មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ ស្នើឲ្យអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ខេត្តព្រះសីហនុ បំភ្លឺចំពោះសកម្មភាពប្រើគ្រឿងចក្រឈូសបំផ្លាញព្រៃឈើរានយកដីមានវិសាលភាពផ្ទៃរាប់រយហិកតារនៅស្រុកព្រៃនប់ ដែលអាជ្ញាធរមិនបានទប់ស្កាត់។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ បកស្រាយថា ការឈូសឆាយរានដីព្រៃនាមូលដ្ឋានស្រុកព្រៃនប់ គឺស្ថិតក្នុងគម្រោងផែនការអភិវឌ្ឍដាំកូនឈើកម្រ ឬដើមឈើជិតផុតពូជ និងអភិរក្សឈើប្រណីតៗឡើងវិញ កុំឲ្យបាត់បង់។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញកង្វល់ជាថ្មីទៀត នៅគ្រាឃើញសកម្មភាពគ្រឿងចក្រជាច្រើនគ្រឿង បានឈូសបំផ្លាញព្រៃឈើ នាមូលដ្ឋានស្រុកព្រៃនប់ ជាប់តាមបណ្ដោយផ្លូវក្រាលក្រួសក្រហមចូលទៅរមណីយដ្ឋានក្បាលឆាយ ដោយបានបំផ្លាញដើមឈើធំៗ ដែលដុះនៅតំបន់នោះ មានវិសាលភាពរាប់រយហិកតារ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលចុះពិនិត្យផ្ទាល់ដល់ទីតាំងមានសកម្មភាពឈូសឆាយដីព្រៃនៅស្រុកព្រៃនប់ ស្នើឲ្យអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ ជួយបំភ្លឺលើករណីឈូសបំផ្លាញព្រៃឈើធំៗ នាមូលដ្ឋាននេះ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានដឹងជាសាធារណៈ។
មន្ត្រីសិទ្ធិមនុស្សរូបនេះមានការសោកស្ដាយ ដែលផ្ទៃដីព្រៃឈើធំៗ និងដុះដូចម្រាមដៃ នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ត្រូវបំផ្លាញចោលដើម្បីរានយកដី មានវិសាលភាពរាប់រយហិកតារដោយមានភាពអាថ៌កំបាំង និងគ្មានការទប់ស្កាត់ពីអាជ្ញាធរ។
លោក ប៊ួន ណារិទ្ធិ៖ «ការឈូសឆាយដីព្រៃនេះ គឺមានទំហំធំ និងបានប៉ះពាល់ដល់ដីព្រៃគ្រប់ប្រភេទ មានដើមសំរង និងដើមឈើផ្សេងៗ ដែលយើងគិតថា ជាដីព្រៃដែលត្រូវគេអភិរក្សជាយូរមកហើយ។ គម្រោងនេះគឺយើងមិនបានទទួលព័ត៌មានពីស្ថាប័នមេព្រៃ ដោយមិនដឹងថា គាត់ឈូសឆាយនេះ រានដីព្រៃតំបន់នេះ ដើម្បីយកទៅធ្វើអ្វីនោះទេ។ មុនការឈូសឆាយព្រៃឈើតំបន់នេះ គួរតែរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ធ្វើការផ្សព្វផ្សាយឲ្យសាធារណជនដឹងមុនផង»។
លោក ប៊ួន ណារិទ្ធិ បង្ហាញទស្សនៈថា អាជ្ញាធរខេត្តព្រះសីហនុ គួរតែរក្សាទុកព្រៃឈើដែលនៅសេសសល់ពីការទន្ទ្រានកាន់កាប់ខុសច្បាប់ពីឯកជន និងមន្ត្រីមានអំណាចមួយចំនួនឲ្យបានគង់វង្ស វាប្រសើរជាជាងកាប់បំផ្លាញព្រៃឈើមានដើមធំៗ ដុះនៅលើដីជាក់ស្ដែងក្រោមរូបភាពណាមួយនោះទេ ព្រោះព្រៃឈើ អាចរួមចំណែកទាក់ទាញវិស័យទេសចរណ៍នាមូលដ្ឋាននេះនៅថ្ងៃអនាគត។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ ដែលបានឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើ និងគ្រឿងចក្រឈូសរំលំដើមឈើធំៗ នៅស្រុកព្រៃនប់ ក៏បង្ហាញការសោកស្ដាយព្រៃឈើនាមូលដ្ឋាននេះត្រូវគេបំផ្លាញចោល ហើយអាជ្ញាធរមិនបានទប់ស្កាត់ និងមានភាពអាថ៌កំបាំង។ ពួកគេបានរិះគន់អាជ្ញាធរខេត្តព្រះសីហនុ ថាមិនគួរអនុញ្ញាតឲ្យមានសកម្មភាពឈូសរានដីព្រៃឈើរាប់រយហិកតារ នាខេត្តទេសចរណ៍នេះទេ ព្រោះថា ដីគម្របព្រៃឈើនៅតំបន់នេះកំពុងរងការរំលោភបំពានជាបន្តបន្ទាប់ពីបុគ្គលមួយចំនួនធ្វើកម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរគ្មានលទ្ធភាពទប់ស្កាត់ទេកន្លងមក។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ លោក ឌី សុខុម ផ្ដល់សម្ភាសន៍ដល់វិទ្យុ និងទូរទស្សន៍អាស៊ីសេរីថា ការឈូសឆាយដីព្រៃនៅជិតតំបន់ក្បាលឆាយ ស្ថិតក្នុងស្រុកព្រៃនប់ គឺស្ថិតក្នុងគម្រោងដាំដើមកូនឈើប្រណិត ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះសីហនុ គឺមិនមែនឃុបឃិតលក់ឲ្យឈ្មួញនោះទេ។ លោកថា គម្រោងកូនឈើប្រណិតរបស់អាជ្ញាធរនៅតំបន់នេះ ម្យ៉ាងដើម្បីរក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ និងទប់ស្កាត់សកម្មភាពទន្ទ្រានរានយកដីព្រៃតំបន់នេះពីបុគ្គលមួយចំនួនដែលបន្តមានមហិច្ឆតា រំលោភយកដីតំបន់នេះធ្វើកម្មសិទ្ធិ។
លោក ឌី សុខុម៖ «យើងធ្វើនៅក្នុងផែនការឆ្នាំ២០១៦ ក្នុងផ្ទៃដីទំហំ ១៦០ហិកតារ គឺយើងដាំកូនប្រភេទឈើគ្រញូង ឈើទាល ផ្ដៀក និងគគីរ ជាដើម»។
បន្ថែមលើនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បញ្ជាក់ប្រាប់ឲ្យប្រជាពលរដ្ឋមូលដ្ឋានដែលមានកង្វល់លើករណីឈូសឆាយដីព្រៃនៅស្រុកព្រៃនប់ សូមឲ្យស្ងប់អារម្មណ៍នឹងស្នើឲ្យចូលរួមដាំដើមឈើប្រណិតជាមួយរដ្ឋាភិបាលដែលអាជ្ញាធរខេត្តគ្រោងរៀបចំនៅក្នុងពិធីរុក្ខទិវា ឬទិវាដាំកូនឈើនៅខែកក្កដា ខាងមុខ។ លោកបន្តថា កូនឈើប្រណីតៗ ដែលជិតបាត់បង់រាប់ម៉ឺនលានដើមនឹងត្រូវដាំដុះ និងអភិរក្សនៅលើផ្ទៃដីឈូសឆាយចំនួន ១៦០ហិកតារមានទីតាំងនៅជាប់ផ្លូវលំចូលទៅរមណីយដ្ឋានក្បាលឆាយ។
លោក យន្ត មីន៖ «គោលបំណង គឺយើងឈូសឆាយដីព្រៃឈើរេចរឹល ឬពូជមិនល្អ ដើម្បីដាំឈើប្រភេទប្រណីតៗឡើងវិញមានដូចជា ឈើទាល ផ្ដៀក នាងនួន និងឈើប្រណិតជាច្រើនប្រភេទទៀត ដែលជិតផុតពូជ និងមានតម្លៃសេដ្ឋកិច្ច។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំឆ្ងល់ ហើយនៅថ្ងៃមានពិធីរុក្ខទិវា ឬទិវាដាំកូនឈើនៅខែកក្កដា សូមអញ្ជើញមកចូលរួមដាំទាំងអស់គ្នាជាមួយអាជ្ញាធរ»។
ត្រង់ចំណុចនេះ មន្ត្រីសង្គមស៊ីវិលផ្ដល់ជាយោបល់ថា រដ្ឋបាលខេត្តព្រះសីហនុ គួរជ្រើសយកទីតាំងផ្ទៃដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលបច្ចុប្បន្ននេះត្រូវបុគ្គលឯកជន ឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួន បានឃុបឃិតមន្ត្រីនៅតាមស្ថាប័នខ្លះ នាខេត្តព្រះសីហនុ កំពុងលួចកាប់រំលំដើមឈើដើម្បីរានយកដីធ្វើកម្មសិទ្ធិខុសច្បាប់សម្រាប់គម្រោងដាំកូនឈើប្រណិតនៅក្នុងទិវាដាំកូនឈើ នាខែកក្កដា ឆ្នាំ២០១៦ ជំនួសឲ្យការឈូសឆាយដីព្រៃដែលមានដើមឈើធំៗដុះស្រាប់ ហើយមិនទាន់មានអ្នកបំផ្លាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។