ពលរដ្ឋចំនួន២ភូមិ នៅស្រុកចិត្របុរី ខេត្តក្រចេះ ចោទប្រជាការពារភូមិថា បានរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋជិត ៥ហិកតារ ដែលមានផ្នូរខ្មោចជាង១០០នាក់កំពុងកប់នៅទីនោះ។ ពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយបញ្ហានេះ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរស្វែងរកដំណោះស្រាយ និងអនុវត្តលើជនរំលោភដីទាំងនោះ។
ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ មកពីភូមិចំនួន២ គឺភូមិសំបុក និងកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ លើកឡើងថា ប្រជាការពារភូមិឈ្មោះ នី ណៃ និង ផាត់ បុណ្យ រំលោភយកដីព្រៃកប់សពរួមរបស់សហគមន៍ និងដីបឹងធម្មជាតិ ជិត៥ហិកតារធ្វើជាកម្មសិទ្ធិឯកជន ចំណែកអាជ្ញាធរស្រុកមិនព្រមអើពើក្នុងការរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ បើទោះបីប្រជាពលរដ្ឋបានដាក់លិខិតជាច្រើនសារយ៉ាងណាក្ដី។ អ្នកភូមិថា ពួកគាត់នឹងដាក់លិខិតទៅអាជ្ញាធរខេត្តបន្តទៀត ដើម្បីឲ្យអាជ្ញាធរខេត្តក្រចេះស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋនៅឃុំសំបុក លោកស្រី ពិន សុខគី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែតុលាថា រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រជាការពារភូមិ បានយកគ្រឿងចក្រឈូសឆាយរំលោភយកដីព្រៃកប់សព និងដីបឹងធម្មជាតិរបស់ប្រជាពលរដ្ឋជិត ៥ហិកតារ ធ្វើជាកម្មសិទ្ធិឯកជន ប៉ុន្តែត្រូវប្រជាពលរដ្ឋចំនួន ២ភូមិ ហាមឃាត់មិនឲ្យឈូសឆាយបន្តទៀតនោះទេ។ លោកស្រីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្តជួយរកដំណោះស្រាយ ដោយទុកដីទាំងនោះជាសម្បត្តិរួម ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងឃុំសំបុក ធ្វើជាកន្លែងបូជាសពទៅថ្ងៃខាងមុខទៀត។
លោកស្រី ពិន សុខគី៖ «ទាមទារថា ឲ្យត្រឡប់មកវិញ ដែលកំណត់អភិបាលស្រុកគាត់កាត់ឲ្យបុគ្គលនឹងចំនួនប៉ុន្មាន ចង់ឲ្យបានមកប្រជាពលរដ្ឋយើងវិញទាំងអស់នឹងសម្រាប់សមូហភាពទាំងអស់គ្នា កុំឲ្យគាត់បង្កបង្កើនផលតែបុគ្គលម្នាក់ឯងអ៊ីចឹង»។
អ្នកភូមិថា ដីព្រៃកប់សព និងដីបឹងធម្មជាតិជិត៥ហិកតារនោះ ប្រជាពលរដ្ឋភូមិកាំពី និងសំបុក បានប្រើប្រាស់សម្រាប់បូជាសព ឬកប់សព ហើយចំណែកដីបឹងធម្មជាតិ ដែលពលរដ្ឋធ្លាប់អាស្រ័យផល ចាប់តាំងពីឆ្នាំ១៩៩៣មក ត្រូវបានអាជ្ញាធរភូមិឃុំកាត់ទំហំ ៥០ម៉ែត្រ ៤ជ្រុងឲ្យទៅបុគ្គលឈ្មោះ ផាត់ បុណ្យ សម្រាប់អាស្រ័យផលរួចហើយ។

ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងប្រជាការពារភូមិឈ្មោះ នី ណៃ និង ផាត់ បុណ្យ បានទេនៅថ្ងៃទី២៧ ខែតុលា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តក្រចេះ លោក យ៉ុន អ៊ាម ដែលបានចុះស៊ើបអង្កេតរឿងនេះ យល់ឃើញថា អាជ្ញាធរគួរចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង ទៅលើបុគ្គលណាដែលហ៊ានរំលោភយកដីព្រៃកប់សព និងដីបឹងធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
លោក យ៉ុន អ៊ាម៖«អ៊ីចឹងដីនេះបុគ្គលឬភាគីណាមួយដែលយកជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ ស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពន្លឿនដោះស្រាយវិវាទនេះជាបន្ទាន់ ដើម្បីជៀសវាងមានករណីហិង្សាកើតឡើងណាមួយរវាងប្រជាពលរដ្ឋ និងអ្នករំលោភយកដីសហគមន៍នេះ»។
ពលរដ្ឋលើកឡើងថា អាជ្ញាធរគួរពន្លឿនរកដំណោះស្រាយ និងត្រូវយកដីទាំងអស់នោះ ប្រគល់ឲ្យប្រជាពលរដ្ឋវិញ ពីព្រោះពលរដ្ឋមិនមានដីបឹងសម្រាប់នេសាទដើម្បីចិញ្ចឹមជីវិត និងដីព្រៃសម្រាប់កប់សពទៅថ្ងៃខាងមុខទៀតនោះទេ។ ពលរដ្ឋថា ប្រសិនបើមិនមានដំណោះស្រាយ ឬវិធានការទៅលើបុគ្គលទាំងអស់នេះនោះទេ ពួកគាត់នឹងនាំគ្នាទៅសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។