ពលរដ្ឋ​បាត់ដំបង​ខក​ចិត្តនឹង​តំណាងរាស្ត្រ​ដែល​មិន​ខ្វល់ខ្វាយ​​ពី​សំណើ​ដោះស្រាយ​វិវាទ​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខក​ចិត្តនឹង​តំណាងរាស្ត្រ​ខេត្ត ដែល​មិន​ខ្វល់ខ្វាយ​អំពី​សំណើសុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ជាមួយ​​អ្នក​មាន​អំណាច​បិទផ្លូវ​ចេញ​ចូល​ផ្ទះ​ពលរដ្ឋ ៧០គ្រួសារ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ក្នុងនាម​ជា​តំណាង​ពលរដ្ឋ គួរតែ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​តាម​សំណើ​របស់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស។

ប្រតិកម្ម​របស់​តំណាង​ពលរដ្ឋ​៧០​គ្រួសារ​នេះ គឺ​កើតឡើង​បន្ទាប់ពី​ពួកគេ​បាន​ដាក់​ពាក្យ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​ទីស្នាក់ការ​រដ្ឋសភា​មណ្ឌល​ខេត្តបាត់ដំបង​កាលពីដើម​ឆ្នាំ​២០២៣ ដើម្បី​ឲ្យ​តំណាងរាស្ត្រ​ជួយ​បើកផ្លូវ​ទំហំ ៨​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ ដើម្បី​ចូល​ទៅ​លំនៅឋាន​ពលរដ្ឋ នៅក្នុង​ភូមិ​កំប្រង់ ឃុំ​តាក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក៏ប៉ុន្តែ​អូស​បន្លាយ​អស់​ពេល​ជាង​កន្លះ​ឆ្នាំ នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​លោក ជុន ធី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ កក្កដា​ថា លោក​ខក​ចិត្តនឹង​តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង ដែល​មិន​បាន​ស្វែងរក​ដំណោះស្រាយ​តាម​សំណើសុំ​របស់​ពួកគាត់។ លោក​បន្ត​ថា តាំងតែ​ពី​ម្ចាស់​ដី​នៅ​ជាប់​ផ្លូវ​ធំ បាន​ទុក​ផ្លូវ​ឲ្យ​ពលរដ្ឋ ១៥​ម៉ែត្រ​សម្រាប់​ចូល​ទៅ​ដី​ខាងក្រោយ មុន​ពេល​មិនទាន់​លក់​ដី​ឲ្យ​ទៅ​ទីប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​លោក តួ ធានទឺ។ ប៉ុន្តែ​ក្រោយពី​លោក​តួ ធាន​ទឺ បាន​ទិញ​ដី​ជាប់​ផ្លូវ​នោះ​មក គឺ​បាន​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ចេញចូល​នោះ​ទេ។

លោក ជុន ធី៖«ដី​ដែល​ខ្ញុំ​ចែក​ពលរដ្ឋ​ជាង​៧០​គ្រួសារ តែ​ធ្វើ​ផ្ទះ​បាន​ទើបតែ​ធ្វើ​បាន​២៧​ខ្នង​ទេ​បង។ ហើយ​តែ​ផ្លូវ​ដែល​បាន​បិទ​ហ្នឹង ខ្ញុំ​នៅមុន​នឹង​គេ​បិទ​ហ្នឹង ម្ចាស់​មុនគេ​ហ្នឹង គេ​បាន​បើកផ្លូវ​ឲ្យ​ប្រើ​២​ឆ្នាំ រយៈពេល​២​ឆ្នាំ​កន្លង​ផុត​មក​ហើយ​បង។ អ៊ីចឹង​ទៅ​ខ្ញុំ​ក៏​មាន​ដី​នៅ​ហ្នឹង ខ្ញុំ​ក៏​ចែក​ឲ្យ​ពលរដ្ឋ​រស់នៅ​ទៅ​ព្រោះ​អង្កាល់ ដែល​ខ្ញុំ​ទិញ​ដី​ហ្នឹង​ក៏​ទិញ​ដី​រួច​បាន​មួយឆ្នាំ​ក៏​កូវីដ ចាប់ផ្ដើម​មាន​កូវីដ​អ៊ីចឹង​ទៅ​ប្រជាពលរដ្ឋ​គាត់ អត់​បាន​ចេញទៅ​រកស៊ី​ខាង​ណា​បាន​អ៊ីចឹង​ទៅ គាត់​អត់​ដែរ ខ្ញុំ​ក៏​អត់​ដែរ ប៉ុន្តែ​ខ្ញុំ​ចែករំលែក​ឲ្យ​គាត់»។

លោក​បន្ថែម​ថា ការ​អូស​បន្លាយ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ ជាពិសេស ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ ដើម្បី​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ជាដើម។

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី មល់ ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា ពួក​លោកស្រី​ធ្លាប់​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ខេត្ត ដើម្បី​ស្នើ​ឲ្យ​ម្ចាស់​ដី​ជាប់​ផ្លូវ​ធំ បើកផ្លូវ​ចូល​ទៅ​ក្នុង ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​នោះ​ទេ។ លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ស្វែងរក​ដំណោះស្រាយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

លោកស្រី មល់ ស្រីមុំ៖«គេ​អត់​បាន​និយាយ​លម្អិត​ថា ទុក​ផ្លូវ​ឲ្យ​ប្រជាជន​ហ្នឹង​ប៉ុន្មាន គេ​អត់​និយាយ គេ​បាន​តែ​លុយ​ហើយ ក៏​គេ​ទៅ​ប្រុយ​ទៅ គេ​អត់​មាន​និយាយ​ថា ដី​នេះ​ទុក​ឲ្យ​ខាង​ប្រជាជន​ដើរ​អី ដល់​ពេល​លោក តួ ធានទឺ គាត់​អាង​តែ​គាត់​ទិញ​ហើយ គឺ​គាត់​បិទផ្លូវ​ហ្នឹង​ទាំងអស់​បណ្ដោយ គាត់​មិន​ឲ្យ​ប្រជាជន​ណា​ចេញចូល​បានទេ»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង និង​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បានទេ​នៅ​ថ្ងៃទី​១៦ កក្កដា។

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (Licadho) ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ គួរតែ​ធ្វើ​តួនាទី​ជា​អ្នកតំណាង​ឲ្យ​ពលរដ្ឋ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​។ លោក​បន្ថែម​ថា អាជ្ញាធរ គួរតែ​បង្កើត​ក្រុមការងារ​ជំនាញ ចុះ​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

លោក អ៊ិន គង់ជិត៖«អ៊ីចឹង​ដល់ពេល​បញ្ហា​ពួកគាត់​អត់​ត្រូវ​បាន​ដោះស្រាយ គាត់​អស់​សង្ឃឹម គាត់​អស់ជំនឿ​មិន​ដឹង​ថា អ៊ីចឹង​ទៅណា​មក​ណា​ទេ​ណា ហើយ​ដោះស្រាយ​បាន​មិន​បាន ក៏​មាន​ការ​ឆ្លើយតប​ចំពោះ​គាត់​ឲ្យ​បាន​សមរម្យ​ដែរ​បាទ គួរតែ​ហៅ​ម្ចាស់ ឬក៏​តំណាង​នៃ​ម្ចាស់​ពាក្យសុំ​អន្តរាគមន៍​ហ្នឹង​មក​ជួប ឬក៏​ចុះ​ស្រាវជ្រាវ​បញ្ហា​ទាំងអស់​ហ្នឹង នៅ​មូលដ្ឋាន​គាត់​ជាក់ស្ដែង​ដើម្បី​រក​ឲ្យ​ឃើញ​ឫសគល់​នៃ​បញ្ហា រក​ផ្នែក ដែល​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ពួកគាត់​ឲ្យ​បាន​សមរម្យ​ទៅ»។

ដី​ដែល​មាន​ទំនាស់​ផ្លូវ​ចូល​នេះ ម្ចាស់​ដើម​គឺ​លោក សូ តែម បាន​លក់​ឲ្យ​ទៅ​លោក ជា ប៊ុនធឿន។ លុះដល់​ថ្ងៃទី​៨ មករា ឆ្នាំ​២០១៦ លោក ជា ប៊ុនធឿន បាន​លក់​បន្ត​ឲ្យ​ទៅ​លោក ជុន ធី ហើយ​បន្ត​កាន់កាប់​រហូត​ដល់​បច្ចុប្បន្ន។ ក្រោយ​មក​លោក ជុន ធី បាន​បែងចែក​ដី​ជិត ១​ហិកតារ នោះ​នៅ​ភូមិ​កំប្រង់ ឃុំ​តាក្រី ស្រុក​កំរៀង ឲ្យ​ពលរដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​ចំនួន ៦៨​សម្រាប់​រស់នៅ​។ មួយវិញទៀត ផ្លូវ​ចូល​ទំហំ ៨​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ ដែល​ចូល​ទៅ​កាន់​ដី​របស់​លោក ជុន ធី គឺ​នៅ​លើ​ដី​របស់​លោក ប៉ែន សុវណ្ណារ៉ា ដែល​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​ចេញចូល ហើយ​ដី​នោះ​បាន​លក់​ទៅ​ឲ្យ​ទីប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​លោក តួ ធានទឺ។ ចាប់តាំងពី​លោក តួ ធានទឺ បាន​ទិញ​ដី​នោះ​មក លោក​បាន​បិទផ្លូវ មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​នោះ​ទេ។

កាលពី​ថ្ងៃទី​២ មករា ឆ្នាំ​២០២៣ ពលរដ្ឋ ៦៨​គ្រួសារ បាន​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អ្នក​មាន​អំណាច​បិទផ្លូវ​ចេញចូល​ផ្ទះសម្បែង​របស់​ពួកគាត់។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅតែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​តំណាងរាស្ត្រ​វិញ​នោះ​ទេ។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ស្នើ​ដល់​តំណាងរាស្ត្រ គួរ​ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។