ប្រជា​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ ២​ក្រុម​ បន្ត​​តវ៉ានៅ​ក្រសួង​រៀប​ចំ​ដែន​ដី និង​ស្ថានទូត​ចិន

0:00 / 0:00

ក្រុម​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​បន្ត​ចេញ​តវ៉ា​រក​ដំណោះស្រាយ​នៅ​ទី​កន្លែង​ផ្សេង​គ្នា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៨ ខែ​កក្កដា។ ពលរដ្ឋ​ប្រមាណ​ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​១៩៧​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង​ ហ៊ុយ នៅ​ស្រុក​ស្រែ​អំបិល បន្ត​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀង​ចំ​ដែន​ដី ខណៈ​ពលរដ្ឋ​២០​នាក់ តំណាង​ឲ្យ​៧៧​គ្រួសារ​បន្ត​ទាម​ទារ​ឲ្យ​ស្ថាន​ទូត​ចិន ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន​យូញៀន ឌឹវិឡុបមិន​គ្រុប (Union Development Group Co., Ltd)។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​២​ក្រុម មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​ស្ថាន​ទាំង​ពីរ​នេះ​ឡើយ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ ១៩៧​គ្រួសារ លោក ឆាន់ ឈឿន ឲ្យ​ដឹង​ថា ពួក​គាត់​បាន​នាំ​ដើរ​ក្រសួង​រៀប​ចំ​ដែន​ដី អស់​រយៈពេល​ជាង​៤ថ្ងៃ​មក​ហើយ ប៉ុន្តែ​ក្រសួង​នៅ​តែ​មិន​ចាត់​មន្ត្រី​ណា​ម្នាក់​មក​ជួប​ពួកគាត់​ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​ជួប​ដែរ។

ដោយសារ​គ្មាន​ការ​ឆ្លើយ​តប​ដូច្នេះ ពួក​គាត់​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ចំណាស់​ ក៏​សម្រេច​ចិត្ត​សម្រុក​ចូល​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា ប៉ុន្តែ​ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ចម្ការ​មន​ជាច្រើន​នាក់ រារាំង​និង​ប្រើ​ហិង្សា​ដាក់​ពួកគាត់។ លោកថា ក្នុង​ពេល​រុញ​ច្រាន​គ្នា​នោះ​ មិន​បាន​បង្ក​ឲ្យ​ខាង​ណា​មួយ​រង​របួស​នោះ​ឡើយ។

លោក​ ឆាន់ ឈឿន លើក​ឡើង​ថា បើ​សិន​ជា​ពេល​នេះ​ មាន​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ណា​ម្នាក់​ហ៊ាន​ចេញ​មក​ប្រាប់​ពួក​គាត់​ថា ក្រសួង​នឹង​ចុះ​ទៅ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​ពេល​ណាមួយ​ ពួកគាត់​នឹង​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ។ តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ពួក​គាត់​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ពលរដ្ឋ​ដូច​ដែល​​ក្រសួង​បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នោះ​ទេ៖ «កាល​ដែល​បង​ប្អូន​ខ្ញុំ​មាន​ទំនាស់​ គឺ​មិន​មែន​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូគ័រ ទេ គឺ​មាន​ទំនាស់​ជាមួយ​ ហេង ហ៊ុយ អឹគ្រីខាល់ឈើរ គ្រុប ហើយ​គេ​ថា​បូក​រួម​ជាមួយ​បង​ប្អូន​ខ្ញុំ​ហ្នឹង គេ​ដោះ​រួម​អស់​ហើយ អ៊ី ចឹង​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ។ ខ្ញុំ​នឹង​មក​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ»។

ក្រសួង​រៀបចំ​ដែន​ដី ​អះអាង នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​នោះ​ទេ។ ក្រសួង​អះអាង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ​ ៩៨៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា​ពួកគេ​ទទួល​បាន​ដំណោះស្រាយ​អស់​ហើយ។ នៅ​ក្នុង​លិខិត​ដដែល​នោះ ក្រសួង​រៀបចំ​ដែនដី ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត​២០០​រយ​គ្រួសារ ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​ក្រសួង​ជា​ថ្មី​ទៀត។

ចំណែក​ រដ្ឋបាល​ខេត្ត​កោះកុង ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​ កាល​ពី​ថ្ងៃ​ទី១ កក្កដា ផ្ញើ​ជូន​តំណាង​ពលរដ្ឋ​ ដោយ​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី​ខាល់ឈើរ គ្រុប (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ ​ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

ខណៈ​មាន​ពលរដ្ឋ​មួយ​ក្រុម​មក​ស្រុក​ស្រែ​អំបិល​​ ខេត្ត​កោះកុង បន្ត​ការ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី ក៏​មាន​ពលរដ្ឋ​មួយ​ក្រុម​ទៀត​មក​ពី​ស្រុក​គិរី​សាគរ ធ្វើ​ការ​ទាមទារ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ ចេញ​មុខ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន​ ឌឹវិឡុប​មិន​គ្រុប អោយគិត​គូរ​ផ្ដល់​សំណង​ឲ្យ​ពួកគាត់។

តំណាង​ពលរដ្ឋ​៧៧​គ្រួសារ លោកស្រី សាំង​ ពុយ​ ថ្លែង​ថា​ ក្រុម​ហ៊ុន​ចិនឈ្មោះ យូញៀន ឌឹវិឡុប ​មិន​គ្រុប ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់​រដ្ឋាភិបាល​ចិន នៅ​មិន​ទាន់​​គិត​គូរ​ផ្ដល់​សំណង​ឲ្យ​ពួកគាត់​ទេ។ លោក​ស្រី សាំង ពុយ ឲ្យ​ដឹង​ថា មិន​មាន​មន្ត្រី​ស្ថាន​ទូត​ណា​ម្នាក់​ចេញ​មក​ជួប​និង​ផ្ដល់​ដំណឹង​ឲ្យ​ពួកគាត់​សោះឡើយ ខណៈ​វិវាទ​ដីធ្លី​មួយ​នេះ អូស​បន្លាយ​ជាង​១០​មក​ហើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ថា​ស្ថាន​ទូត​ចិន​ មាន​បំណង​ចង់​គេចវេះ​ ពី​ការ​ទទួល​ត្រូវ ​ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន មិន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ៖«ពួក​គិត​ថា​ ស្អែក​នឹង​បន្ត​ការ​តវ៉ា​មុខ​ស្ថានទូត​ទៀត ពី​ព្រោះ​ពួក​យល់​ថា​ ពួក​បង​ត្រូវ​កាន់​កាប់​ពី​មុន​មក។ ពួក​បង​ជា​ម្ចាស់​ដី ជា​ម្ចាស់​កម្មសិទ្ធិ។ ក្រុមហ៊ុន​របស់​គាត់​មក​រំលោភ​បំពាន ពួក​បង។ អ៊ីចឹង ! បង​ត្រូវ​តែ​បន្ត​ការ​តវ៉ា រហូត​ដល់​គាត់​ចេញ​មក​ទទួល​ខុស​ត្រូវ​។ ដូច​អ្វី​ដែល​គាត់​ប្រាប់​ថា គាត់​នឹង​ជួយ​នាំ​ពាក្យ​ឲ្យ​ក្រុមហ៊ុន​របស់​គាត់ កាល​ពី​មុន​។ តែ​អ្វី​ៗ​វា​អត់​មាន ហើយ​ក្រុមហ៊ុន​របស់​គាត់​អត់​មាន​កែ​លម្អ»។

ក្នុង​ពេល​តវ៉ា​មុខ​ស្ថាន​ទូត​ចិន​នេះ ​ពលរដ្ឋ​ឲ្យ​ដឹង​ថា មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចាប់​អូស​ពួកគាត់​ចេញ​ពី​មុខ​ស្ថាន​ទូត​ ហាម​មិន​ឲ្យ​លើក​បដា​និង​ស្រែក​តវ៉ា​ឡើយ។​

អ្នក​សម្រប​សម្រួល​សមាគម​ អាដហុក ​ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី យល់ថា ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី ពិត​ជា​មាន ចំពោះ​ប្រជា​ពលរដ្ឋ​​នៅ​ខេត្ត​កោះកុង ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ គិត​គូរ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន៖ «និយាយ​​រួម កន្លង​មក​នេះ ឃើញ​ការ​អភិវឌ្ឍ​របស់​រដ្ឋ​គឺ​អត់​យក​ចិត្ត​ទុក​ដាក់​ប្រជា​ពលរដ្ឋ​ទាល់​តែ​សោះ។ អត់មាន​អភិវឌ្ឍ ធ្វើ​មិច​ឲ្យ​ប្រជា​ពលរដ្ឋ​ បាន​ការងារ​បាន​មុខ​របរ ហើយ​បាន​ទទួល​នៃ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​។ និយាយ​រួម​ ការ​អភិវឌ្ឍ​រាល់​គម្រោង​របស់​រដ្ឋ គឺ​អត់​ឲ្យ​ប្រជា​ពលរដ្ឋ​ ទទួល​បាន​សិទ្ធិ​កម្មសិទ្ធិ​ ការ​គោរព​សិទ្ធិមនុស្ស ជីវភាព​ប្រជា​ពលរដ្ឋ​ មាន​ការងារ​ មាន​ប្រាក់​ចំណូល​ទេ។ សូម​ការ​អភិវឌ្ឍ​ឲ្យ​គិត​ពី​មនុស្ស​ ព្រោះ​ការ​អភិវឌ្ឍ​ដើម្បី​មនុស្ស ដើម្បី​ប្រជា​ពលរដ្ឋ»។

ពលរដ្ឋ​ ៧៧​គ្រួសារ​ ឲ្យ​ដឹង​ថា​ ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​នៅ​ស្ថាន​ទូត​ចិន​នៅ​ទី ៩កក្កដា​ ទៀត ទាល់​តែ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​មន្ត្រី​តំណាង​ស្ថាន​ទូត។ ចំណែក ​ក្រុម​ប្រជា​ពលរដ្ឋ​ ១៩៧​គ្រួសារ ​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​បន្ត​ដើរ​តវ៉ា និង​ស្វែង​រក​ដំណោះ​ស្រាយ​ពីស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ដែល​អាច​ជួយ​អន្តរាគមន៍​ករណី​ពួកគាត់​បាន ក្នុង​នោះ​មាន​ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។