តំណាងពលរដ្ឋដែលជាស្ត្រី៣នាក់ នៅស្រុកស្រែអំបិលតំណាងឲ្យពលរដ្ឋ ១៧៥គ្រួសារ ចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការនៃសាលាដំបូងខេត្តកោះកុង តាមបណ្ដឹងរបស់ពលរដ្ឋម្នាក់ត្រូវជាបងស្រីបង្កើតមេឃុំជីខលើ ដែលប្ដឹងពួកគាត់ពីបទបរិហារកេរ្តិ៍ រឿងលួចលក់ដីសហគមន៍។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើដល់តុលាការចុះស្រាវជ្រាវរឿងនេះឲ្យបានច្បាស់លាស់ និងត្រូវធ្វើឡើងដោយឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។
តំណាងពលរដ្ឋបីនាក់ ចូលខ្លួនបំភ្លឺចំពោះមុខ លោក អ៊ុន សុវណ្ណធានី ដែលជាព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង តាមបណ្ដឹងរបស់លោកស្រី ឆាយ វី នៅថ្ងៃទី១៧មីនា។
លោកស្រី ឆាយ វី បានប្ដឹងតំណាងពលរដ្ឋ៣នាក់ គឺលោកស្រី ផាវ ញ៉ើង លោកស្រី សេង លីន និងលោកស្រី ផុន ខន ចំនួន ៤បទល្មើសផ្សេងគ្នា។ ក្នុងនោះ គឺប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ គំរាមកំហែង ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ក្រោយពីអ្នកភូមិស្នើឲ្យលោកស្រី ផាវ ញ៉ើង និងស្ត្រី២នាក់ទៀត ចេញមុខទាមទារដីសហគមន៍នៅសល់ជាង ១៣០ហិកតារ ដែលលោកស្រី ឆាយ វី បានលួចលក់ឲ្យក្រុមអ្នកមានអំណាច យកមកគ្រប់គ្រង់វិញ ។
ខណៈតំណាងពលរដ្ឋម្នាក់ម្ដងៗចូលបំភ្លឺ អ្នកភូមិប្រមាណជិត ២រយនាក់ មកពីឃុំជីខលើ និងឃុំជីខក្រោម ប្រមូលផ្ដុំគ្នាមុខតុលាការខេត្តកោះកុង ដើម្បីតាមដាន និងគាំទ្រតំណាងរបស់ពួកគាត់។
ក្រោយពីចូលបំភ្លឺនៅតុលាការ លោកស្រី ផាវ ញ៉ើង ឲ្យដឹងថា តំណាងអយ្យការ សាកសួរភាគច្រើនផ្ដោតលើការចោទប្រកាន់ពីពលរដ្ឋដែលថា អាជ្ញាធរថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ប្រព្រឹត្តអំពើពុករលួយទៅវិញ ជាជាងសួរអំពីដីរាប់រយហិកតារ ដែលពលរដ្ឋចោទ លោកស្រី ឆាយ វី និង មេឃុំជីខលើ លោក ឆាយ វុធ ថាបានឃុបឃិតគ្នា លួចលក់ទៅឲ្យក្រុមឈ្មួញមានអំណាចទៅវិញ។
តំណាងពលរដ្ឋរូបនេះ ស្នើដល់តុលាការចុះស៊ើបអង្កេតរឿងនេះ ដើម្បីឲ្យដឹងពីដំណើររឿងនេះ ប្រសើរជាងជឿសម្ដីភាគីម្ខាង ហើយដាក់បន្ទុកដល់ឲ្យភាគីម្ខាងទៀត៖ «ប្រជាពលរដ្ឋពួកខ្ញុំបាត់បង់ដីពិតប្រាកដ។ ពេលគេវាយដុំ តែមេឃុំជីខលើលោក ឆាយ វុធ ប្អូនប្រុសលោកស្រី ឆាយ វី នេះ ដែលដើមបណ្ដឹងប្ដឹងខ្ញុំនេះ គឺគេអត់ហត់ទៅតវ៉ាទេ សុខៗគឺបានតែម្ដង។ នេះវាជាអំពើពុករលួយ ឬក៏យ៉ាងមិច។ ខ្ញុំស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាពិនិត្យមើលឲ្យបានជាក់លាក់ នូវទង្វើអយុត្តិធម៌និងមិនស្មោះត្រង់នឹងវិជ្ជាជីវៈក្នុងនាមជាអាជ្ញាធរដែនដី មិនរកដំណោះស្រាយដីធ្លី បែរជាមកប្ដឹងពួកខ្ញុំរហូតនេះ។ សួរថាខ្ញុំដែលបាត់បង់ដីនេះ តើខ្ញុំមានទោសដែរឬអ្វី បើគេលួចប្លន់ដីរបស់ពួកខ្ញុំ ខ្ញុំនិយាយអត់បានទេ។ បើពួកខ្ញុំបាត់បង់ដីហើយ ពួកខ្ញុំនិយាយហើយ ពួកខ្ញុំសុខចិត្តទទួលទោស»។
មេធាវីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សំ ចំរើន ដែលការពារក្ដីឲ្យពលរដ្ឋ៣នាក់ ប្រាប់អាស៊ីសេរីថា ក្នុងដំណាក់នេះ តំណាងអយ្យការគ្រាន់តែធ្វើការសាកសួរតាមបណ្ដឹងរបស់ដើមបណ្ដឹងប៉ុណ្ណោះ មិនទាន់ចោទប្រកាន់នៅឡើយទេ៖ «នៅក្នុងការសាកសួរ លោព្រះរាជអាជ្ញាសាកសួរចំណុចតែការចង់បាន ហើយកូនក្ដីក៏គាត់បំភ្លឺតាមអ្វីដែលគាត់ដឹង។ ដូចជាមិនមានអ្វីជាការតទល់អ្វីតឹងតែងអីនោះទេ។ ខ្ញុំមិនទាន់មានយោបល់អ្វីទេ ព្រោះគ្រាន់ការមកបំភ្លឺអ៊ីចឹងណា៎។ យើងគ្រាន់តែស្ដាប់ចម្លើយ អបកូនក្ដីធម្មតា អ៊ីចឹង នៅក្នុងនីតិវិធីរបស់ព្រះរាជអាជ្ញាជាបឋម»។
កាលខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រជាពលរដ្ឋ ១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ពាក្យប្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់លោកស្រី ឆាយ វី អតីតតំណាងពួកគេថាបានញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បម្រុងទុករបស់សហគមន៍ទៅឲ្យឈ្មួញ។
ពលរដ្ឋចោទថា ដី ៤៤ឡូតិ៍ ស្មើនឹង ១៣២ហិកតារ គឺជាដីបម្រុងទុករបស់សហគមន៍សម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយ ប៉ុន្តែដីនេះត្រូវបានពលរដ្ឋចោទបុគ្គលឈ្មោះ ឆាយ វី ឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន លួចលក់ទៅឱ្យអ្នកមានលុយមានអំណាច ក្រោយពេលដែលក្រសួងរៀបចំដែនដីសម្រេចកាត់ឆ្វៀលដីមួយចំនួនចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់ ប្រគល់ទៅឲ្យពលរដ្ឋវិញ។
ឆ្លើយតបការចោទប្រកាន់នេះ លោកស្រី ឆាយ វី ដែលជាដើមបណ្ដឹងក្នុងរឿងនេះ ថ្លែងថា លោកស្រី ពិតជាមិនបានលួចយកដីសហគមន៍ដែលសល់ជាង១៣០ហិកតារ ទៅឲ្យអ្នកផ្សេង ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកស្រី បញ្ជាក់ថា ការប្ដឹងពលរដ្ឋទាំង៣នាក់នោះទៅតុលាការ គឺដោយសារតែពួកគេនិយាយមិនពិត ហើយមួលបង្ខូចកេរ្តិ៍លោកស្រីទាក់ទងនឹងរឿងដីសហគមន៍នេះ៖ «ខ្ញុំអត់ដែលបានលួចដីលក់ ឃុបឃិតជាមួយមេឃុំទេ។ អត់មានដែលសោះ ប្រសិនបើខ្ញុំលួចលក់ ហៅក្រុមការងារជំនាញមកបង្ហាញទីតាំងដី ដីនៅចំណុចណាមកវាស់។ គាត់បរិហារកេរ្តិ៍ខ្ញុំ បានខ្ញុំប្ដឹងទៅតុលាការហ្នឹង។ ខ្ញុំអត់មានស្គាល់កន្លែងណាទេ ដីឡូត៍ម្នាក់បានតែ៣ហិកតារ សម្រាប់១៧៥គ្រួសារ»។
ចំណែក មេឃុំជីខលើ លោក ឆាយ វុធ ដែលត្រូវជាប្អូនប្រុសបង្កើតលោកស្រី ឆាយ វី អះអាងថា លោកមិនដែលបានដឹងរឿងនេះ ហើយការចោទប្រកាន់ថាអាជ្ញាធរឃុំឃុបឃិតគ្នាលក់ដីរដ្ឋនៅសល់នោះក៏ជារឿងមិនពិតដែរ។ មេឃុំរូបនេះ ឲ្យដឹងថា ក្រោយពីក្រសួងរៀបចំដែនដីបានផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋ១៧៥គ្រួសារ ដែល១គ្រួសារទទួលដីបាន៣ហិកតាររួចមក អ្នកភូមិតែងតែលក់ដីធ្លីពួកគាត់ទៅឲ្យអ្នកផ្សេងពីមួយទៅមួយ ព្រោះតែកត្តាជីវភាព ហើយរឿងនេះក៏មានការដឹងឮពីអាជ្ញាធរឃុំដែរ៖ «ខ្ញុំអត់មានលក់ដី១៣០ជាងឡូត៍ឯណាទេ។ បើមានការសុំផ្ទេរសិទ្ធិពីបងប្អូនយើងដែលចាប់ក្បាលដី ដែលរដ្ឋសម្បទានឲ្យហ្នឹង អាហ្នឹងមាន មានតែលើសទៀត។ បើថាខ្ញុំទៅលក់ដីរដ្ឋ ៤០ឡូត៍ អាហ្នឹងខ្ញុំស្បថជូនអ៊ីចឹងតែម្ដង»។
ពលរដ្ឋឲ្យដឹងថា អភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា ធ្លាប់បានចុះទៅពិនិត្យមើលរឿងនេះម្ដង ដោយសន្យាថា បើប្រសិនជាដីជាង ១៣០ហិកតារ មានលួចលក់ដោះដូរឲ្យទៅក្រុមឈ្មួញពិតប្រាកដមែន នោះអាជ្ញាធរនឹងដកហូតយកមកទុកជូនពលរដ្ឋក្រីក្រវិញ។ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋថា រឿងនេះមិនទាន់មានសម្រេចបែបណាពីអភិបាលស្រុកនៅឡើយទេ។
អភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា មិនធ្វើអត្ថាធិប្បាយពីរឿងនេះទេ នៅថ្ងៃទី១៧ មីនា ដោយលោកបង្វែរសំណួរនេះ ឲ្យសួរទៅខាងមន្ទីរសុរិយោដីខេត្តវិញ ព្រោះលោកជាប់រវល់ប្រជុំ។
អាស៊ីសេរីព្យាយាមទាក់ទងប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្មសំណង់ ខេត្តកោះកុង លោក រស់ វីរ៉ាវុឌ្ឍ ដើម្បីសុំការបំភ្លឺរឿងនេះដែរ ប៉ុន្តែលោកមិនលើកទូរស័ព្ទ ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំកោះកុង លោក ហួរ អ៊ីន មានប្រសាសន៍ថា ប្រសិនមានការលក់ដីសហគមន៍ទំហំជាង ១៣០ហិកតារមែន គឺមានមនុស្សជាច្រើនទៀត ដែលជាប់ព័ន្ធនឹងរឿងនេះ។ ហេតុនេះ លោក យល់ថា តំណាងអយ្យការគួរបើកការស៊ើបអង្កេតមួយ ដោយសាកសួរពលរដ្ឋផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យមានការប្ដឹងផ្ដល់គ្នានេះ៖ «អាជ្ញាធរខេត្តកោះកុង គួរតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីបង្ហាញថា តើដីហ្នឹងបានលក់មែនឬក៏មិនបានលក់ ដើម្បីជាភស្តុតាងមួយ ឲ្យតុលាការធ្វើការពិចារណា ថាតើគួរទម្លាក់ចោលការចោទប្រកាន់ ឬបន្តនីតិវិធីតទៅទៀត។ នៅក្នុងហ្នឹងដែរ ដើម្បីឲ្យតុលាការរក្សាការជឿជាក់ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន តុលាការគួរតែមានការស៊ើបអង្កេត តើដីហ្នឹងបានលក់មែនឬក៏មិនមែន ហើយតើឈ្មោះទាំង៣នាក់ ដែលត្រូវចោទប្រកាន់ហ្នឹង ពិតជាបានបរិហារកេរ្តិ៍ឬក៏ចោទប្រកាន់ថាឈ្មោះ ឆាយ វី បានលក់ដីឬក៏អត់ ដើម្បីកុំឲ្យមានការតវ៉ាតទៅទៀត»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ រំពឹងថា ស្ថាប័នតុលាការខេត្តកោះកុង នឹងចុះស៊ើបអង្កេតវិវាទនេះ ឲ្យបានម៉ត់ចត់ ដោយឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្ដល់ជូនយុត្តិធម៌ដល់ភាគីគូជម្លោះ ក្នុងរឿងក្ដីមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។