ស្ត្រី​មេម៉ាយ ផាវ ញ៉ឺង តស៊ូ​ការពារ​សិទ្ធិ​ដីធ្លី​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

0:00 / 0:00

លោកស្រី ផាវ ញ៉ឺង គឺជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ឈាន​មុខ​នៅ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​ការពារ​ដីធ្លី​របស់​ពួកគេ ពី​កា​រំលោភ​យក​ពី​អ្នក​មាន​អំណាច មាន​ទ្រព្យ​សម្បត្តិ ឬ​ហៅថា​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ លោកស្រី​បាន​ប្រឹងប្រែង​ចូលរួម​ក្នុង​ការ​តស៊ូ​មតិ ការពារ​ដីចម្ការ និង​ដី​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ជម្លោះដីធ្លី ដែល​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ហើយ​ជួប​ការ​លំបាក​ជាច្រើន​ក្នុង​ការ​រស់នៅ​ដ្បិត​ជា​ស្ត្រី​មេម៉ាយ ដែល​ត្រូវ​ទទួលខុសត្រូវ​ចិញ្ចឹម​កូន ៥​ក្នុង​បន្ទុក។

លោកស្រី ផាវ ញ៉ឺង ដែល​មាន​វ័យ ៤៥​ឆ្នាំ លើក​ឡើង​ថា ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​ជួប​បញ្ហា​ជាច្រើន ក្នុង​ជីវភាព​រស់នៅ រាប់​ទាំង​ការ​បែកបាក់​គ្រួសារ កូនចៅ​ពុំ​បាន​ទៅ​សាលារៀន ជីវភាព​គ្រួសារ​ធ្លាក់​ចុះ និង​ការ​ធ្វើទុក្ខបុកម្នេញ​ជាច្រើន​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន ដែល​ប៉ុនប៉ង​ចង់​បាន​ដី​ពលរដ្ឋ។

តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។ (RFA/Sorn Chanratha)

លោកស្រី​បន្ត​ថា អ្នកស្រី​ប្រឹងប្រែង​តស៊ូ​ការពារ​សិទ្ធិ​ដីធ្លី​ក៏​ព្រោះតែ​ដី​គឺជា​អ្វីៗ​ទាំងអស់ ពោល​គឺ​បើ​គ្មាន​ដី​គឺ​គ្មាន​ជីវិត៖ «ដីធ្លី​ត្រូវ​បាន ហេង ហ៊ុយ រំលោភ​យក​ទៀត អ៊ីចឹង​ទៅ​ក្រុម​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាក​មែនទែន គ្មាន​អី​ប្រៀប​ទេ បើ​សិន​ថា មនុស្ស​ហ្នឹង​អត់​ខ្វល់ រឿង​ដី​ហ្នឹង​គឺ​ក្លាយ​ជា​មនុស្ស​វិកល​ចរិត ដើរ​រើស​តាម​ចិញ្ចើម​ផ្លូវ​បាត់​ទៅ​ហើយ ប៉ុន្តែ ទៅ​បី​ជា​យ៉ាងម៉េច​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​ខំ​ប្រឹងប្រែង ដើម្បី​កូន​ខ្ញុំ​ដែរ ដោយសារ​ខ្ញុំ​អត់​មាន​ដី​កន្លែង​ផ្សេង​ទេ​អូន​។ ខ្ញុំ​ត្រូវតែ​តាំងចិត្ត​ថា ថ្វី​ដ្បិត​តែ ថា​ខ្ញុំ​និយាយ​ទៅ​មាន​អារម្មណ៍​ថា ឈឺចិត្ត យំ​ក៏ដោយ​ក៏​ខ្ញុំ​នៅ​ទេ​ហ៊ាន​ប្រឈមមុខ ខ្ញុំ​នៅតែ ហ៊ាន​តតាំង នៅ​តែ​ហ៊ាន​ធ្វើ​ដើម្បី​កូន​ខ្ញុំ»។

គ្រួសារ​លោកស្រី ផាវ ញ៉ឺង មិន​ខុស​ពី​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ទៀត​ដែរ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​២ ដែល​ចូល​ទៅ​អភិវឌ្ឍន៍ និង​ដាំ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង គឺ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេលឡុបមិន​(Union Development Group) និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេង​ហ៊ុយ អាហ្គ្រីខលឈ័រ (Heng Huy Agriculture Group)​។

នៅ​ក្នុង​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល គ្រួសារ​លោកស្រី ផាវ ញ៉ឺង បាន​ទិញ​ដី​មួយ​កន្លែង​ជា​ដី​ភូមិ កាលពី​ឆ្នាំ​២០០៤ មាន​ទំហំ ៤០​ម៉ែត្រ​គុណ​នឹង ៣០០​ម៉ែត្រ​ពី​បុរស​ម្នាក់ ដែល​បាន​កាន់​កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៩៥។ គ្រួសារ​លោកស្រី បាន​សង់ផ្ទះ និង​ដាំ​ស្វាយ​នៅ​លើ​ដី​នោះ​ចាប់​ពី​ពេល​នោះ​មក​។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០៧ កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប្រមាណ​៣០​នាក់​បាន​ចុះទៅ​ការពារ​ក្រុម​កម្មករ​ប្រមាណ ៣០​នាក់​ដែរ​នោះ បាន​ចុះទៅ​ឈូស​ឆាយ​ដី​ក្នុង​ភូមិ​ព្រែកជីក ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ទំហំ​៩០​ហិកតារ គឺ​ប៉ះពាល់​ដល់​ដីស្រែ​ពលរដ្ឋ​ចំនួន​៣១​គ្រួសារ ហើយ​ថែមទាំង​បាន​កម្ទេច​ផ្ទះ​ពលរដ្ឋ​ចំនួន​៦​ខ្នង​។ ចាប់​ពី​ពេល​នោះ​ហើយ​ដែល​លោកស្រី ផាវ ញ៉ឺង ត្រូវ​បាន​អ្នកភូមិ​ស្នើ​ឱ្យ​ធ្វើជា​តំណាង​ពួកគេ ដើម្បី​តវ៉ា ការពារ​ដីធ្លី​ពួកគេ។

រាល់​ការ​តវ៉ា​របស់​ពលរដ្ឋ​មកពី​ភូមិ​ព្រែកជីក ឃុំ ជីខក្រោម ស្រុកស្រែ​អំបិល អ្នកស្រី ផាវ ញ៉ឺង តែងតែ​នាំ​មុខ​គេ​ក្នុង​ការ​តវ៉ា ជជែក​វែក​ញ៉ែ​ក​ជាមួយ​ក្រុម​សន្តិសុខ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​នានា ដែល​ពួកគេ​ទៅ​តវ៉ា។

អ្នកភូមិ​បញ្ជាក់​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​ឈូស​ឆាយ​ដី​ខុស​ពី​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​កាន់កាប់។

កាល​ពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដងពែង លើ​ផ្ទៃដី​ទំហំ ៧៧៩​ហិកតារ ស្ថិត​ក្នុង​ភូមិ​ឈូក ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ទៅ​ឱ្យ លោក ហេង ហ៊ុយ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​មូលដ្ឋាន​រួមមាន លំនៅឋាន និង​ស្រែចម្ការ​ជាដើម គឺ​មិនមែន​នៅ​ក្នុង​ភូមិ​ព្រែកជីក​ឡើយ​។ អ្នកភូមិ​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន ហេង ហ៊ុយ បាន​ដាំ​អំពៅ​នៅ​លើ​ដី​ទំនាស់ ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្រុមហ៊ុន កោះកុង​ស៊ូហ្គើរ របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់អំណាច​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ដែល​ប្ដូរ​ឈ្មោះ​ពី​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករស ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​នោះ​ដែរ។

ក្នុង​ជម្លោះដីធ្លី​នេះ​ក្រុមហ៊ុន ហេង ហ៊ុយ បាន​ប្ដឹង​លោក ស្រី ផាវ ញ៉ឺង ទៅ​តុលាការ​នៅ​ក្នុង​ឆ្នាំ​២០១០ ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ប្រឆាំង​ម្ចាស់​អចលនទ្រព្យ​គឺ​ក្រុមហ៊ុន​លោក ហេង ហ៊ុយ ប៉ុន្តែ​គេ​បាន​ទម្លាក់​បទ​ចោទ​វិញ​នៅ​ពេល​លោកស្រី​បង្ខំចិត្ត​កាត់​ដី​ខ្លះ ដែល​លោកស្រី​កាន់កាប់​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​។ ក្នុង​ឆ្នាំ​២០១៣ លោកស្រី ផាវ ញ៉ឺង ជាប់​បណ្ដឹង​ម្ដងទៀត​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ដាក់​ថ្នាំ​បំពុល​សត្វ​គោ ២​ក្បាល​របស់​ក្រុមហ៊ុន ប៉ុន្តែ​ត្រូវ​ទម្លាក់​ចោល​វិញ​ក្រោយ​រក​មិន​ឃើញ​ថា លោកស្រី បាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​នោះ​។

​ក្នុងចំណោម​ពលរដ្ឋ​១១៧​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ ភាគច្រើន​បាន​បង្ខំចិត្ត​ទទួល​ដំណោះស្រាយ របស់​អាជ្ញាធរ និង​ក្រុមហ៊ុន ហេង ហ៊ុយ​។ មកដល់ពេលនេះ​នៅ​ពលរដ្ឋ​ចំនួន​១៥ គ្រួសារ​រួម​ទាំង​លោកស្រី ផាវ ញ៉ឺង ផង​នៅ​មិនទាន់​អាច​ទទួលយក​ដំណោះស្រាយ​នេះ​បាន ហើយ​បន្ត​ការ​តវ៉ា​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាននៅ​សាលាខេត្ត​កោះកុង ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការិយាល័យ​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ជាដើម​។ ថ្មីៗ​ នេះ​ អាជ្ញាធរ​បាន​ចុះទៅ​វាស់វែង​កំណត់​ព្រំ​ដី​ឱ្យ​ពលរដ្ឋ​ទាំង ​១៥​គ្រួសារ ប៉ុន្តែ​អ្នកភូមិ​ឱ្យដឹង​ថា ដី​របស់​លោក​ស្រី ផាវ ញ៉ឺង បែរ​ជា​ពុំ​ទទួល​បាន​ការវាស់វែង​ត្រឹមត្រូវ​ឡើយ។

តំណាង​សហគមន៍​ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ស្វែងរក​អន្តរាគមន៍​ដំណោះស្រាយ​បញ្ហា​ដីធ្លី នា​មុខ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។
តំណាង​សហគមន៍​ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ស្វែងរក​អន្តរាគមន៍​ដំណោះស្រាយ​បញ្ហា​ដីធ្លី នា​មុខ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។ (RFA)

ក្រៅ​ពី​នេះ​លោកស្រី ផាវ ញ៉ឺង រង​ការប្រមាថ ការ​បៀតបៀន និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ទៀត​។ លោកស្រី​ថា ថ្មីៗ​ នេះ ​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​ផ្ដាច់មុខ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ស្រុកស្រែ​អំបិល​បដិសេធ​ត​ភ្លើង​ឱ្យ​លោកស្រី​ឡើយ៖ «ចំពោះ​ខ្ញុំ ហេង ហ៊ុយ ធ្វើបាប​សម្បើម​ណាស់ ហើយ​រដ្ឋាភិបាល​មិន​បាន​គិតគូរ​ដល់​ខ្ញុំ​ទេ បើ​សិន​រដ្ឋាភិបាល​គិតគូរ​រឿង​ហ្នឹង គាត់​មិន​ទុក​រឿង​ហ្នឹង​មក​ដល់​​ថ្ងៃនេះ​ទេ គួរតែ​ដាក់​បញ្ហា​ហ្នឹង​ជា​ចំណុច​អាទិភាព ក្នុង​ការ​ដោះស្រាយ​ឱ្យ​ខ្ញុំ ព្រោះ​អី​ខ្ញុំ​អត់​អាច​ដើរ​ចេញពី​ដី​ហ្នឹង​បាន​ទេ»។

ចំណុច​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ពេល​ដែល​ជម្លោះដីធ្លី​នៅ​មិនទាន់​អាច​បញ្ចប់ ការ​ធ្វើទុក្ខបុកម្នេញ​នោះ​ក៏​នៅតែ​មិន​អាច​បញ្ចប់​ដែរ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង​លោក ប៊ី វណ្ណី សង្ស័យ​ថា ការ​ធ្វើទុក្ខបុកម្នេញ​ជា​ប្រចាំ​ទៅ​លើ​គ្រួសារ​លោកស្រី ផាវ ញ៉ឺង នេះ​ក៏​ដោយសារតែ​ការ​ហ៊ាន​ចេញមុខ​តវ៉ា​ការពារ​ដី​នេះ​ឯង៖ «ពួកគាត់​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ហ្នឹង​ក៏​ត្រូវ​គេ​គំរាមកំហែង ដាក់​កម្លាំង​ឃ្លាំមើល​ដូច​ឧក្រិដ្ឋជន​អី ជន​សង្ស័យ​អីចឹង រហូតដល់​ប៉ូលិស​តាមដាន​គាត់។ ពេល​ដែល​សហគមន៍ ឬក៏​តំណាង​ចេញ​ទៅ​ណា មាន​ប៉ូលិស​មក​ឃាត់​សួរ​ព័ត៌មាន​ថា គាត់​ចេញ​ទៅ​ណា ហើយ​បើ​ជិះ​ឡាន​ទៅ​ណា​ត្រូវ​ប៉ូលិស​ឃាត់​ឡាន​ហ្នឹង​ទៀត»។

មាន​ប្រសាសន៍​ថា នេះ​មិនមែន​ជា​ករណី​តែមួយ​ឡើយ មាន​ស្ត្រី​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិ​ដីធ្លី​ជាច្រើន​នាក់​ទៀត ក៏​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ និង​ពី​ភាគី​ជម្លោះ ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ទ្រព្យ​មាន​អំណាច។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR)​រំលឹក​ឡើងវិញ​នូវ​របាយការណ៍​ឆ្នាំ​២០១៦ ស្ដីពី ស្ថានភាព​របស់​ជន​ងាយ​រង​គ្រោះជា​ស្ត្រី​នៅ​ក្នុង​ជម្លោះដីធ្លី​។ ជារឿយៗ ​ស្ត្រី​បាន​ទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ប្រព័ន្ធ​តុលាការ ការ​គំរាមកំហែង​ផ្សេងៗ កន្លែង​តាំងទី​លំនៅ​ថ្មី​ច្រើនតែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ទទួល​បាន​សេវាកម្ម​សំខាន់ៗ​ចំ​បាច់​ដូចជា ទឹក អនាម័យ និង​ថែទាំ​សុខភាព​មូលដ្ឋាន​។ ជា​លទ្ធផល​នៃ​ជម្លោះដីធ្លី ជាង​៩១%​ នៃ​គ្រួសារ​បាន​ជួបប្រទះ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​គ្រួសារ (​ជាង​៥%) ស្ត្រី​បាន​ធ្វើ​ចំណាកស្រុក​ ដើម្បី​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង (​ជិត​៤៥%) ស្ត្រី​បាន​យក​ប្រាក់​កម្ចី​ធនាគារ​ដើម្បី​សម្រាល​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ជម្លោះដីធ្លី​។ ក្រៅ​ពី​នេះ ជាង​៩៨%​នៃ​ស្ត្រី​បាន​រាយការណ៍​ថា ខ្លួន​ទទួលរង​នូវ​បញ្ហា​ផ្លូវចិត្ត ដោយ​គិត​ចង់​បញ្ចប់​ជីវិត​របស់​ខ្លួន មានគំនិត​ធ្វើ​អត្តឃាត និង​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

មិន​ខុសគ្នា​នេះ​ទេ​លោកស្រី ផាវ ញ៉ឺង បាន​បែកបាក់​គ្រួសារ និង​ត្រូវ​ចិញ្ចឹម​កូន​ទាំង​៥​នាក់​តែ​ម្នាក់​ឯង​៖ «កូន​ខ្ញុំ​អា​បង​គេ​បំផុត​អាយុ ​២៥​ឆ្នាំ គាត់​អត់​បាន​រៀន​ទេ​។ គាត់​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​គេ ដើម្បី​យក​មក​ចិញ្ចឹមជីវិត​គ្រួសារ ឱ្យ​ម៉ែ​ដើរ​តវ៉ា។ តាម​ពិត​ទៅ​កូន​ខ្ញុំ ធ្វើ​ការ​មិន​រើសមុខ​ទេ ការងារ​អី​ក៏​ធ្វើ​ដែរ​ឱ្យ​តែ​គេ​ឱ្យ​លុយ​។ ហើយ​កូន​ទី​២​ខ្ញុំ​ក៏​អត់​បាន​រៀន​ដែរ រៀន​បាន​ថ្នាក់​ទី​៧ គាត់​មក​ធ្វើការ​នៅ​ភ្នំពេញ​។ កូន​ទី​៣ គាត់​បាន​រៀន​ចប់​ឆ្នាំ​ទី​៤ (​ មហាវិទ្យាល័យ​ ) កូន​ខ្ញុំ​ហ្នឹង​គាត់​នៅ​មណ្ឌល​អង្គការ​ព្រះយេស៊ូ បាន​កូន​ខ្ញុំ​បាន​រៀន កុំ​អី​កូន​ខ្ញុំ​អត់​បាន​រៀន​ទាំងអស់​។ រាជរដ្ឋាភិបាល​អត់ ដែល​ជួយ​ឱ្យ​កូន​ខ្ញុំ​បាន​រៀន​បាន​អី​ដូច​គេ​ទេ ធ្វើបាប​តែ​គ្រួសារ​ខ្ញុំ​មួយ ហើយ​កូនស្រី​ខ្ញុំ​តូចៗ ២​ហ្នឹង​អត់​បាន​ទៅ​រៀន​ទេ»។

តំណាង​ប្រជាពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ អ្នកស្រី ផាវ ញ៉ើង ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨។
តំណាង​ប្រជាពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ អ្នកស្រី ផាវ ញ៉ើង ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨។ (រូបថត​ពី​ហ្វេសប៊ុក រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា)

បើ​ទោះ​ជា​យ៉ាងណា​លោកស្រី ផាវ ញ៉ឺង នៅតែ​ប្រកាន់​ជំហរ​តស៊ូ​មតិ​រហូត​ទទួល​បាន​ដំណោះស្រាយ​សមរម្យ សម្រាប់​ពួកគាត់ ពោល​គឺ​អាច​មាន​ដីធ្លី​សម្រាប់​រស់នៅ និង​ចិញ្ចឹមជីវិត​បាន៖ «បន្ទាប់ពី​ខ្ញុំ​ឆ្លងកាត់​ការ​លំបាក​ជាង​១០​ឆ្នាំនេះ កូន​ខ្ញុំ​អត់​បាន​ចូលរៀន​ចូល​អី ព្រាត់ប្រាស​គ្រួសារ កូន​ខ្ញុំ​ចំណាកស្រុក​ទៅដល់​ភ្នំពេញ​ហ្នឹង​មក​ទល់នឹង​ពេលនេះ គឺ​ខ្ញុំ​ប្ដូរ​ផ្ដាច់​ថា ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ត្រូវតែ​ធ្វើ​ឱ្យ​បាន​យក​ដី​ខ្ញុំ​មកវិញ ដើម្បី​ខ្ញុំ​រស់នៅ ឬក៏​ចែក​កូន​ខ្ញុំ​រស់នៅ ឬក៏​ប្រើប្រាស់​នៅ​លើ​ដី​ហ្នឹង​។ បើ​សិន​ថា អត់​បាន​ខ្ញុំ​សុំ​ឱ្យ​សម្ដេច ( ហ៊ុន សែន ) យក​ជីវិត​ខ្ញុំ​យក​ទៅ​ដាក់​លើ​តុ​ហ្មង​ទៅ​។ ខ្ញុំ​អត់​ឱ្យ​គាត់​ទេ​ដី​ហ្នឹង ខ្ញុំ​អត់​ឱ្យ ហេង ហ៊ុយ ទេ ព្រោះ​ខ្ញុំ​ឱ្យ​គាត់​អស់​ឡើង​ជាង​ពាក់កណ្ដាល​ហើយ គាត់​នៅតែ​មក​លោភលន់​ចង់បាន​ដី​ខ្ញុំ​ទៀត»។

អាស៊ីសេរី​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ជា​ច្រើន​ដង​ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មើលឃើញ​ថា នៅ​ក្នុង​ខេត្ត​កោះកុង​នេះ​កន្លងមក មានតែ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ស្ករស ដែល​ជាប់​ពាក់ព័ន្ធ​ដល់​ការ​នាំ​ស្ករស​ទៅ​អឺរ៉ុប ទើប​មានការ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ៖ «ការ​ដោះស្រាយ​ក្រុម​១៧៥​គ្រួសារ​នៅ​ខេត្ត​កោះកុង​ហ្នឹង គឺ​វា​ទាក់ទង​ទៅ​នឹង​សម្ពាធ​ដែរ គឺ​ក្រុមហ៊ុន​ស្ករ​អំពៅ​ហ្នឹង​ពាក់ព័ន្ធ​ដល់ លក្ខខណ្ឌ​មែន​ចែង​ក្នុង​កិច្ចសន្យា​រឿង អ៊ី​ប៊ី​អេ EBA(​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ )»។

ពលរដ្ឋ​រួម​ទាំង​លោក ស្រី ផាវ ញ៉ឺង បាន​ទទួល​ដំណោះស្រាយ​ពី​ក្រុមហ៊ុន យូឌីជី រួចរាល់​ហើយ គឺ​ទទួល​បាន​ដី​ថ្មី​ជំនួស​ឱ្យ​ដី​ចាស់​ដែល​ក្រុមហ៊ុន បាន​ឈូស​ឆាយ​រំលោភ​យក ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ចេញចូល​ក៏​ត្រូវ​ឆ្លងកាត់​តាម​ដី​របស់​ក្រុមហ៊ុន​នេះ​ដដែល។

លោក វណ្ណ សុផាត អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​បាន មាន​សមរម្យ និង​មាន​តម្លាភាព សម្រាប់​ពលរដ្ឋ​គ្រប់គ្នា​ដោយ​គ្មាន​ការរើសអើង ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សុខដុមរមនា​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។