សាច់ញាតិ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​តុលាការ​ខេត្តកោះកុង​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី ៩នាក់

0:00 / 0:00

គ្រួសារ​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង អះអាង​ថា ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ប្រសិនបើ​តុលាការ មិន​ដោះលែង​សាច់ញាតិ​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​សកម្មជន​ដីធ្លី​នេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ ហើយ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទចោទ​លើ​សកម្មជន​ទាំង​នោះ ។

ក្រុមប្រជាពលរដ្ឋមានទំនាស់​ដីធ្លី​ជិត ១០០នាក់ ភាគ​ច្រើន​ជា​ប្ដី ប្រពន្ធ កូនៗ និង​សាច់ញាតិ សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង ដែលកំពុងជាប់ឃុំទាំង៩នាក់ ព្រមទាំង​ប្រជាសហគមន៍​មួយ​ចំនួន​ទៀត នៅថ្ងៃទី១១កក្កដា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ទាមទារ​ឲ្យ​តុលាការទម្លាក់ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង ៩នាក់។

ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា ដោយ​លើក​បដា និង​រូបភាព ហើយ​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង ៩នាក់​នោះ ស្រប​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង កោះហៅ​អ្នក​ទាំង ៩នាក់​មក​សាកសួរ​បន្ថែម ក្នុង​សំណុំរឿង​ញុះញង់។ ពួកគេរៀបរាប់ពីផលលំបាកផ្សេងៗ បន្ទាប់ពីអវត្តមានសមាជិកគ្រួសារ ក្នុងនោះ កុមារតូចៗ ដែល​ម្ដាយ​ត្រូវ​បាន​ឃុំខ្លួនក្នុង​ពន្ធនាគារ ពួកគេតែងតែដេកយំនឹកម្ដាយដោយក្ដីអាឡោះអាល័យ និង​បាន​ដឹក​ដៃបងប្អូន​មកមុខតុលាការ ដើម្បី សូមឲ្យតុលាការដោះលែងម្ដាយឲ្យមានសេរីភាពឡើងវិញ។ ចំណែកឯគ្រួសារដែលតុលាការឃុំខ្លួន ម្ដាយ ឬឪពុក ឬអ្នកស្វែងរកចំណូលទ្រទ្រង់គ្រួសារ គ្រួសារ​នោះ គឺកំពុងតែរស់នៅក្នុងស្ថានភាពលំបាកខ្វះខាតស្បៀងអាហារ គ្មានអ្នកមើលថែរក្សាកូនចៅ និង​ម្ដាយឪពុកចាស់ជរានៅផ្ទះ ហើយកូនៗក៏គ្មានលទ្ធភាពទៅសាលារៀន។

ស្វាមី​លោកស្រី យឿន ខ្មៅ គឺលោក សួស ថែត ដែលមានកូនចំនួន៥នាក់ក្នុងបន្ទុក និងមានកូន​ភ្លោះតូចៗ ២នាក់ផងនោះ បានប្រាប់វិទ្យុអាស៊ីសេរី ទាំងអួលដើមកថា តាំងតែពីប្រពន្ធជាប់​ពន្ធនាគារ​មក លោកមិនអាចទៅធ្វើការ​ជា​កម្មករ​សំណង់ ដើម្បី​បាន​ប្រាក់​ចំណូល​ទ្រទ្រង់​គ្រួសារ​នោះ​ទេ ព្រោះគ្មានអ្នកណាមើលកូនតូចៗនៅផ្ទះ ថែម​ទាំង​គ្មាន​អ្នកមើល​ថែរក្សា​ឪពុក​ចាស់ជរា អាយុ​ជាង ៨០ឆ្នាំ។ លោកបន្តថា លោកតែងតែកុហកកូនតូចៗនៅពេលយប់ នៅ​ពេល​ដែល​កូនៗ សួរ​រក​ម្ដាយ ដោយ​លោក​តែងប្រាប់ទៅកូនថា ម្ដាយទៅផ្សារ ឬទៅនេះ ទៅនោះ ជាដើម។

Koh_Kong_Land_Activists_protest_071123_FC1.jpgOpens in new window
​ប្ដី និងកូនៗ សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង នាំ​គ្នា​លើក​បដា​ទាមទារ​តុលាការ​ឱ្យ​ទម្លាក់ចោល​ការចោទប្រកាន់សកម្មជនដីធ្លី​ជា​ប្រពន្ធ និងជា​ម្ដាយ​​​ ៩នាក់ ដែលកំពុងជាប់ឃុំ។

លោក​បន្ត​ទៀត​ថា ប្រពន្ធរបស់លោកមិនបានធ្វើអ្វីខុសនោះទេ ដោយ​គ្រាន់តែ​ចូលរួម​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ ដើម្បីឲ្យក្រសួងទម្លាក់បទចោទលើពលរដ្ឋ ដែលតវ៉ាឲ្យមានដំណោះស្រាយ​ជម្លោះ​ដីធ្លី​ចំនួន ៣០នាក់។

ស្រដៀងគ្នានេះដែរ កូនប្រុស​លោកស្រី ផាវ ញ៉ើង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ គឺ​លោក ហង់ វាសនា ប្រាប់​វិទ្យុអាស៊ីសេរី​ថា តុលាការ​មិន​បាន​បញ្ជូន​អ្នក​ជាប់ឃុំ​ទាំង៩ មក​សាកសួរ​នៅ​ថ្ងៃ​ទី១១ កក្កដា​នោះ​ទេ ដោយតុលាការអះអាងថា បាន​សាកសួរ​ពួក​គាត់​នៅ​ក្នុង​ពន្ធនាគារ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា លោកបានទៅសួរសុខទុក្ខម្ដាយនៅពន្ធនាគារដែរ ក៏ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យ​ជួប ក្រោមហេតុផលថាគ្មានលិខិតសុំជួបជនជាប់ឃុំ។

លោកហង់ វាសនាបន្ថែមថា ពលរដ្ឋនឹងនៅតែបន្តទាមទារឲ្យតុលាការដោះលែងសាច់ញាតិពួកគេ បើទោះបីជាមានការគំរាមកំហែងកម្រិតណា​ក៏ដោយ។

វិទ្យុអាស៊ីសេរី នៅ​ពុំទាន់អាចទាក់ទង​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កក្កដា។

ទោះជាយ៉ាងនេះ​ក្ដី អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ការ​ចាប់​ខ្លួន ការចោទប្រកាន់ និង​ការ​ឃុំខ្លួន​ពលរដ្ឋ ដែល​កំពុង​មាន​បញ្ហា ត្រូវ​ការ​ដំណោះស្រាយ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​មិន​អាច​បញ្ចប់​ការ​តវ៉ា​របស់​ពលរដ្ឋ​បាន​ទេ។ លោក​បន្ត​ថា ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា​នេះ អាជ្ញាធរ និង​តុលាការ គួរតែ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ ឲ្យ​បាន​សមរម្យ និង​អាច​ទទួល​យក​បាន ហើយ​ដោះលែង និង​ទម្លាក់​បទចោទ​ប្រកាន់​ពលរដ្ឋ ដែល​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី។

កាលពីថ្ងៃទី២៩ ខែមិថុនា ក្រុម​សកម្មជន​ដីធ្លី​ទាំង​នោះ បាន​ព្យាយាម​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត ឫទ្ធិ ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​របស់​ពួក​គាត់​ចំនួន ៣០នាក់។ ប៉ុន្តែ​អាជ្ញាធរ​ខេត្តកោះកុង​បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ជាង ១០នាក់ នៅ​ពេល​រារាំង​ក្រុម​ពលរដ្ឋ​សហគមន៍​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ភ្នំពេញ។ បន្ទាប់​មក​តុលាការ​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន​សកម្មជនដីធ្លី៩នាក់ រួមទាំង​កុមារា​អាយុ ១ឆ្នាំ ៣ខែ​ម្នាក់​ផង នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ៕