តុលាការខេត្តមណ្ឌលគិរី គ្រោងបើកសវនាការ ជំនុំជម្រះសំណុំរឿងបទល្មើសព្រៃឈើដែលជនជាតិដើមភាគតិចព្នង១៦ នាក់ រួមទាំងមន្ត្រីសង្គមស៊ីវិលម្នាក់ ប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម ពីបទកាប់រានដីព្រៃខុសច្បាប់ និងមិនប្ដឹងបរិហារបទល្មើសឧក្រិដ្ឋ និងមជ្ឈិមដោយអ្នករាជការសាធារណៈ។
អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស ឱ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកា ថា ចៅក្រមជំនុំជម្រះ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងនេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីមានការចោទប្រកាន់ពីព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួររួចហើយ។ លោកបន្តថា ការសម្រេចយ៉ាងណានោះ ជាឆន្ទានុសិទ្ធិរបស់ចៅក្រម៖ «គឺដល់ដៃចៅក្រមជំនុំជម្រះ មាស វឌ្ឍនា តំណាងអយ្យការក្នុងអង្គសវនាការ។ ជំនុំជម្រះកាត់ក្តីចេញសាលក្រមហ្នឹងហើយ អ៊ីចឹងចៅក្រមមួយហ្នឹង អាទិត្យក្រោយអាចមួយទៀត។ ចាត់ការបន្តទាល់តែអស់ហ្នឹង»។
កាលពីឆ្នាំ ២០១៧ ជនជាតិដើមភាគតិច ១៦នាក់ រួមទាំងមន្ត្រីសមាគមអាដហុកម្នាក់ បានប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម ពីបទកាប់រានឈូសឆាយដីព្រៃ និងមិនប្ដឹងបរិហារបទល្មើសឧក្រិដ្ឋ និងមជ្ឈិមដោយអ្នករាជការសាធារណៈផ្អែកតាមមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។ ខ្លឹមសារពាក្យបណ្តឹងនេះ ភ្ជាប់ភស្តុតាង និងបទបញ្ជារបស់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអាង ដែលបញ្ជាឱ្យដកហូតដីព្រៃទំហំ ២៣ ហិកតារ ដែលលោក យន់ សារ៉ោម កាប់ទន្ទ្រានខុសច្បាប់ ឋិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លើសពីនេះ ក្រោយពីមានចំណាត់ការ របស់អាជ្ញាធរខេត្តនោះ លោក យន់ សារ៉ោម បានព្រមានថា នឹងគាស់កកាយ ចំពោះអ្នកពាក់ព័ន្ធកាប់រានដីព្រៃចាប់ពី ៥រយហិកតារ ដល់ ១ពាន់ហិកតារ ដូច្នេះមានន័យថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះ បានដឹងបទល្មើសហើយតែមិនប្ដឹងបរិហារបទល្មើសទាំងនោះទៅវិញ។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៤ វិច្ឆិកា។
ដើមបណ្តឹងជាជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា ថ្លែងថា សំណុំរឿងនេះ លោក យន់ សារ៉ោម បានដឹងច្បាស់ពីបទល្មើសឧក្រិដ្ឋ កាប់រានឈូសឆាយដីព្រៃមានទំហំធំធេង ហេតុនេះ ពួកលោកក៏សម្រេចចិត្តប្ដឹងបរិហារអាជ្ញាធររូបនេះ ដើម្បីឱ្យតុលាស៊ើបអង្កេតរកអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់។ លោកថា គិតចាប់ពីឆ្នាំ ២០១០ មកទល់ពេលនេះ ពួកលោក បានប្តឹងអាជ្ញាធរ ក្រុមឈ្មួញ និងមន្ត្រីជំនាញ សរុប ២១សំណុំរឿងមកហើយ ទាក់ទិនបទល្មើសព្រៃឈើ ក្នុងនោះមានតែសំណុំរឿងមួយប៉ុណ្ណោះ ដែលធ្លាក់ដល់ដៃចៅក្រមជំនុំជម្រះ៖ «យើងប្ដឹងក្នុងន័យការពារសម្បត្តិរដ្ឋទេ យើងអត់បានប្ដឹងជាបុគ្គលទេ។ អ៊ីចឹងខ្ញុំគិតថា នេះជាលើកទី១ ហើយ ដែលចៅក្រមគាត់បំពេញកាតព្វកិច្ចរបស់គាត់ ព្រះរាជអាជ្ញាគាត់បំពេញកាតព្វកិច្ចរបស់គាត់។ យើងចង់ឱ្យគាត់ធ្វើដូចអ៊ីចឹងជាច្រើនទៀត រឿងជាច្រើនទៀត ដែលយើងចង់ឱ្យគាត់ធ្វើអ៊ីចឹង»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលជាដើមបណ្តឹងថ្លែងថា លោកកំពុងត្រៀមខ្លួនចូលរួមសវនាការក្នុងសំណុំនេះ ហើយរំពឹងថា តុលាការនឹងវិនិច្ឆ័យរឿងក្តីនេះដោយយុត្តិធម៌ ដើម្បីព្រមានដល់មន្ត្រីជំនាញ និងអាជ្ញាធរផ្សេងៗទៀត។ លោកថា សំណុំរឿងនេះ លោក យន់ សារ៉ោម អាចនឹងប្រឈមជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ផ្អែកតាមមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។