ក្រុមស្ត្រី ១៥នាក់ តំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លី ៧៧គ្រួសារ នៅខេត្តកោះកុង រងអំពើហិង្សាពីក្រុមសន្តិសុខខណ្ឌចំការមន ខណៈពួកគាត់បន្តការតវ៉ារកដំណោះស្រាយ នៅមុខស្ថានទូតចិន។ សង្គមស៊ីវិលយល់ថា ដំណោះស្រាយសម្រាប់ពលរដ្ឋមានវិវាទដីធ្លីពិតជាមាន ប្រសិនបើក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី មានឆន្ទៈរួមគ្នាដោះស្រាយបញ្ចប់ករណីដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ នៅក្នុងខេត្តកោះកុង។
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌិវេឡុបមិនធ៍ គ្រុប (Union Development Group Co.,Ltd) លោកស្រី សាំង ពុយ រៀបរាប់ថា សន្តិសុខខណ្ឌចំការមនជាច្រើននាក់ មិនត្រឹមតែប្រើពាក្យសម្ដីមិនសមរម្យដាក់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបានរុញច្រាន ចាប់សែង ពួកគាត់ចេញឱ្យឆ្ងាយពីមុខស្ថានទូតចិន និងបានដកហូតយកឧបករណ៍ស្រែកតវ៉ា កាន់បដា ជាភាសាខ្មែរ ចិន និងអង់គ្លេសទៀតផង។
លោកស្រី សាំង ពុយ ថ្លែងថា សកម្មភាពហិង្សាពីអាជ្ញាធរទៅលើប្រជាពលរដ្ឋ ដែលចេញតវ៉ាដោយសន្តិវិធី នៅថ្ងៃទី៩ កក្កដា ទំនងមានតែនៅកម្ពុជាប៉ុណ្ណោះ ព្រោះពួកគាត់មិនដែលឃើញមានការប្រើអំពើហិង្សាបែបនេះ លើពលរដ្ឋខ្លួនឯងដូច្នេះឡើយ នៅក្នុងប្រទេសកាន់ប្រជាធិបតេយ្យដទៃទៀត៖ «គេដណ្ដើមសារ មេក្រូ ហើយគេទម្លាក់ម្ដងមួយៗ នៅផ្លូវខាងនេះ។ ហើយខ្លះទម្លាក់ទៅអុកគូទទៅបាក់ចង្កេះ ថ្លោះចង្កេះ។ អ៊ុំម្នាក់ ទិត្យ តេន គាត់របូតសារុងពេញផ្លូវថ្នល់ ហើយគួរឱ្យខ្មាសកិត្តិយសរបស់គាត់ អត់ផ្ដល់កិត្តិយសឱ្យគាត់។ គាត់សុំស្លៀកសារុង ក៏មិនឱ្យគាត់ស្លៀក។ លើកគាត់មកទាំងអត់មានសារុងស្លៀកអ៊ីចឹង។ ធ្វើឱ្យខ្មាសគេ អត់មានទុកមុខទុកកិត្តិយសជាស្ត្រីខ្មែរ។ គេធ្វើនៅតាមចិញ្ចើមផ្លូវថ្នល់នៅមុខស្ថានទូតចិន។ ហើយបង្ហាញភាពអាក្រក់ហ្នឹង ឱ្យជនបរទេស ជនជាតិចិន ហ្នឹងមើលងាយ»។
តំណាងពលរដ្ឋរូបនេះ ហៅការព្យាយាមរារាំងបិទបាំងពីអាជ្ញាធរ មិនឱ្យពួកគាត់តវ៉ានេះថា ជាអំពើមិនការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន បែរជាទៅការពារផលប្រយោជន៍របស់បរទេសទៅវិញ៖ «មន្ត្រីស្ថានទូត ២ថ្ងៃហើយ គឺមានចេញមកជួប ឬក៏ថាអី ដោយសារថា គាត់មើលស្ថានភាពនៅខាងក្រៅតាមកាមេរ៉ា ឃើញថាខ្មែរយើងធ្វើបាបគ្នាឯងអ៊ីចឹង ហេតុអ្វីបានគាត់ត្រូវចេញមកជួបយើង។ បើសិនខ្មែរយើងចេះការពារប្រជាពលរដ្ឋ គាត់ត្រូវពន្លឿនឱ្យខាងស្ថានទូតមកជួបប្រជាពលរដ្ឋ។ ហើយអគ្គរដ្ឋទូតចិនក៏អត់ទទួលខុសត្រូវដែលថា ត្រូវចេញទទួលខុសត្រូវកូនចៅរបស់គាត់ដែរ។ គឺគាត់ចូលមកក្នុងប្រទេសខ្មែរ តែមិនគោរពសិទ្ធិរបស់ប្រទេសខ្មែរ មិនគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរយើង»។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន និយាយថា ការប្រើហិង្សាពីសំណាក់អាជ្ញាធរទៅលើពលរដ្ឋ ដូច្នេះរឹតតែបង្កភាពឈឺចាប់បន្ថែមទៅឱ្យពួកគាត់ ដែលបានបាត់បង់ដីធ្លីទៅក្រុមហ៊ុនចិនមួយសាររួចទៅហើយ។
លោក ហួរ អ៊ីន បន្តថា ស្ថានទូតចិន មិនបានគោរពពាក្យសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ ដែលធ្លាប់និយាយថា នឹងប្រាប់ទៅក្រុមហ៊ុន យូញៀន ឱ្យគិតគូរពីសំណងដល់ប្រជាពលរដ្ឋ។ លោក ហួរ អ៊ីន ឱ្យដឹងថា មកដល់ពេលនេះ ពលរដ្ឋទាំងនោះនៅមិនទាន់ទទួលបានសំណងពីភាគីក្រុមហ៊ុន សូម្បីតែ ១រយរៀល។ មន្ត្រីឃ្លាំផ្នែកសិទ្ធិមនុស្សរូបនេះ យល់ថា មានតែក្រសួងពីរប៉ុណ្ណឹង ដែលអាចដោះស្រាយបញ្ចប់ជម្លោះករណីដីធ្លីមួយកន្លែងនេះ គឺក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់៖ « ដំណោះស្រាយកន្លងមកនេះ គឺអាស្រ័យទៅលើឆន្ទៈរបស់ក្រសួងបរិស្ថានហ្នឹង។ បើសិនជាចង់ដោះ គឺអាចសម្របសម្រួលដោះបានទាំងអស់។ ហើយគាត់បណ្ដោយទុកឱ្យប្រជាពលរដ្ឋនៅតែរងគ្រោះ អ៊ីចឹង អត់បង្ហាញការទទួលខុសត្រូវបែបហ្នឹង គឺឱ្យនៅមានទំនាស់ ប្រជាពលរដ្ឋនៅតែឡើងមកតវ៉ាអ៊ីចឹង។ ហើយអ្វីដែលសំខាន់គឺទៅលើរដ្ឋមន្ត្រីខាងក្រសួងបរិស្ថានទេ ដែលចង់ដោះឬមិនចង់ដោះ។ សូមឱ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមជួយធ្វើជាសាក្សី ដើម្បីមើលចំណាត់ការរបស់ក្រសួងបរិស្ថានហ្នឹង មានឆន្ទៈដោះស្រាយផលវិបាកវេទនារបស់ប្រជាពលរដ្ឋ ឬអត់ ដែលកើតឡើងដោយសារការផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាល ហ្នឹង»។
របបក្រុងភ្នំពេញ បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចសរុបចំនួនជាង ៤៥.១០០ហិកតារ ទៅឱ្យក្រុមហ៊ុនចិន យូញៀន ឌិវេឡុបមិនធ៍ គ្រុប កាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់ ៣.៨០០លានដុល្លារ។ គម្រោងអភិវឌ្ឍនេះ បានបណ្ដាលឱ្យប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ចាកចេញពីលំនៅឋាន ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះនៅឡើយមកដល់ពេលនេះ។
កាលពីដើមខែឧសភាកន្លងទៅនេះ សារព័ត៌មានអនឡាញឈ្មោះ "War on the rocks” ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចុះផ្សាយអត្ថបទស៊ីជម្រៅមួយទាក់ទងនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតារនេះ បង្ហាញថា ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិនគ្រុប កំពុងរូតរះសាងសង់ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង។ ទំហំព្រលានយន្តហោះដែលកំពុងសាងសង់នៅក្នុងខេត្តជាប់សមុទ្រនៃប្រទេសកម្ពុជាមួយនេះ គឺស្រដៀងគ្នានឹងព្រលានយន្តហោះ នៅលើកោះ ស្ពាតលី (Spratly) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលអាចបើកផ្លូវឱ្យយោធាចិន ប្រើប្រាស់យន្តហោះឈ្លបយកការណ៍ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក តាមផ្លូវអាកាសបាន។
ចំណែក មជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ផ្នែកការពារជាតិ [Center for Advanced Defense Studies] នៅសហរដ្ឋអាមេរិក អះអាងតាមការសិក្សាស្រាវជ្រាវរបស់ខ្លួនថា ការអភិវឌ្ឍន៍ខ្នាតធំរបស់ក្រុមហ៊ុនចិនយូញៀននេះ គឺមានពាក់ព័ន្ធនឹងរដ្ឋាភិបាលកុម្មុយនិស្តចិន ព្រោះនេះគឺជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រ សន្តិសុខ និងភូមិសាស្ត្រនយោបាយចិន ដើម្បីសម្រេចឱ្យបាន គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា ការវិនិយោគនិងការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនមួយនេះ បង្កឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តកោះកុង ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា របបក្រុងភ្នំពេញតែងច្រានចោលសេចក្ដីរាយការណ៍ដែលថា កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីកម្ពុជា។
ក្រុមប្រជាពលរដ្ឋតំណាងឱ្យ ៧៧គ្រួសារ ដែលមិនទាន់បានទទួលបានសំណង បញ្ជាក់ថា ពួកគាត់នឹងបន្តការតវ៉ានៅស្ថានទូតចិន រហូតមានការឆ្លើយតបជាវិជ្ជមានណាមួយ ពីមន្ត្រីតំណាងស្ថានទូត ហើយនឹងបន្តទៅក្រសួងបរិស្ថាន ដើម្បីរកដំណោះស្រាយរឿងដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។