រដ្ឋបាលខេត្តព្រះសីហនុបានរុះរើតូបអាជីវករលក់ដូរតាមឆ្នេរអូរត្រេះ១ និងអូរត្រេះ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុអស់ នៅថ្ងៃទី១៥ ខែមករា។ ក្រុមអាជីវករនៅរក្សាការទាមទារ បើទោះជាតូបរបស់ពួកគាត់ទាំង ៦២តូប ត្រូវបានក្រុមសមត្ថកិច្ចរុះរើឈូសកម្ទេចអស់ក៏ដោយ។
តំណាងអាជីវករម្នាក់ លោក ឯក វិធាន ឲ្យអាស៊ីសេរីដឹងថា ក្រុមពលរដ្ឋបានត្រឹមតែឈរឱបដៃមើលក្រុមសមត្ថកិច្ច និងគ្រឿងចក្ររបស់រដ្ឋបាលខេត្តព្រះសីហនុរុះរើឈូសកម្ទេចតូបរបស់ពួកគាត់ប៉ុណ្ណោះ។ លោកចាត់ទុកការរុះរើនេះថា ជាអំពើផ្ដាច់ការ និងសាហាវ ចំពោះពលរដ្ឋខ្លួនឯង ដែលសង្គមសន្តិភាពមិនគួរកើតមានអំពើបែបនេះទេ៖ «សកម្មភាពបែបនេះគឺ សាហាវ ពិតជាសាហាវឃោរឃៅណាស់ចំពោះអាជីវករ ប្រទេសមានសន្តិភាពយើងគួរនិយាយគ្នា»។
តំណាងក្រុមអាជីវករម្នាក់ទៀត លោកស្រី ជា សុវណ្ណ យល់ថា នេះជារឿងអយុត្តិធម៌ ចំពោះក្រុមអាជីវករ ព្រោះអាជ្ញាធរមិនបានផ្ដល់សំណងអ្វីទាំងអស់ដល់ពលរដ្ឋ។ លោកស្រីរម្លឹកថា លោកស្រីបានចំណាយលុយទិញដីនៅទីនេះជាងប្រាំម៉ឺនដុល្លារ ហើយលោកស្រីទើបកែប្រែហាងរបស់ខ្លួនអស់លុយជាងមួយម៉ឺនដុល្លារថែមទៀត ប៉ុន្តែមិនទាន់បានលក់ដូរស្រួលបួលផង ក៏ត្រូវសមត្ថកិច្ចរុះរើអស់៖ « គេពលរដ្ឋរកស៊ីយូរហើយគួរតែសងរដ្ឋវិញ ហើយពាក្យគាត់និយាយអ៊ីចឹងមិនសមទេ បើគាត់មិនឲ្យយើងមករស់នៅរកស៊ីពីមុនមកក៏យើងអត់មានបើករកស៊ីដែរ»។
អាជីវកររូបនេះឲ្យដឹងទៀតថា លោកស្រីទទួលដំណឹងថា មានឈ្មួញចិនបានទិញតំបន់ឆ្នេរអូរត្រេះនេះ ទើបមានការបណ្ដេញពលរដ្ឋចេញបែបនេះ។ លោកស្រី ជា សុវណ្ណ យល់ថា ប្រសិនបើមានករណីនេះមែន គឺជារឿងអយុត្តិធម៌បំផុត ដែលអាជ្ញាធរប្រព្រឹត្តទង្វើបែបនេះ។
រីឯអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា មុនពេលឈានដល់ការរុះរើនេះ រដ្ឋបាលខេត្តបានជូនដំណឹងដល់ពលរដ្ឋបានដឹង និងត្រៀមខ្លួនរុះរើជាច្រើនដងហើយ។ លោកថា ការរុះរើនេះ គឺដើម្បីឱ្យអាជ្ញាធរខេត្ត រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ។ លោកឲ្យដឹងទៀតថា អាជ្ញាធរគ្មានគម្រោងផ្ដល់សំណងណាមួយឲ្យក្រុមអាជីវករនោះទេ ព្រោះដីឆ្នេរនេះជាដីរបស់រដ្ឋ។ អ្នកនាំពាក្យលើកឡើងថា គ្មានករណីលក់ ឬជួលដីឆ្នេរនេះទៅឲ្យក្រុមហ៊ុនណាមួយ ដើម្បីធ្វើអាជីវកម្មនោះឡើយ៖ «មានការអនុគ្រោះកន្លងមក ប៉ុន្តែដល់ពេលដែលរដ្ឋត្រូវការទីតាំងហ្នឹងធ្វើការអភិវឌ្ឍ យើងត្រូវដឹងថា ឆ្នេរខ្សាច់របស់យើងជាប់ជាឆ្នេរស្អាតក្នុងពិភពលោកសមាជិកឆ្នេរស្អាត។ អ៊ីចឹងហើយបើយើងនៅតែបណ្ដែតបណ្ដោយឲ្យមានការហូបចុក ការរស់នៅ ការបន្ទោរបង់ ការបង្ហូរទឹកកខ្វក់លើឆ្នេរបន្តទៅទៀតប្រាកដណាស់ឆ្នេររបស់យើង គឺមិនអាចធានាបានទេ»។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បង្ហាញការសោកស្ដាយ ចំពោះការរុះរើតូបរបស់ពលរដ្ឋ ដោយគ្មានការផ្ដល់សំណងបែបនេះ។ អ្នកស្រីសង្កេតឃើញថា ក្រុមអាជីវករមានជំហរក្នុងការកែប្រែស្ថានភាពតូបរបស់ពួកគេតាមស្តង់ដារអនាម័យ និងតាមការចង់បានរបស់អាជ្ញាធរ ប៉ុន្តែអាជ្ញាធរខេត្តមិនបានស្ដាប់តាមសំណើរបស់ពលរដ្ឋនោះទេ៖ «ពិតជាសោកស្ដាយមែនទេ ហើយយើងមានការអាណិតអាសូរដល់អាជីវករទាំងហ្នឹង ដែលគាត់បានចំណាយលុយជាច្រើន អ្នកខ្លះទៀតទិញក្នុងតម្លៃ ៥ម៉ឺនដុល្លារ ៦ម៉ឺនដុល្លារ ដែលគាត់លក់ដូរដីធ្លី ផ្ទះសម្បែងរបស់គាត់យកមកចាប់ផ្ដើមរកស៊ីនៅទីនេះ ហើយដល់សម្រេចសម្រួលត្រូវបានរុះរើចោលអត់ទទួលបានសំណងអ្វីទាំងអស់»។
ក្រុមអាជីវករបានទៅលក់នៅទីនោះជិតម្ភៃឆ្នាំមកហើយ ដោយទទួលបានការអនុញ្ញាតពីលោក ស្បោង សារ៉ាត់ ដែលកាលណោះលោកធ្វើជាអភិបាលខេត្ត។ ពួកគេគាត់ឲ្យដឹងទៀតថា អាជីវករម្នាក់ៗ ចំណាយថវិកាយ៉ាងតិចជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំតូបលក់ដូរនៅទីនេះ ហើយភាគច្រើន គឺអាជីវករខ្ចីលុយពីធនាគារ។
អ្នកស្រី ជៀប សុធារី បារម្ភថា អាជ្ញាធរខេត្តអាចនឹងយកឆ្នេរនេះទៅឲ្យក្រុមហ៊ុនឯកជន ឬឈ្មួញចិន ដើម្បីវិនិយោគ ព្រោះអ្នកស្រីសង្កេតឃើញថា កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ អាជ្ញាធរធ្លាប់បណ្ដេញពលរដ្ឋចេញពីតំបន់ឆ្នេរ ដើម្បីរៀបចំសួនច្បារ ប៉ុន្តែក្រោយមករដ្ឋាភិបាលប្តូរយកឆ្នេរនោះទៅវិនិយោគឲ្យឈ្មួញវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។