ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាង ខាងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ារឌី ប្រើប្រាស់កម្លាំងទាហាន ឈូសឆាយដីចម្ការពួកគាត់ ដើម្បីបើកផ្លូវ ទុកឲ្យអាជ្ញាធរស្រុក និងខេត្ត ធ្វើដំណើរមកដោះស្រាយបញ្ហាដីធ្លី នៅពេលខាងមុខ។ អង្គការសង្គមស៊ីវិលយល់ថា ប្រសិនបើមានសកម្មភាពពិតប្រាកដ ដូចការលើកឡើងពីប្រជាពលរដ្ឋមែន នោះខាងក្រុមហ៊ុន គឺរំលោភលើសេចក្ដីសម្រេចរបស់អាជ្ញាធរថ្នាក់ខេត្ត ដែលដាក់ចេញកន្លងមក ហើយក៏រំលោភលើបទបញ្ជារបស់ក្រសួងការពារជាតិដែរ។
លោកស្រី ភឹម ម៉ៅ ត្រូវជាភរិយាលោក ស៊ុំ ម៉ឺន ដែលជាពលរដ្ឋកំពុងបាត់ខ្លួន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ មីនាថា ខាងក្រុមហ៊ុនមេត្រីរបស់ឧកញ៉ា អាន ម៉ារឌី នៅតែបន្តប្រើប្រាស់គ្រឿងចក្រ និងកម្លាំងទាហានឈូសបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតារ។ ក្នុងពេលចុះធ្វើសកម្មភាពឈូសដីចម្ការអ្នកភូមិ លោកស្រី ភឹម ម៉ៅ ឲ្យដឹងថា មានទាហាន ៥នាក់ ក្នុងចំណោមនោះ មាន ៣នាក់កាន់កាំភ្លើង ៣ដើម។ ពលរដ្ឋរូបនេះឆ្ងល់ថា ប្រសិនបើខាងក្រុមហ៊ុនឈូសឆាយ ដំណាំពួកគាត់ ដើម្បីបើកផ្លូវទុកឲ្យអាជ្ញាធរថ្នាក់ស្រុក និងខេត្ត ធ្វើដំណើរចុះដោះស្រាយបញ្ហាឲ្យពលរដ្ឋ ហេតុអ្វីខាងអាជ្ញាធរមិនជូនដំណឹងដល់ពលរដ្ឋឲ្យបានដឹងជាមុន៖ « ពួកខ្ញុំទៅសួរទៅ គេថាកាយផ្លូវឲ្យអភិបាលស្រុកដើរ ហើយឲ្យអភិបាលខេត្តបើកឡានឲ្យបានស្រួល។ ប្រជាពលរដ្ឋថាបើចង់កាយ ចាំមើលចៅហ្វាយស្រុក និងខេត្តដោះស្រាយឲ្យពលរដ្ឋសិនទៅចាំកាយ។ ខ្ញុំចង់សំណូមពរថា ឲ្យចៅហ្វាយខេត្ត និងចៅហ្វាយស្រុកដោះស្រាយឲ្យពលរដ្ឋសិន ចាំសល់ប៉ុន្មានចាំឈូសឆាយទៅ។ ឈូសដីពលរដ្ឋ ឲ្យពលរដ្ឋទៅរស់នៅឯណា បើគ្នាមករស់នៅយូរហើយ។ ហើយសូមដោះលែងអ្នកនៅក្នុងពន្ធនាគារផង។ ដូចថាប្ដីខ្ញុំទៅបាត់ហើយ ឲ្យបាត់ទៅចុះ។ ខ្ញុំក៏មិនបានធ្វើអីគេដែរ។ លែងអ្នកពន្ធនាគារ ១៤នាក់ហ្នឹងមក ហើយឲ្យគាត់រៀបចំដីប្រជាពលរដ្ឋឲ្យរួចរាល់ហើយចុះ » ។
ក្រៅពីនេះ លោកស្រី ភឹម ម៉ៅ ឲ្យដឹងដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ ក្រុមទាហានកងអន្តរាគមន៍លេខ៦ ដែលការពារដីឲ្យក្រុមហ៊ុនមេត្រីភាព បានដុតខ្ទម និងផ្ទះពលរដ្ឋអស់ជាង ១៥ខ្នង។
ពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព អះអាងថា កាលពីខែមករាកន្លងទៅ កងអន្តរាគមន៍នៃយោធាវរលេខ២៦១ ប្រចាំខេត្តឧត្តរមានជ័យ ឬគេនិយមហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ បានឈូសកម្ទេចផលដំណាំ ដុតផ្ទះពលរដ្ឋលើដីមានជម្លោះជាច្រើនខ្នង ហើយបានចាប់ខ្លួនពលរដ្ឋជាច្រើននាក់ទៅឃុំខ្លួននៅការិយាល័យបរិស្ថាន។
ចំណែកដំណោះស្រាយក្នុងវិវាទដីធ្លីមួយកន្លែងនេះវិញ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា សម្រេចដាក់ចេញវិធានការ ៥ចំណុច កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រោយពីមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធរួមមាន ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម តំណាងក្រុមហ៊ុន និងមន្ត្រីសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋ ៣៣០គ្រួសារ និងក្រុមហ៊ុន មេត្រីភាព។
វិធានការទាំងនោះ រួមមាន បង្កើតក្រុមការងារវាស់វែង និងដោះស្រាយផលប៉ះពាល់ជាក់ស្ដែង ជំរុញឱ្យមានការចុះបញ្ជីដីក្រុមហ៊ុន មេត្រីភាព ស្នើឱ្យក្រុមហ៊ុនកំណត់ព្រំដីឱ្យបានច្បាស់លាស់ និងត្រូវមានកម្លាំងការពារសន្តិសុខរបស់ខ្លួន។ ស្នើឱ្យពលរដ្ឋ ដែលបានអាស្រ័យផលហើយ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ការកាប់ទន្ទ្រានលើដីមានជម្លោះបន្តទៀត ត្រូវរង់ចាំអាជ្ញាធរពាក់ព័ន្ធសម្របសម្រួល និងស្នើឱ្យតុលាការខេត្តនេះ បញ្ឈប់ការចេញដីកាកោះហៅ ឬចាប់ខ្លួនពលរដ្ឋបន្តទៀត។
ទោះបីជាមានការដាក់ចេញជាវិធានជាក់លាក់យ៉ាងនេះក្ដី ប៉ុន្តែដំណោះស្រាយពិតប្រាកដនៅមិនទាន់លេចចេញជាផ្លែផ្កានៅឡើយ។
ចំពោះការបំផ្លាញទ្រព្យសម្បត្តិរបស់យោធានេះ អភិបាលស្រុកជាំក្សាន្ត លោក ជៀ គឹមសេង ប្រាប់អាស៊ីសេរីថា លោក មិនបានដឹងរឿងនេះទេ៖ «ខ្ញុំមិនទាន់បានដឹងរឿងហ្នឹងទេបាទ។ អត់ទាន់ដឹងផងបាទ អត់ដឹង»។
ចំណែកមេឃុំយាង លោក ហ៊ឹម ហឿន មិនឆ្លើយនឹងសំណួររបស់អាស៊ីសេរី ថាតើពិតជាមានសកម្មភាពក្រុមហ៊ុនឈូសឆាយដីចម្ការដូចការលើកឡើងរបស់ពលរដ្ឋដែរឬទេ។ ប៉ុន្តែ មេឃុំរូបនេះ ថា ខាងប្រជាពលរដ្ឋទៅវិញទេ គឺជាអ្នកដែលទៅរុកទន្ទ្រានកាប់ព្រៃ យកដីក្រុមហ៊ុនដែលមានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ៖ «យើងដឹងហើយថា ប្រជាពលរដ្ឋគាត់យកលេសសម្ដេចអីមកនិយាយទៅ។ គាត់ជាអ្នករំលោភបំពានទៅលើដីរបស់ក្រុមហ៊ុនទេ ព្រោះក្រុមហ៊ុនគេមានច្បាប់វិនិយោគគេតាំងពីថ្ងៃទី៧ ខែ៣ ឆ្នាំ២០១២ មក។ តែបើអ្នកមានមុន អ្នកហ្នឹងត្រូវទទួលបានដី អាជ្ញាធរទទួលស្គាល់នឹងដោះស្រាយជូន។ អាជ្ញាធរមិនបដិសេធទេ និងព្យាយាមដោះស្រាយ និងសម្របសម្រួល ឲ្យតែប្រជាពលរដ្ឋស្ដាប់ទៅតាមគោលការណ៍ច្បាប់ដែលអាជ្ញាធរបានអប់រំ។ ចុះបើគាត់នៅតែកាប់រុករានដីព្រៃ ហើយគាត់ថាអាស្រ័យផល ៧ ទៅ ៨ឆ្នាំហើយ អត់មានទេ រឿងហ្នឹងអត់មានទេ» ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត យល់ថា ប្រសិនបើខាងក្រុមហ៊ុនប្រើកម្លាំងទាហានចុះធ្វើសកម្មភាពពិតប្រាកដ ដូចការលើកឡើងពីប្រជាពលរដ្ឋមែន នោះខាងក្រុមហ៊ុន គឺរំលោភលើសេចក្ដីសម្រេចរបស់អាជ្ញាធរថ្នាក់ខេត្ត ដែលដាក់ចេញកន្លងមក ហើយក៏រំលោភនឹងបទបញ្ជារបស់ក្រសួងការពារជាតិដែរ។ មន្រ្តីសិទ្ធិមនុស្សរូប ស្នើដល់អាជ្ញាធរនិងក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចរឿងឲ្យបានឆាប់ ដើម្បីបង្ហាញសាធារណៈជនថា ពិតមានជាមានកងអន្តរាគមន៍វីរយោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ នៅឈរជើងការពារដីឲ្យក្រុមហ៊ុនមេត្រី ដែរឬទេ៖ «ប្រសិនជាអ្វីដែលប្រជាពលរដ្ឋ គាត់លើកឡើងនេះមានយោធា បន្តនៅក្នុងការការពារ ផលប្រយោជន៍ក្រុមហ៊ុន ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ។ ហ្នឹង ! ខ្ញុំគិតថាក្រសួងការពារជាតិ គួរចាត់វិធានការណ៍ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ពីព្រោះបើសិនជាដូចប្រជាពលរដ្ឋលើកឡើងនេះមែន បានន័យថាយោធាទាំងអស់នោះកំពុងតែអនុវត្ត ប្រឆាំងនឹងបទបញ្ជារបស់សម្ដេច ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិហើយ»។
កាលពីដើមខែមីនា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញបទបញ្ជាដាច់ខាតមួយ ហាមមិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមក្នុងសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ក្រោយពីមានវត្តមានទាហាន ចូលរួមចុះអនុវត្តសាលដីកាក្នុងជម្លោះដីធ្លីពលរដ្ឋ នៅស្រុកបិតត្រាំង កាលពីពេលកន្លងទៅ។
លោក ឈុំ សុជាតិ បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ក្រសួងការពារជាតិនឹងចុះពិនិត្យវត្តមានកងទ័ពគ្រប់បញ្ជាការដ្ឋានទាំងអស់ ក្រោយពីពលរដ្ឋប្ដឹងថា មានទាហានឈរជើងការពារដីឲ្យក្រុមហ៊ុនឯកជន ហើយមិនឲ្យករណីនេះនឹងមិនឲ្យកើតឡើងមាននោះទេ៖ «បន្ទាប់ពីទទួលបានបទបញ្ជាហ្នឹងហើយ គាត់ប្រជុំកងទ័ពទាំងអស់ ដើម្បីដាក់បញ្ជាឲ្យកងទ័ពហ្នឹង បានតឹងរ៉ឹងបន្តទៀត ដើម្បីកុំឲ្យទៀត ដូចនៅកន្លែងព្រះវិហារ ឬកន្លែងផ្សេងទៀត។ ខ្ញុំគិតថាបញ្ហានេះ យើងនឹងធ្វើទៅតាមនីតិវិធី។ កន្លែងណាដែលមានបញ្ហាកើតឡើង គឺយើងនឹងចុះស្រាវជ្រាវតាមនីតិវិធីទៀត ដើម្បីជម្រះឲ្យអស់បញ្ហាដែលមានទាំងអស់ហ្នឹង។ ហើយយើងក៏ផ្សព្វផ្សាយរួចហើយ ទៅគ្រប់បញ្ជាការដ្ឋានកងទ័ព។ អ៊ីចឹង យើងត្រូវអនុវត្តដាច់ខាតបញ្ហាហ្នឹង កុំឲ្យប៉ះពាល់កិត្តិយសកងទ័ពជាតិ»។
ក្រុមប្រជាពលរដ្ឋជាង៣៣០គ្រួសារ ទទូចស្នើដល់អាជ្ញាធរ និងសាលាដំបូងខេត្តព្រះវិហារ ដោះលែងអ្នកភូមិ១៤នាក់ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីមានក្រុមទាហាននិងមន្ត្រីបរិស្ថានចាប់ខ្លួនពួកគេយកទៅឃុំក្នុងពន្ធនាគារអស់រយៈពេលជិត២ខែមកហើយ។ ពលរដ្ឋអះអាងថា អ្នកទាំង១៤នាក់នោះ មិនបានប្រព្រឹត្តបទល្មើសបរិស្ថាន ដូចទៅនឹងការចោទប្រកាន់នោះទេ។
ក្រុមអង្គការសង្គមស៊ីវិល ក៏ស្នើអាជ្ញាធរខេត្ត និងក្រសួងការពារជាតិ រួមគ្នាចុះធ្វើអធិការកិច្ច ដើម្បីដោះស្រាយបញ្ចប់បញ្ហាឲ្យពលរដ្ឋ ចៀសវាងការចោទប្រកាន់ និងប្រឈមមុខដាក់គ្នាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។