ពលរដ្ឋ ៤៩នាក់តំណាងឱ្យ ១២៨គ្រួសារ មកពីឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាស្វែងរកដំណោះស្រាយបញ្ហាដីធ្លីសាជាថ្មី ពីក្រសួងដែនដី នៅរាជធានីភ្នំពេញ ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលរំលោភយកដីធ្លីហើយ មិនផ្ដល់សំណងឱ្យពលរដ្ឋ ជាង ១០ឆ្នាំកន្លងមកនេះ។ ដើម្បីបញ្ចៀសការតវ៉ានៅមុខក្រសួង មន្ត្រី ២នាក់នៃក្រសួងដែនដី បានទៅជួបពលរដ្ឋដោយផ្ទាល់នៅក្នុងវត្តខ្មែរកម្ពុជាក្រោម ដើម្បីទទួលញត្តិ និងសម្របសម្រួលកុំឱ្យពលរដ្ឋដើរក្បួនចេញតវ៉ា។
ក្នុងញត្តិដាក់ជូនលោក ជា សុផារ៉ា នៅថ្ងៃទី២៨ វិច្ឆិកា ពលរដ្ឋស្នើសុំកាត់ឆ្វៀលដីកសិកម្មទំហំជាង ៤រយហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុនចិន ឈ្មោះ យូញៀន ដែលរំលោភយកដីធ្លី និងបំផ្លាញភូមិចាស់ពួកគាត់ យកទៅសាងសង់វាលយន្តហោះអន្តរជាតិ។
តំណាងពលរដ្ឋ លោក ម៉ូវ ស៊ីដាន រៀបរាប់ថា ជាច្រើនលើកច្រើនសាមកហើយ ដែលមន្ត្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងមកជួប និងទទួលយកសំណើពួកគាត់ដល់កន្លែងស្នាក់ ដោយនិយាយថា នឹងយកញត្តិដាក់ជូនទៅរដ្ឋមន្ត្រី លោក ជា សុផារ៉ា ពិនិត្យ និងដោះស្រាយដូចគ្នានេះ។
លោកបន្តថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ពលរដ្ឋចេះតែទន្ទឹងរង់ចាំដំណោះស្រាយពីខាងក្រសួងនិងអាជ្ញាធរខេត្តកោះកុង ប៉ុន្តែមិនឃើញមានចំណាត់ការជាក់លាក់ណាមួយថានឹងចុះទៅដោះស្រាយឱ្យពលរដ្ឋ នៅថ្ងៃណា ខែណា នៅឡើយទេ។
តំណាងពលរដ្ឋរូបនេះ ស្នើសុំក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង ឱ្យដាក់ចេញកាលបរិច្ឆេទច្បាស់លាស់ ដើម្បីចុះដោះស្រាយបញ្ហា ឱ្យពួកគាត់មានឱកាសធ្វើស្រែចម្ការ ជួយស្ដារជីវភាពរស់នៅឱ្យបានល្អប្រសើរឡើងវិញ៖ «គាត់ថាទទួលញត្តិហើយ នាំប្រជាពលរដ្ឋទៅវិញទៅ។ មិនបាច់នាំប្រជាពលរដ្ឋទៅជួបនៅក្រសួងទេ ព្រោះក្រសួងឱ្យខ្ញុំចុះមកសម្របសម្រួលប៉ុណ្ណឹងហើយ បងនាំប្រជាពលរដ្ឋទៅវិញទៅ។ ឥឡូវ ប្រជាពលរដ្ឋ មិនព្រម។ គោលបំណងប្រជាពលរដ្ឋពួកយើងខ្ញុំ ក្នុងមួយគ្រួសារ ចង់ដីបង្កបង្កើនផល ៣ហិកតារ ហើយនឹងសំណងថវិកា៥ពាន់ដុល្លារ»។
លោក ម៉ូវ ស៊ីដាន ឱ្យដឹងទៀតថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ បានបង្កឱ្យប្រជាពលរដ្ឋភាគច្រើនមានជីវភាពកាន់តែក្រីក្រទៅៗ ដោយសារគ្មានដីធ្វើស្រែចម្ការ ក្មេងៗ បាត់បង់ការសិក្សា និងអ្នកភូមិមួយចំនួន ត្រូវចាកចោលផ្ទះសម្បែង ទៅធ្វើការនៅប្រទេសថៃ។ ចំណែកដីធ្លីដែលអាជ្ញាធរកាត់ឱ្យនៅទីតាំងថ្មីជាប់ជើងភ្នំវិញ លោកថា ដីភាគច្រើនសំបូរដោយថ្ម និងខ្សាច់ច្រើន ប្រកបរបរកសិកម្មមិនបានផលទេ។
កាលពីថ្ងៃទី២៧ វិច្ឆិកា អ្នកកោះកុងប្រមាណ ៤០នាក់ នាំគ្នាទៅរកដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុខភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ប៉ុន្តែត្រូវក្រុមកងអង្គរក្សឃាត់មិនឱ្យដាក់ញត្តិ។
រដ្ឋលេខាធិការក្រសួងដែនដី លោក ទេព ធន ប្រាប់អាស៊ីសេរីថា ក្រសួងកំពុងពិនិត្យសំណើពលរដ្ឋ ហើយនឹងបញ្ជូនទៅឱ្យខាងរដ្ឋបាលខេត្តកោះកុង ចុះដោះស្រាយ៖ «កំពុងធ្វើការជាមួយខេត្ត និងដាក់កិច្ចទាំងអស់ហ្នឹងឱ្យខាងខេត្តធ្វើ យើងគ្រាន់តែតាមដានពិនិត្យទេ។ យើងកំពុងធ្វើ ហើយពួកគាត់ចេះតែឡើងមក»។
ចំណែកអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់អាស៊ីសេរីដោយខ្លីថា អាជ្ញាធរពាក់ព័ន្ធបានវាស់ដីមានវិវាទនោះរួចហើយ និងបានអនុវត្តនីតិវិធីស្នើសុំបន្ថែមទៀត ក៏ប៉ុន្តែទីតាំងដីមួយចំនួនមានព្រៃច្រើន និងកំពុងដោះស្រាយជាបណ្ដើរៗ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា អាជ្ញាធរបានដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិននៅខេត្តកោះកុង បានជាច្រើនគ្រួសារមកហើយ។ ហេតុនេះ លោកយល់ថា ក្រសួងដែនដី និងរដ្ឋបាលខេត្តកោះកុង គួរបន្តប្រើយន្តការកន្លងមក ដើម្បីដោះស្រាយបញ្ចប់ ជូនប្រជាពលរដ្ឋដែលនៅសេសសល់៖ «ការដោះស្រាយគួរតែប្រញាប់ប្រញាល់ទៅ កុំទុកឱ្យអូសបន្លាយតទៅទៀតណា៎ នោះវាប៉ះពាល់ច្រើន។ទី១ ធ្វើឱ្យប្រជាពលរដ្ឋ មិនមានពេលប្រកបរបរចិញ្ចឹមជីវិតគ្រប់គ្រាន់ ដោយសារតែឡើងមកទាមទារតវ៉ា។ វាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ហើយទី២ ក៏គេនៅតែមើលឃើញបន្តថា ករណីទំនាស់ដីធ្លី នៅតែកើតបន្ត បើទោះបីជាកើតយូរហើយ វានៅអូសបន្លាយ ដោយសារការដោះស្រាយមិនចប់នេះ វាក៏ជាប៉ះពាល់ទៅដល់អាជ្ញាធរនិងក្រសួង ដែលពាក់ព័ន្ធហ្នឹងដែរ»។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួនជាង ៤ម៉ឺន ៥ពាន់ហិកតារ (៤៥.១០០) ពីរបបក្រុងភ្នំពេញ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ក្នុងរយៈពេល ៥០ឆ្នាំ ដែលត្រូវចំណាយទឹកប្រាក់ជិត ៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។ គម្រោងទីក្រុងទេសចរណ៍ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់នៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង រួមមានកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ វាលយន្តហោះ ទីលានវាយកូនហ្គូល និងកំពង់ផែជាដើម។
គម្រោងអភិវឌ្ឍនេះ បានបណ្ដាលឱ្យប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ចាកចេញពីលំនៅឋាន ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅមិនទាន់ទទួលបានដំណោះនៅឡើយមកដល់ពេលនេះ។
ពលរដ្ឋអះអាងថា ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន បានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឱ្យសំណងមិនសមរម្យទៅពលរដ្ឋ។ សកម្មភាពទាំងនោះ មានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់អស់ជាច្រើនហិកតារ នៅតំបន់ខ្លះក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។
បច្ចុប្បន្នក្រុមហ៊ុនចិន យូញៀន កំពុងពន្លឿនការសាងសង់វាលយន្តហោះ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ខណៈសហរដ្ឋអាមេរិកសម្ដែងក្ដីព្រួយបារម្ភថា ការសំណង់នេះ អាចជាការដាក់មូលដ្ឋានទ័ពអាកាសរបស់ប្រទេសចិនក្នុងទឹកដីកម្ពុជា ដើម្បីវាតទីក្នុងតំបន់អាស៊ីទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន បញ្ជាក់ថា ពួកគាត់នឹងនាំទៅតវ៉ាមុខក្រសួងដែនដី នៅថ្ងៃទី២៩ វិច្ឆិកាទៀត ដើម្បីស្នើសុំឱ្យក្រសួងដាក់កំណត់ពេលវេលាច្បាស់លាស់ ចុះទៅដោះស្រាយបញ្ហាជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។