ប្រជាពលរដ្ឋរស់នៅអមផ្លូវរថភ្លើងប្រមាណ ១០នាក់តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមករា នាំគ្នាតវ៉ាសាជាថ្មីនៅមុខសាលាក្រុងដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរពន្លឿនដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់។ ការតវ៉ានេះបន្ទាប់ពីពួកគាត់បានដាក់ញត្តិទៅសាលាក្រុងកាលពីពេលថ្មីៗនេះរួចមកហើយ ដោយអាជ្ញាធរពុំបានដោះស្រាយសំណងជូនពួកគាត់នៅឡើយ។
នេះជាលើកទី២ហើយដែលពលរដ្ឋរស់នៅជាប់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត តវ៉ាទទូចឲ្យអភិបាលក្រុងដែលទើបឡើងកាន់តំណែងថ្មីដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរទេះភ្លើងជូនពួកគាត់ បន្ទាប់ពួកគាត់ដាក់ញត្តិលើកដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ រួចមក។
តំណាងអ្នកតវ៉ាលោក វន វ័ន ឲ្យដឹងនៅថ្ងៃទី៤ មករា ថា មូលហេតុដែលពួកគាត់តវ៉ាសាជាថ្មី ដោយសារបន្ទាប់ពីពួកគាត់ដាក់ញត្តិទៅសាលាក្រុងប៉ោយប៉ែត អស់ជាច្រើនថ្ងៃហើយ គឺអាជ្ញាធរមិនទាន់ផ្ដល់ចម្លើយជាលាយលក្ខណ៍អក្សរជូនពួកគាត់នៅឡើយ។ លោកព្រួយបារម្ភខ្លាចអភិបាលក្រុងថ្មីមិនដោះស្រាយជូនពួកគាត់ដូចអភិបាលក្រុងចាស់ទៀត៖ «ដើម្បីឲ្យដំណោះស្រាយ ពីព្រោះកន្លងអាជ្ញាធរក្រុងចាស់មិនដោះស្រាយជូនពួកខ្ញុំទេ ដូច្នេះខ្ញុំចង់ឲ្យអភិបាលក្រុងក្រោយមានការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ខ្ញុំបានដូរពីទីតាំងចាស់ទៅទីតាំងថ្មី ហើយជាកន្លែងដែលមានការអភិវឌ្ឍ»។
ឆ្លើយតបនឹងបញ្ហានេះអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ មានប្រសាសន៍ថា លោកបានជួបក្រុមអ្នកតវ៉ា ហើយក៏បានប្រាប់ពួកគាត់រួចហើយដែរ ដោយលោកសន្យាថា នឹងដោះស្រាយជូនក្រុមអ្នកតវ៉ាឲ្យបានក្នុងពេលឆាប់ៗ៖ «ខ្ញុំមិនឲ្យពួកគាត់បន្តធ្វើរបៀបហ្នឹងទៀតទេ វាមិនល្អ ព្រោះធ្វើឲ្យខូចមុខមាត់របស់រដ្ឋាភិបាល និងមុខមាត់របស់សាលាក្រុងរបស់យើង ដូច្នេះយើងខ្មែរអាចជជែកគ្នាបាន វាអត់មានអីសម្រាប់ខ្ញុំទេ ខ្ញុំដោះបានលើសហ្នឹងទៀតក៏អាចដោះបានដែរ។ បើពួកគាត់ចង់បានដីជិត ខ្ញុំរកដីជិតឲ្យនៅ គឺមិនពិបាកទេសម្រាប់ខ្ញុំនោះ គឺខ្ញុំអាចសុំដីគេបាន»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ប្រជាពលរដ្ឋតវ៉ាប្រហែលដោយសារពួកគាត់ចង់ឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់ ដើម្បីពួកគាត់យកដីទៅសង់ទីលំនៅថ្មី ពីព្រោះពួកគាត់ក្រីក្រហើយគ្មានប្រាក់សម្រាប់ទិញដីសង់ទីលំនៅថ្មីឡើយ៖ «ខ្ញុំគិតថា ពួកក្រុមរថភ្លើងនេះមិនឈប់តវ៉ាទេ ព្រោះថាមនុស្សត្រូវការទីអាស្រ័យរស់នៅ ដូច្នេះពួកគាត់ក្រីក្រផងគឺពួកគាត់ត្រូវការលំនៅឋានសម្រាប់រស់នៅឲ្យច្បាស់លាស់ ដូច្នេះបើមិនដោះស្រាយគឺជាការមួយផ្ដល់ផលអាក្រក់ៗដូចអភិបាលក្រុងមុនអ៊ីចឹងដែរ»។
ក្រុមអ្នកតវ៉ាទទូចឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ទៅតាមផ្លូវច្បាប់ និងតាមការជាក់ស្ដែងដែលអាចទទួលយកបានទាំងសង្ខាង។ ក្រុមអ្នកតវ៉ាបន្ទាប់ពីជួបអភិបាលក្រុងហើយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៤ មករា ដដែល ក៏ប៉ុន្តែតំណាងក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់នឹងនាំគ្នាតវ៉ាសាជាថ្មីទៀត ប្រសិនបើអភិបាលមិនបានដោះស្រាយជូនពួកគេដូចការសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។