ចៅក្រម​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​លើក​ពេល​សវនាការ​ជំនុំជម្រះ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៧នាក់ ដោយ​សារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩

សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី លើ​សំណុំ​រឿង​តំណាង​សហគមន៍​ត្រពាំង​ព្រីង​៧​នាក់ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដោយ​សារ​​ជំងឺ​រាតត្បាត​កូវីដ១៩។

អ្នកនាំពាក្យ​តុលាការ លោក ថេង ជាង ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី២ ខែ​មេសា​ថា ការ​ប្រកាស​ពន្យារ​ពេល​សំណុំ​រឿង​ព្រហ្មទណ្ឌ​ កាល​ពី​រសៀល​ថ្ងៃ​ទី១ ខែ​មេសា ព្រោះ​តែ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​ អ្នក​ស្រី ហៃ ណៃហេង បារម្ភ​ពី​បញ្ហា​ជំងឺ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា នៅ​ពេល​ណា​ចៅក្រម​សម្រេច​បើក​សវនាការ​ឡើង​វិញ ខាង​រដ្ឋបាល​តុលាការ នឹង​ជូន​ដំណឹង​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​សវនាការ​ជា​ថ្មី។

តំណាង​សហគមន៍​ដី​ធ្លី ដែល​មាន​លោក សែម សាង និង​លោក ផុន ឈឿន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ពលរដ្ឋ ៥នាក់​ទៀត​នៅ​ក្រៅ​ឃុំ រង​ការ​ចោទ​ប្រកាន់​ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា គំរាម​កំហែង​ថា​នឹង​សម្លាប់ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន ប្រព្រឹត្ត​នៅ​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី២៦ មិថុនា ឆ្នាំ២០១៥។

តំណាង​ពលរដ្ឋ ២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០១៩ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​គ្មាន​បង្ហាញ​ដីកា​ចាប់​ខ្លួន និង​ប្រាប់​ពី​មូល​ហេតុ​ណា​មួយ​ឡើយ។

តំណាង​ពលរដ្ឋ លោក សែម ចំណាន ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​លោក សែម សាង និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៧នាក់​នោះ ថ្លែង​ថា នេះ​ជា​លើក​ទី៣ ហើយ ដែល​តុលាការ​លើក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ទុក​ឲ្យ​សំណុំរឿង​នេះ​អូស​បន្លាយ​ត​ទៅ​ទៀត។ លោក​យល់​ថា នេះ​ជា​រឿង​អយុត្តិធម៌ និង​មិន​សម​ហេតុ​ផល ដែល​តុលាការ​យក​រឿង​កាល​ពី ៥ឆ្នាំ​មុន ដោយ​ផ្អែក​តាម​របាយការណ៍​អាជ្ញាធរ​មូលដ្ឋាន មក​ដាក់​គំនាប​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​គ្រាន់តែ​ចេញ​ការពារ​ដីធ្លី​ និង​ព្រៃ​សហគមន៍​ទៅ​វិញ។

លោក​ស្នើ​ដល់​តុលាការ ឱ្យ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​ច្បាស់ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​ទាំង ៧នាក់ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។