ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាទៅតវ៉ានៅខាងមុខសាលាខែត្រកោះកុង ក្នុងពេលតំណាងរបស់ពួកបីនាក់ ចូលទៅបំភ្លឺនៅក្នុងតុលាការកាលពីព្រឹកថ្ងៃទី១៤ មីនា។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី ជុំ ស្រីនៅ ដែលកំពុងជាប់បណ្ដឹងនៅតុលាការដែរនោះ បានឲ្យវិទ្យុវីអូឌី (VOD) ដឹងថា ប្រជាសហគមន៍មានជម្លោះដីធ្លីប្រហែល ៤០០នាក់ មកពីស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង បាននាំគ្នាឈរលើកបដាមុខសាលាដំបូងខេត្តកោះកុង។ ការប្រមូលផ្ដុំគ្នានេះ ដើម្បីគាំទ្រតំណាងពលរដ្ឋ៣នាក់ដែលចូលបំភ្លឺ និងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋវិញ ដោយសំអាងថា ពួកគាត់គ្មានប្រព្រឹត្តិខុសដូចការចោទប្រកាន់ឡើយ។ ក្រៅពីការទាមទារឲ្យទម្លាក់ចោទប្រកាន់នោះ ក្រុមប្រជាពលរដ្ឋ ទាមទារដីធ្លី ពីក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ដែលបានបានរំលោភយកតាំងពីឆ្នាំ២០០៦ មក។
ក្រោយពីតុលាការបានសាកសួរតំណាងប្រជាពលរដ្ឋរួច តុលាការបានអនុញ្ញាតឲ្យពលរដ្ឋទាំងបីនាក់ វិលត្រឡប់ទៅផ្ទះវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងប្រជាពលរដ្ឋ និងមន្រ្តីតុលាការ ដើម្បីសួរអំពីបញ្ហានេះបន្ថែមបានទេ កាលពីរាត្រីថ្ងៃទី១៤ មីនា។
នេះមិនមែនជាលើកទី១ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រមូលផ្ដុំគ្នាតវ៉ារឿងជម្លោះដីធ្លីជាមួយ លោក លីយ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះហៅតំណាងពលរដ្ឋ១៨នាក់ ឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ក្រោមបទចោទដូចគ្នាគឺ៖ «បង្កចលាចល និងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ដោយសារតែក្រុមប្រជាពលរដ្ឋរាប់រយនាក់ចេញធ្វើសកម្មភាពស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធនានានោះ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានចេញរបាយការណ៍កាលពីដើមខែកុម្ភៈ បង្ហាញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋ ១៧.០៣៣គ្រួសារ បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំ ៥២.៦០១,៨៧ហិកតារ។ របាយការណ៍នេះបង្ហាញថា ពលរដ្ឋរងគ្រោះក្នុងបញ្ហាដីធ្លី ១៥៧នាក់កំពុងជាប់បណ្ដឹងនៅតុលាការ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ក្នុងគ្រាជនរងគ្រោះចំនួន ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារតែការចេញធ្វើសកម្មភាពតវ៉ាទាមទារស្វែងរកដំណោះស្រាយរឿងជម្លោះដីធ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។