អ្នក​​កាសែតពីរ​នាក់​​បារម្ភ​​តុលាការ​​ខេត្ត​ព្រះវិហារ​​ឃុំខ្លួន​​ក្រោយ​បដិសេធ​​មិន​​ទទួល​​សំណូក​ពី​​មន្ត្រី​តុលាការ​

0:00 / 0:00

អ្នក​កាសែត​ពីរ​នាក់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ​ដោយ​ខ្លាច​មន្ត្រី​តុលាការ​ឃុំខ្លួន​ ក្រោយ​ពី​ពួកគេ​បាន​ចុះ​យក​ព័ត៌មាន​ករណី​ឈូស​ឆាយ​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ឋិត​ក្នុង​​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ។​ ការ​បារម្ភ​នេះ​ ដោយ​សារ​តែ​ស្ថាប័ន​អយ្យការ​បាន​ចេញ​ដីកា​កោះ​ហៅឱ្យ​ពួកគាត់​ឱ្យ​ចូល​បំភ្លឺ​ជា​លើក​ទី២​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ខាង​មុខ​នេះ ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ៤​ករណី​។

អ្នក​កាសែត​ពីរនាក់​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ​ម្នាក់​ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​ទូរ​ទស្សន៍​ហង្ស​មាសលោក ទ្រី វិច្ឆិកា និង​ម្នាក់ទៀត​ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​ទូរទស្សន៍ណៃធីវី​ (​NICE TV ) ប្រចាំខេត្ត​ព្រះ​វិហារ​ គឺ​លោក ​ទ្រី សុផល​ កំពុង​ស្វែង​រកយុត្តិធម៌​ផ្នែក​ច្បាប់​ពី​ក្រសួង​ព័ត៌មាន​ ក្រសួង​យុត្តិធម៌ ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​ ពួកគាត់​អះអាង​ថា ​ព្រះរាជ​អាជ្ញារង​អមសាលាដំបូងខេត្តព្រះវិហារលោក ​វុធ សាវី​ គឺជា​ដើមបណ្តឹង​ក្នុង​សំណុំ​រឿងនេះ ​ហើយ​ព្រមាន​ពួក​លោក​ថា ​នឹង​ចាត់​វិធានការ​ច្បាប់​លើ​ពួកលោក​ ប្រសិន​បើមិន​កែ​តម្រូវ​សេចក្តីរាយ​ការណ៍​ព័ត៌មាន​នោះ​ទេ។

​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​ហង្សមាសប្រចាំ​ខេត្ត​ព្រះវិហារ​លោក ​ទ្រី វិច្ឆិកា​ បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ គឺជា​ព្រះរាជ​អាជ្ញារង​ខេត្ត​ព្រះវិហារ ​ហើយ​អ្នក​ដែល​សម្រេច​រឿង​នេះ ក៏​ខាង​ស្ថាប័ន​អយ្យការ​ខេត្ត​នេះ​ដែរ។ ​ ប្រការ​នេះ​ធ្វើ​ឱ្យ​លោកភ័យ​ព្រួយ​ពី​សុវត្ថិភាព ​ព្រោះ​អាច​នឹង​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ និង​ខ្វះ​តម្លាភាព ​ក្នុង​ការ​អនុវត្ត​ច្បាប់។ ​ហេតុ​នេះ​លោក​ស្នើ​ឱ្យ​មេធាវី​របស់​លោក​ ដាក់​ពាក្យ​ស្នើ​សុំ​ផ្ទេរ​សមត្ថកិច្ច​សំណុំ​រឿង​នេះ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ​ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ​៖ «ខ្ញុំ​យល់​ឃើញ​ថា ​ការ​ចេញ​ដីកា​របស់​គាត់ ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​មួយ​ ដែល​គេ​មាន​បំណង​មក​លើ​ខ្ញុំ។​ រឿង​នេះ ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ហួស​ហេតុ ​ដូច​ដែល​គាត់​ចោទ​ប្រកាន់​ខ្ញុំ​ ពី​បទ​ឧក្រិដ្ឋ​ទាំង​អស់​ហ្នឹង​ទេ​គ្រាន់តែ​ផ្សព្វផ្សាយ​អ្វី​ជា​ការ​ពិត ​ហេតុ​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទាំង​អស់​ហ្នឹង​។ ឱ្យ​សំណងខ្ញុំ​ម្នាក់ ​២​ពាន់​ដុល្លារ ​ចំណុច​នេះ​ហើយ ​ដែល​ជា​ភាព​មិន​ប្រក្រតី​ តើ​លុយ​ហ្នឹង​វា​ចេញ​ពី​ណា​មក

លោក ​ទ្រី វិច្ឆិកា ​បន្ថែម​ថា ​ការ​ប្តឹង​ផ្តល់​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​ពួកគាត់​បដិសេធ​មិន​ទទួល​លុយ ​៤ ​ពាន់ដុល្លារ (៤.០០០)​ពី​មនុស្ស​ជំនិត​របស់ព្រះ​រាជ​អាជ្ញារង ​លោក​ វុធ សាវី។ ​លោក​សង្ស័យ​ថា​ លុយ​ទាំង​នេះ ​ជា​ការ​សូកប៉ាន់ ​ដើម្បី​ឱ្យ​ពួកលោក​ បិទ​ព័ត៌មាន​។

កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ​ព្រះ​រាជ​អាជ្ញា​ខេត្ត​ព្រះវិហារ​លោក ​ចក សម្បត្តិ បាន​ចេញ​ដីកា​កោះ​ហៅលោក​ ទ្រី វិច្ឆិកា ​និងលោក ​ទ្រី សុផល ​ឱ្យ​ចូល​បំភ្លឺ​ពី​ដំណើរ​រឿង​ ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ ដោយ​ចុះ​ផ្សាយ​សរសេរ​បញ្ជិត​បញ្ឆៀង​ដើម្បី​ឱ្យ​មាន​ការ​សង្ស័យ​លើ​បុគ្គល​ណា​ម្នាក់ ​ប៉ះពាល់​ដល់​អាថ៌​កំបាំង​វិជ្ជា​ជីវៈ​ និង​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថ៌​។

កាល​ពីខែមីនា ឆ្នាំ២០២១ អ្នក​កាសែត​ទាំង​ពីរ​នាក់នេះ​ បាន​ធ្វើ​ដំណើរ​រួមគ្នា​ជាមួយស្ថាប័ន​អយ្យការ​ពីរ​នាក់​ គឺ​ព្រះរាជ​អាជ្ញារងលោក​ វុធ សាវី ​និង ​ព្រះរាជអាជ្ញា ​លោក ទី សុវិនថាល់ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ករណីឈូសឆាយដីព្រៃរដ្ឋក្នុងឃុំត្បែងពីរ ស្រុកភ្នំគូលែន។

ក្នុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​ក៏​មាន​ករណី​ប្រើហិង្សា​កើតឡើង​ប្រតាយ​ប្រតប់​គ្នា ​​រហូត​មាន​មនុស្ស​បីរ​នាក់​ ដែល​ពាក់ព័ន្ធ​ឈូសឆាយ​ដី​ព្រៃ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ប៉ុណ្ណោះ​អាសន្ន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ដោយចោទពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ​ក្រោយ​មក មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ ដោយដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ កាល​ពី​ខែ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១។

​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់នេះ ​អ្នក​នាំពាក្យអយ្យការអម​សាលាដំបូង​ ខេត្ត​ព្រះវិហារ​លោក ​វុធ សាវី ​បដិសេធ​ថា​ លោក​ពុំមែន​ជាដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ​ទេ ​ហើយ​សំណុំ​រឿង​នេះ​ចុងចោទ ​អាច​ពឹង​មេធាវី​ចម្លង​សំណុំ​រឿង​ ដើម្បី​ស្វែង​រក​ដើម​បណ្តឹង​ណាមួយ​ពិត​ប្រាកដ​បាន​។ លោក​បាន​ផ្តាច់​ទូរសព្ទ​នៅ​ពេល​អ្នក​យក​ព័ត៌​មាន​អាស៊ីសេរី​សួរ​ករណី​លុយ ​៤​ពាន់​ដុល្លារ​ ដែល​មាន​មនុស្ស​ជំនិត​របស់​លោក​ម្នាក់​ប្រគល់​ជូន​អ្នកកាសែត​ពីរ​នាក់​នោះ ​ជា​ថ្នូរ​នឹង​ការ​បិទ​ព័ត៌មាន​៖ «ឱ្យ​គាត់​ដាក់​មេធាវី មក​ពិនិត្យ​មើល​សំណុំ​រឿង​ដឹង​ហើយ​ ថា​ពី​ណា​ប្តឹង​គាត់ ព្រោះ​អី​ខ្ញុំ​អត់​បាន​ប្តឹង​គាត់​ផង»​។

​ជុំ​វិញ​រឿង​នេះ ​នាយក​រដ្ឋ​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ​ខេមបូចា ​លោក ​ណុប វី​ ស្នើ​ឱ្យ​ស្ថាប័ន​ជាតិ​ពាក់​ព័ទ្ធ​ ដែល​អ្នក​សារព័ត៌​មាន​ទាំង​ពីរ​រូប​នេះ​សុំ​កិច្ច​អន្តរាគមន៍ ​គួរតែ​ចុះ​ស្រាវ​ជ្រាវ​ឱ្យ​ស៊ី​ជម្រៅដើម្បី​ធានា​ថា​ គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​បាន​យុត្តិធម៌ ​ស្រប​ពេល​ដែល​សំណុំ​រឿង​នេះ​ អ្នក​ប្តឹង​ផ្តល់ ​និង​អ្នក​ចោទ​ប្រកាន់​ គឺ​ជា​អ្នក​អនុវត្ត​ច្បាប់​៖ «ខ្ញុំ​គិត​ថា ជារឿង​មួយ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ ដើម្បី​ធានា​ថា គ្រប់​ភាគី​ពាក់ព័ន្ធ ទទួល​បាន​យុត្តិធម៌​ជាពិសេស អ្នក​​សារព័ត៌មាន​ ដែល​ជា​ភ្នាក់ងារ​មួយ​សំខាន់​ក្នុង​ការ​ ដែល​បំភ្លឺ​នូវ​បញ្ហា​ផ្សេងៗ​របស់​សង្គម ឬ​មួយ​ក៏​ជា​ភ្នែក​ច្រមុះ នៅ​ក្នុង​ការ​ពិនិត្យ​តាមដាន ចំពោះ​ករណី​និទណ្ឌភាព ពាក់ព័ន្ធ​តម្លាភាព​ ក្នុង​សង្គម​របស់​យើង»។​

​តំណាង​អយ្យការ​ខេត្តព្រះវិហារ​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ហេតុកាល​ពី​ថ្ងៃ​ទី​១៧​ ខែសីហា ​ឆ្នាំ​២០២១ ​ដោយ​អះអាង​ថា ​ស្ថាប័ន​អយ្យការ​កំពុង​ពិភាក្សា​ អំពី​ចំណាត់​ការ​ច្បាប់ ​លើ​អ្នកកាសែត​ពីរ​នាក់​នេះ ​ដែល​បាន​ផ្តល់​វីដេអូ​ភស្តុតាង​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌទៅ​ឱ្យ​គេហទំព័រ​ទូរទស្សន៍​អនឡាយ ​ខ្មែរ​ម្ចាស់ការ​ ដើម្បី​ចុះ​ផ្សាយ​។ លើស​​ពី​​នេះ ​ថែម​ទាំង​បញ្ចេញ​មតិ​ ក្នុង​គ្រុប​តាម​បណ្ដាញ​សង្គម​តេលេក្រាម (Telegram)​ដោយ​លើក​ឡើង​ថា​ អយុត្តិធម៌​ចំពោះ​​ខ្លួន ​មិន​ទទួល​សំណង​ ទាំង​ពួកគេ​ទាំង​ពីរ​នាក់ ​ពុំមែន​ជា​ដើម​បណ្ដឹង​ ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​នេះ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។