មនុស្ស​ជិត​២០​នាក់​របួស​ក្នុង​ពេល​កម្លាំង​សន្តិសុខ​វាយ​បំបែក​អ្នក​តវ៉ា​រឿង​ដី

0:00 / 0:00

មាន​មនុស្ស​ចំនួន​ជិត ២០​នាក់ រង​របួស​នៅ​ក្នុង​ពេល​កង​សន្តិសុខ​ខណ្ឌ​​ដូនពេញ​ប្រើ​កម្លាំង​ដោយ​ហិង្សា​វាយ​បំបែក​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២០ តុលា។ ក្នុង​ចំណោម​អ្នក​រង​របួស​ គឺ​មាន​កុមារ​ផង។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជិត ១០០​នាក់ នាំ​គ្នា​ព្យាយាម​យក​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​កង​សន្តិសុខ​រារាំង​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ខាង​កើត​វិមាន​ឯករាជ្យ បាន​រារាំង​ក្បួន​អ្នក​តវ៉ា​ដោយ​មិន​ឲ្យ​ចូល​ទៅ​ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ឡើយ។

សំឡេង​ស្រែក​តវ៉ា៖ « បងប្អូន​ខ្ញុំ​វេទនា​ណាស់ នៅ​ខេត្ត​ព្រះវិហារ​ចំនួន ៣​ភូមិ រងគ្រោះ​ដោយសារ​ដី​ធ្លី។ រក​ភាព​យុត្តិធម៌​អត់​ឃើញ​ទេ អត់​បាយ​អត់​ទឹក រស់​នៅ​តាម​វត្ត។ ហេតុ​អី​ក៏​លោក​មិន​រក​ភាព​យុត្តិធម៌​ឱ្យ​បងប្អូន​ខ្ញុំ​ផង »

នៅ​វេលា​ថ្ងៃ​ត្រង់ កង​សន្តិសុខ​ខណ្ឌ​ដូនពេញ រាប់​សិប​នាក់ ដែល​គាំទ្រ​កម្លាំង​ពី​ក្រោយ​ដោយ​កង​អាវុធហត្ថ​រាប់​រយ​នាក់ បាន​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​អ្នក​តវ៉ា​ចេញ​ពី​ទី​នោះ។

អ្នក​របួស​ដែល​អាជ្ញាធរ​វាយ​ត្រូវ​បាន​ពេទ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ជួយ​សង្គ្រោះ និង​ព្យាបាល។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ក្រោយ​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​របស់​អាជ្ញាធរ​មួយ​ប្រាវ​នោះ ខាង​លោក​បាន​ទទួល​អ្នក​តវ៉ា​ដែល​រង​របួស​ទាំង​ក្មេង និង​ចាស់ ជិត​ម្ភៃ​នាក់។ ក្នុង​នោះ​មាន​ប្រាំ​នាក់​រង​របួស​ធ្ងន់៖ « អ្នក​ដែល​រង​របួស​ហ្នឹង​ចំនួន ១៨​នាក់ ដែល​កំពុង​តែ​ព្យាបាល​នៅ​អង្គការ​លីកាដូ នេះ។ នៅ​ក្នុង​នោះ​យើង​ឃើញ​មាន​របួស​ធ្ងន់ ៥​នាក់ ហើយ​ផុត​ពី​ហ្នឹង យើង​ចាត់​ទុក​ថា មិន​ស្រាល​ប៉ុន្មាន​ដែរ គឺ​មធ្យម។ ក្នុង​ហ្នឹង​ក៏​មាន​ការ​ប៉ះពាល់​ដល់​កុមារ ដែល​មក​តាម​ម្ដាយ​តាម​ឪពុក​ហ្នឹង ៣​នាក់​ទៀត គឺ ១០​ឆ្នាំ​មួយ ៥​ឆ្នាំ​មួយ និង ២​ឆ្នាំ​មួយ​ទៀត ដែល​ត្រូវ​រង​របួស​ដោយសារ​អំពើ​ហិង្សា​នេះ​ផង​ដែរ ដែល​យើង​គិត​ថា នេះ​ជា​អំពើ​ឃោរឃៅ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សិទ្ធិមនុស្ស »

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​ព្រះវិហារ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស៖ « គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ពួក​គាត់​ឡើង​ទៅ​តវ៉ា គឺ​តវ៉ា​ដោយ​សន្តិវិធី ដូច​ជា​មិន​បាន​ប្រើ​ហិង្សា​ទៅ​នឹង​ក្រុម​អាជ្ញាធរ​ណា​មួយ​ទេ ហើយ​ពេល​ពួក​គាត់​តវ៉ា បែរ​ជា​អាជ្ញាធរ​ទៅ​វាយ​ដំ​ឱ្យ​របួស​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ក៏​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​តវ៉ា​រក​យុត្តិធម៌​ជូន​ពួក​គាត់ »

នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​អ្នក​តវ៉ា​បាន​សរសេរ​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នេះ​មាន​ចំនួន ៣៣១​គ្រួសារ​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត និង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ។ ពួក​គាត់​ឱ្យ​ដឹង​ថា បញ្ហា​ដី​ធ្លី​នេះ​កើត​ឡើង​ចំពោះ​ពលរដ្ឋ ៧៨​គ្រួសារ នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ចង់​ពង្រីក​វាល​យន្ត​ហោះ។ រី​ឯ​ពលរដ្ឋ ២៥៣​គ្រួសារ​ទៀត ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​ និង​ដុត​ផ្ទះ​សម្បែង សាលា និង​វត្ត ហើយ​ឱ្យ​ពួក​គាត់​ទៅ​រស់​នៅ​ក្នុង​ចម្ការ​មីន។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​​ព្រះវិហារ លោក ឡោ ច័ន្ទ បញ្ជាក់​បន្ថែម​ថា នៅ​ឆ្នាំ​២០១២ ពលរដ្ឋ​នៅ​យល់​ព្រម​តាម​អាជ្ញាធរ​ដោះដូរ​ដី​ពី​ឃុំ​កន្ទួត​ ​ទៅ​នៅ​ទីតាំង​ថ្មី​ឈ្មោះ​ស្រះ​ក្ដុល។ លោក​ថា ការ​យល់​ព្រម​នោះ ក៏​ព្រោះ​តែ​អាជ្ញាធរ​ខេត្ត​ធ្លាប់​សន្យា​នឹង​ពលរដ្ឋ​រៀបចំ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មានផ្លូវ​ទឹក​ភ្លើង​សម្រាប់​ពលរដ្ឋ​ដែល​រើ​ទៅ​នោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​អ្វី​ដូច​ការ​សន្យា​ទេ៖ « ភាព​ជាក់​ស្ដែង​នៅ​ស្រះ​ក្ដុល​ពួក​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រជា​សហគមន៍​រស់​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ពុំ​ទាន់​ហេដ្ឋារចនាសម្ព័ន្ធ​អី​ឱ្យ​បាន​ច្បាស់លាស់​ទេ។ ប្រព័ន្ធ​ទឹក​ភ្លើង​អត់ ហើយ​ម្យ៉ាង​ដី​កសិកម្ម ដី​បង្កបង្កើន​ផល​របស់​គាត់ គឺ​មាន​មីន។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​គាត់​ចង់​ដូរ​ទៅ​នៅ​ទីតាំង​ចាស់​របស់​ពួក​គាត់​វិញ​ហ្នឹង »

នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដដែល មុន​ពេល​ហែ​ក្បួន​ទៅ​រក​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ពលរដ្ឋ​បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​មួយ​ចំនួន ដូច​ជា ស្ថានទូត​ចិន (China) រុស្សី (Russia) អូស្ត្រាលី (Australia) និង​រដ្ឋសភា​ជាដើម ដើម្បី​ឱ្យ​ស្ថានទូត និង​ស្ថាប័ន​ទាំង​នោះ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។