សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា សម្រេចផ្ដន្ទាទោសពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់បឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន៣នាក់ មានលោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និងកញ្ញា យន សម្បត្តិ ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល ក្រោមបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធនឹងការរារាំងអាជ្ញាធរមិនឲ្យរុះរើតូបលក់ដូររបស់ពួកគាត់ កាលពីខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែទោសទាំងនេះ ត្រូវបានព្យួរ។
ពលរដ្ឋមានទំនាស់ដីធ្លីលោកស្រី គង់ តឿ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកាថា លោកស្រី សោកស្ដាយ ចំពោះតុលាការ ដែលបានសម្រេចផ្ដន្ទាទោសសមាជិកគ្រួសាររបស់លោកស្រីទាំង ៣នាក់ មានម្ដាយ និងកូនស្រីចំនួនពីរនាក់ ខណៈលោកស្រីអះអាងថា លោកស្រី បានយល់ព្រមទទួលយកគោលនយោបាយដោះដូរដីជាមួយអាជ្ញាធរ ដើម្បីបញ្ចប់ក្ដីក្ដាំនៅតុលាការ។ លោកស្រីស្នើដល់តុលាការ ឲ្យទម្លាក់ការចោទប្រកាន់នេះ។
លោកស្រី គង់ តឿ៖«ខ្ញុំសូមស្នើថា ស្នើសុំទម្លាក់បទចោទខ្ញុំទាំងអស់ទៅ ព្រោះអីខ្វះខាត អត់មានសោហ៊ុយឡើងតុលាការ ហើយដោះដូរដីនេះ ដើម្បីកុំឲ្យមានជាប់ដីកាបន្តទៅទៀត»។
ពលរដ្ឋមានទំនាស់ដីធ្លី នៅតំបន់បឹងតាមោក បានបង្ខំចិត្តទទួលយកគោលនយោបាយដោះដូរដី តាមការចង់បានរបស់អាជ្ញាធរ ដោយបោះបង់ការខិតខំតស៊ូ ក្រាញននៀលរយៈពេលជិត ៥ឆ្នាំ ដើម្បីទាមទារសិទ្ធិអភិវឌ្ឍន៍នៅនឹងកន្លែង។ វិវាទដីធ្លី ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុលធនាគារ និងក្មេងៗ មួយចំនួន បោះបង់ការសិក្សា ព្រមទាំងមានចំនួន ១៨នាក់ កំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ។ វិវាទដីធ្លីទាំងនេះ គឺកើតឡើងក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅបក្ខពួកត្រកូល «ហ៊ុន» និងក្រុមអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗ គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។