អាជ្ញាធរ​ស្រុក​តំបែរ ប្រាប់​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ចិន

អាជ្ញាធរ​ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ រស់​នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង បញ្ឈប់​សកម្មភាព​តវ៉ា​លើ​ដី​ទំនាស់ ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ចិន​ តទៅ​ទៀត ដោយ​សារ​ថា ​ខាង​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​គ្រប់គ្រង​ដី​នោះ។ ចំណែក​ខាង​ប្រជាពលរដ្ឋ​ ថា​នឹង​មិន​ឈប់​ធ្វើ​ការ​តវ៉ា​ទេ ដរាប​ណា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណាមួយ ដែល​អាច​ទទួល​យក​បាន ។

ការ​ប្រឈម​ពាក្យ​សំដី​ដាក់​គ្នា​ រវាង​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ព្រីង​ប្រមាណ ១០០នាក់ និង​ក្រុម​អាជ្ញាធរ​ស្រុក​តំបែរ​ស្លៀក​ពាក់​ស៊ីវិល​ប្រមាណ ២០នាក់ កើតឡើង​នៅ​ចំណុច​អូរ​កាត់​ផ្លូវ ​ក្នុង​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​ចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment)។

អាជ្ញាធរ​ស្រុក​តំបែរ ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុសស្នោរ បញ្ឈប់​ការ​តវ៉ា ​ទាមទារ​ដី​ធ្លី​ពី​ក្រុមហ៊ុន​ចិន ត​ទៅ​ទៀត ព្រោះ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​រួច​ហើយ។ អាជ្ញាធរ​ក៏​ព្រមាន​តាម​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ដែល​រត់​គេច​ខ្លួន យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា ញុះញង់​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ទាមទារ​ដី​ពី​ក្រុមហ៊ុន ។ នេះ​គឺ​ជា​សារ​​អំពាវនាវ និង​ព្រមាន​របស់​អាជ្ញាធរ​ទៅ​ពលរដ្ឋ ដែល​ចាក់​តាម​ឧបករណ៍​បំពង់​សំឡេង​លើ​រថយន្ត នៅ​ទីតាំង​ដី​មាន​ទំនាស់៖ «សូម​បង​ប្អូន​ដែល​នៅ​សេស​សល់ មេត្តា​ដក​ខ្លួន​ចេញ​និង​ចូល​រួម​ជាមួយ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ រក​មុខ​អង្គការ​ និង​ជន​ខិល​ខូច​មួយ​ចំនួន​តូច ដែល​បាន​បោក​ប្រាស់​បង​ប្អូន​កន្លង​មក​ ដើម្បី​មាន​វិធានការ​ទៅ​តាម​ច្បាប់​ និង​ទៅ​បញ្ចប់​ទំនាស់​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ»។

ក្នុង​ជម្លោះ​ដីធ្លី​នេះ សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ថ្មីៗ នេះ បាន​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋ​៨​នាក់​ ឲ្យ​ជាប់​ពន្ធនាគារ ៧ឆ្នាំ ពី​បទ​កំហែង​យក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​ប្រើ​ប្រាស់​អាវុធ នៅ​ភូមិ​ស្រែ​ប្រាំង​ ឃុំ​ត្រពាំង​ព្រីង កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ​ ឆ្នាំ២០១៦។ តំណាង​ពលរដ្ឋ​ម្នាក់ លោក សែម សាង​ ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ចំណែក​ពលរដ្ឋ ៧នាក់​ទៀត រត់​គេចខ្លួន​ពី​ការ​តាម​របស់​អាជ្ញាធរ​ បន្ទាប់​ពី​តុលាការ​ចេញ​សាលក្រម​កាត់​ទោស​ពួកគាត់ កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា។

ពលរដ្ឋ​ម្នាក់​ដែល​ចូល​រួម​ក្នុង​តវ៉ា​ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា​ លោកស្រី ម៉ៅ សេងហាក់ ថ្លែង​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​ជាថ្មី​ដែល​អាច​ទទួល​បាន ​ពី​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ដែនដី៖ «ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ស្រែ​ប្រាំង អត់​ឈប់​ទេ នៅ​តែ​តវ៉ា​រក​ដំណោះស្រាយ​ទៅ​មុខ​ទៀត ហើយ​យក​អ្វី​មក​បញ្ជាក់​ឲ្យ​ច្បាស់​ថា​អា​ហ្នឹង​ជា​របស់​ក្រុមហ៊ុន​ពិត​មែន មិន​មែន​យក​តែ​ពាក្យ​សម្ដី​ និង​កម្លាំង​មក​គំរាមកំហែង​អ៊ីចឹង ពួក​ខ្ញុំ​អត់​ព្រម​ទេ»។.

អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​អភិបាល​ស្រុក​តំបែរ លោក សុខ សារិទ្ធ ប៉ុន្តែ​លោក​ប្រាប់​ថា ជាប់​រវល់​ប្រជុំ ចំណែក អភិបាលខេត្ត​ត្បូងឃ្មុំ ​លោក ជាម ច័ន្ទ សោភ័ណ មិន​ទទួល​ទូរស័ព្ទ​និយាយ​អំពី​ដំណោះស្រាយ​ចំពោះ​វិវាទ​ដីធ្លី​មួយ​នេះ​ទេ។

អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដើម្បី​សាក​សួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៨ មិថុនា។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ លោក សេង ធុយ មាន​ប្រសាសន៍​ថា ទាំង​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ដែនដី គួរ​កោះហៅ​តំណាង​ពលរដ្ឋ​ និង​ភាគី​ក្រុមហ៊ុន​ចិន ទៅ​ពិភាក្សា​គ្នា ដោយ​សន្តិវិធី និង​ចេញ​ដំណោះស្រាយ​រួម​មួយ ដែល​​គ្រប់​ភាគី​អាច​ទទួល​បាន៖ «ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព និង​ដោយ​សន្តិវិធី​រវាង​ពលរដ្ឋ ​និង​ខាង​តំណាង​ក្រុមហ៊ុន​ កុំ​ឲ្យ​អូស​បន្លាយ​តទៅ​ទៀត។ បើ​សិន​ជា មិន​ធ្វើ​បែប​ហ្នឹង​ទេ តំណាង​ពួកគាត់​មិន​បាន​ចូល​រួម​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​គាត់​គិត​ថា ការ​សម្រេច​ហ្នឹង គឺ​មាន​ភាព​មិន​ប្រក្រតី ដែល​ធ្វើ​ឲ្យ​គាត់​មានការ​ទាមទារ​ច្រើន​អ៊ីចឹង»។

អ្នក​ភូមិ អះអាង​ថា ភាគី​ក្រុមហ៊ុន នៅ​តែ​បន្ត​ប្រើ​គ្រឿង​ចក្រ ឈូស​ឆាយ​បំផ្លាញ​ដី​ចម្ការ ដំឡូងមី ​ស្វាយ​ចន្ទី​របស់​អ្នក​ភូមិ ដោយ​សំអាង​ថា មន្ទីរ​សុរិយោដី​ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​កាត់​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ៤រយ​ហិកតារ (៤២១.៧០) ឲ្យ​ក្រុមហ៊ុន​រួច​ហើយ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយ ពី​អ្នកនាំពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី លោក សេង ឡូត និង​លោក ឡោ ដាវុធ រួម​ទាំង​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម​និង​សំណង់ ខេត្ត​ត្បូង​ឃ្មុំ លោក ប៉ូច សុធារិទ្ធ បាន​ទេ​ដោយ​លោក​ទាំង​បី​នាក់ មិន​ទទួល​ទូរស័ព្ទ។

ពលរដ្ឋ ឲ្យ​ដឹង​ថា ដី​ជាង ៤០០​ហិកតារ គឺ​ជា​ចំណែក​ដី​ដែល​អាជ្ញាធរ​កាត់​ចេញ​ពី​ដី​ព្រៃ​សហគមន៍​ត្រពាំង​ព្រីង​ជាង ១ពាន់២រយ​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន។ ពួកគាត់​ថា ​ខាង​ក្រុមហ៊ុន​ នៅ​តែ​អះអាង​ថា ​ខ្លួន​បាន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​រួច​ហើយ ប៉ុន្តែ​គិត​មក​ដល់​ពេលនេះ គ្មាន​ពលរដ្ឋ​ណា បាន​ទទួល​សំណង​ ពី​វិវាទ​ដីធ្លី​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩ ក្រសួង​ដែនដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ ដែល​ស្នើ​សុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ យក​មក​កាន់​កាប់​វិញ។ ក្រសួង​អះអាង ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀងគ្នា​លក់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​ចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) តាំង​ពី​ឆ្នាំ២០១១ មក ហើយ​ក្រុមហ៊ុន​ក៏​បាន​ចុះ​បញ្ជី​រួចរាល់​ដែរ។

ទោះ​ជា​យ៉ាងណា ពលរដ្ឋ​បដិសេធ​ការ​លើក​ឡើង​នេះ។ ពួកគាត់​ នៅ​តែ​ស្នើ​ឲ្យ​ក្រសួង​ដែនដី ​ចុះ​ស៊ើប​អង្កេត​វិវាទ​នេះ​ឡើង​វិញ​ ប្រកប​ដោយ​ឯករាជ​ភាព និង​ភាព​ត្រឹមត្រូវ ​ដោយ​មិន​គួរ​ផ្អែក​តាម​របាយការណ៍​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។