ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសាររស់នៅខេត្តកំពង់ធំជាប់ព្រំដែនខេត្តព្រះវិហារ ស្ដាយស្រណោះដីចម្ការវិលជុំ ដីព្រៃអាស្រ័យផល និងដីសមូហភាពបន្សល់ចុងក្រោយទំហំជិត ១០០ហិកតារបានបាត់បង់ទាំងស្រុង។ អ្នកភូមិបន្តចោទក្រុមហ៊ុនឯកជនមួយថា បានឈូសឆាយរំលោភយកដីរបស់ពួកគាត់ទាំងអស់។ រីឯពលរដ្ឋមួយចំនួន ដែលចេញមុខតវ៉ាទាមទារដីធ្លីទាំងនេះ មិនត្រឹមតែគ្មានដំណោះស្រាយពីអាជ្ញាធរនោះទេ បែរក្លាយជាជនរងគ្រោះ ជាប់បណ្ដឹងនៅតុលាការទៅវិញ។
ជនជាតិដើមកួយ ៣៣គ្រួសារ រស់នៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ កំពុងពិភាក្សាគ្នាត្រៀមរៀបចំឯកសារ ដើម្បីដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរជាតិករណីក្រុមហ៊ុន ហាក់ ប៊ុនថា បានឈូសឆាយរំលោភដីស្រែចម្ការ និងដីព្រៃអាស្រ័យផលបន្សល់ចុងក្រោយទំហំ ៧៥ហិកតារអស់ទាំងស្រុង នៅរយៈពេល ៦ខែចុងក្រោយនេះ។
អ្នកភូមិថា ពលរដ្ឋ ២នាក់ ដែលចេញមុខតវ៉ាទាមទារដីធ្លី តំណាងក្រុមហ៊ុន ហាក់ ប៊ុនថា បាន ប្ដឹងពួកគាត់ទៅតុលាការខេត្តព្រះវិហារ ដើម្បីគំរាមកំហែងមិនឱ្យងើបតវ៉ាទាមទារដីទាំងនោះ។
តំណាងពលរដ្ឋលោកស្រី ងួង ហ៊ាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី១ កញ្ញាថា ក្រុមហ៊ុនបានប្ដឹងលោកស្រី និងប្ដីរបស់លោកស្រីទៅតុលាការ ហើយលោកស្រីបានចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហាររួចហើយ កាលពីថ្ងៃទី៣០ សីហា។លោកស្រីថា ក្នុងសវនាការលោកស្រីបានរៀបរាប់ពីភាពអយុត្តិធម៌ជាច្រើនប្រាប់តំណាងអយ្យការ ទាក់ទិនករណីដីស្រែចម្ការ ដីធ្លីអាស្រ័យផលដែលពលរដ្ឋបង្កបង្កើនផលតាំងពីដូនតា ត្រូវបានក្រុមហ៊ុនបន្តឈូសឆាយកម្ទេចទាំងស្រុង បណ្ដាលឱ្យពលរដ្ឋជួបការលំបាកខ្វះខាតដីធ្លីបង្កបង្កើនផលរកចំណូលចិញ្ចឹមជីវិត។ លោកថា បើទោះបីជា អ្នកភូមិស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្ដី ក៏ក្រុមហ៊ុនមិនផ្អាកសកម្មភាពឈូសឆាយដែរ៖ «ខ្ញុំអត់បានប្រើអំពើហិង្សាលើគាត់ទេ ហើយគាត់ឈូសឆាយដីខ្ញុំ គាត់ប្ដឹងខ្ញុំថា ទៅធ្វើអំពើហិង្សា ថា ខ្ញុំមានកាំបិត និងកាំភ្លើងច្នៃ តែតាមពិតខ្ញុំអត់មានប្រើរបស់អស់ហ្នឹងទេ។ គាត់ចោទអត់មានការពិត»។
ស្ត្រីដដែលបន្ថែមថា គ្រួសារលោកស្រី មានដី ៥ហិកតារ ត្រូវក្រុមហ៊ុននេះ ឈូសឆាយរំលោភយកអស់ទាំងស្រុងដែរ ហើយបច្ចុប្បន្នកម្មករក្រុមហ៊ុន បានកាយប្រឡាយហ៊ុមព័ទ្ធមិនឱ្យលោកស្រីចេញចូលតំបន់នោះទេ។ លោកស្រីបន្ថែមថា ក្រុមហ៊ុនបានឈូសឆាយកម្ទេចដំណាំដាំដុះ ដូចជា ស្រូវ ស្វាយចន្ទីរ ស្វាយ និងពោតអស់ទាំងស្រុង ហើយក្នុងពេលដែលពួកគាត់តវ៉ា បែរជាតំណាងក្រុមហ៊ុនប្ដឹងបកពួកគាត់ទៅតុលាការវិញ។ លោកស្រីចាត់ទុកទង្វើនេះថា ជារឿងអយុត្តិធម៌បំផុត និងជាការធ្វើបាបពលរដ្ឋក្រីក្រ៖ «មកទល់ពេលនេះគេឈូសឆាយ និងដាំដំណាំអស់ហើយ អត់មានសល់ដីសូម្បីតែបាត់ដៃក៏អត់មានសល់ដែរ»។
កាលពីខែកក្កដា ឆ្នាំ២០២១ តំណាងអយ្យការខេត្តព្រះវិហារ លោក សេង ម៉េងស្រ៊ុន បានចេញដីកាកោះហៅ លោកស្រី ងួង ហ៊ាង និងប្ដី ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៣០ ខែសីហា ក្នុងដំណើររឿងហិង្សាលើអ្នកកាន់កាប់អចលនវត្ថុសុចរិត និងធ្វើឱ្យខូចខាតដោយចេតនា។ សំណុំរឿងនេះ តំណាងក្រុមហ៊ុន ហាក់ ប៊ុនថា គឺជាដើមបណ្ដឹង។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ មានប្រសាសន៍ថា តំណាងអយ្យការមិនបានឃុំខ្លួនពលរដ្ឋនោះទេ ហើយសំណុំរឿងនេះមិនទាន់ដល់ដៃចៅក្រមស៊ើបសួរនៅឡើយដែរ។ លោកថា ស្ថាប័នអយ្យការកំពុងស៊ើបអង្កេតរឿងនេះ ព្រោះក្រុមហ៊ុនបានប្ដឹងពលរដ្ឋក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ ប្រើហិង្សាកាន់កាប់អចលវត្ថុសុចរិត។ ទោះយ៉ាងណាលោកថា ប្រសិនបើក្រុមហ៊ុនប្រព្រឹត្តកំហុសពលរដ្ឋក៏មានសិទ្ធិប្ដឹងក្រុមហ៊ុនវិញដែរ ដោយភ្ជាប់ភស្តុតាង និងឯកសារពាក់ព័ន្ធមកស្ថាប័នអយ្យការ៖ «ដាក់បណ្ដឹងមក ក្រុមហ៊ុនក៏ដោយពីព្រោះសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ អត់មានគិត អ្នកមាន អ្នកក្រ ឋានៈ បុណ្យស័ក្ដិ និន្នាការនយោបាយទេ។ អត់អីទេ ប្ដឹងមក កុំរំលោភយកដីគេ ហើយថា ដីខ្លួនឯង ធ្វើម៉េចឱ្យតែដីខ្លួនឯង ពិតប្រាកដឬ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុន ហាក់ ប៊ុនថា លោក សែ លីណា ហៅ តយ បាននៅឡើយទេ នៅថ្ងៃទី១ កញ្ញា។ ចំណែកអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ ព្រោះទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ដែលចុះអង្កេតរឿងនេះ សង្កេតឃើញថា ដើមបណ្ដឹង គឺជាជនល្មើស ដែលប្រើឈ្មោះក្រុមហ៊ុន ឈូសឆាយតំបន់ប្រវត្តិសាស្ត្រជនជាតិដើមកួយ បង្កឱ្យបាត់បង់ព្រៃអាស្រ័យផល ច្បារដំណាំ ព្រៃសមូហភាព និងដីព្រៃពនេចរជាច្រើនហិកតារ។ លោកចាត់ទុកពាក្យបណ្ដឹង របស់ក្រុមហ៊ុន គឺជាការគំរាមកំហែង បំបាក់ទឹកចិត្តពលរដ្ឋ ដែលហ៊ានតវ៉ាទាមទារ៖ «ក្រុមហ៊ុនបានឈូសឆាយតំបន់ជំនឿសន្លុងស្លដែក គាត់ជឿតាំងបុរាណមក អាហ្នឹងគឺរំលោភច្បាប់មួយហើយ។ អ្នកដែលប្ដឹងគាត់ គឺជាជនល្មើស មានអំណាច ដែលប្ដឹងពួកគាត់គ្មានអំណាចទៅវិញ។ វាផ្ទុយគ្នា វាបញ្ច្រាសគ្នា»។
តំបន់សន្លុងស្លដែក ឬហៅម្យ៉ាងទៀតថា សន្លុងត្នោត ជាកន្លែងគោរពបូជាយ៉ាងសំខាន់របស់អ្នកស្រុកតាំងពីដើមមក។ លើសពីនេះតំបន់នោះ មានទឹកផុសខួបប្រាំង និងវស្សា អំណោយផលគាប់ប្រសើរឱ្យអ្នកស្រុកធ្វើស្រែចម្ការគ្រប់រដូវកាលបាន។ ទន្ទឹមនឹងនេះ មានស្រះទឹកបុរាណ ដែលដូនតាកួយកសាង ដើម្បីចម្រាញ់ថ្មឱ្យក្លាយជាដែក អមដោយចង្ក្រាន បំពង់បង្ហូរដែក ជាដើម។ ជនជាតិដើមកួយថា សំណល់វប្បធម៌របស់ជនជាតិដើមកួយទាំងនេះ ត្រូវក្រុមហ៊ុនគេឈូសកម្ទេចចោលទាំងស្រុង។ បន្ថែមពីនេះ តំបន់នោះមានដើមឈើធំៗ ទួលបុរាណ សត្វព្រៃ វល្លិ និងកន្លែងឃ្វាលគោក្របី ដែលអ្នកស្រុកចាត់ទុកថា ជារបស់ជនជាតិដើមកួយ ត្រូវបានបាត់បង់ទាំងស្រុងដែរ ហើយបច្ចុប្បន្នតំបន់នោះ គ្រប់គ្រងដោយក្រុមហ៊ុន ហាក់ ប៊ុនថា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។