ព្រៃសហគមន៍ភូមិក្បាលរមាស ដែលមានទំហំជិត ៨ពាន់ហិកតារ (៧.៨៣៩) ដែលជនជាតិដើមភាគតិចព្នង ៥៣គ្រួសារ ស្នើសុំចុះបញ្ជីជាព្រៃសមូហភាព ដើម្បីជាប្រយោជន៍យូរអង្វែងរបស់សហគមន៍ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ។ តំណាងសហគមន៍ប្រកាសជំហរថា នឹងស៊ូស្លាប់ការពារព្រៃសហគមន៍នេះ ដើម្បីអភិរក្សព្រៃឈើ និងរក្សាបាននូវប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង កំពុងពិភាក្សាគ្នារកដំណោះស្រាយ ការពារដីព្រៃសហគមន៍ឱ្យគង់វង្ស បើទោះបីជាអាជ្ញាធរខេត្តបានបដិសេធសំណើសុំចុះបញ្ជីដីសមូហភាព របស់អ្នកភូមិក្ដី។ អ្នកភូមិចាត់ទុក ព្រៃសហគមន៍នេះ ជាអាយុជីវិត និងជាដង្ហើមសេដ្ឋកិច្ចរបស់ពលរដ្ឋ ដែលមិនព្រមទទួលសំណងពីក្រុមហ៊ុន។
តំណាងសហគមន៍ភូមិក្បាលរមាសលោកស្រី ស្រាំង ឡាញ់ ឱ្យដឹងនៅថ្ងៃទី២៦ តុលាថា មូលហេតុដែលអាជ្ញាធរខេត្តស្ទឹងត្រែង បដិសេធមិនចុះបញ្ជីទទួលស្គាល់ដីព្រៃសហគមន៍ភូមិក្បាលរមាស មានទំហំ ជិត ៨ពាន់ហិកតារដោយសារតំបន់ខ្លះ ជាន់ចំដីក្រុមហ៊ុន ស៊ីវហ្គេច (Sev Gek) និងតំបន់បាត់អាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លោកស្រីថា ពួកគេគ្រប់គ្រងដីព្រៃសហគមន៍នេះ មុនពេល ដែលរដ្ឋាភិបាល មិនទាន់ផ្តល់ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុនទាំងនេះទៅទៀត។ ទោះជាយ៉ាងណា អ្នកភូមិស៊ូស្លាប់ ការពារដីព្រៃសហគមន៍នេះ ឱ្យគង់វង្ស ដើម្បីអភិរក្សធនធានធម្មជាតិ និងជាប្រភពសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច៖ «សហគមន៍យើងមិនព្រមទទួលយកទេ ដី ៤រយ ៥រយ ៩រយ ក៏មិនទទួលយក។ បើសិនជាសហគមន៍យើងព្រមព្រៀងទទួលយកដីនោះនឹងបាត់បង់ស្វ័យអត្តសញ្ញាបាត់បង់ដីធ្លី ដែលមានស្ដាប់តាំងពីដូនតាមកមានទំហំរាប់ម៉ឺនហិកតារ។ ដល់ឥឡូវសហគមន៍ស្នើសុំត្រឹមជាង ៧ពាន់ហិកតារនៅតែពួកគាត់មិនព្រមអនុម័តដោះឱ្យនោះទេ »។
តំណាងសហគមន៍រូបនេះបន្ថែមថា ពួកគេមិនអនុញ្ញាតឱ្យអាជ្ញាធរ ប្រគល់ដីព្រៃសហគមន៍ វិនិយោគឱ្យក្រុមហ៊ុនឯកជនបន្តទៀតនោះទេ ព្រោះធ្វើឲ្យបាត់បង់ព្រៃឈើ និងសត្វព្រៃ។ ទោះជាយ៉ាងណា លោកស្រីអះអាងថា ព្រៃសហគមន៍ភូមិក្បាលរមាស នៅតែទទួលរងការលួចកាប់ឈើ ពីអ្នកខាងក្រៅ បើទោះបីជាអ្នកភូមិ បានដាក់វេនគ្នា ដើរល្បាតជាប្រចាំក្ដី។
ជនជាតិដើមភាគតិចព្នងម្នាក់ទៀត គឺលោក គឹម រើន ប្រាប់អាស៊ីសេរីថា ពួកគេគ្រោងឡើងទៅតវ៉ា ដល់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរកយុត្តិធម៌រឿងនេះ។ លោកថា ភូមិកំណើតរបស់ពួកគេ ត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចជិត ៣ឆ្នាំមកហើយ ហើយពលរដ្ឋ ៥៣គ្រួសារ ដែលក្រាញននៀលមិនទទួលសំណង បានរំកិលមករស់នៅទីទួលសុវត្ថិភាពយ៉ាងលំបាកវេទនា ចាប់តាំងពីឆ្នាំ២០១៧ មក។ លោកត្អូញថា រយៈពេលជិត ៣ឆ្នាំមកនេះ ការរស់នៅលើទីទួលសុវត្ថិភាព ប្រឈមបញ្ហាច្រើន រួមមាន ខ្វះទឹកស្អាត កុមារបោះបង់ការសិក្សា ខ្វះស្បៀងអាហារ និងបាត់បង់ទីកន្លែងនេសាទជាដើម៖ «អនុផល ព្រៃឈើគាត់រកអូគីដេ និងបាយដំណើបប្រាក់ចំណូលគាត់សព្វថ្ងៃ។ បើសិនជាព្រៃឈើអស់ តើពលរដ្ឋទៅរកស៊ីស្អី ? សព្វថ្ងៃគាត់រស់ពឹងតែអាហ្នឹងទេ។ បើសិនថា ដីហ្នឹងទាំងប៉ុន្មានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនទាំងអស់ប្រគល់ឱ្យពលរដ្ឋតិច តើពលរដ្ឋរស់នៅបានរបៀបម៉េច ? គោ និងក្របី ឱ្យនៅត្រង់ណាពលរដ្ឋនឹងធ្វើបើក្រុមហ៊ុនមកឈូសឆាយពលរដ្ឋទៅទប់ស្កាត់ »។
ព្រៃសហគមន៍ភូមិក្បាលរមាសមានផ្ទៃដីជិត ៨ពាន់ហិកតារ (៧.៨៣៦) សហគមន៍បានស្នើសុំចុះបញ្ជីជាព្រៃអភិរក្សចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៨ ទើបក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីជនជាតិដើមភាគតិចរស់នៅតំបន់នោះជាស្វ័យអត្តសញ្ញាណ។ ព្រៃសហគមន៍នេះក្រុមពលរដ្ឋបានកំណត់លក្ខន្តិកៈផែនទីបទបញ្ជាផ្ទៃក្នុង និង GPS កំណត់ព្រំប្រទល់ ដែលមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល និងមន្ទីរអភិវឌ្ឍន៍ជនបទ។
កាលពីដើមឆ្នាំ២០២០ មន្ទីរសុរិយោដី ខេត្តស្ទឹងត្រែងបានបដិសេធមិនព្រមឲ្យចុះបញ្ជីដីសមូហភាពភូមិក្បាលរមាសមានទំហំជិត ៨ពាន់ហិកតារ (៧.៨៣៩) ព្រោះទំហំផ្ទៃដី ដែលសហគមន៍ស្នើសុំ ជាន់ចំដីក្រុមហ៊ុន ស៊ីវហ្គេច និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លើសពីនេះទៀត រដ្ឋបាលខេត្តស្ទឹងត្រែង មានដីនៅតំបន់ផ្សេងទំហំ ជាង ៩រយហិកតារ (៩៤១) សម្រាប់ត្រៀមចុះបញ្ជីជូនសហគមន៍ ភ្ជាប់ផែនទី ដែលមានស្រាប់។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរបដិសេធ ព្រោះមន្ត្រីជំនាញបានចុះទៅ វាយតម្លៃផ្ទៃដី ដែលប្រជាសហគមន៍បានស្នើសុំមានទំហំធំធេង ប៉ះពាល់ដល់តំបន់ផ្សេងៗ ទៀត។ លោកថា អភិបាលខេត្តធ្លាប់បានចុះ ចួបតំណាងសហគមន៍ដោយបង្ហាញប្រាប់ពីទំហំផ្ទៃដីលក្ខណៈបច្ចេកទេស ដែលអាចចុះបញ្ជីសមូហភាពបាន មានទំហំជាង ៩រយហិកតារ។ បន្ថែមពីនេះលោកថា ប្រសិនបើតំណាងសហគមន៍ ចង់ពិភាក្សា លម្អិតបញ្ហានេះ អាជ្ញាធរខេត្តនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅ ធ្វើផែនទី និងពន្យល់ពីបច្ចេកទេសដល់ពលរដ្ឋ៖ « ខាងមន្ត្រីជំនាញលើកហេតុផលផ្តល់ឱ្យក្នុងកម្រិត ដែលមិនប៉ះពាល់ដើម្បីឱ្យសុខដុមនីយកម្ម ប្រើប្រាស់អាស្រ័យផលដីសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីសមូហភាព។ ដល់ពេលមិនទាន់ឯកភាពគ្នាក្រុមការងារ មិនមែនគាត់មិនចុះទេ គាត់ដកឃ្លាមកសិន ដើម្បីធ្វើពិភាក្សាគ្នា ហើយសុំឱ្យតំណាងរបស់ជនជាតិដើមភាគតិចគាត់ធ្វើការពិនិត្យពិចារណាឡើងវិញ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញថា ការអភិវឌ្ឍទំនប់វារីអគ្គិសនី ធ្វើឱ្យពលរដ្ឋលំបាកវេទនា រួមមាន លិចភូមិកំណើត ផ្ទះសម្បែង និងដីស្រែចម្ការ។ លោកថា អាជ្ញាធរគួរតែទទួលយកសំណូមពររបស់ពលរដ្ឋដោះស្រាយឱ្យត្រឹមត្រូវ និងគិតពីអនាគតរបស់អ្នកភូមិយូរអង្វែង។ លោក បន្តថា សំណើរបស់ពលរដ្ឋ ដើម្បីថែរក្សាព្រៃឈើឱ្យគង់វង្ស ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលហេតុនេះ អាជ្ញាធរមិនគួរបដិសេធនោះទេ៖ « បើសិនអ៊ីចឹងគាត់ធ្វើអ៊ីចឹងវាអស់ស្របទេ ទីមួយយើងត្រូវឱ្យគាត់បង្កើតតំបន់ការពារតំបន់ការពារសហគមន៍ព្រៃឈើមួយទៀតទៅ អាហ្នឹងគាត់អាចទទួលយកបាន ប៉ុន្តែអាហ្នឹងយើងបែរជាសុខចិត្តឱ្យគាត់ប៉ុណ្ណឹងហើយ ហើយបែរជាកាត់ដីពីគាត់វិញ។ អាហ្នឹងហើយដែលយើងគិតថា វាមិនសមស្រប » ។
អ្នកភូមិថា កាលពីដើមខែកញ្ញាកន្លងទៅអាជ្ញាធរខេត្តស្ទឹងត្រែង បានគំរាមបង្ខំឱ្យអ្នកភូមិឯកភាពគម្រោងកាត់ឆ្វៀលដីសហគមន៍វិនិយោគឱ្យក្រុមហ៊ុន ហើយអាជ្ញាធរនឹងទុកដី ៤រយហិកតារ (៤០០) ឱ្យពលរដ្ឋអាស្រ័យផល។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៣គ្រួសារបូករួមទាំងពលរដ្ឋបំបែកគ្រួសារបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចស្រែវាល ឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ។ ក្រុមពលរដ្ឋទាំងនោះរស់ពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា ឃ្វាលគោក្របីធ្វើចម្ការវិលជុំរកអនុផលព្រៃឈើបេះបន្លែ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។