ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​សាមគ្គី​គ្នា​តតាំង​ជាមួយ​អាជ្ញាធរ​អប្សរា​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុងស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត និង​ធុញទ្រាន់ ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ពី​សំណាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ឱ្យ​ពួកគាត់​រស់នៅ គ្មាន​សុភមង្គល​ក្នុងភូមិ​កំណើត​របស់​ពួកគាត់។

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​បាន​សាមគ្គី​គ្នា ជួយ​គ្នា​ទៅវិញទៅមក ទប់ទល់​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែងតែ​ចុះ​រុះរើ​ផ្ទះសម្បែង រោង​ចិញ្ចឹមសត្វ និង តូប​លក់ដូរ​របស់​ពួកគាត់​ជាដើម។

ពលរដ្ឋ​រាប់​រយ​នាក់ រស់នៅ​ក្នុង​តំបន់​អង្គរ សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប បាន​លើកគ្នា​រារាំង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចុះ​រុះរើ​ផ្លូវ​បេតុង​មួយ​ខ្សែ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លើក​ហេតុផល​ថា សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ស្រែក​ខ្លាំងៗ ដៃ​កាន់​ទូរស័ព្ទ​ថត សកម្មភាព អាជ្ញាធរ​អប្សរា​ជាច្រើន​នាក់ ជិះឡាន​ពាក់​ឯកសណ្ឋាន​អាជ្ញាធរ​ចុះ​រុះរើ​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​អ្នកភូមិ​កសាង ដើម្បី​ងាយស្រួល ដើរចូល​លំនៅឋាន។

កម្លាំង​សាមគ្គី​គ្នា​ជួយ​គ្នា​ទៅវិញទៅមក របស់​អ្នកភូមិ ឬ​ហៅថា ងើប​តវ៉ា​ស្រុះគ្នា​បែបនេះ ពួកគាត់​តែងតែ​អនុវត្ត​ជារឿយៗ ដើម្បី​ទប់ទល់​ការពារ​យាយី និង​ការ​បង្ក្រាប របស់​អាជ្ញាធរ​អប្សរា ក្នុង​ទម្រង់​ណាមួយ​នោះ។

មធ្យោបាយ​នេះ​គឺជា​ជម្រើស​ចុងក្រោយ ដែល​ពួកគាត់​ជឿ​ថា នឹង​អាច​ការពារ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ របស់​ពលរដ្ឋ នៅ​គ្រា​ដែល​អាជ្ញាធរ​អប្សរា ប្រើ​កម្លាំង​រុះរើ ដោយ​បង្ខំ។

sr1.jpg
លំនៅឋាន​របស់​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​អាជ្ញាធរ​មិន​ឱ្យ​ជួសជុល​ផ្ទះ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប កាល​ពី​ថ្ងៃទី២៨ មិថុនា ២០២៤​។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ២៨ មិថុនា​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​ខេត្តសៀមរាប​មិនទាន់​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​លោក ត្រូវ​សាមគ្គី​គ្នា តតាំង​ជាមួយ​អាជ្ញាធរ​អប្សរា ដោយ​លើកគ្នា​តវ៉ា​ភ្លាមៗ ប្រសិនបើ​មាន​ភាព​មិន​ប្រក្រតី​ក្នុងភូមិ។

លោក​បញ្ជាក់​ថា ពួក​លោក​ចង់​សង់ផ្ទះ​រស់នៅ​សមរម្យ ដោយសារ​ផ្ទះសម្បែង​របស់​ពួកគាត់​ភាគច្រើន​តូចៗ និង​ចាស់​ទ្រុឌទ្រោម​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ទឹកភ្លៀង​សាច​ចូល​ពេញ​ផ្ទះ គ្មាន​កន្លែងដេក​ពួន។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «លក់​ទឹកអំពៅ​តាម​ថ្នល់ លក់​ឪឡឹក និង​លក់​របស់របរ​ចាប់ហួយ​តិច​តូច គាត់​មិន​ឱ្យ​បាំង​ស្បៃ និង​ដាក់​ឆ័ត្រ។ ពលរដ្ឋ​គាត់​ធ្វើ​អី​អត់​បាន បាន​ពលរដ្ឋ​ខឹង​ខ្លាំង»។

អ្នកភូមិ​ឱ្យ​ដឹង​ថា ទៅ​ពេល​ពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ជួសជុលផ្ទះ តាមរយៈ​អាជ្ញាធរ​ភូមិ​/​ឃុំ បែរជា​យឺតយ៉ាវ អស់​បន្លាយពេល​ច្រើន​ខែ និង​គ្មាន​ការ​ឆ្លើយ​តប ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លួច​ជួសជុល​សំណង់​ដោយ​ខ្លួនឯង​។ លើស​ពី​នេះ​ទៀត នៅ​គ្រា​ដែល​ពលរដ្ឋ​លួច​ជួសជុលផ្ទះ​រួចរាល់ អាជ្ញាធរ​អប្សរា​បែរជា​ចេញ​លិខិត​ឱ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ កន្លែង​ដែល​ជួសជុល​នោះ​វិញ​ភ្លាម បើ​ពុំ​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​រុះរើ។

ចាប់តាំងពី​ចូលឆ្នាំ​ខ្មែរ មក​ទល់​ពេល​នេះ ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ក្នុង​តំបន់​អង្គរ បាន​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ៤ ដង​មក​ហើយ ដោយ​លើក​បដា​សរសេរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បិទ​សិទ្ធិ​ពួកគាត់​រស់នៅ ដូចជា​ការសាងសង់​លំនៅឋាន ជួសជុល​ទ្រុងមាន់​ទា រោង​គោ ធ្វើ​របង បុក​អណ្តូង​ទឹក មិន​ឱ្យ​ជីក​ស្រះ​ចិញ្ចឹម​ត្រី ឈូស​ឆាយ​ដី​កសិកម្ម ធ្វើ​ផ្លូវ ដាំ​ដើមឈើ តូប​លក់ដូរ និង​ធ្វើ​បង្គន់​អនាម័យ ជាដើម។

ជាមួយ​គ្នា​នេះ​ដែរ ពួកគាត់​ស្នើ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) និង​ប្រមុខ​ដឹកនាំ​រដ្ឋ កាត់​ឆ្វៀល ដី​ដែល​ពួកគាត់​កំពុង​រស់នៅ ចេញពី​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ ញត្តិ​របស់​ពលរដ្ឋ​នៅឡើយ​ទេ។

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ភូមិ​ដូន​កែវ ឃុំ​ដូន​កែវ ស្រុក​ពួក លោក ហួរ ហាំ ដែល​កំពុង​ស្នាក់​នៅ​ខ្ទម​តូច​មួយ ជាច្រើន​ឆ្នាំ​មក​ហើយ រៀបរាប់​ថា ផ្ទះ​របស់​លោក ចាស់​ទ្រុឌទ្រោម ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ពិបាក​វេទនា និង​ប្រឈម​ការ​បាក់​រលំ។

លោក​ថា គ្រួសារ​លោក បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ ដើម្បី​ស្នើ​ជួសជុលផ្ទះ​ជាច្រើន​ខែ​មក​ហើយ អាជ្ញាធរ​អប្សរា​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ។

លោក ហួរ ហាំ៖ «ផ្ទះ​ទ្រុឌទ្រោម​ត្រូវការ​ធ្វើ​ថ្មី ឬ​ជីក​ស្រះ ដើម្បី​យក​ទឹក​ដាំ​បន្លែ​ក៏​ធ្វើ​មិនកើត ហើយ​បើសិន​រោង​យើង​ធ្វើ​ហើយ គេ​ចុះ​មក​រុះរើ យើង​ចំណាយ​ធ្វើ​គេ​ចុះ​រុះរើ»។

អ្នកភូមិ​ម្នាក់ទៀត រស់នៅ​ស្រុក​ប្រាសាទបាគង ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​ថា វិធានការ​របស់​អាជ្ញាធរ​អប្សរា​មាន​ស្តង់ដារ​ពីរ​រវាង​អ្នក​មាន និង​អ្នក​ក្រ។

sr2.jpg
លំនៅឋាន​របស់​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​អាជ្ញាធរ​មិន​ឱ្យ​ជួសជុល​ផ្ទះ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប កាល​ពី​ថ្ងៃទី ២៨ មិថុនា ២០២៤​។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

លោក​បញ្ជាក់​ថា ប្រសិនបើ​អ្នកមាន​ទ្រព្យ​ធូរធារ អាច​សង់ផ្ទះ និង​របង​បាន​ដោយ​ងាយ ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​ក្រីក្រ​វិញ ពិបាក​នឹង​សាងសង់ និង​មិន​អនុញ្ញាត​ឱ្យ​សាងសង់។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «​ការឈឺចាប់​ធ្ងន់​ដូច​សម័យ ប៉ុល ពត ម្នាក់ៗ​បងប្អូន​ស្អប់ មន្ត្រី​អាជ្ញាធរ​អប្សរា ពុករលួយ​និយាយ​ឱ្យចំ​ទៅ កុំ​សួរ​រកមុខ វា​មាន​ល្បិច»។

ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បំភ្លឺ​ថា ថ្មីៗ​នេះ​បុរស​ឈ្មោះ ភឿន សុភាព មុខរបរ​ជា​ប៉ូលិស បាន​លួច​សាងសង់​ស្ពាន​ផ្លូវ​បេតុង អម​ដោយ​ឥដ្ឋ​ធ្វើ​ស្ពាន និង​ជីក​ស្រះ​ខុស​ច្បាប់ ក្នុង​តំបន់​ការពារ​១ នៃ​រមណីយដ្ឋាន​អង្គរ កៀក​នឹង​ប្រាសាទ​កោះហូរ។

រីឯ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ ហើយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ចូលរួម​ការពារ​សកម្មភាព​ខុស​ច្បាប់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រលឹង​ជាតិខ្មែរ។

ឆ្លើយតប​​​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មានប្រសាសន៍ថា តំបន់​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ ជា​ប្រភព​នៃ​តំបន់​បុរាណដ្ឋាន និង​សំបូរ​ដោយ​ប្រាសាទបុរាណ​ជាច្រើន ដែល​ត្រូវ​ការពារ មិន​អាច​កាត់​ឆ្វៀល​ចេញ​ពី​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទេ។

លោក​បន្ថែម​ថា បារាយ​ខាងលិច ឋិត​ក្នុង​សង្កាត់​ទឹក​វិល ជាប់​នឹង​ស្រុក​ពួក ជា​រចនាសម្ព័ន្ធ​ផ្លូវទឹក​បុរាណ ដែល​អាជ្ញាធរ​បាន​ជីក​ស្ដារ​ស្ទឹង​ជាច្រើន មាន​បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ កាលពី​សម័យ​អង្គរ ដើម្បី​រក្សា​ស្ថានភាព​ដើម លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ក្នុង​វិស័យ​កសិកម្ម។

លោក ឡុង កុសល៖ «ទីកន្លែង​ហ្នឹង​សំបូរ​ប្រាសាទ អ្វី​ដែល​សំខាន់​ជាងគេ យើង​ត្រូវ​ដឹង​ថា បារាយ​ទឹកថ្លា​យើង​ហៅថា បារាយ​ខាងលិច ដែល​ព្រះរាជា​សម័យ​អង្គរ​។ នេះ​ហើយ​ជា​ប្រភព​ដែល​យើង​ត្រូវ​ការពារ»។

លោក ឡុង កុសល បន្ថែម​ថា ពលរដ្ឋ​ចង់​ជួសជុលផ្ទះ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​តាមរយៈ​អាជ្ញាធរ​ភូមិ​/​ឃុំ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចុះ​ពិនិត្យ ផ្តល់​យោបល់​មុន​នឹង​អនុញ្ញាត​។ លោក​បញ្ជាក់​ថា នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួសជុលផ្ទះ​សម្បែង​ជិត ១​ពាន់​ខ្នង។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​សៀមរាប លោក អ៊ិន គង់ជិត ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​ពិនិត្យមើល​ករណីនេះ​ឡើងវិញ ដោយ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ និង​ពិគ្រោះ​យោបល់​ម្តង​ទៀត ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​ចំ​គោលដៅ។

លោក អ៊ិន គង់ជិត៖ «អង្គការ​យូណេស្កូ យើង​ស្នើសុំ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ឡើងវិញ នូវ​លក្ខខណ្ឌ​ទាំងឡាយ​ណា​ដែល​តឹងតែង ដែល​វា​ប៉ះពាល់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​។ សូម​បន្ធូរបន្ថយ និង​ងាក​មក​គោរព​សិទ្ធិ​លំនៅឋាន សិទ្ធិ​រស់រាន​មាន​ជីវិត និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​។ អាហ្នឹង​ទើប​បាន​សង្គម​មាន​សន្តិភាព នាំមក​នូវ​សុខដុមរមនា»។

ក្រុម​ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​ទាំងនេះ គឺជា​អ្នកស្រុក​អង្គរ ដែល​រស់នៅ​យូរយារ​មក​ហើយ​។ រីឯ​ពលរដ្ឋ​ដែល​ទើបតែ​តាំងទី​លំនៅ​ក្នុង​តំបន់​អង្គរ ក្រោយ​ឆ្នាំ ២០០៤ អាជ្ញាធរ​បាន​ចាត់ទុក​ថា ជា​សំណង់​ខុសច្បាប់ ដែល​ត្រូវ​រុះរើ​លំនៅឋាន ទៅ​រស់នៅ​ទីតាំង​ថ្មី ក្នុង​តំបន់​រុនតាឯក ស្រុក​បន្ទាយស្រី ដែល​អាជ្ញាធរ​បាន​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច។

កន្លងទៅ អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ថ្លែង​ជា​សាធារណៈ​ថា ក្រសួង​បាន​រក​ឃើញ​សំណង់​ខុសច្បាប់​ជាង ៨ ពាន់​ករណី (៨.៤០០) ក្នុង​ឧទ្យាន​អង្គរ​ចន្លោះ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ។ លោក​បាន​ហៅ​សំណង់​ទាំងនោះ​ថា ជា "​សំណង់​ខុសច្បាប់​ដែល​គួរ​ឲ្យ​ខ្មាសអៀន"។

រីឯ​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ចេញផ្សាយ កាលពី​ឆ្នាំ ២០២២ ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​០១​ម៉ឺន គ្រួសារ (១០.០០០) ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។