ប្រជាពលរដ្ឋចំនួន ៥ភូមិ ស្ថិតក្នុងស្រុកចំនួន២ ស្នើរដ្ឋាភិបាលឱ្យជួយកាត់ឆ្វៀលដីពួកគាត់អាស្រ័យផល ចេញពីបរិវេណវិនិយោគក្រុមហ៊ុន ដែលរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន។ ការស្នើនេះ បន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹងមួយ ដោយឲ្យពលរដ្ឋចំនួន ៥ភូមិត្រូវរុះរើផ្ទះសម្បែងចេញ ដោយសារតែដីដែលពលរដ្ឋកំពុងអាស្រ័យផល រដ្ឋបានជួលឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគ។
ពលរដ្ឋចំនួន ៥ភូមិ ក្នុងនោះមានភូមិកញ្ជាញគោក កញ្ជាញទឹក សំរោង ស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិណាអូង ឬទ្ធីសែនជ័យ១ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ស្នើទៅរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយ និងកាត់ឆ្វៀលដីទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផល សម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។ ពលរដ្ឋបន្ថែមថា ពួកគេមិនចាកចេញពីភូមិនោះទេ ដោយសារពួកគេមិនមានកន្លែងទៅតាំងទីលំនៅថ្មីឡើយ។
តំណាងពលរដ្ឋ ១រូប ក្នុងចំណោម ១០នាក់ រស់នៅភូមិឬទ្ធីសែនជ័យ១ លោក រិទ្ធ ធឿន អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែកក្កដាថា ប្រជាពលរដ្ឋជិត ១ពាន់គ្រួសារ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ដាក់ឱសានវាទឲ្យរុះរើផ្ទះសម្បែងចេញ នៅត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ប៉ុន្តែ ប្រជាពលរដ្ឋស្នើទៅរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយ និងកាត់ឆ្វៀលដីទាំងនោះទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផល ។ លោកបន្ថែមថា កន្លងមកខាងតំណាងរដ្ឋាភិបាលបានសន្យានឹងចុះដោះស្រាយឲ្យប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋទាំងនោះនៅមិនទាន់មានដំណោះស្រាយជាដុំកំភួននោះទេ។ តែយ៉ាងណា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងកាត់ឆ្វៀលដីទាំងនោះឲ្យប្រជាពលរដ្ឋបានអាស្រ័យផល ពីព្រោះប្រជាពលរដ្ឋ ពួកគាត់មិនមានដីអាស្រ័យផលឡើយ ប្រសិនបើបណ្ដេញគាត់ចេញពីទីនោះ។
លោក រិទ្ធ ធឿន៖ «វាលំបាកចង់ឲ្យពលរដ្ឋមានដីទាំងនេះតទៅមុខរហូត ហើយប្រសិនបើអត់មានដីនេះពួកខ្ញុំមានតែផ្លូវស្លាប់នឹងហើយពីព្រោះពួកខ្ញុំគ្មានដីផង ទៅនៅកន្លែងណាក៏គេអត់ឲ្យនៅដែរ សំខាន់រស់នៅមានដីបើអត់មានដីអ្វីអាស្រ័យផល ដីដាំស្រូវ ដាំដំឡូង ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ហើយវាមានភាពរីកចម្រើនប្រទេសជាតិយើងផង បើអត់មានដីនឹងខ្ញុំអត់ចេញ អត់ដឹងទៅណា ខ្ញុំនៅនឹងរហូត»។
ពលរដ្ឋលើកឡើងទៀតថា ប្រជាពលរដ្ឋជិត ១ពាន់គ្រួសារនោះ មានប្រជាពលរដ្ឋជាម្ចាស់ភូមិកំណើតជាង ៤រយគ្រួសារ និងប្រជាពលរដ្ឋចំណាកស្រុកជាង ៣រយគ្រួសារ ហើយពលរដ្ឋចំណាកស្រុកទាំងនោះ ពួកគាត់បានទៅតាំងទីលំនៅជាង ១០ឆ្នាំមកហើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានទេ នៅថ្ងៃទី២២ ខែកក្កដា។
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមិថុនា បានចេញសេចក្ដីជូនដំណឹង និងដាក់កំហិត ឲ្យពលរដ្ឋចំនួន ៥ភូមិ ស្ថិតក្នុងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវរុះរើផ្ទះសម្បែងចេញពីដី ដែលរដ្ឋាភិបាលសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ប្រសិនបើពលរដ្ឋទាំងនោះមិនព្រមរុះរើនោះទេ អាជ្ញាធរនឹងចាត់វិធានការក្ដៅ នេះបើតាមលិខិត ជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលវិទ្យុអាស៊ីសេរីទទួលបាន នៅថ្ងៃទី២២ ខែកក្កដា។ លើសពីនោះ អាជ្ញាធរបានចោទប្រកាន់ប្រជាពលរដ្ឋទាំង ៥ភូមិនោះថា បានចូលទៅកាន់កាប់ដីកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលឲ្យទៅក្រុមហ៊ុនឯកជនធ្វើការវិនិយោគរយៈពេលវែង។ ប៉ុន្តែ អាជ្ញាធរមិនបានបញ្ហាឈ្មោះក្រុមហ៊ុននោះទេ។
នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីសម្គាល់ប័ណ្ណកម្មសិទ្ធិឬហៅថា ប្លង់រឹង ឲ្យទៅក្រុមហ៊ុនឯកជនមួយ លើផ្ទៃដី ជិត ៣ម៉ឺនហិកតារ (២៦.៩៥៨.១៩១០) ស្ថិតនៅស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរត្រូវតែចុះត្រួតពិនិត្យជាក់ស្ដែង ប្រសិនបើប្រជាពលរដ្ឋទាំងអស់នោះ ពិតជាក្រីក្រមែន រដ្ឋត្រូវតែកាត់ឆ្វៀលដី ឬសម្បទានសង្គមកិច្ច ដល់ពួកគាត់បានអាស្រ័យផល ប្រកបរបរចិញ្ចឹមជីវិតទៅទៀត។ លើសពីនោះ លោកថា អាជ្ញាធរក៏ត្រូវពិនិត្យមើលក្រុមហ៊ុនឯកជនដែលធ្វើការវិនិយោគមួយចំនួនដែលមិនបានគោរពតាមកិច្ចសន្យាក្នុងការដាំដុះ ទុកដីទំនេរចោលជាច្រើនឆ្នាំ រដ្ឋាភិបាលគួរតែដកដីទាំងអស់នោះយកទៅចែកឲ្យពលរដ្ឋដែលគ្មានដីស្រែអាស្រ័យផល និងគ្មានលំនៅឋានសមរម្យ។
លោក យិន ម៉េងលី៖ «អ៊ីចឹងរដ្ឋាភិបាលត្រូវមានផែនការត្រូវមានយុទ្ធសាស្ត្រ គ្រប់គ្រងបញ្ហានេះឲ្យបានល្អ ពីព្រោះដីនឹងមានបញ្ហាកើនឡើងថែមទៀត ចំពោះជម្លោះដីធ្លីនឹងវាជៀសមិនផុតនោះទេ អ៊ីចឹងត្រូវមានការគ្រប់គ្រងមានផែនការច្បាស់លាស់ក្នុងការបែងចែកដល់អ្នកក្រីក្រពិតប្រាកដ»។
តំណាងពលរដ្ឋអះអាងទៀតថា ប្រសិនបើមិនមានដំណោះស្រាយសមរម្យ ហើយអាជ្ញាធរបណ្ដេញពលរដ្ឋចេញទាំងបង្ខំ ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ានៅនៅសាលាខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ដើម្បីស្នើប្រមុខរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍រកដំណោះស្រាយឲ្យពួកគាត់ ក្នុងនាមជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។