រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្អូញថា លោករងកម្មក្នុងការដោះស្រាយវិបត្តិដីធ្លីក្នុងខេត្តមណ្ឌលគិរី ដោយសារតែមន្ត្រីធំៗ បានប្រជែងគ្នា ទៅចាប់ដីនៅទីនោះ និងមានជម្លោះ ដីធ្លីជាច្រើនទៀត មិនទាន់ដោះស្រាយរួច។ លោក ស ខេង ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ នៅព្រឹកថ្ងៃទី៧ ខែកក្កដា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងនៅចំពោះមុខអភិបាលខេត្ត/ក្រុងទាំងអស់ថា ជម្លោះដីធ្លីដែលបានកើតឡើងជាហូរហែ ហើយស្មុគស្មាញក្នុងការដោះស្រាយនោះគឺដោយសារ តែមិនមានប្លង់មេ ឬប្លង់គោលឲ្យបានច្បាស់លាស់ និងមានការជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីគ្រាក់ៗ របស់រដ្ឋាភិបាល ។ លោក ស ខេង បន្តថា បច្ចុប្បន្ននេះ ជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរីកំពុងតែកើតឡើងច្រើន ដោយសារអ្នកធំៗ បានប្រជែងគ្នា ទៅចាប់ដីនៅទីនោះ និងធ្វើឱ្យលោករងកម្មក្នុងការដោះស្រាយ។ ទោះជាយ៉ាងណា លោក ស ខេង មិនប្រាប់ឈ្មោះ អ្នកធំណាខ្លះនោះទេ ក៏ប៉ុន្តែលោកបង្ហើបថា មានអ្នកធំខ្លះមានងារជាឧបនាយករដ្ឋមន្ត្រី៖ «ឥលូវនាំគ្នាទៅចាប់ដី កំពុងមានរឿងកំពុងដោះស្រាយ ហើយសុទ្ធតែធំៗ ប៉ុណ្ណាខ្ញុំមិនដឹងទេ តែមន្ត្រីធំៗទៅប្រជែងគ្នាចាប់ដី។ ខ្ញុំជាអ្នករងកម្ម មែនទែនទៅដោះស្រាយរឿងដីហ្នឹង ចាំដោះឱ្យ។ មានបញ្ហា » ។
ទោះជាយ៉ាងណា ក្រុមជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកការលើកឡើងនេះថា ជាការបើកផ្លូវឱ្យអាជ្ញាធរជាតិ គួរចាត់វិធានការច្បាប់ ចំពោះអ្នកមានអំណាច និងមន្ត្រីគ្រាក់ៗ ដែលទៅច្បាមយកដីព្រៃសាធារណរបស់រដ្ឋ និងដីព្រៃអភិរក្សធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។
សមាជិកបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា សង្កេតឃើញថា វិបត្តិដីធ្លីកើតមានច្រើន ដោយសារអ្នកមានអំណាច និងមន្ត្រីធំៗ ទៅបំពានយកដីព្រៃរបស់រដ្ឋ ហើយមន្ត្រីមូលដ្ឋានមិនហ៊ានអនុវត្តច្បាប់នោះទេ។ លោកថា អាជ្ញាធរភូមិ មេឃុំ រហូតដល់អាជ្ញាធរខេត្តខ្លះ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មានជាប់ពាក់ព័ន្ធ ការរំលោភដីព្រៃរបស់រដ្ឋ និងដីព្រៃអភិរក្ស តាមរយៈការធ្វើលិខិតមិនប្រក្រតីផ្សេងៗ៖ «អ្នកមានលុយ ហើយមានអំណាចចង់បានដី ឱ្យតែចង្អុលយក ឃើញប៉ុណ្ណាយកប៉ុណ្ណឹង។ ចំណុចហ្នឹង ខ្ញុំថា វាស្មុគស្មាញដោយសារអ្នកមានអំណាច និងអ្នកមានលុយវាទៅធ្វើ។ អ៊ីចឹងហើយ គ្នាមន្ត្រីថ្នាក់ក្រោមជាតិ គ្រាន់តែឮថា របស់មេមួយៗ គឺក្រាបដូច មាន់ក្រាបពងអ៊ីចឹង។ មេធ្វើអីខុសក៏ខុសទៅ ឱ្យតែខ្ញុំរួចខ្លួន គាត់ទៅកាង ទៅឃាត់ទៅអី ធ្វើឱ្យមេស្ដីបន្ទោស ឬរកលេសទៅធ្វើបាបគាត់ គាត់ខ្លាចរឿងហ្នឹងទេ » ។
ជនជាតិដើមភាគតិចព្នងរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ លោកស្រី និន ចាន់ណា ថ្លែងថា ថ្មីៗនេះ អ្នកមានអំណាចបានយកគ្រឿងចក្រ ឈូសឆាយរំលោភដីភ្នំរ៉ាដាងទាំងមូល ដោយមានមន្ត្រីតុលាការគំរាមពលរដ្ឋមិនឱ្យងើបតវ៉ា។ លោកស្រីថា ព្រៃឈើដុះព័ទ្ធជុំវិញភ្នំ ត្រូវបានគេឈូសឆាយកម្ទេចចោលក្លាយជាវាលរហោឋាន ប៉ះពាល់ផ្នូរកប់សព ព្រៃអារក្ស កន្លែងជំនឿសាសនា និងបាត់បង់ប្រភពទឹកអូរធម្មជាតិជាដើម។ លោកស្រីរិះគន់ថា អ្នកមានអំណាច បំពានយកដីភ្នំទាំងមូលជាកម្មសិទ្ធិ មន្ត្រីពាក់ព័ន្ធខេត្តនេះ មិនបានយកចិត្តទុកដាក់ដោះស្រាយនោះទេ៖ «ទាមទារដែលតែគេអត់ស្តាប់ទេ គេឱ្យតែអាត្រាក់ហ្នឹងទៅវៃទេ ដល់ទៅសួរតៃកុងអាអ៊ិចហ្នឹង គេអត់ប្រាប់ទេ គេអត់ប្រាប់ថា ឈ្មោះអីអ៊ីចឹង ? សល់សួរអាជ្ញាធរឃុំគេថា ម៉េចចង់ម៉េចអ៊ីចឹង ? អាជ្ញាធរគេរឹតបណ្តឹងពួកខ្ញុំមែនទែន។ គេបំពានយកបាត់បង់អស់ហើយ គេឈូសឆាយអស់ហើយ មានអណ្តូងទឹក ព្រៃកបខ្មោច មានខ្ទមអ្នកតា ហើយកន្លែងហ្នឹងកាន់មែនទែនឥឡូវ » ។
កាលពីថ្ងៃទី៣ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី កាត់ឆ្វៀលដីជូនពលរដ្ឋ ដែលទៅតាំងទីលំនៅរយៈពេល ១០ ទៅ ២០ឆ្នាំ ក្នុងតំបន់អភិរក្ស និងតំបន់ការពារផ្សេងទៀតរបស់រដ្ឋ។ លោក ហ៊ុន សែន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ រក្សាទុកព្រៃសហគមន៍ខ្លះៗ ដើម្បីជាប្រយោជន៍រួមដល់ពលរដ្ឋមូលដ្ឋាន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេតឃើញថា ការអនុវត្តច្បាប់លើអ្នកទន្ទ្រានដីព្រៃខុសច្បាប់ ខ្វះចន្លោះច្រើន និងមិនហ៊ានអនុវត្តលើសាច់ញាតិអាជ្ញាធរ និងមន្ត្រីគ្រាក់ៗ ដែលឃុបឃិតគ្នាកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់។ លោកផ្ដល់ទស្សនថា អាជ្ញាធរជាតិគួរចាត់វិធានការ លើក្រុមឧកញ៉ា អ្នកមានអំណាច និងអាជ្ញាធរខិលខូច ឃុបឃិតគ្នាកាប់កាប់ដីព្រៃរបស់រដ្ឋ ព្រៃអភិរក្ស និងព្រៃសហគមន៍ ដើម្បីកាត់បន្ថយវិបត្តិដីធ្លី៖ «គេអត់អនុវត្តចំពោះសាច់ញាតិគេទេ វាជារូបភាពមួយ អាជ្ញាធរថ្នាក់ជាតិគួរតែចាត់វិធានការបន្ទាន់ ហើយកុំឱ្យមានការរើសអើង។ តើខ្លួនឯង កូនចៅខ្លួនឯង បុគ្គលិកខ្លួនឯង យើងរកឃើញហើយ មិនអនុវត្តច្បាប់ អាហ្នឹងជារូបភាពអយុត្តិធម៌សម្រាប់ពលរដ្ឋ ក៏ដូចជាសង្គមមួយ មានច្បាប់ហើយ ការអនុវត្តនៅមានកម្រិតអ៊ីចឹង » ។
កាលពីចុងខែ មិថុនាកន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក សេង សុវណ្ណារ៉ា ពាក់ព័ន្ធនឹងការរំលោភយកដីសាធារណរបស់រដ្ឋជាង ១ពាន់ ហិកតារ នៅខេត្តមណ្ឌលគិរី។ ជនជាតិដើមភាគតិចព្នង (ពូនង) ថា ការអនុវត្តច្បាប់នេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈអ្នកមានអំណាចគ្រាក់ៗ អាជ្ញាធរខិលខូច និងឧកញ៉ាមួយចំនួន បានយកពលរដ្ឋជាខែល ច្បាមយកដីព្រៃអភិរក្ស ព្រៃសហគមន៍ និងព្រៃសាធារណរបស់រដ្ឋ អាជ្ញាធរមិនទាន់ចាត់វិធានការនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។