ពលរដ្ឋ​រងគ្រោះ​នៅ​បឹងតាមោក​បារម្ភ​ថា ក្រុមហ៊ុន​ឯកជន​វាស់វែង​ដី​បឹង​ដើម្បី​ចាក់​ដី​លុប​បន្ត

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​បឹងតាមោក​ក្នុងភូមិ​សំរោងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ បារម្ភ​ខ្លាច​ក្រុមហ៊ុន​ឯកជន​បាន​ចុះ​មក​វាស់វែង​ដី​បឹង​ដើម្បី​ចាក់​ដី​បន្ត​ទៀត ប៉ះពាល់​ដល់​មុខរបរ​និង​ដី​ផ្ទះ​របស់​ពួកគេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​នេះ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រមាណ​៣០​នាក់​នៅ​ថ្ងៃទី​២៦ មិថុនា រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចុះ​វាស់វែង​ដី​បឹងតាមោក​ព្រោះ​ការវាស់វែង​នេះ​គឺ​សម្រាប់​ចាក់​ដី​លុប​បឹង​ជា​បន្ត​ទៀត​ដែល​បាន​ប៉ះពាល់​ការ​រស់នៅ​និង​អាស្រ័យ​ផល​របស់​ពួកគាត់។ ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹម​ត្រី​ដាក់មង រើស​ខ្យង បេះ​ត្រកួន​និង ដក​ឈូក​ជាដើម។

តំណាង​ពលរដ្ឋ​នៅ​បឹងតាមោក​លោកស្រី សឿន ស្រីនុត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ មិថុនា ថា​ផ្ទៃ​បឹង​ដែល​នៅ​សេសសល់​ត្រឹមតែ​ជិត ១០​ហិកតារ តែ​ប៉ុណ្ណោះ​ហើយ​ការវាស់វែង​នៅ​ថ្ងៃ​នេះ​គឺ​មាន​ទំហំ​ប្រហែល ៥​ហិកតារ។ លោកស្រី​បន្ត​ថា ការវាស់វែង​នេះ​គឺ​ប៉ះពាល់​ដល់​ស៊ង​ចិញ្ចឹម​ត្រី និង​ដី​ខាងក្រោយ​ផ្ទះ​របស់​ពលរដ្ឋ​ជាង​១០​គ្រួសារ។

លោកស្រី សឿន ស្រីនុត៖ «គេ​បាញ់​ជីភីអេស(GPS)ហ្នឹង​គឺ​វា​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ជាង ១០​គ្រួសារ​បង​ជាង ១០​គ្រួសារ​ព្រោះ​អី​ពួកគាត់ ដែល​សេសសល់​ហ្នឹង អត់​ទាន់​ប៉ះពាល់​គេ​ចាក់​ដី​ហ្នឹង​គឺ​នៅ​ជាង​១០​គ្រួសារ។ ឥឡូវ​គេ​គ្រោង​នឹង​ចាក់​ហ្នឹង​គឺ​ប៉ះពាល់​ជាង ១០​គ្រួសារ ហើយក៏​អាច​ប៉ះពាល់​ដល់​កន្ទុយ​ដី​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ដែរ ព្រោះ​អី​គាត់​ត្រៀម​នឹង​បាញ់​សំដៅ​ចាក់​ដី​ក្រោយ​ផ្ទះ​ដូច​ពួក​ខ្ញុំ​អញ្ចឹង​ហា៎»។

លោកស្រី សឿន ស្រីនុត បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​មុខការ​ពារ​ឲ្យ​ក្រុមហ៊ុន​ហើយ​ប្រសិនបើ​ការ​វាស់វែង​ត្រៀម​សម្រាប់​ចាក់​ដី​នេះ​បាន​ប៉ះពាល់​ដល់​ស៊ង​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​នោះ​ម្ចាស់​ស៊ង​ត្រូវ​ទៅ​សាលា​ខណ្ឌ​ដើម្បី​ទូទាត់​សំណង។ តំណាង​ពលរដ្ឋ​រូប​នេះ​លើក​ឡើង​ថា កា​រទូទាត់​សំណង​នោះ​គឺ​មិន​សមស្រប​នឹង​ការ​ចំណាយ​របស់​ពលរដ្ឋ​នោះ​ទេ។ ដោយឡែក​លោកស្រី​នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយ​អាជ្ញាធរ​នៅ​តែ​បន្ត​បណ្ដាក់​គ្នា​ឃ្លាំ​មើល ពលរដ្ឋ​នៅ​បឹងតាមោក​ជា​រៀងរាល់ថ្ងៃ។

tamok-062523-1.jpg
ទិដ្ឋភាព​ក្រុមហ៊ុន​ចាក់ដីលុប​បឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ស្រដៀង​គ្នា​នេះ​តំណាង​ពលរដ្ឋ​បឹងតាមោក​លោកស្រី ប្រាក់ សុភា ថ្លែង​ពី​ភាព​ឈឺ​ចាប់​ក្រោម​រូបភាព​អភិវឌ្ឍន៍​គ្មាន​តម្លាភាព​ថា ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​លុប​បឹង​តាមោក​គ្មាន​ចិត្ត​ច្រណែន​ដល់​មន្ត្រីរាជការ​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​នោះ​ទេ។ លោកស្រី​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍ​នេះ ឲ្យ​បាន​សមរម្យ​និង​អាច​ទទួល​យក​បាន​ព្រោះ​ពលរដ្ឋ​ទាំងនោះ​គឺ​ប្រកប​របរ​ចិញ្ចឹមជីវិត​អាស្រ័យ​លើ​បឹង។ លោកស្រី​បញ្ជាក់​ថា​ពលរដ្ឋ​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​ការពារ​ដី​ផ្ទះសម្បែង ដែល​ពួកគេ​រស់នៅ​ជាច្រើន​ជំនាន់​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បន្ត​ទៀត។

លោកស្រី ប្រាក់ សុភា៖ «ហើយ​នៅ​ពេល​ដែល​ពលរដ្ឋ​ចេញទៅ​តស៊ូ​ការពារ​លំនៅឋាន​ការពារ​សហគមន៍ សុំ​កុំ​លាប​ពណ៌​ពលរដ្ឋ​សុំ​កុំ​ដាក់​បទ​ចោទ​ទៅ​លើ​ពលរដ្ឋ ហើយ​តុលាការ​ក៏​ដូចគ្នា​ដែរ​ប្រទេស​កាន់តែ​កាន់តែ​ធ្លាក់ចុះ​សីលធម៌​ការជិះជាន់​កាន់តែ​រំលោភបំពាន ហើយ​ពួក​យើង​ជា​អ្នករងគ្រោះ​គឺ​ពួក​យើង​ឈឺចាប់​យើង​ឈឺចាប់​ជាង​ស្លាប់​ទៀត យើងខ្ញុំ​សុខចិត្ត​ឲ្យ​ស្លាប់​ខ្ញុំ​អត់​ចង់​រស់​ក្នុង​ការឈឺចាប់​ខ្ញុំ​មិន​កើត​ទាន់ ប៉ុល ពត ប៉ុន្តែ​ខ្ញុំ​មក​ជួប ប៉ុល ពត សម័យ​សន្តិភាព​ខ្ញុំ​មក​រង​ការ​ឈឺចាប់​សម័យ​អភិវឌ្ឍន៍​យើង​រីករាយ​សម័យ​សន្តិភាព​យើង​រីករាយ​ការ​អភិវឌ្ឍ ប៉ុន្តែ​ហេតុអ្វី​ក៏​ការ​អភិវឌ្ឍ​មិន​មាន​តម្លាភាព​រវាង​មន្ត្រី នឹង​ពលរដ្ឋ»។

តំណាង​ពលរដ្ឋ​បឹង​តាមោក​រូប​នេះ​មិន​រារាំង​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​លោកស្រី​សោកស្ដាយ​ចំពោះ​ការ​អភិវឌ្ឍ​ដែល​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​បរិស្ថាន។លោកស្រី​លើកឡើង​ជា​សំណួរ​ថា តើ​ក្រោយ​ពី​ការ​លុប​បឹង​នេះ​ទៅ តើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្រោយពី​ជំងឺ​កូវីដ​រស់នៅ​យ៉ាងដូចម្ដេច​? តើ​ការ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​ព្រាត់​ឆ្ងាយ​ពី​គ្រួសារ​ម៉ែកូន​ឈឺចាប់​ប៉ុណ្ណា​? តើ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ដែល​មាន​បាន​ស្ដុកស្ដម្ភ​មាន​ទទួល​ដឹងឮ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ដែរឬទេ?

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២៦ មិថុនា។

ទោះជា​យ៉ាងណា​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត​មានប្រសាសន៍ថា​អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដោយ​តម្លាភាព​និង​យុត្តិធម៌​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ពលរដ្ឋ​។ លោក​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ដូចជា​ការ​តវ៉ា ឬ​ការ​ទាមទារ​ណាមួយ​ជាដើម​។​លោក អំ សំអាត បន្ថែម​ថា​ការ​តាមដាន ឬ​ការ​ឃ្លាំមើល​ពលរដ្ឋ​មិនមែន​ជា​ដំណោះស្រាយ​បញ្ហា​បញ្ហា​វិវាទ​ដីធ្លី​នោះ​ទេ។

លោក អំ សំអាត៖ «ការ​ឃ្លាំមើល​ការ​តាមដាន វា​ជា​រឿង​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ពលរដ្ឋ វា​មិនមែន​ជា​ដំណោះស្រាយ​ទេ អ្វី​ដែល​ជា​ដំណោះស្រាយ​អាជ្ញាធរ គួរតែ​ស្វែងរក ឬក៏​សម្របសម្រួល​ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដែល​បាន​កើតឡើង​អាហ្នឹង​អ្វី​ដែល​អាជ្ញាធរ​ត្រូវ​ធ្វើ មិនមែន​អាជ្ញាធរ​ត្រូវ​តាមដាន​ប្រជាពលរដ្ឋ​ត្រូវ​ឃ្លាំមើល​ប្រជាពលរដ្ឋ​ទេ​អាហ្នឹង​គឺ​បង្កើត​ភាព​ភ័យខ្លាច​សម្រាប់​ពល​រដ្ឋ​ហើយ​វា​ប៉ះពាល់​ទៅដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​បញ្ហា​ទាំងអស់​នេះ​មិន​គួរ​កើតឡើង​ទេ»។

បឹង​តា​មោក​គឺជា​បឹង​មួយ​ដែល​នៅ​សល់​ចុងក្រោយ ក្នុងចំណោម​បឹង​ស្តុក​ទឹកធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣.២៣៩) និង​ជា​បឹង​ដែល​ពលរដ្ឋ​អាច​អាស្រ័យ​ផល​បាន​បច្ចុប្បន្ន​ប្រែក្លាយ​ជា​កន្លែង​សម្រាប់​សាងសង់​ខុនដូ វីឡា និង​ផ្ទះល្វែង​របស់​អ្នក​មាន​អំណាច​ទៅវិញ។រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ត​កាត់​ឆ្វៀល​និង​ដោះដូរ​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ​ក្រុមហ៊ុន​ឯកជន​និង​មនុស្ស​មួយ​ក្រុម​ដែល​ជា​អ្នកមាន​លុយ​មានអំណាច​ជាពិសេស​ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ចំណែក​ពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​លើ​ដី​តំបន់​បឹង​តាមោក​រាប់​សិប​ឆ្នាំ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ក្រោម​លេស​អភិវឌ្ឍន៍​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។