ក្រុមប្រឹក្សាខេត្តគណបក្សជំទាស់រិះគន់អាជ្ញាធរខេត្តព្រះវិហារថា មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅឃុំស្រយង់ ពាក់ព័ន្ធក្រុមហ៊ុន សិលាដាម៉ិច (Seladamex CO., LTD) ហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅប្រមូលផលស្រូវ និងដំណាំផ្សេងទៀត នៅក្នុងបរិវេណដី ដែលក្រុមហ៊ុនអះអាងថា ជាដីរបស់ក្រុមហ៊ុន។ អាជ្ញាធរខេត្តថា អាជ្ញាធរថ្នាក់ខេត្តមិនទាន់ទទួលបានលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងឡើយ។
សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ មកពីគណបក្សឆន្ទៈខ្មែរ អះអាងថា អស់រយៈពេលជិតកន្លះខែហើយ ដែលប្រជាពលរដ្ឋរស់នៅ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្អូញត្អែរថា ក្រុមហ៊ុន សិលាដាម៉ិច បានហាមឃាត់ពលរដ្ឋ ដែលមានដីស្រែនៅក្នុងបរិវេណក្រុមហ៊ុន មិនឲ្យចូលទៅប្រមូលផលស្រូវនោះទេ ហើយអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឡើយ បើទោះបីក្រុមប្រឹក្សាខេត្តព្រះវិហារ មកពីគណបក្សជំទាស់ និងពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ស្វែងរកដំណោះស្រាយយ៉ាងណាក្ដី។
សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សឆន្ទៈខ្មែរ នៅខេត្តព្រះវិហារ លោក ប៉ូយ ទុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែវិច្ឆិកាថា លោកបានស្នើសុំឲ្យអាជ្ញាធរខេត្តព្រះវិហារ ជាច្រើនសា ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ រស់នៅឃុំស្រយង់ ដែលត្រូវក្រុមហ៊ុន សិលាដាម៉ិច ហាមឃាត់ពួកគាត់មិនឲ្យចូលប្រមូលផលស្រូវ ក្នុងបរិវេណក្រុមហ៊ុនមួយនេះ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរមិនបានអើពើក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឡើយ។ លោកបន្ថែមថា អាជ្ញាធរខេត្តគួរចុះអន្តរាគមន៍ ឲ្យប្រជាពលរដ្ឋបានប្រមូលផលស្រូវ ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារសិន ចំណែកបញ្ហាវិវាទដីធ្លីចាំស្វែងរកដំណោះស្រាយបន្ថែមទៀតនៅពេលក្រោយ។
លោក ប៉ូយ ទុំ៖ «ខ្ញុំមើលទៅអាជ្ញាធរមិនបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋទេ ខ្ញុំបានប្រជុំលើកឡើងខ្ញុំលើកបញ្ហានឹងឲ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសាហើយ ដើម្បីឲ្យជួយដោះស្រាយ ធ្វើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រសិនបើយើងមិនជួយប្រជាពលរដ្ឋ ខ្ញុំអត់ធ្វើទេ បើអត់បានជួយប្រជាពលរដ្ឋ ហើយបើខ្ញុំជាចៅហ្វាយខេត្តវិញ បើអត់បានជួយប្រជាពលរដ្ឋខ្ញុំអត់ធ្វើជាចៅហ្វាយខេត្តទេ»។
ជុំវិញរឿងនេះអភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី ឲ្យដឹងថា អាជ្ញាធរខេត្តមិនទាន់ទទួលបានលិខិតសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងឡើយ។ ប៉ុន្តែលោកថា ប្រសិនបើប្រជាពលរដ្ឋមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ និងមានដីអាស្រ័យផលនៅក្នុងបរិវេណក្រុមហ៊ុនមែននោះ គ្មានបុគ្គល ឬក្រុមហ៊ុនណាមួយ ហ៊ានហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅអាស្រ័យផល ឬប្រមូលផលនៅលើដីទាំងនេះនោះទេ។
លោក ណុប វុធ្ធី៖ «អត់អីទេ ប្រសិនបើមានករណីហាមឃាត់ប្រជាពលរដ្ឋមែនឲ្យគាត់ទាក់ទងមកខេត្តមក យើងនឹងចុះទៅសម្របសម្រួលជូនប្រជាពលរដ្ឋភ្លាម ក្នុងករណីគាត់មានប្លង់រឹងត្រឹមត្រូវមែន ពីព្រោះគ្មាននរណាហ៊ានហាមឃាត់មិនឲ្យប្រកបមុខរបរនៅលើដីដែលមានប្លង់រឹងរបស់គាត់ទេ អត់មានជនណាមួយហ៊ានបង្កភាពអសកម្មដល់ពួកគាត់នោះទេ»។
ប្រជាពលរដ្ឋធ្លាប់អះអាងថា ប្រជាពលរដ្ឋជិត១០០គ្រួសារ ត្រូវបានសន្តិសុខក្រុមហ៊ុន សីលាដាម៉ិច ហាមឃាត់មិនឲ្យប្រមូលផលស្រូវ និងដំឡូង របស់ពួកគាត់ ហើយពលរដ្ឋទាំងនោះសុទ្ធសឹងតែជាពលរដ្ឋដែលអាជ្ញាធរបានកាត់ឆ្វៀលចេញពីគម្រោងដីសម្បទានសេដ្ឋកិច្ច និងមានប័ណ្ណកម្មសិទ្ធិឬប្លង់រឹង ហើយពួកគាត់ក៏បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តម្ដងរួចហើយ កាលពីថ្ងៃទី១៧ ខែតុលា ដើម្បីស្វែងរកដំណោះស្រាយ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារ លោក ម៉ៃ វុទ្ធី ដែលតាមដានករណីនេះ យល់ឃើញថា ការហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅប្រមូលផលលើដីស្រែចម្ការរបស់ពួកគាត់ គឺជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ។ លោកជំរុញឲ្យអាជ្ញាធរខេត្តពន្លឿនចុះទៅស្វែងរកដំណោះស្រាយ ពីព្រោះរដូវកាលនេះ ពលរដ្ឋត្រូវតែប្រមូលផលទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ម៉ៃ វុទ្ធី៖ «ករណីនេះអាជ្ញាធរគួរពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឲ្យទទួលបានយុត្តិធម៌ ជាពិសេសនៅរដូវកាលប្រមូលផលស្រូវ បើយើងអូសបន្លាយយូរធ្វើឲ្យផលដំណាំរបស់ពួកគាត់ខូចខាត ហើយប្រសិនជាស្រូវរបស់ពួកគាត់ខូចខាត នឹងធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងប៉ះពាល់ដល់សេដ្ឋកិច្ចធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ»។
ក្រុមហ៊ុន សីលាដាម៉ិច ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នៅឆ្នាំ២០០៩ លើផ្ទៃដី៩ពាន់ហិកតារ ក្រោមហេតុផល ធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ និង ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ ប៉ុន្តែនៅឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារបានចេញប័ណ្ណកម្មសិទ្ធិ លើផ្ទៃដី ជាង៦ពាន់ (៦.៣៧៨,៤៦)ហិកតារ ឲ្យទៅក្រុមហ៊ុនទើបធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ រហូតមកដល់បច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។