ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន សីលាដាម៉ិច (Seladamex co.ltd.) ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅធ្វើស្រែចម្ការនៅលើដី ដែលបានកាត់ឆ្វៀលចេញពីក្រុមហ៊ុន និងដីធ្លីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរគួរចុះពិនិត្យ និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន សីលាដាម៉ិច ហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការលើដី ដែលបានកាត់ឆ្វៀលចេញពីក្រុមហ៊ុន និងដីធ្លីដែលពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រមទាំងព្រមានចាប់ប្រជាពលរដ្ឋដាក់គុក ប្រសិនបើពួកគាត់ហ៊ានចេញតវ៉ា។
ពលរដ្ឋរស់នៅភូមិក្ដាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋ ដែលមានដីស្រែចម្ការនៅក្នុងបរិវេណក្រុមហ៊ុន សីលាដាម៉ិច ដែលអាជ្ញាធរកាត់ឆ្វៀលចេញពីគម្រោងដីសម្បទានសេដ្ឋកិច្ច ត្រូវបានសន្តិសុខក្រុមហ៊ុនហាមឃាត់ និងកាយផ្លូវផ្ដាច់មិនឲ្យពួកគាត់ចូលទៅធ្វើស្រែចម្ការនោះទេ។ លើសពីនោះ សន្តិសុខក្រុមហ៊ុនគំរាមចាប់ប្រជាពលរដ្ឋដាក់គុក ប្រសិនបើពួកគាត់ហ៊ានចេញតវ៉ា។
សុំមិនបញ្ចេញឈ្មោះ៖ «ដល់ពេលគេដេញចេញអ៊ីចឹងទៅអត់មានអ្វីធ្វើនាំគ្នាឆ្លេឆ្លាសុទ្ធតែអ្នកឆោតល្ងង់អត់ដឹងអ្វី គេព្រមានថាឲ្យតែហ៊ានតវ៉ាប្រយ័ត្នជាប់គុកតវ៉ានឹងគេ គេវាយខ្នោះបោះដាក់ឡាន គេថាប្រជាពលរដ្ឋភូមិក្ដាក់មិនចាំបាច់ទៅតវ៉ាទេ ចាំគេដោះស្រាយឲ្យ។ ចាំៗ រហូតអស់រយៈពេល ៥ខែហើយ អត់ឃើញមកដោះស្រាយឲ្យប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមើលមុខគ្នា អ្នកខ្លះនាំគ្នាចំណាកស្រុកទៅវៀតណាម ទៅថៃ»។
អ្នកភូមិអះអាងទៀតថា ក្រុមហ៊ុន សីលាដាម៉ិច មិនបានអភិវឌ្ឍន៍ ឬដាំដំណាំអ្វីនោះទេ ក្រៅពីទុកដីទាំងនោះទំនេរចោល។ ពលរដ្ឋសង្ស័យថា ដីធ្លីដែលបណ្ដេញពលរដ្ឋចេញពីលើកមុន ទំនងអាជ្ញាធរស្រុក និងខេត្ត បែងចែកគ្នាដោយស្ងៀមស្ងាត់ ពីព្រោះក្រុមហ៊ុន សីលាដាម៉ិច បានក្ស័យធនតាំងពីឆ្នាំ២០១៧ មក។ ពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ ឲ្យប្រជាពលរដ្ឋនៅភូមិក្ដាក់ បានចូលទៅធ្វើស្រែចម្ការដូចដើមវិញ ពីព្រោះពួកគាត់គ្មានអ្វីជាទីពឹងក្រៅពីធ្វើស្រែចម្ការបានប្រាក់គ្រាន់ដោះបំណុលធនាគារនោះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានទេ នៅថ្ងៃទី៥ ខែសីហា។ ចំណែកក្រុមហ៊ុន ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
កាលពីខែមីនា កន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើ និងដុតផ្ទះសម្បែង របស់ប្រជាពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែងពីរ ហើយពលរដ្ឋនាំគ្នាតវ៉ារារាំង បណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់។ សមត្ថកិច្ចចម្រុះ បានបាញ់កាំភ្លើង និងគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ទៅលើប្រជាពលរដ្ឋ និងចាប់ពលរដ្ឋជាង ២០នាក់ដាក់ពន្ធនាគារ ដោយអាជ្ញាធរចោទពលរដ្ឋទាំងនោះថា រំលោភយកដីរដ្ឋក្នុងរូបភាពបង្កើតជាតំបន់អបគមន៍ ប៉ុន្តែពលរដ្ឋថា ក្រុមហ៊ុនបានរំលោភបំពានទៅលើដីធ្លីអាស្រ័យផលរបស់ពួកគាត់។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា តាមច្បាប់ក្រុមហ៊ុនគ្មានសិទ្ធិហាមឃាត់ និងបិទច្រកមិនឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផល លើដីស្រែចម្ការរបស់ពួកគាត់នោះទេ ប្រសិនបើក្រុមហ៊ុនហាមឃាត់ និងបិទច្រកមិនឲ្យពលរដ្ឋបានចូលទៅធ្វើស្រែចម្ការបែបនេះ វាជារឿងខុសច្បាប់។ លោកជំរុញឲ្យអាជ្ញាធរចុះស្រាវជ្រាវ និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនៅតំបន់នោះ។
លោក ប៉ឹក សោភ័ណ៖ «អាជ្ញាធរគួរតែជួយស៊ើបអង្កេតមើលថា តើពលរដ្ឋពិតជាមានករណីត្រូវបានហាមឃាត់ ដោយក្រុមហ៊ុនមិនឲ្យចូលទៅធ្វើអាស្រ័យផលលើដីរបស់គាត់មែនទេ?ប្រសិនបើដូច្នោះមែន អាជ្ញាធរគួរតែទៅជួយអន្តរាគមន៍ទៅដល់ក្រុមហ៊ុន ដើម្បីឲ្យពលរដ្ឋមានសិទ្ធិចូលទៅប្រើប្រាស់ដីនោះបាន»។
ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី (Seladamex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នៅឆ្នាំ២០០៩ លើផ្ទៃដី ៩ពាន់ (៩.០០០)ហិកតារ ក្រោមហេតុផល ធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នោះ ជិត ១ពាន់គ្រួសារ។ ប៉ុន្តែ ក្រុមហ៊ុនមួយនេះក៏បានផ្អាកសកម្មភាពមួយរយៈ រហូតដល់ឆ្នាំ២០២២ ទើបអាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ ចេញប័ណ្ណកម្មសិទ្ធិ លើផ្ទៃដី ជាង ៦ពាន់ (៦.៣៧៨,៤៦)ហិកតារ និងបន្តប៉ះពាល់ប្រជាពលរដ្ឋជាង ៣០០គ្រួសារទៀតមកដល់បច្ចុប្បន្ន ហើយប្រជាពលរដ្ឋនៅតំបន់នោះ ស្នើឲ្យអាជ្ញាធរកាត់ឆ្វៀលដីឲ្យពួកគាត់ទុកអាស្រ័យផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ប៉ុន្តែអាជ្ញាធរមិនបានដោះស្រាយ ឱ្យពួកគាត់ឡើយ និងបានបណ្ដេញពលរដ្ឋចេញទាំងបង្ខំ រហូតពលរដ្ឋទាំងនោះនាំគ្នាធ្វើចំណាកស្រុកខុសច្បាប់ ទៅរស់នៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។