មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានរិះគន់ តុលាការខេត្តរតនគិរីថា កាត់ក្តីលម្អៀង និងអយុត្តិធម៌ចំពោះពលរដ្ឋដែលលះបង់ ការពារប្រយោជន៍ជាតិ។ ការលើកឡើងនេះ ក្រោយពីតុលាការខេត្តរតនគីរីបានប្រកាសសាលក្រមផ្តន្ទាទោស សកម្មជនការពារព្រៃឈើលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើ ខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ ខេត្តរតនគិរី ដោយចាត់ទុកថាជាការរួមចំណែកបំផ្លាញធនធានធម្មជាតិ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) ដែលចូលស្តាប់សវនា គឺលោក ប៉ែន ប៊ុណ្ណារ៍ ឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកាថាលោកសោកស្តាយចំពោះសេចក្តីសម្រេចរបស់តុលាការ ព្រោះលោក ឆន ផល្លា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។ លោកថា ទង្វើរបស់តុលាការបែបនេះ ជារឿងអយុត្តិធម៌និងចូលរូមបំផ្លាញភោគទ្រព្យជាតិដែលកំពុងប្រឈមការបាត់បង់។ លោកសង្កត់ធ្ងន់ថា តុលាការខេត្តនេះ មិនយកចិត្តទុកដាក់ ចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជន និងអ្នកមានអំណាចដែលឈូសឆាយរំលោភយកដីព្រៃអភិរក្សខុសច្បាប់នោះទេ បែរជាធ្វើបាបលើសកម្មជនបរិស្ថានទៅវិញ៖ «អយុត្តិធម៌បំផុតក្នុងខេត្តរតនគិរីចំពោះលោក ឆន ផល្លា អ៊ីចឹងយើងទាមទារ សូមឱ្យតុលាការបើកភ្នែក មើលអ្នកកាប់រានដីព្រៃជិត ៩០ ម៉ឺនហិកតារ ដែលភស្តុតាងជាក់ស្តែង គឺអាជ្ញាធរខេត្ត ជាពិសេស អតីតអភិបាលខេត្ត លោកបាន ប្រកាសក្នុងអង្គប្រជុំ ដាក់ទៅរដ្ឋាភិបាល ដើម្បីកាត់ក្តី។ យើងសូមឱ្យតុលាការអនុវត្តផ្តន្ទាទោស អ្នកទាំងនោះដែរ»។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងខេត្តរតនគិរីបានប្រកាសសាលក្រម ផ្តន្ទាទោសសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ដាក់ពន្ធនាគារ រយះពេល៥ឆ្នាំ ពីបទ « កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ » ផ្អែកតាមមាត្រា ៩៧ នៃច្បាប់ស្តីព្រៃឈើ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាដំបូង ខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថាបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រម លោក ឆន ផល្លា បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍រួចហើយ។ លោកថា សំណុំរឿងនេះមានពលរដ្ឋ៦គ្រួសារ ជាដើមបណ្តឹង។លោកបដិសេធមិនបំភ្លឺចំពោះសំណួរថា មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រិះគន់តុលាការថាកាត់ក្តីលម្អៀង និង អយុត្តិធម៌ ព្រោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម៖ «ខ្ញុំ មិនអាចបញ្ជាក់បានថា យុត្តិធម៌ ឬមិនយុត្តិធម៌ ព្រោះខ្ញុំមិនមែនជាអ្នកចាត់ការរឿង គ្រាន់តែជាអ្នកនាំពាក្យ។ ខ្ញុំមិនអាចផ្តល់ពាក្យថា កាត់យ៉ាងម៉េច?»។
ជុំវិញរឿងនេះ សកម្មជនការពារបរិស្ថានលោក ឆឺយ ឧត្តមរស្មី ចាត់ទុកសេចក្តីសម្រេចនេះជាការគំរាមកំហែងពលរដ្ឋ មិនឱ្យធ្វើសកម្មភាពការពារព្រៃឈើ ដែលជាហេតុធ្វើឱ្យព្រៃឈើកាន់តែវិនាសហិនហោច។ លោកគិតថាទង្វើរបស់តុលាការ ជាការធ្វើទុក្ខបុកម្នេញ មួយកម្រិតទៀតលើសកម្មជនព្រៃឈើ ផ្ទុយពីក្រុមឧក្រិដ្ឋជន និងអាជ្ញាធរខិលខូច ដែលប្រព្រឹត្តអំពើពុករលួយរឿងបទល្មើសព្រៃឈើមិនឃើញតុលាការស៊ើបអង្កេត និងផ្តន្ទាទោសនៅឡើយទេ៖ «ខ្ញុំគិតថា តុលាការ និងរដ្ឋាភិបាលគួរពិចារណាសារឡើងវិញ ពីបញ្ហាសំណុំរឿងរបស់លោក ឆន ផល្លា ហើយយើងគិតថា នេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ដល់សកម្មជន និងសហគមន៍ដទៃទៀត កុំឱ្យយកតម្រាប់តាម លោកឆន ផល្លា»។
សកម្មជនការពារព្រៃឈើលោក ឆន ផល្លា វ័យជាង ៤០ ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ជនជាតិដើមភាគតិចទំពូនរូបនេះមានភាពក្លាហាន ប្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ឈ្មួញឈើ និងមន្ត្រីជំនាញទៅតុលាការខេត្តរតនគិរី ចំនួន១០ សំណុំរឿងមកហើយ ក្នុងនោះមាន ៣សំណុំរឿងសាលាដំបូងខេត្តនេះ តម្កល់ឥតចាត់ការ ហើយពួកគេបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
សំណុំរឿងទាំងនោះ ភាគច្រើនជាបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ពីបទអនុគ្រោះបទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។ លើសពីនេះ លោក ឆន ផល្លា បានប្ដឹង អភិបាលស្រុកលំផាត់លោក នូ ថេរ ពីបទគំរាមប្រើហិង្សាលើគ្រួសាររបស់លោក ប្រសិនបើតុលាការចាត់វិធានការតាមបណ្តឹងរបស់លោក។
សកម្មជនបរិស្ថានរូបនេះ ធ្លាប់ត្រូវអាជ្ញាធរមូលដ្ឋានខេត្តរតនគិរី កៀរគរ ក្រុមពលរដ្ឋជាច្រើននាក់ព្រួតគ្នាវាយលោកបណ្តាលឲ្យរងបួសធ្ងន់ធ្ងរ ដើម្បីគំរាមបង្ខំឱ្យលោកដកពាក្យបណ្ដឹងពីតុលាការកាលពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។