ពលរដ្ឋ​ជាង​ ២ពាន់​​គ្រួសារ​នៅ​​តំបន់​រុនតាឯក​ ព្រមាន​រុះរើ​ផ្ទះ​ទៅ​តំបន់​អង្គរ​វិញ បើ​អាជ្ញាធរ​ពុំ​ពន្លឿន​​ការ​ដោះស្រាយ​បញ្ហា​ប័ណ្ណ​សមធម៌

0:00 / 0:00

ពលរដ្ឋ​ជាង ​២.០០០​​គ្រួសារ​នៅ​​តំបន់​រុនតាឯក​​ស្រុក​បន្ទាយ​ស្រី​ខេត្ត​សៀមរាប​ព្រមាន​​​រុះរើ​​​ផ្ទះ​សម្ដែង ត្រឡប់​ទៅ​នៅ​​តំបន់​អង្គរ​​វិញ​ ប្រសិនបើ​​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ពុំ​ពន្លឿន​ដោះស្រាយ​បញ្ហា​ប័ណ្ណ​សមធម៌​ឱ្យ​បាន​ឆាប់។​ មន្ត្រី​សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​គួរ​តែ​​យក​បញ្ហា​របស់​ពលរដ្ឋ​ ​ដោះស្រាយ​​​ឱ្យ​បាន​ត្រឹម​ត្រូវ។

​ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក​ ជា​ច្រើន​គ្រួសារ​ស្នើសុំ​ឱ្យ​​អាជ្ញាធរ ពន្លឿន​ដោះស្រាយ​បញ្ហា​​ប្រាក់​ដែល​​កាត់​ពី​ប័ណ្ណ​សម​ធម៌ ប្រមាណ​ជាង​​ ២០ ទៅ ៣០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​។ ពលរដ្ឋ​ថា​ ការ​កាត់​នេះ​ ជា​រឿង​មិន​ត្រឹម​ស្រូវ ព្រោះ​ពេល​កន្លង​ទៅ ​រដ្ឋាភិបាល​បាន​​សន្យា​ថា​នឹង​ផ្ដល់​ឱ្យ​ពួក​គាត់​រយៈ​ពេល ​១០​ឆ្នាំ​។

ពលរដ្ឋ​​ដែល​រស់​នៅ​តំបន់​ភូមិ​រុន​តាឯក ស្រុក​បន្ទាយស្រី ​លោក ឡុង ឡែន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១ ខែ​មករា​ថា ​ពលរដ្ឋ​​ជាង២ពាន់គ្រួសារ ពួក​គាត់​ពុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​កាត់​ប្រាក់​ពី​ប័ណ្ណ​សម​ធម៌​ចំនួន​ពី​ ២០ ទៅ ៣០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​នោះ​ទេ​។ លោក​បន្ត​ថា​ ​ពលរដ្ឋ​នឹង​ក្រោក​​​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ហើយ​ឈាន​ដល់​ការ​រុះរើ​ផ្ទះ​ទៅ​តំបន់​អង្គរ​វិញ​​​ ប្រសិន​បើ​អាជ្ញាធរ​ពុំ​អើពើ​ដោះស្រាយ​​​​។

​លោក ឡុង ឡែន៖«បើ​សិន​​ខាង​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​ឱ្យ​មាន​បញ្ហា ពួក​គាត់​នឹង​តវ៉ា ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់​តែ​ឈឺ​ក្បាល​ខ្លាំង។ ព្រោះ​ធម្មតា​យើង​រើរុះ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ​គឺ​យើង​ខាត​បង់​ទាំង​ស្រុង ទាំង​ដី ​ទាំង​ទ្រព្យសម្បត្តិ គឺ​យើង​បោះបង់​អស់​ ហើយ​ដល់​ពេល​រាជរដ្ឋាភិបាល​សន្យា​ជា​មួយ​យើង​ គាត់​ធ្វើ​អត់​បាន​ ប្រជា​​ជន​ត្រូវ​តែ​ទាមទារ​យក​ចំណុច​ដើរ​វិញ​ហើយ​»។​

ពលរដ្ឋ​ម្នាក់​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា​ ចាប់​តាំង​ពី​មាន​ការ​តវ៉ា​របស់​ពួក​គាត់​ ​​ ជុំ​វិញ​បញ្ហា​ប័ណ្ណ​សម​ធម៌​នេះ​មក​ ​​ត្រូវ​បាន​អាជ្ញាធរ​ដើរ​គំរាម​កំហែង​ ដោយ​ប្រើ​​ពាក្យ​សម្ដី​អសុរោះ​​​ ជេរប្រមាថ​ និង​គំរាម​​បញ្ឈប់​មិន​ឱ្យ​រស់​នៅ​តំបន់​រុនតាឯក​ត​ទៅ​​ទៀត ​ ប្រ​សិន​បើ​ពួក​គាត់​នៅ​​តវ៉ា ហើយ​និយាយ​​​នឹង​​​សារព័ត៌មាន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល។​

ទោះ​យ៉ាង​ជាណាក្ដី​ ពលរដ្ឋ​ទាំង​នោះ​ អះអាង​ថា ​ ការ​គំរាម​កំហែង​ និង​ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​ទៅ​តវ៉ា​ ពុំ​មែន​ជា​រឿង​ល្អ​ ហើយ​អាច​បញ្ឈប់​ការ​ឃ្លាន​យុត្តិធម៌​បាន​នោះ​ទេ​​។ ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ​​​ងាក​មក​ដោះស្រាយ​បញ្ហា ទើប​ជា​មធ្យោបាយ​ដ៏​ល្អ​​ ជាជាង​ការ​ដើរ​គំរាម​ពលរដ្ឋ​។

ជុំ​វិញ​រឿង​នេះ​ វិទ្យុ​អាស៊ី​សេរីពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ ​និង ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប៉ែន បូណា ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយសារ​​​ទូរស័ព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​ទទួល។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណសុផាត យល់​ថា​ ការ​ប្រមូល​ផ្ដុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​ទាមទារដំណោះ​ស្រាយ ​​គឺ​ជា​ភាព​ត្រឹម​ត្រូវ និង​ស្របច្បាប់ ចំណែក ​រដ្ឋាភិបាល​ត្រូវ​តែ​យក​កង្វល់​របស់​ពលរដ្ឋ​ទាំង​នោះ ​ដោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌​ ពុំ​អាច​គេច​វេះ​ យក​តែ​​រួច​ខ្លួន​នោះ​ទេ។​

លោក វណ្ណសុផាត៖ ​​​​​​​​​​​​​​​​​​«ប័ណ្ណ​សមធម៌​ អត់​ត្រូវ​មាន​លក្ខខណ្ឌ​អី​ថា ត្រូវ​ដក​ពី​ហ្នឹង​ទៅ​ចំណាយក្នុង​កម្មវិធី​អី​ផ្សេង​ទៀត​ទេ។ បើ​តាម​ខ្ញុំ​ដឹង​ ប័ណ្ណ​សមធម៌​ គឺ​ប័ណ្ណ​សមធម៌​ ហើយ​ត្រូវ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​អនុវត្ត​ឱ្យ​គ្រប់​លក្ខខណ្ឌ​របស់​គាត់»។

​​​នៅ​ថ្ងៃ​ទី​២៧ មករា ​ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក​ជាង​ ២.០០០នាក់ បាន​ជួបជា​មួយ​រដ្ឋបាល​ខេត្ត​សៀមរាប ដូចជា មន្ត្រី​សង្គម​កិច្ច ព្រម​ទាំង​អភិបាល​ស្រុកបន្ទាយ​ស្រី ​លោក រិន ឡូត ​​នៅ​ផ្សារ​រុនតាឯក​ថ្មី ​ដែល​ជា​កន្លែង​ពលរដ្ឋ​តវ៉ា​ ដើម្បី​​ដំណោះស្រាយ រឿង​​កាត់​ប្រាក់​ប័ណ្ណ​សមធម៌។ ចំណែក​​អាជ្ញាធរ​បាន​សន្យា​ថា​ នឹង​ផ្ដល់​ឱ្យ​ពលរដ្ឋ​វិញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​មករា តែ​ជាក់​ស្ដែង​ពលរដ្ឋ​ថា ពួក​គាត់​ពុំ​ទាន់​បាន​លុយ​ទាំង​នោះ​នៅ​ឡើយ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។