ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ៧៥គ្រួសារ​ថា មាន​អ្នក​​មាន​អំណាច​​លួច​ធ្វើ​ប្លង់​នៅ​តំបន់​ដី​សមូហភាព​របស់​ពួក​គេ

ទីតាំង​ដី​សមូហភាព ទំហំ ៨៥ហិកតារ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្តមណ្ឌលគិរី ចោទ​អ្នក​មាន​អំណាច​ម្នាក់​ថា ធ្វើ​ប្លង់​រំលោភ​យក។
ទីតាំង​ដី​សមូហភាព ទំហំ ៨៥ហិកតារ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្តមណ្ឌលគិរី ចោទ​អ្នក​មាន​អំណាច​ម្នាក់​ថា ធ្វើ​ប្លង់​រំលោភ​យក។ (រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២១)

ជន​ជនជាតិ​ដើម​ភាគតិច​ព្នង ៧៥គ្រួសារ រស់នៅ​ខេត្ត​មណ្ឌលគិរី​ភ័យ​ព្រួយ​ខ្លាចក្រែង​របូត​ដី​ចម្ការ​វិល​ជុំ​ទំហំ ៨៥ហិកតារ ដែល​ពួក​គាត់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​នោះ ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​របស់​អ្នក​មាន​អំណាច។ ការ​បារម្ភ​នេះ ក្រោយ​ពី​ពួក​គាត់​ដឹង​ថា មាន​បុគ្គល​មានអំណាច​ម្នាក់​ឈ្មោះ សាន សូត្រ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់​ទាំង​មូល។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត ៧៥គ្រួសារ រស់នៅ​ភូមិ​ពូ​លុង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ថា​ ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កម្មសិទ្ធិ​ដីធ្លី ឬ​ប្លង់​ទន់​ឱ្យ​បុគ្គល​មានអំណាច​ម្នាក់​ឈ្មោះ​ ​សាន​ ​សូត្រ​ ​ដោយ​បំពាន​ដី​ចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ​ចំនួន ៨៥ហិកតារ។

តំណាង​ពលរដ្ឋ​លោក​ ​ក្រើក​ ​ទ្រី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ កុម្ភៈ​ថា ដី​ចម្ការ​វិល​ជុំ​ទំហំ ៨៥ហិកតារ​ជា​ដី​សមូហភាព​ ​ដែល​អ្នកភូមិ​ជាច្រើន​គ្រួសារ បាន​ស្នើសុំ​ចុះ​បញ្ជី​ពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ជាតិ​ជា​ច្រើន​លើក​មក​ហើយ​ ​តែ​គ្មាន​លទ្ធផល​នោះ​ទេ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​បែរ​ជា​ចុះ​ឲ្យ​បុគ្គល​មាន​អំណាច​ម្នាក់​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ទៅ​វិញ។

លោក​ថា​ ​ដី​នៅ​ទីនោះ​គឺជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ​ ​ដែល​អាស្រ័យផល​ជាង ៣០ឆ្នាំ​មក​ហើយ ដែល​មាន​ព្រៃ​រេចរឹល​ដុះ​តាម​មាត់​អូរ វាល​ស្មៅ​សម្រាប់​គោ​ក្របី​ ​ផ្នូរ​បុរាណ និង​កន្លែង​ដាំស្រូវ​បែប​ប្រពៃណី។ លោក​បន្ត​ថា ប្រសិន​បើ​បាត់បង់​ពួកគាត់​នឹង​គ្មាន​កន្លែង​អាស្រ័យផល​ចិញ្ចឹមជីវិត​ទៀត​ទេ៖ «ពួក​ខ្ញុំ ៧៥គ្រួសារ​ដី ៨៥ហិកតារ​ដូច​ពិបាក​ដោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ។ បារម្ភ​ជិត​រដូវ​ធ្លាក់​ភ្លៀង​ ​ត្រូវការ​ដាំ​ដុះ​ ​និង​ជិត​ធ្វើ​នេះ​ ​ធ្វើ​នោះ​ដែរ​ឥឡូវ ព្រោះ​ថ្ងៃ​មុន​ហ្នឹង គណៈកម្មការ​ក្រុង​គេ​ដោះ​ស្រាយ​ថា​ ​មិន​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​អីៗ ទេ​ថា នៅ​ស្ងៀម​សិន។ ដល់​អ៊ីចឹង​ពួក​ខ្ញុំ​ចេះ​តែ​រង់ចាំៗ បាត់​ទៅៗ ចម្ការ​វិល​ជុំ​នៅ​ភូមិ​នៅ​ហ្នឹង »

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​ដី​មាន​ជម្លោះ​នោះ​ ​ឋិតនៅ​ចំណុច​អូរ​ក្លូង និង​ចំណុច​ក្បាល​អូរ​ចំតង់ ក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ។ លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២០១៩ អភិបាល​ខេត្ត​មណ្ឌលគិរី​ ​លោក​ ​ស្វាយ​ ​សំអ៊ាង បាន​ចុះ​ហត្ថលេខា​ ​ទទួលស្គាល់​ដី​នៅ​តំបន់​នោះ​ ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក​ ​សាន​ ​សូត្រ​ ​ដែល​កាន់កាប់​ពី​តាំង​ពី​ឆ្នាំ២០០៧។

អាស៊ី​សេរី​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ ​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង និង ​អភិបាល​ក្រុង​សែន​មនោ​រម្យ លោក ហៀក សុផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​លើក។ ចំណែក​លោក សាន សូត្រ វិញ ក៏​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ។

ក៏​ប៉ុន្តែ​អភិបាល​ក្រុង​សែន​មនោរម្យ លោក ហៀក សុផាន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូន​អភិបាល​ខេត្ត​មណ្ឌលគិរី​ កាលពីដើម​ខែកុម្ភៈ​ថា ពលរដ្ឋ ៧៥គ្រួសារ ពុំ​មាន​ឯកសារ​កាន់កាប់​ដី​ចម្ការ​វិល​ជុំ​ទំហំ ៨៥ហិកតារ​ទាំង​នោះ​ទេ។ លោក​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ទាំង​នោះ អាច​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បង្ក​សកម្មភាព​អនាធិបតេយ្យ​ ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​ពលរដ្ឋ​មូលដ្ឋាន នៃ​សមាគម​អា​ដ​ហុ​ក​ ​ខេត្ត​មណ្ឌលគិរី​ ​លោក ប៉ែន ប៊ុណ្ណារ៍ ​ពន្យល់​ថា ប្រសិន​បើ​អភិបាល​ខេត្ត​ចេញ​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​មាន​ទំហំដី​ធំធេង​ដូច្នេះ​ជា​ទង្វើ​ខុសច្បាប់។ លោក​បញ្ជាក់​ថា បុរស​ឈ្មោះ សាន សូត្រ ដែល​អះអាង​ថា ខ្លួន​មាន​ដី ៨៥ហិកតារ​ ក៏​ប្រព្រឹត្ត​ទង្វើ​ល្មើស​​ច្បាប់​ដែរ​ព្រោះ​ដី​នៅ​តំបន់​នោះ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ហេតុនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ គួរតែ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ ឱ្យ​ច្បាស់លាស់៖ «ដី​កន្លែង​អាស្រ័យផល​របស់​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ដី​រដ្ឋ អ៊ីចឹង​គ្មាន​នរណា​ម្នាក់ មាន​សិទ្ធិ​លក់ដូរ​លើ​ដី​រដ្ឋ​ក្នុង​ហ្នឹង ហើយ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​បញ្ជាក់​ថា ដី​ហ្នឹង​របស់​បុគ្គល​ណា​ម្នាក់។ តាម​ផ្លូវ​ច្បាប់​ទាមទារ​មោឃភាព​លិខិត​ទាំង​អស់​ហ្នឹង​ចេញ ព្រោះ​វា​ផ្ទុយពី​ច្បាប់ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ដី​ភាគ​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី ជា​កន្លែង​អាស្រ័យ​ផល​របស់​ជន​ជាតិ​ដើម​ភាគ​តិច គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ​លក់​ដូរ​ជា​កម្មសិទ្ធិ​ឯកជន​ទំហំ​ធំធេង​ដូច្នោះ​បាន​ទេ ដរាប​ណា​រដ្ឋាភិបាល​ពុំ​ទាន់​ធ្វើ​អនុបយោគ។ លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ចំពោះ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។