អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ករណី​ដី​ព្រៃ​កំពុង​មាន​បញ្ហា​នៅ​ភូមិ​ដងផ្លឹត និង​ភូមិ​ណារ៉ុង

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ថា អះអាង​ថា ដី​ព្រៃ​ជំនឿ​ដែល​កំពុង​មាន​បញ្ហា​រវាង​អ្នក​ភូមិ​ដងផ្លឹត និង​ភូមិ​ណារ៉ុង ជាមួយ​ក្រុមហ៊ុន សាន់ តាណា អាហ្គ្រោ ប្រូដាក់ (Santana Agro Products) គឺ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជា​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ។ សហគមន៍​ថា អាជ្ញាធរ​កំពុង​តែ​ឆ្លើយ​យក​រួច​ខ្លួន គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។

ក្រោយ​ក្រុមហ៊ុន សាន់ តាណា របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន បាន​ដាក់​ទាហាន​ឈ្លោះ​ដណ្ដើម​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​ជំនឿ​របស់​សហគមន៍ អស់​ជា​ច្រើន​ថ្ងៃ​រួច​មក អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ គឺ​ជា​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង ដើម្បី​ធ្វើ​ការ​វិនិយោគ​នៅ​តំបន់​នោះ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ​ឡើយ។

មេ​ឃុំ​ឆែបពីរ លោក ជៀន ជិន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី៨ ខែ​មីនា​ថា ករណី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន សាន់ តាណា ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​ជំនឿ​សហគមន៍ រហូត​ដល់​មាន ទំនាស់​ដីធ្លី និង​អំពើ​ហិង្សា ទៅ​លើ​អ្នក​ភូមិ​បែប​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។ លោក​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ជា​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​នេះ ហើយ​អាជ្ញាធរ​ខេត្ត​មិន​បាន​ឲ្យ​ឯកសារ​ទាំង​នោះ​ទៅ​អាជ្ញាធរ​សាលា​ឃុំ​ឆែបពីរ​នោះ​ទេ។ លោក​ក៏​បាន​ចេញ​មុខ​ការពារ​ក្រុមហ៊ុន​ដែរ​ថា ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​នោះ មិន​មាន​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ ឬ​ដី​ព្រៃ​ជំនឿ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ​ឡើយ គឺ​ក្រុមហ៊ុន ឈូស​ឆាយ​ដី​ដែល​បាន​ទិញ​ពី​ពលរដ្ឋ និង​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា-ឆែប តែ​ប៉ុណ្ណោះ។

លោក ជៀន ជិន៖«សម្រាប់​ខ្ញុំ​អត់​ច្បាស់​ទេ រឿង​ប្លង់​នេះ​ខាង​ក្រសួង​គេ​អ្នក​ចេញ​ទេ គេ​គ្រាន់​តែ​បង្ហាញ​បន្តិច គេ​រក្សា​ទុក​នៅ​ខេត្ត ឯកសារ​នេះ​អ្នក​នៅ​ខេត្ត​ទេ​ជា​អ្នក​ចេញ​ប្លង់ ហើយ​មិន​បាន​រក្សា​ទុក​នៅ​ក្នុង​ឃុំ​ទេ»។

ពលរដ្ឋ​ថា អាជ្ញាធរខេត្ត​កំពុង​ដោះសា និង​ឆ្លើយ​ដាក់គ្នា

ទោះ​ជា​យ៉ាង​ណា តំណាង​សហគមន៍​ជនជាតិ​ដើម​កួយ ភូមិ​ដងផ្លិត លោក សោម ណៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែ​មីនា ថា អាជ្ញាធរ​កំពុង​តែ​ឆ្លើយ​យក​រួច​រៀង​ៗ​ខ្លួន ដើម្បី​គេច​មិន​ចង់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។ លោក​ថា សព្វ​ថ្ងៃ​ក្រុមហ៊ុន​បាន​ដាក់​ទាហាន​មួយ​ក្រុម​មាន​ស្ពាយ​កាំភ្លើង​ជាប់​ខ្លួន ហើយ​ដើរ​គំរាមកំហែង និង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​អាស្រ័យផល​នៅ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​នៅ​ក្នុង​តំបន់​ដែល​បាន​ឈូស​ឆាយ​រួច​ហើយ​នោះ​ទេ។

លោក សោម ណៃ៖«ឆ្លើយ​បែប​នេះ​គឺ​ដោះសា​ហើយ ដោះសា​គេច​ខ្លួន​មិន​ចង់​ទទួល​ខុស​ត្រូវ គាត់​អ្នក​ដើរ​សួរ​បងប្អូន​បង្ខំ​ឲ្យ​លក់​ដី​ឲ្យ បើ​មិន​លក់​គេ​យក មិន​ពាក់ព័ន្ធ​ជាមួយ​យ៉ាង​ម៉េច​បើ​មុន​ដំបូង​គាត់​អ្នក​ដើរ​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​បាន​ក្បាល​កាក់ ទាហាន​ការពារ​ទាំង​មេការ​គេ​មិន​ឲ្យ​ចូល​អាស្រ័យផល ឆ្លង​កាត់​អត់​បាន​ទេ​គេ​ដេញ​មិន​ឲ្យ​ថត​រូប មិន​បាន​ថត​ផង​ក៏​គេ​យក​ទូរស័ព្ទ​បោក​ចោល​ដែរ»។

សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ឯកសារ​ជា​សាធារណៈ និង​យកដី​ព្រៃ​​នោះ​​មក​ដាំ​​ឈើ​ឡើង​វិញ

សហគមន៍​នៅ​ភូមិ​ដងផ្លឹត និង​ភូមិ​ណារ៉ុង ទាមទារ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ឯកសារ​ជា​សាធារណៈ និង​ទាមទារ​ដី​ព្រៃ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​រួច​ហើយ យក​មក​ដាំ​កូន​ឈើ​ឡើង​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចូល​ទៅ​អាស្រ័យ​ផល​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​កួយ និង​ទុក​ដី​ព្រៃ​ទាំង​នោះ​ជា​សម្បត្តិ​រួម។ សហគមន៍​ព្រមាន​តវ៉ា​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ដំណោះស្រាយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ណុប វុធ្ធី និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​មីនា។ ចំណែក​ប្រធាន​ក្រុមហ៊ុន សាន់ តាណា លោក អ៊ុក គឹមសាន ដែល​មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ​ផង​នោះ ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។

អត្ថបទ​ដែលទាក់ទង៖

តំណាង​ជនជាតិ​ដើម​កួយ​២ភូមិ នៅ​ខេត្ត​ព្រះវិហារ​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​អារក្ស និង​មាន​ទាហាន​គំរាមOpens in new window ]

ពលរដ្ឋ​ចោទ​ទាហាន​មួយ​ក្រុម​នៅ​ខេត្ត​ព្រះវិហារ​ថា គូស​ដី​ហាម​ពលរដ្ឋ​មិន​ដើរ​ឆ្លង​កាត់​ បើ​ឆ្លង​គេ​នឹង​បាញ់Opens in new window ]

ជនជាតិ​​កួយ​នៅ​ខេត្តព្រះវិហារ​ពីរ​ភូមិ ខក​ចិត្ត​នឹង​អាជ្ញាធរ​បើក​ដៃ​ឱ្យ​ឧកញ៉ា​ម្នាក់ ឈូស​​ព្រៃ​ជំនឿ​ទំហំ ១ពាន់​ហិកតារOpens in new window ]

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ម៉ៃ វុទ្ធី យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះ​ត្រួតពិនិត្យ​ជាក់​ស្ដែង និង​ស្ដាប់​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ និង​ដក​ទាហាន​ចេញ​ពី​តំបន់​នោះ​សិន ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ លោក​ថា អាជ្ញាធរ​គួរ​តែ​បង្ហាញ​ឯកសារ ដែល​ក្រុមហ៊ុន​កាន់កាប់​ដី ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ដឹង ដើម្បី​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌។

លោក ម៉ៃ វុទ្ធី៖«ចំពោះ​បង្ហាញ​នេះ ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គួរ​តែ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ជាពិសេស​ក្នុង​ការ​កាត់​ឆ្វៀល និង​ផ្ដល់​ដី​លក្ខណ​សមូហភាព ដល់​ពួកគាត់​គ្រប់គ្រង ដើម្បី​ទុក​ជា​ប្រយោជន៍​រួម​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច ឬ​ក៏​ជន​ជាតិ​ខ្មែរ ក្នុង​ការ​ប្រើប្រាស់​និង​អាស្រ័យ​ផល»។

ក្រុមហ៊ុន សាន់ តាណា របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ តំបន់​ព្រៃ​ជំនឿ ព្រៃ​អារក្ស និង​តំបន់​ព្រៃ​អាស្រ័យផល​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន​២​ភូមិ ជាង ១ ពាន់ ៥០ ហិកតារ (១.០៥០) ហើយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នកភូមិ និង​ដាក់​ទាហាន​យាម​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​បាន​ចូល​អាស្រ័យ​ផល​បែប​ប្រពៃណី​នៅ​តំបន់​នេះ​ឡើយ រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។