ភរិយាតំណាងពលរដ្ឋទំនាស់ដីធ្លីម្នាក់ដែលទើបសម្រាកកូនស្រីបាន ១សប្ដាហ៍ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បង្ហាញអារម្មណ៍រន្ធត់ នៅពេលដឹងថា តុលាការកាត់ទោសស្វាមីលោកស្រីរបស់ខ្លួនឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ក្នុងរឿងចេញមុខការពារព្រៃឈើសហគមន៍ ដែលកើតឡើងកាលពីជាង ៤ឆ្នាំមុន។ ស្ត្រីកូនខ្ចីរូបនេះ ហៅថាការផ្តន្ទាទោសប្តីរបស់ខ្លួនបែបនេះ ជារឿងអយុត្តិធម៌ និងមិនអាចទទួលទេ។
លោកស្រី ឈឿន ស្រីសុខ ដែលត្រូវជាប្រពន្ធលោក សែម សាំង ថ្លែងថា លោក សែម សាង និងអ្នកភូមិផ្សេងទៀត តែងនាំគ្នាទៅទប់ស្កាត់ និងដកម៉ាស៊ីនអារឈើទុកប្រគល់ឱ្យអាជ្ញាធរឃុំ នៅពេលមានសកម្មភាពលួចកាប់ព្រៃសហគមន៍ត្រពាំងព្រីង ពីសំណាក់ជនខិលខូច យកទៅលក់ឱ្យឈ្មួញ។
លោកស្រីបន្តថា ក្រុមអ្នករកស៊ីឈើ មិនសប្បាយនឹងប្រជាសហគមន៍ ព្រោះតែបាត់ប្រយោជន៍ផ្ទាល់ខ្លួន ពួកគេក៏រួមគ្នាដាក់ពាក្យប្ដឹងប្ដីលោកស្រី ទៅតុលាការខេត្តត្បូងឃ្មុំ រឿងដកយកម៉ាស៊ីនអារឈើ ២គ្រឿង ក្នុងដីមានទំនាស់ជាមួយក្រុមហ៊ុនចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment)នៅខែកុម្ភៈ ឆ្នាំ២០១៦។
ចាប់តាំងពីនោះមក លោក សែម សាង និងអ្នកភូមិ៦នាក់ផ្សេងទៀត ត្រូវបានតុលាការខេត្តត្បូង កោះហៅឱ្យចូលខ្លួនបំភ្លឺជាច្រើនលើក។
លោកស្រីបន្ថែមថា លុះមកដល់ពាក់កណ្ដាលខែតុលាឆ្នាំ២០១៩ លោក សែម សាង ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន រួចបញ្ជូនទៅឃុំពន្ធនាគារខេត្ត ដោយគ្មានបង្ហាញដីកាតុលាការ ឬប្រាប់ពីមូលហេតុណាមួយឡើយ ក្រោយពីលោកត្រឡប់មកពីចូលរួមសិក្ខាសាលាមួយ ស្ដីអំពីវិធីចិញ្ចឹមមាន់ នៅខេត្តកំពង់ឆ្នាំង។
លោកស្រីថា លោក សែម សាង គឺជាមនុស្សស្លូតបូត និងចេញការពារផលប្រយោជន៍ដីព្រៃទុកជាប្រយោជន៍រួមរបស់សហគមន៍ ប៉ុន្តែបែរតុលាការខេត្តត្បូងឃ្មុំកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារដល់ទៅ៧ឆ្នាំ។ ស្ត្រីកូនខ្ចីរូបនេះ យល់ថា វាជារឿងអយុត្តិធម៌ និងមិនអាចទទួលបានឡើយ៖ « ខ្ញុំចង់ស្នើទៅតុលាការ សូមតុលាការដោះលែងគាត់ឱ្យឆាប់ៗទៅ។ សូមគាត់ថាកុំដាក់ឃុំឃាំងគាត់យូរឆ្នាំពេក ត្រឹមតែ ១ឆ្នាំបានហើយ ដាក់ដល់ ៧ឆ្នាំដូចជាវាពេកហើយ តុលាការហ្នឹងនោះ កាត់ទោសយ៉ាងម៉េចទេ។ បើសិនជាប្ដីខ្ញុំទៅសម្លាប់ចាក់គេ ខ្ញុំក៏អត់តវ៉ារឿងទោសអ្វីធ្ងន់ម្លឹងដែរ ។ ប្ដីខ្ញុំគ្រាន់តែទៅឃាត់ត្រង់ស៊ីន័រគេ ហេតុអ្វីតុលាការកាត់ទោសដល់ ៧ - ៨ឆ្នាំ អ៊ីចឹង »។
កាលពីថ្ងៃទី៣ មិថុនា ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តត្បូងឃ្មុំ លោក ផុន វណ្ណា សម្រេចផ្ដន្ទាទោស លោក សែម សាង វ័យ ៣៧ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទកំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។
ក្រោយពីតុលាការចេញសាលក្រមរឿងនេះ លោក សែម ចំណាន ដែលត្រូវជាប្អូនជីដូនមួយលោក សែម សាង ហើយស្ថិតក្នុងចំណោមមនុស្ស ៦នាក់ទៀត ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីតាមចាប់ខ្លួនពីខាងសមត្ថកិច្ច។
លោកឱ្យដឹងថា ក្នុងហេតុការណ៍ចុះទប់ស្កាត់បទល្មើសកាប់ឈើ ពីជាង៤ឆ្នាំមុននោះ ខាងសហគមន៍មិនមានប្រើអាវុធ ឬកាំបិត ទៅគំរាមក្រុមអ្នកកាប់ឈើនោះទេ ។ លោកបន្តថា លោក សែម សាង និងអ្នកភូមិប្រមាណ ៣០នាក់ទៀត គ្រាន់តែទៅឃាត់ពួកគេ កុំឱ្យកាប់ឈើតទៀត ដោយដកយកម៉ាស៊ីនអារឈើទុកប៉ុណ្ណោះ។
តំណាងពលរដ្ឋរូបនេះយល់ថា សាលក្រមដែលតុលាការផ្ដន្ទាទោសពួកគាត់ ៨នាក់ ដាក់ពន្ធនាគារ៧ឆ្នាំ គឺមានអំពើពុករលួយក្នុងរឿងនេះ ព្រោះតុលាការ ផ្អែកតែលើភស្តុតាងរបស់ដើមបណ្ដឹង ដោយមិនបានចុះស៊ើបអង្កេតដល់ទីតាំងកើតហេតុឱ្យច្បាស់លាស់៖ « រឿងកាត់ក្ដីនេះ ខ្ញុំមិនចេះច្បាប់អីទេ ប៉ុន្តែមើលទៅវាត្រូវនឹងអង្គហេតុ ហើយវាអយុត្តិធម៌សម្រាប់ពួកខ្ញុំទៀត។ តើមានច្បាប់ឯណា មាត្រាទីប៉ុន្មាន ដែលយើងទៅហាមឃាត់ក្នុងគោលបំណង មិនមែនយើងទៅចាប់យកត្រង់ស៊ីន័រមកលក់ទេ ។ យើងចាប់របស់គេហើយ ត្រូវរក្សាទុក ហើយរបស់នេះត្រូវយកទៅលក់មិនមែនទេ គឺយើងចាប់មកទុកដើម្បីរកដំណោះស្រាយថា ធ្វើកិច្ចសន្យាឱ្យឈប់ចូលទៅក្នុងទីតាំងដីហ្នឹងទៀត ពីព្រោះដីនោះជាដីទំនាស់ ។ អ៊ីចឹងហើយការចេញសាលក្រមរបស់តុលាការនៅខេត្តត្បូងឃ្មុំនេះ គឺវាអយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង »។
មេធាវីនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc)លោក សម ទិត្យសីហា ដែលការពារក្ដីលោក សែម សាង លើកឡើងថា ក្នុងពេលជំនុំជម្រះក្ដី ខាងភាគីដើមបណ្ដឹងរដ្ឋប្បវេណីដែលជាប្រជាពលរដ្ឋក្នុងឃុំត្រពាំងព្រីង ទទួលស្គាល់ថា គ្មាននរណាប្រើអំពើហិង្សាដាក់ពួកគាត់នោះទេ ប៉ុន្តែ ចៅក្រមនៅតែចោទប្រកាន់កូនក្ដីលោក ពីបទឧក្រិដ្ឋ ដោយដាក់ទោសរហូតដល់ ៧ឆ្នាំនេះ។ លោក យល់ថា បទចោទនេះ មិនស៊ីសង្វាក់គ្នានឹងអង្គហេតុ ដែលបានកើតឡើង កាលពីជាង ៤ឆ្នាំមុននោះទេ៖ « ដើមបណ្ដឹងរដ្ឋប្បវេណី គាត់ទទួលស្គាល់ថា ពិតជាមានការដកហូតមែន ប៉ុន្តែអត់មានប្រើអំពើហិង្សា ឬក៏ការគំរាមកំហែងអីទេ ។ អ៊ីចឹង ! ក្នុងនាមខ្ញុំជាមេធាវី គួរតែតុលាការចោទប្រកាន់គាត់ពីបទកំហែងយកទទេ ដោយមិនកំហែងយកមានស្ថានទម្ងន់ ដែលជាបទឧក្រិដ្ឋ គួរតែគាត់ចោទប្រកាន់ទៅលើមជ្ឈិមវិញ ព្រោះចោទបទឧក្រិដ្ឋ វាធ្ងន់ធ្ងរ ។ បើយើងមានមាត្រា៥នៃក្រមព្រហ្មទណ្ឌ ចែងថា ចៅក្រម ព្រះរាជអាជ្ញា មិនអាចធ្វើឱ្យរឿងរីកធំទេ ។ ខ្ញុំមានការសោកស្ដាយមែនទែន ចំពោះការសម្រេចក្ដីទៅលើលោក សែម សាង រហូតដល់៧ឆ្នាំ ។ ការដាក់ទោសទណ្ឌ វាធ្ងន់ធ្ងរ »។
មេធាវីរូបនេះ ឱ្យដឹងថា លោក សែម សាង ដែលកំពុងមានជំងឺជាប់ខ្លួន មិនសុខចិត្តនឹងការសម្រេចនេះទេ ។ លោក និងមេធាវី ៣នាក់ទៀត នឹងទៅជួបពិភាក្សាជាមួយលោក សែម សាង នៅពន្ធនាគារ ដើម្បីឱ្យកូនក្ដីផ្ទេរសិទ្ធឱ្យមេធាវី ដាក់បណ្ដឹងទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យសំណុំរឿងនេះឡើងវិញ។
ប្រធានសម្ព័ន្ធសមាគមកសិករកម្ពុជា (CCFC) លោក ថេង សាវឿន ដែលស្គាល់លោក សែម សាង ជាច្រើនឆ្នាំមកនេះ មានប្រសាសន៍ថា តំណាងពលរដ្ឋរូបនេះ មិនមែនជាមនុស្សកាចសាហាវនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើលោក សែម សាង ជាមនុស្សគិតពីប្រយោជន៍ផ្ទាល់ខ្លួន នោះប្រជាពលរដ្ឋនៅភូមិស្រែប្រាំង និងភូមិបុស្បស្នោរ មិនគាំទ្រលោកធ្វើជាតំណាងរបស់ពួកគាត់ទេ។
គ្រួសារលោក សែម សាង គឺជាគ្រួសារកសិករក្រីក្រមួយ ស្ថិតនៅក្នុង ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ។ ប្ដីប្រពន្ធមួយគូនេះ តែងប្រកបរបរស៊ីឈ្នួលដាំដំឡូង និងដើររើសស្វាយឱ្យឈ្មួញ ដើម្បីប្ដូរយកប្រាក់ចិញ្ចឹមកូន។ ក្នុងអំឡុងពេលមានទម្ងន់កូនទី៣ ហើយប្ដីជាប់ឃុំ លោកស្រី ឈឿន ស្រីសុខ នៅតែបន្តដើររកប្រាក់ ដោយរើសស្វាយ និងដាំដំឡូងឱ្យគេ រហូតដល់សម្រាកបានកូនស្រីមួយ កាលពីចុងខែឧសភា។
លោកស្រី ឈឿន ស្រីសុខ ដែលត្រូវទទួលអម្រែកចិញ្ចឹមកូន៣នាក់ ស្នើដល់សាលាឧទ្ធរណ៍ ជួយពិនិត្យរឿង លោក សែម សាង ឡើងវិញ និងដោះលែងគាត់ ឱ្យមានសេរីភាព បានជួបជុំក្រុមគ្រួសារវិញ ដើម្បីស្វែងរកប្រាក់ចិញ្ចឹមកូនស្រីទើបនឹងកើត៕