ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា យក​ដីធ្លី​ពួកគាត់​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង

ពលរដ្ឋ​២​គ្រួសារ​ក្នុង​ចំណោម ៥​គ្រួសារ ចោទ​អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​ថា បាន​ឃុបឃិត​គ្នា​ដក​យក​ដីធ្លី​ពួកគាត់ ដែល​អាស្រ័យ​ផល​ជិត ១០​ឆ្នាំ​មក​ហើយ ទៅ​បែងចែក​ឲ្យ​ពលរដ្ឋ​ជាង​១១​គ្រួសារ​ផ្សេង​ទៀត ដោយ​គ្មាន​ផ្ដល់​សំណង។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​នេះ ដោយ​តម្លាភាព និង​យុត្តិធម៌។

វិវាទ​ដីធ្លី នៅតែ​ជា​បញ្ហា​ចោទ និង​រ៉ាំរ៉ៃ នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា ជា​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ ស្រប​ពេល​ដែល​កម្ពុជា​ដឹកនាំ​ដោយ​របប​ឯក​បក្ស។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ សុភំ ឲ្យ​ដឹង​ថា លោក​និង​ពលរដ្ឋ​៤​គ្រួសារ​ទៀត​បាន​មក​តាំង​ទី​លំនៅ នៅ​តំបន់​ទួល​វែង ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ភូមិ​តាមុលលើ និង​ប្រកប​របរ​ធ្វើស្រែ​ចម្ការ លើ​ផ្ទៃ​ជិត​២​ហិកតារ ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ។

លោក​ថ្លែង​ថា នៅ​ពេល​ថ្មីៗ​នេះ មេភូមិ​និង​មេឃុំ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ចម្ការ និង​របង​ពួកគាត់ ដើម្បី​យក​ដី​ទៅ​ពុះ​ជា​ដី​ឡូត៍ លក់​ឲ្យ​ប្រជាពលរដ្ឋ​១១​គ្រួសារ​។ លោក​បន្ត​ថា មេភូមិ​តាមុលលើ លោក ជឹម ស៊ុយ ទុក​ក្បាលដី​១៥​ម៉ែត្រ​ឲ្យ​លោក ហើយ​ដី​នៅសល់​ពី​នោះ ត្រូវ​យក​ទៅ​បែង​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង។

លោក​ចាត់ទុក​ទង្វើ​អាជ្ញាធរ​នេះ​ថា ជា​ការ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដែល​ខំ​កាប់ឆ្ការ​និង​ធ្វើស្រែ​ចម្ការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​។ អតីត​ទាហាន​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ប្រគល់​សង​ដីធ្លី​ទាំងអស់​ជូន​ពួកគាត់​វិញ៖ «គេ​បោះបង្គោល​ហើយៗ គេ​មាន​សិទ្ធិ​ធ្វើ​ប្លង់ ហើយ​ត្រូវ​ការ​លក់ៗ​ទៅ​។ រួច​ខ្ញុំ គ្រាន់តែ​ដី​មាន​ទំនាស់ ខ្ញុំ​ដាំ​ត្រឡាច​ល្ពៅ មក​ឃាត់​ខ្ញុំ​។ ទៅ​ប្ដឹង​ប៉ុស្តិ៍​ឲ្យ​មក​ឃាត់​។ អ៊ីចឹង​ ! មេភូមិ​ចេះតែ​ស៊ីញេ​លក់ៗ​រហូត​។ ចង់​ឲ្យ​គាត់​ប្រគល់​ដី​ហ្នឹង​ឲ្យ​ខ្ញុំ​មកវិញ​មក ដែល​ដី​នៅ​បន្តិចបន្តួច​ហ្នឹង​។ រួច​ក៏​បញ្ចប់រឿង​ដែរ​។ បើ​ចង់តែ​យក​ដី​ខ្ញុំ ខ្ញុំ​អត់​ឲ្យ​ទេ ព្រោះ​ខ្ញុំ​មាន​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​កូនចៅ​។ គាត់​អត់​មាន​យក​ច្បាប់​ថា​ទ័ព​ថា​អី គាត់​ថា​រំសាយ​ច្បាប់​ភូមិបាល​អ៊ីចឹង​។ ខ្ញុំ​រស់នៅ​ក្នុង​សង្គម​ដូច​គ្មាន​ច្បាប់​។ អ៊ីចឹង​ ! គេ​ខំតស៊ូ​មក ស្រេច​តែ​មេភូមិ មេឃុំ​ថា»។

គ្រួសារ​លោក ប្រាក់ សុភំ និង​គ្រួសារ​លោកស្រី ទួន សេន បាន​ប្ដឹង​មេភូមិ​តាមុលលើ និង​ជំនួយការ​ភូមិ រឿង​រំលោភបំពាន​ដីធ្លី​ពួកគាត់ ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង កាលពី​ខែឧសភា ឆ្នាំ​២០២១​នេះ ប៉ុន្តែ​មក​ដល់​ពេល​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ពី​តុលាការ​នៅ​ឡើយ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេភូមិ​តាមុលលើ លោក ជឹម ស៊ុយ ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំងនោះ គឺជា​អ្នកស្រុក​ផ្សេង មក​តាំងទី​លំនៅ​លើ​ដី​ភូមិ​ចាស់ ក្នុង​ឃុំ​កោះ​ថ្កូវ ដោយ​សុំ​ដី​ពី​អាជ្ញាធរ​ភូមិ​ឃុំ​អាស្រ័យ​ផល​។ លោក​បន្ត​ថា ការ​ដក​ហូត​ដី​ពួកគាត់​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេងទៀត​នោះ ដោយសារ​ទីតាំង​នោះ​ជា​ដី​ទួល​ទឹក​មិន​លិច​ខែវស្សា ទុក​សម្រាប់​ចង​គោក្របី។

លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ផ្ដល់​ដី​ជូន​ពលរដ្ឋ​ទាំង​៥​គ្រួសារ​នោះ​ទទឹង​ទំហំ​១៥​ម៉ែត្រ លើស​២​ដង​នៃ​ដី​ដែល​ត្រូវ​ចែក​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​។ លោក​បដិសេធ ការចោទប្រកាន់​ដែល​ថា លោក​បាន​ដក​យក​ដី​ពួកគាត់​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង​លក់​យក​ប្រាក់​នោះ គឺជា​រឿង​មិន​ពិត៖ «ទៅ​ថា មេភូមិ មេឃុំ​ទៅ​យក​ដី​វា ចែក​ជូន​ប្រជាជន ព្រោះ​ដី​ហ្នឹង ប្រជុំ​ឯកភាព​គ្នា អ៊ីចឹង​តើ។ វា​ព្រមព្រៀងគ្នា​ទទួល​១៥​ម៉ែត្រ​ហ្នឹង។ គេ​អ្នកស្រុក​ទទួល​តែ​៧​ម៉ែត្រ​ទេ ក៏​គេ​ព្រម​ដែរ គ្រាន់​ដាក់​គោក្របី ខែវស្សា​ហ្នឹង​។ វា​ចេះតែ​ចោទប្រកាន់​ភូមិ​ឃុំ​ដក​ដី​វា​យក​មក​ចែក​ប្រជាជន​។ តាមពិត​គេ​ប្រជុំ​សម្រេច ហើយ វា​ព្រមព្រៀងគ្នា​ហើយ​តើ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​មេឃុំ​កោះ​ថ្កូវ លោក ចិន ថានណា បាន​ទេ​នៅ​ថ្ងៃទី​៨ កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​រឿង​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​គឺជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​សង្គម​ខ្មែរ ដោយសារ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន​កើន​ឡើង​ថ្លៃ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​អាជ្ញាធរ​មូលដ្ឋាន ចង់​បាន​ប្រយោជន៍​ពី​រឿង​នេះ។

លោក​យល់​ថា ករណី​អាជ្ញាធរ​ដកហូត​ដី​រដ្ឋ​ដែល​ពលរដ្ឋ​មួយ​ក្រុម​រស់នៅ​យូរ​ឆ្នាំ យក​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​មួយ​ទៀត​នេះ គួរតែ​ធ្វើ​ឲ្យ​ឲ្យ​មាន​ភាព​ច្បាស់លាស់ ដោយ​ត្រូវ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជូន​ពលរដ្ឋ ចៀសវាង​នាំ​ឲ្យ​មាន​ទំនាស់​ជា​ថ្មី​ទៀត​ទៅ​ថ្ងៃមុខ៖ «បើសិន​ដី​ហ្នឹង ជា​ដី​សាធារណៈ​របស់​រដ្ឋ អាហ្នឹង​ ! វា​ពិបាក វា​ទាល់តែ​ធ្វើ​អនុប្រយោគ​សិន បាន​អាច​កាត់​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​សម្បទាន​ឲ្យ​ពួកគាត់​បាន​។ វា​ស្មុគស្មាញ​អំពី​ប្រព័ន្ធ​ចុះ​ដីធ្លី​នៅ​ស្រុក​យើង​។ អ៊ីចឹង​ ! អាជ្ញាធរ​ឲ្យ​មាន​ភាព​ច្បាស់លាស់​បន្តិច ឲ្យ​គាត់​នៅ​ហ្នឹង ឲ្យ​នៅ​បណ្ដោះអាសន្ន ឬ​ឲ្យ​គាត់​នៅ​ជា​លក្ខណៈ​កាន់កាប់​អចិន្ត្រៃយ៍​។ បើ​អចិន្ត្រៃយ៍​ត្រូវធ្វើ​អនុប្រយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ហ្នឹង ហើយ​ត្រូវ​ចុះបញ្ជី​ត្រឹមត្រូវ និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​គាត់​។ ហ្នឹង​ ! បាន​ធានា​សុវត្ថិភាព​ការ​កាន់កាប់​ដីធ្លី​បាន»។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។