អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ប្រមាណ​១០នាក់ ស្លៀកពាក់​ស៊ីវិល នៅ​ថ្ងៃទី១ ខែ​កក្កដា បាន​ចុះ​មក​ថត​រូប​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

អាជ្ញាធរ​បាន​គំរាម​​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ បើ​ពលរដ្ឋ​នៅតែ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះដូរ​ដី​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ។

តំណាង​ពលរដ្ឋ​បឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី១ ខែ​កក្កដា ថា ពលរដ្ឋ​ព្រួយ​បារម្ភ​ថា អាជ្ញាធរ​អាច​រុះរើ​ផ្ទះ​សម្បែង​របស់​ពួកគេ​ជាថ្មី ដោយ​មិន​ជូន​ដំណឹង និង​មិន​ទាន់​ទូទាត់​សំណង​ដល់​ពលរដ្ឋ។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ដាប់​នូវ​តម្រូវការ​របស់​ពលរដ្ឋ និង​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​បាន​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

លោកស្រី ស៊ា ដាវី៖«គ្មាន​ដី​ឯណា​ច្រើន​នោះ​ទេ មិន​បាន​កន្លះ​ហិកតារ​ផង អីចឹង​សម្បទាន​ឲ្យ​ពួក​ខ្ញុំ​មក​ឲ្យ​ពួក​ខ្ញុំ​បាន​រស់​នៅ​ហ្នឹង​កន្លែង​ទៅ កុំ​ឲ្យ​បញ្ជូន​កូន​ចៅ​មក​ថត​ផ្ទះ​ខ្ញុំ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​អីចឹង ដើរ​ថត ​ដើរ​និយាយ​ដូរ​ដី​ទៅ​គេ ទៅ​អស់​ហើយ​កន្លះ​ខែ​ទៀត​បើ​មិន​ទទួល​យក​ដំណោះស្រាយ​គេ​នឹង​មក​ឈូស​ចោទ គេ​នឹង​បញ្ចប់​ហើយ ផ្ដល់​សំណង​ដល់​ពលរដ្ឋ​អីចឹង ឈប់​ទៅ​សម័យ​អភិវឌ្ឍ កុំ​គំរាម​ពលរដ្ឋ​ទៀត សុំ​អង្វរ​សុំ​ចិត្ត​អស់​លោក ហើយ​បញ្ជូន​តែ​មន្ត្រី​អត់​ក្របខណ្ឌ​មក​ធ្វើ​បាប​ពលរដ្ឋ​អីចឹង ឈប់​បាន​ឈប់​ទៅ​សុំ​អង្វរ​មែន ពួក​ខ្ញុំ​រស់នៅ​យ៉ាង​វេទនា​មិន​គ្រប់​គ្រាន់​ចិត្ត​របស់​លោក ឬក៏​យ៉ាង​ម៉េច»។

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មិថុនា បាន​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ខណៈ​ពលរដ្ឋ​មិន​ទាន់​ទទួល​យក​គោល​នយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១ ខែ​កក្កដា។

ក្រោយ​ពី​អាជ្ញាធរ​បាន​គំរាម​រុះរើ​ផ្ទះ​ហើយ​នោះ ពលរដ្ឋ​បឹងតាមោក ប្រមាណ​២០នាក់ នៅ​រសៀល​ថ្ងៃទី ១ កក្កដា បាន​ជួប​ជុំ​គ្នា កាន់​បដា​ និង​រូបថត​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី។ បដា​នោះ​ពលរដ្ឋ​បាន​សរសេរ​ថា «អភិវឌ្ឍ​ចុះ តែ​កុំ​រុះ​ផ្ទះ​ខ្ញុំ»។

វិវាទ​ដីធ្លី​រ៉ាំរ៉ៃ របស់​ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោកបាន​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ​មក​ហើយ ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់​ដី​នៅ​តំបន់​នោះ ឱ្យ​ទៅ​អ្នក​មាន​លុយ​មាន​អំណាច​ជា​បន្ត​បន្ទាប់ សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា។ ចំណែក​ពលរដ្ឋ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ហើយ​ពលរដ្ឋ​ចំនួន​១៨នាក់ កំពុង​ជាប់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ករណី នៅ​តុលាការ ដោយ​សារ​តែ​ទាមទារ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។