ពលរដ្ឋ​សហគមន៍​ភូមិ​ស្រែប្រាំង សុំ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ដោះលែង​តំណាង​ពួកគាត់​មកវិញ

0:00 / 0:00

ប្រជា​សហគមន៍​ស្រែប្រាំង​ប្រមាណ​៧០​នាក់ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំគ្នា​ឈរ​កាន់​រូបថត​តំណាង​ពួកគេ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​ស្រែក​ទាមទារ​ឱ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់ និង​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​វិញ​។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា អាជ្ញាធរ និង​ស្ថាប័ន​តុលាការ គួរ​ពន្លឿន​នីតិវិធី និង​ដោះលែង​តំណាង​ពលរដ្ឋ ឱ្យ​បាន​វិល​មក​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ហើយ​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំ​ខ្លួន ដោយសារតែ​រឿង​ដីធ្លី​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ស្រែប្រាំង លោក ឆោង ឆូយ ថ្លែង​ថា លោក សែម សាង គឺជា​ពលរដ្ឋ​ម្នាក់​ដែល​តែងតែ​សកម្ម​ចេញមុខ​ការពារ​ដី​ព្រៃ​សហគមន៍ ដោយ​ចាប់​យក​ម៉ាស៊ីន​អារ​ឈើ​ពី​ជនល្មើស។

លោក​បន្ត​ថា មាន​ក្រុម​ឈ្មួញ​មាន​លុយ បាន​លួងលោម​លោក សែម សាង ឱ្យ​ព្រម​ទទួល​លុយ ជា​ថ្នូរ​នឹង​ការ​ឈប់​ចេញមុខ​ការពារ​ព្រៃឈើ​តទៅ​ទៀត ប៉ុន្តែ​លោក​បដិសេធ​ទទួល​យក ដោយ​លោក​គិត​ផលប្រយោជន៍​រួម​ជាធំ។

លោក​យល់​ថា ការ​ចាប់​ខ្លួន​លោក សែម សាង យក​ទៅ​ឃុំ​ក្នុង​ពន្ធនាការ​ខេត្ត​ត្បូងឃ្មុំ​ជាង ៣​ខែ​មកនេះ ទំនងជា​អាច​ចេញពី​រឿង​ខាង​លើ​នេះ​។ អ្នកភូមិ​រូប​នេះ ស្នើ​ដល់​តុលាការ​ជួយ​ដោះលែង​តំណាង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក សែម សាង មិន​បាន​ប្រព្រឹត្ត​កំហុស​ធំដុំ​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «ខ្ញុំ​ចង់​ឱ្យ​តុលាការ​រក​យុត្តិធម៌ និង​រក​នីតិវិធី​ហ្នឹង​ឱ្យ​ច្បាស់លាស់ មុននឹង​ការ​ដេញ​ចាប់​ប្រផាប់​ប្រភីង​ហ្នឹង​។ ហើយ​សូម​ឱ្យ​តុលាការ ប៉ូលិស ទាហាន នៅ​គ្រប់​ជាន់ថ្នាក់​សូម​ឱ្យ​គាត់​បញ្ឈប់​ការចោទប្រកាន់​លាប​ពណ៌​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត​។ ខ្ញុំ​ចង់​ឱ្យ​តុលាការ ដោះលែង​លោក សែម សាង ឱ្យ​បាន​វិញ ឱ្យ​បាន​ឆាប់​រហ័ស»។

ភរិយា​លោក សែម សាង គឺ លោកស្រី ឈឿន ស្រីសុខ ដែល​មាន​ផ្ទៃពោះ ៦​ខែ ថ្លែង​ថា ក្នុង​កំឡុង​ពេល​ដែល​ប្ដី​គាត់​ឃុំ​ក្នុង​ពន្ធនាគារ គាត់​មិន​អាច​ធ្វើ​ការងារ​អ្វី​បានទេ​។ លោកស្រី​ឱ្យ​ដឹង​ថា លោក សែម សាង គឺជា​ពលរដ្ឋ​ដូច​អ្នកភូមិ​ឯទៀត ប្រកប​របរ​លក់​ជី និង​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត ដោយ​ដាក់​ប្លង់ដី​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​។ ស្ត្រី​រូប​នេះ ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី ដោះលែង​ប្ដី​លោកស្រី ឱ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេល​នេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង៖ «ខ្ញុំ​រាល់ថ្ងៃ អត់​មាន​មុខរបរ​អ្វី​ទេ មានតែ​រើស​ផ្កា​ចន្ទី​បន្តិច​ហ្នឹង និង​ទៅ​ថែ​ចម្ការ​បន្តិចបន្តួច​។ ខ្ញុំ​នៅ​ស្ងៀម​រាល់ថ្ងៃ ធ្វើ​អ្វី​អត់​កើត​ទេ​។ ខ្ញុំ​ចង់​សុំ​ឱ្យ​តុលាការ​ដោះលែង​គាត់​ឱ្យ​ឆាប់ ព្រោះ​អី​នៅ​ក្នុង​គ្រួសារ​ពួក​ខ្ញុំ​ពិបាក​ណាស់​។ ទីមួយ​កូន​រៀន ទី​២​ប្រពន្ធ​ពោះ​ធំ​ធ្វើ​អ្វី​អត់​កើត ទី​៣ ជំពាក់​ធនាគារ វេទនា​ណាស់»។

លោក សែម សាង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់ឆ្នាំង។ តំណាង​ពលរដ្ឋ​រូប​នេះ រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ថា "​កំហែង​ដោយមាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើប្រាស់​អាវុធ" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សែម សាង គឺ​លោក លី សុចិត្រា ប្រាប់​អាស៊ីសេរី​ដឹង​ថា ចៅក្រម​ស៊ើបសួរ លោក ហាំង លីសៀត បាន​បិទ​បញ្ចប់​ការសាកសួរ​ក្នុង​សំណុំ​រឿង​នេះ កាល​ពី​ចុងខែ​មករា​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​ការ​ជូន​ដំណឹង​ម្ដងទៀត អំពី​ពេលវេលា​នៃ​ការ​បើក​សវនាការ​ជំនុំជម្រះ​រឿង​នេះ​។ លោក​ឱ្យ​ដឹង​ថា កូនក្ដី​លោក ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ កំពុង​មាន​ជំងឺ​ក្រពះ ហេតុនេះ​ស្នើសុំ​តុលាការ​ពន្លឿន​នីតិវិធី​ក្នុង​សំណ​រឿង​នេះ​ឱ្យ​បាន​ឆាប់។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង ថ្លែង​ថា សំណុំរឿង​លោក សែម សាង ខាង​ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ហើយ​បាន​បញ្ជូន​ទៅ​ខាង​តំណាង​អយ្យការ​ពិនិត្យ​បន្ត​។ ទោះបីជា​យ៉ាងណា លោក​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ថា សវនាការ​រឿង​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​ណា​នោះ​ទេ៖ «បាទ​ !​ នៅ​ទេ ទើបតែ​បិទ​ការ​ស៊ើបសួរ បញ្ជូន​ទៅ​តំណាង​អយ្យការ គាត់​ពិនិត្យ​រួចហើយ គាត់​ហ្នឹង​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ជូន​មក​ចៅក្រម​ស៊ើបសួរ​វិញ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ថា​ស្ថាប័ន គួរ​ពន្លឿន​វិធី និង​ដោះលែង​តំណាង​ពលរដ្ឋ​ឱ្យ​បាន​វិល​មក​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ហើយ​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំខ្លួន ដោយសារតែ​រឿង​ដីធ្លី​នោះ​ទេ៖ «នៅ​ពេល​ដែល​បិទ​ការ​ស៊ើបសួរ​ហើយ ចេញ​ដីកា​ដំណោះស្រាយ​រួចហើយ អ៊ីចឹង​ ! ចៅក្រម​ជំនុំជម្រះ​គួរតែ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់ ហើយ​សង្ឃឹមថា លោក សែម សាង អាច​រួច​ផុត​ពី​បទចោទប្រកាន់ នៅ​ពេល​ចៅក្រម​ធ្វើការ​ជម្រះក្ដី​។ បើ​យើង​មើល​លើ​ករណី​នេះ វា​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី។ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​លើកឡើង​ដែរ​ថា បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នេះ គួរតែ​ពុំ​មាន​ការ​ចាប់ និង​ការ​ឃុំ​ខ្លួន»។

លោក អំ សំអាត លើកឡើង​ថា ការ​គំរាមកំហែង​ពលរដ្ឋ​មិន​ឱ្យ​ការពារ​ដី​ព្រៃ​សហគមន៍ និង​ដីធ្លី​របស់​ពួកគេ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ឱ្យ​ឈប់​តវ៉ា​រឿង​ដីធ្លី មិនមែន​ជា​យន្តការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឡើយ ហើយ​រឹតតែ​ធ្វើ​ឱ្យ​បញ្ហា​បន្ត​អូស​បន្លាយ​តទៅទៀត មិន​ចេះ​ចប់។ លោក​ស្នើ​ដល់ អាជ្ញាធរ គួរ​ប្រើ​យន្តការ​ដោះស្រាយ ដោយ​អហិង្សា តម្លាភាព និង​យុត្តិធម៌ ដើម្បី​បញ្ចប់​វិបត្តិ​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។