ក្រុមហ៊ុន​​​កាត់​​ផ្ដាច់​​ផ្លូវ​​នៅ​​ព្រលាន​​យន្ត​ហោះ​ថ្មី ខណៈ​ពលរដ្ឋ​មិន​​ទាន់​​ទទួល​​សំណង​

0:00 / 0:00

អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​ថ្មីអះអាង​​ថា កម្មករ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើ​គ្រឿង​ចក្រ​កាយ​​ផ្ដាច់​​ផ្លូវ​​ពេល​​យប់ ​នៅ​ទីតាំង​ដី​ចម្រូង​ចម្រាស ដោយ​គ្មាន​ជូន​ដំណឹង​ពលរដ្ឋ​ជា​មុន​។ អ្នក​ភូមិ​ មិន​ជំទាស់​នឹង​ការ​សាងសង់​របស់​ក្រុមហ៊ុន​ទេ តែ​ស្នើ​សុំ​អាជ្ញាធរ​​ពន្លឿន​​ការ​​ដោះស្រាយ​​វិវាទ​​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់នូវ​សំណង​មួយ​ដែល​អាច​ទទួល​បាន​។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន​៣​ឃុំ​ ក្នុង​ខេត្ត​កណ្ដាល និង​១​ឃុំ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ក្រុមហ៊ុន​ OCIC របស់​ឧកញ៉ា​ ពុង​ ឃាវសែ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​​នៅ​ឡើយ ខណៈ​ខាង​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ដីស្រែ​និង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​តវ៉ា​ជា​ញឹក​ញាប់ នៅ​ទី​តាំង​ដី​មាន​ទំនាស់​។

តំណាង​ប្រជាពលរដ្ឋលោក ទួន វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ី​សេរីនៅ​ថ្ងៃ​ទី​១ ខែកញ្ញា​ថា ខាង​ក្រុមហ៊ុន​បាន​លួច​កាយ​ផ្ដាច់​ផ្លូវ​លំ​មួយ​ខ្សែ​ដើម្បី​កំណត់​យក​ទីតាំង​នោះ​ធ្វើ​ជា​ផ្លូវ​យន្តហោះ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែសីហា។

លោក​បន្ត​ថា ការ​ផ្ដាច់​ផ្លូវ​នេះ គឺ​បង្ក​បញ្ហា​លំបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ការ​ដំណើរ​ទៅ​មក ពិបាក​ដឹក​ស្រូវ​ទៅ​លក់​ និង​មិន​អាច​ទៅ​មើល​ដីស្រែ​បាន​ដូច​សព្វ​ដង។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​អស់​ដែល​បន្ត​ការ​តវ៉ា​នេះ គឺ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ឡើយ តែ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​ជូន​ពលរដ្ឋ​ជា​មុន​សិន ដោយ​ផ្ដល់​សំណង​ដែល​អាច​ទទួល​យកបាន៖ «មិន​ចំពោះ​តែ​ខ្ញុំ​មួយ​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ​ ក៏​មិន​​ឯក​ភាព​នឹង​ការ​កាយ​ហ្នឹង​ដែរ ព្រោះ​ផ្លូវ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ហើយ​មិន​ទាន់​ដោះស្រាយ​ដីធ្លី​របស់​គាត់​។ អ៊ីចឹង ! បាន​ន័យ​ថា ខុស​ច្បាប់​ហើយ។ សំណូមពរ​សម្ដេច​ពុក​ សម្ដេច​ម៉ែ​ មេត្តា​អាណិត​កូន​ចៅ​ផង។ ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​កូនចៅ​ឲ្យ​បាន​សមរម្យ​មក។ កូន​ចៅ​មិន​ដែល​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ សូម​សម្ដេច​ពុក​ សម្ដេច​ម៉ែ​ មេត្តា​ជួយ​កូន​ចៅ​ធ្វើ​យ៉ាង​ណា​ជួប​ទុក្ខ​លំបាក​ឲ្យ​សមស្រប​ការ​អភិវឌ្ឍ​ជាតិ​ ដើម្បី​ប្រជាពលរដ្ឋ​ទៅ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន ​OCIC នៅ​ព្រលាន​យន្ត​ហោះ​ថ្មីលោក ជូ កុកសាយ បាន​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​។

ជុំវិញ​រឿង​នេះ អភិបាល​ខេត្ត​កណ្ដាលលោក គង់ សោភ័ណ្ឌ ឲ្យ​ដឹង​ថា ការ​កាយ​កំណាត់​ផ្លូវ​នោះ គឺដើម្បី​រំដោះ​ទឹក​ចេញ ​ដោយ​សារ​តែ​មាន​ទឹក​ជន់​លិច​ខ្លាំង​នៅ​ការ​ដ្ឋាន​​សាងសង់​​របស់​​ក្រុមហ៊ុន។ លោក​បាន​ចាត់​ក្រុម​ការ​ងារ​ទៅ​ពិនិត្យ​មើល​រឿង​នេះ​ហើយ។

ចំណែក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ អភិបាល​រូប​នេះបញ្ជាក់​ថា គោលនយោបាយ​ដោះស្រាយ​គឺ​នៅ​ដដែល​ មិនមាន​ការ​ផ្លាស់​ប្ដូរ​ទេ ចំពោះ​ពលរដ្ឋ​ណា​ដែល​ស្ម័គ្រ​​ចិត្ត​ទទួល​យក​សំណង​៖ «ជម្រើស​មាន​តែ​ប៉ុណ្ណឹង។ អ៊ីចឹង​ទេ ! មាន​តែ​ទទួល​យក​ ដើម្បី​ចូល​រួម​ចំណែក​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា​ តែ​បើ​សិន​បងប្អូន​ប្រជាពលរដ្ឋ​ គាត់​ទទួល​យក​ គឺ​មាន​ពេល​វេលា​ឲ្យ​គាត់​គិត​គូរ។ មាន​បង​ប្អូន​ខ្លះ​ គាត់​ទទួល​យក ដូរ​ដី​បាន​ទៅ​ ក៏​ស្ងៀម​ទៅ។ អ៊ីចឹង​ ! ដូច​យើង​បន្តិច​ម្ដង​ៗ វា​នៅ​លើ​តម្រូវ​ការ​របស់​គាត់។ ហើយ​គាត់​មើល​ឃើញ​ថា​ អា​ហ្នឹង​ ការ​សម្រេច​ចិត្ត​គាត់​ចូល​រួម​ហើយ។ បើ​អត់​ចូល​រួម​ មាន​តែ​រង់ចាំ​»។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ការ​ប្រកាន់​យក​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី ​ជូន​ប្រជាពលរដ្ឋ​ តែ​មួយ​ជម្រើស​បែប​នេះ គឺ​មិន​អាច​បញ្ចប់​បញ្ហា​ដីធ្លី​បាន​ទេ ព្រោះ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន​ ខុស​ពី​តម្លៃ​ដី​ដែល​អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ជាង​១០​ដង។

លោក​ជឿជាក់​ថា ប្រសិនបើ​អាជ្ញាធរ​អាច​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ដោយ​សន្តិវិធី តម្លា​ភាព និង​ស្រប​តាម​ច្បាប់ នោះ​បញ្ហា​នេះ​នឹង​ត្រូវ​បញ្ចប់៖ «តាំង​រដ្ឋធម្មនុញ្ញ​ ច្បាប់​ភូមិ​បាល ច្បាប់​អាសា​មីករ​ ច្បាប់​ពាក់ព័ន្ធ​ទៀត គឺ​ត្រូវ​មាន​ដំណោះស្រាយ​សមរម្យ​ ដោយ​យុត្តិធម៌។ សួរ​ថា​ តើដំណោះស្រាយ​ហ្នឹង​ វា​មាន​យុត្តិធម៌​​ឬ​អត់​ ក្នុង​ខណៈ​ពេល​ដែល​គាត់​ទទួល​បាន​តែ​ ៨ ​ដុល្លារ ក្នុង​មួយម៉ែត្រ​ការ៉េ ហើយ​តំបន់​នៅ​ជុំវិញ​ហ្នឹង វា​ឡើង​៥០ ៦០ ៨០ ខ្លះ​ដល់​១០០​ដុល្លារ​។ សួរ​ថា ​វា​យុត្តិធម៌​ វា​សមរម្យ​ គាត់​អាច​ទទួល​យក​បាន​ឬ​អត់​។ យើង​គិត​ទាំង​អស់​គ្នា​មើល៍ ! បើ​សិន​មិន​មាន​ដំណោះស្រាយ​ អ៊ីចឹង​ទេ ! ទៅ​ថ្ងៃ​មុខ​ វា​នៅ​តែ​ប្រឈម​ក្នុង​ការ​ដែល​ប៉ះ​ទង្គិច​គ្នា​ ជា​អំពើ​ហិង្សា​ រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ហ្នឹង​ហើយ»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា​ ពុង​ ឃាវ​សែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប​ជាង​ ៣រយ​គ្រួសារ (​៣៣០) នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​អូស​បន្លាយ​ជាង​៣​ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី​ ៣ ដុល្លារ​ទៅ ​៨ ​ដុល្លារ ក្នុង​ដី​១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ​២០២៣​។ ព្រលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ (១.៥០០​លាន) លើ​ផ្ទៃដី ជិត​បី​ពាន់​ហិកតារ (២.៦០០)​។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​សម​រម្យ​ដែល​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។