តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​គ្រោង​ជម្រះ​ក្ដី​សកម្មជន​នយោបាយ និង​ដីធ្លី ១៤នាក់ នៅ​សប្ដាហ៍​ក្រោយ

0:00 / 0:00

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​គ្រោង​លើក​យក​សំណុំ​រឿង​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី​ជាង ១០នាក់ ទៅ​ជំនុំ​ជម្រះ​នៅ​សប្ដាហ៍​ក្រោយ។ មេធាវី និង​មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​នោះ ហើយ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ។

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​បាន​កំណត់​យក​ថ្ងៃ​ទី៧ មេសា ជា​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​សកម្មជន​​នយោបាយ និង​សកម្មជន​ដីធ្លី​ចំនួន ១៤នាក់ បន្ទាប់​ពី​លើក​ពេល​សវនាការ​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។

មេធាវី​សមាគម​អាដហុក (ADHOC) ដែល​ជួយ​ការពារ​ក្ដី​ឱ្យ​សកម្មជន​ ២នាក់ ក្នុង​ចំណោម ១៤នាក់ គឺ​លោក សំ ទិត្យសីហា ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​តុលាការ​ហើយ ហើយ​លោក​នឹង​ទៅ​ការពារ​កូន​ក្ដី​តាម​កាល​កំណត់។ លោក​រំពឹង​ថា សវនាការ​នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក ព្រោះ​ការ​ពន្យារពេល​តទៅទៀត នឹង​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្ដី​របស់​លោក។ លោក​នៅ​តែ​អះអាង​ថា កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ ហើយ​សំណូម​ពរ​ដល់​តុលាការ​ឱ្យ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ៖ « ខ្ញុំ​សង្ឃឹម​ថា ខាង​តុលាការ​នឹង​ពិចារណា​ដោះលែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព ​​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ ព្រោះ​ករណី​ដែល​កូន​ក្ដី​របស់​ខ្ញុំ​កំពុង​តែ​ជាប់​ឃុំ​នោះ គឺ​គាត់​អត់​មាន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ គាត់​គ្រាន់​តែ​ជា​សកម្មជន​ដីធ្លី​ម្នាក់ ហើយ​គាត់​មិន​ដែល​មាន​សកម្មភាព​ណា​មួយ ដែល​ចូល​ទៅ​ក្នុង​គណបក្ស ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដោយសារ​តែ​ការ​ញុះញង់​អ្វី​ហ្នឹង​ទេ »

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចោទ​ប្រកាន់​មនុស្ស ១៤នាក់ ក្នុង​សំណុំ​រឿង​តែ​មួយ ដោយ​ក្នុង​នោះ ៨នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គេ កាល​ពី​ចុង​ឆ្នាំ២០២០ និង​ដើម​ឆ្នាំ២០២១ ដោយសារ​រឿង​ពាក់​អាវ​ដែល​មាន​ពាក្យ​ថា អរគុណ​សន្តិភាព​តែ​ត្រូវ​គោរព​មាត្រា២ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថាន​ទូត​ចិន​នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង ៨នាក់​នោះ ៦នាក់ គឺ​ជា​សកម្មជន​បក្ស​សង្រោះ​ជាតិ ហើយ​ពីរ​នាក់​ទៀត ជា​តំណាង​សហគមន៍​កសិករ និង​សកម្មជន​ដីធ្លី។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ផ្សេងៗ គ្នា​ពី​បទ​ផ្ដើម​គំនិត សមគំនិត និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​មាន​ចរិត​ជា​សំណុំ​រឿង​នយោបាយ ព្រោះ​ក្រុម​សកម្មជន​ទាំងនោះ​រង​ការ​ចោទ​ប្រកាន់​ដោយ​សារ​សេរីភាព​​បញ្ចេញមតិ​របស់​ពួក​គេ។ លោក​បន្ថែម​ថា អាជ្ញាធរ​​ហាក់​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​​សកម្មជន​ទាំង ១៤នាក់​ ឱ្យ​ស្រប​ទៅ​នឹង​បទ​ចោទ​នោះ​ឡើយ៖ « បើ​យើង​មើល​ទៅ​លើ​ការ​ចោទ​ប្រកាន់​ហ្នឹង ភស្តុតាង​ភាគ​ច្រើន​ទៅលើ​ការ​ទំនាក់ទំនង។ ការ​ទំនាក់ទំនង ជួន​កាល​ជា​ឯកជន​ភាព​របស់​ពួក​គេ ហើយ​យក​មក​ចោទ​ប្រកាន់​ជា​បទ​ល្មើស អា​ហ្នឹង​ខ្ញុំ​គិត​ថា វា​ក៏​ជា​ការ​រំលោភ​លើ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពួក​គេ​ដែរ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង ដើម្បី​សុំ​អធិប្បាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​មិន​មាន​អ្នក​ទទួល។

ចាប់​តាំងពី​ឆ្នាំ២០២០ មក របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម អ្នក​ការពារ​បរិស្ថាន យុវជន និង​អ្នក​បញ្ចេញ​មតិ​រិះគន់ ដាក់​ពន្ធនាគារ​ប្រមាណ ៨០នាក់​ហើយ។ អ្នក​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ បទ​ញុះញង់ ឬ​បទ​ជេរ​ប្រមាថ​ជា​ដើម។ ក៏​ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ផង បាន​ចាត់​ទុក​ករណី​ទាំង​នេះ​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។ ជាពិសេស​ពួក​គេ​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ​វិញ ដោយ​បញ្ឈប់​ទង្វើ​គាប​សង្កត់ និង​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។