋ។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេតឃើញថា ករណីជម្លោះដីធ្លីនេះមានភាពស្មុគស្មាញច្រើនទាក់ទងនឹងផ្លូវច្បាប់។ អ្នកស្រីបន្តទៀតថា បើទោះភាគីឧកញ៉ា តាន់ តាត់ មានប័ណ្ណកម្មសិទ្ធិលើដីមានជម្លោះក្តី ប៉ុន្តែការទទួលបានប័ណ្ណនេះមានករណីសង្ស័យជាច្រើនចំណុច ព្រោះដីជម្លោះនេះស្ថិតក្នុងតំបន់គម្របព្រៃឈើ ដែលអាជ្ញាធរមិនអាចផ្តល់ប័ណ្ណកម្មសិទ្ធិទៅអ្នកណាម្នាក់នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ពលរដ្ឋគួរប្ដឹងទៅតុលាការ ដើម្បីបញ្ជាក់ថា ការទទួលបានប័ណ្ណរបស់ឧកញ៉ា តាន់ តាត់ ស្របច្បាប់ឬទេ?៖ «ជាសមត្ថកិច្ចរបស់តុលាការអ៊ីចឹងភាគីទាំងសង្ខាងមានសិទ្ធិដាក់បណ្ដឹងទៅតុលាការដូចគ្នា ហើយរៀបចំឯកសារទៅយើងហៅថា បណ្ដឹងអង្គសេចក្ដីដើម្បីរកឲ្យឃើញថា អ្នកណាជាម្ចាស់ដីពិតប្រាកដ»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺឧកញ៉ា តាន់ តាត់ កាលថ្ងៃទី២៨ ខែធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួលនោះទេ។ ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៏អាស៊ីសេរីមិនអាចសុំការពន្យល់ករណីជម្លោះដីធ្លីនេះបានដែរ។
ទោះយ៉ាងនេះក្តី អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ធ្លាប់បានបញ្ជាក់ថា ខេត្តនឹងទុកករណីជម្លោះដីធ្លីឲ្យតុលាការជាអ្នកសម្រេច៕
(របងសង់ថ្មីដែលពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ ចោទប្រកាន់ថា ឧកញ៉ាឈ្មួញដីឈ្មោះ តាន់ តាត់ កំពុងធ្វើរបងព័ទ្ធយកដីពលរដ្ឋជាង ៨០ហិកតារ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។