ប្រជាពលរដ្ឋប្រមាណ ៣០នាក់ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ធ្វើយុទ្ធនាការលើកបដា និងរូបថតលោក សែម សាង ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងតំណាងពួកគេឲ្យមានសេរីភាពវិញ។ ការជួបជុំគ្នាធ្វើនៅដីមានទំនាស់ជាមួយក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ។
អ្នកភូមិស្រែប្រាំង លោក សែម ចំណាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ ខែកុម្ភៈថា នេះជាលើកទី៤ ហើយ ដែលអ្នកភូមិរួមគ្នា ទាមទារឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ ដោះលែងលោក សែម សាង មកវិញ ព្រោះការចាប់ខ្លួន និងចោទប្រកាន់លើតំណាងពួកគាត់ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
ភរិយាលោក សែម សាង គឺលោកស្រី ឈឿន ស្រីសុខ ដែលមានផ្ទៃពោះ ៦ខែ ស្នើដល់តុលាការជួយពន្លឿននីតិវិធី ដោះលែងប្ដីលោកស្រី ឲ្យបានជួបជុំគ្រួសារវិញ ព្រោះពេលនេះគ្រួសារកំពុងជួបបញ្ហាជីវភាពខ្លាំង។
លោក សែម សាង ត្រូវបានអាជ្ញាធរស្រុកតំបែរ ស្ទាក់ចាប់នៅភូមិស្រែប្រាំង ហើយនាំខ្លួនទៅឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីលោកត្រឡប់មកពីចូលរួមសិក្ខាសាលាចិញ្ចឹមមាន់ និងផលិតទឹកសុទ្ធ នៅខេត្តកំពង់ឆ្នាំង។ លោករងការចោទប្រកាន់ទាក់ទងនឹងបទចោទថា "កំហែងដោយមានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់អាវុធ" ដែលបានប្រព្រឹត្តនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នកភូមិស្រែប្រាំងបញ្ជាក់ថា ពួកគេនឹងបន្តធ្វើយុទ្ធនាការនេះ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់តុលាការ ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងលោក សែម សាង ឲ្យមានសេរីភាពឡើងវិញ។ ពលរដ្ឋ ក៏ស្នើដល់តុលាការ និងអាជ្ញាធរ និងក្រុមហ៊ុន បញ្ឈប់ការចោទប្រកាន់ លាបពណ៌លើប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។