ពលរដ្ឋ​​នៅ​ក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​រំលោភ​បំពាន​ដីធ្លី​និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​អះអាង​ថា មាន​ក្រុមហ៊ុន​ចំនួន​២ បាន​រំលោភបំពាន​យក​ដីធ្លី​និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើស្រែ​ចម្ការ ដោយ​សំអាង​ថា ដី​ទាំងនោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL)) ដែល​សហការ​ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​និង​ហ៊ុមព័ទ្ធ យក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ និង​ដី​ព្រៃ​សហគមន៍​ជាច្រើន​ហិកតារ ដោយ​តំណាង​ក្រុមហ៊ុន​អះអាង​ថា ពួកគេ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វិនិយោគ​ដាំ​ដំណាំ​អំពៅ។

ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ លោក ហ៊ី សេងហោ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៣ ខែ​មិថុនា ថា រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ក្រុមហ៊ុន​វៀតណាម​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​របស់​ពួកគេ លើស​ពី​នោះ ថែមទាំង​ចោទ​ប្រជាពលរដ្ឋ​ថា បាន​ចូល​ទៅ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន​ទៅវិញ ខណៈ​ដី​ស្រែចម្ការ​ពលរដ្ឋ​ទាំងនោះ​មិន​ស្ថិត​នៅ​ក្នុង​ផែនទី​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង នោះ​ឡើយ​។ លោក​ចាត់ទុក​ករណី​នេះ ជា​ការ​រំលោភបំពាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​រំលោភសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ​ស្របច្បាប់។

ដីធ្លី២.jpg
ពលរដ្ឋ​ចុះ​ល្បាត​ហា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន កាយ​ប្រឡាយ​ចូល​ដី​ព្រៃ​សហគមន៍ ស្ថិត​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២៤។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ

លោក ហ៊ី សេងហោ៖ «និយាយ​ពី​កាយ​ក្រវាត់​មួយ​សារ​ហើយ​លើ​ដី​ខ្ញុំ​ខាងកើត​ឥឡូវ​គេ​ថា ប៉ះពាល់ ហើយ​ក្រវាត់​នឹង​នៅ​ខាងលិច​ចម្ការ​ខ្ញុំ​ហើយ​បង្គោលព្រំ​នៅ​ខាងលិច​ចម្ការ​ខ្ញុំ​ប្រហែល​១០០​ម៉ែត្រ ដល់​ឥឡូវ​គេ​ដើរមក​ថា ដី​ពួក​ខ្ញុំ​សុទ្ធតែ​ជាប់​ក្នុង​ផែនទី​ក្រុមហ៊ុន​និយាយ​ទៅ​យួន​ជា​មេការ​ក្រុមហ៊ុន​ដើរ​ចុះ​ដើរ​ឡើង ពេល​ឃើញ​អាត្រាក់​ចូល គឺ​មិន​ឲ្យ​ចូល​អ៊ីចឹង​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នឹង ឥឡូវ​ជួបប្រទះ​ការ​លំបាក ក្នុង​ការ​បង្ក​បង្កើន​ផល ខ្លះ​ក៏​បាន​ធ្វើ​ខ្លះ​ក៏​អត់»។

ចំណែក​ប្រធាន​សហគមន៍​សំពុង លោក យ៉ប ចាន់ធំ ឲ្យ​ដឹង​ថា ក្រៅពី​ដីស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រុមហ៊ុន​មួយ​នេះ ក៏បាន​ជីក​ប្រឡាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​ជាង ១​គីឡូម៉ែត្រ ៤​ជ្រុង​ថែម​ទៀត។ លោក​បន្ថែម​ថា ដីព្រៃ​សហគមន៍​មាន​ទំហំ​ជាង ១​ពាន់​(១.៣៩៨)​ហិកតារ ដែល​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ និង​ជា​កន្លែង​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

លោក យ៉ប ចាន់ធំ៖ «ធ្វើ​អ៊ីចឹង​អយុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​ខ្ញុំ​គាត់​អត់​ព្រម គាត់​អត់​ព្រម​ឲ្យ​ធ្វើ​អ៊ីចឹង ដោយសារ​អត់​ឯកភាព​ពី​សហគមន៍ និង​អាជ្ញាធរ សូម​ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​បាន​ហើយ​លុប​ប្រទ្បាយ​កាយ​ឲ្យ​បាន​ដូចដើម​វិញ»។

ប្រជាពលរដ្ឋ​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះស្រាយ និង​ត្រូវ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ទុក​អាស្រ័យ​ផល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បច្ចុប្បន្ន​រស់នៅ​ពឹងផ្អែក​ទៅលើ​របរ​ដាំ​ដំណាំ​កសិកម្ម គ្រាន់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​សងបំណុល​ធនាគារ​។ ពលរដ្ឋ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​នោះ​ទេ ពលរដ្ឋ​នៅ​តំបន់​នោះ​នឹង​នាំគ្នា​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អភិបាល​ខេត្តក្រចេះ លោក វ៉ា ថន បានទេ​នៅ​ថ្ងៃទី៣ ខែ​មិថុនា។ ចំណែក​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ដីធ្លី៣.jpg
ពលរដ្ឋ​នាំទៅ​ផ្ទះ​មេឃុំដើម្បី​ស្វែងរក​ដំណោះស្រាយ ស្ថិតនៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ កាល​ពីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ

ទៅជា​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​២០២១ ដោយ​ដកស្រង់​សម្ដី​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) បាន​ក្ស័យធន​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២១​ក្រុមហ៊ុន​មួយ​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដើម្បី​វិនិយោគ​ផលិត​ស្ករអំពៅ សម្រាប់​ផ្គត់ផ្គង់​រវាង​វៀតណាម​និង​កម្ពុជា។

មេឃុំ​កោះខ្ញែរ លោក អ៊ុក សាវី បញ្ជាក់​យ៉ាង​ខ្លី​ថា ពលរដ្ឋ​ពិតជា​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ប្រាកដ​មែន។

លោក អ៊ុក សាវី៖ «បាទៗ​ករណី​នឹង​មាន​មែន ខ្ញុំ​កំពុង​រវល់​ចុះបញ្ជី​ក្បាល​ឲ្យ​ប្រជាពលរដ្ឋ»។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​យក​យន្តការ​ស្បែក​ខ្លា​ដែល​រដ្ឋាភិបាល​ធ្លាក់​ដាក់​ចេញ​មក​អនុវត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​រងគ្រោះ​បន្ត​ទៀត។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល​គប្បី​តែ​ធ្វើការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងអស់​នឹង ហើយ​ការ​ណា​ធ្វើការ​សិក្សា​មិនបាន​ច្បាស់លាស់​ទេ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​លើកឡើង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ដំណឹង​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង នៅ​ឡើយ ហើយ​ទំហំ​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទទួល​បាន​ក៏​អាជ្ញាធរ​មិនបាន​ប្រកាស​ជា​សាធារណៈ​នោះ​ដែរ។ ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​សិន មុន​ធ្វើការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។